តើអង្គការ សហជីព ធ្វើសកម្មភាព​ទាមទាររកដំណោះស្រាយក្នុង​ក្រប​ខណ្ឌរបស់​ខ្លួនឬលើសពីនេះ?

273
ចែករម្លែក

ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញ ៖ កញ្ញា ឈឹម ស៊ីថរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៏ (Naga World) និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ។ អ្នកស្រី ឈុន សុខា បុគ្គលិកបំរើការងារផ្នែកភោជនីដ្ឋាន សណ្ឋាគារ ណាហ្គាវើលដ៍ និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ។

យោងតាមខ្លឹមសារពីបណ្តាញព័ត៌មានសង្គមឈ្មោះ (Sithar Chhim ឈឹម ស៊ីថរ) បាផ្សព្វផ្សាយក្នុងក្រុមបុគ្គលិក ណាហ្គាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ថា៖ មានការប្រជុំសមាជិកទ្រង់ទ្រាយធំនៅផ្សារ Aeon 1 នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការជួបជុំបែងចែកជាពីរវេន៖ – វេនព្រឹកចាប់ពីម៉ោង ៩ តទៅ nigវេនល្ងាចចាប់ពីម៉ោង ៣ តទៅ។

ក្នុងខ្លឹមសារបានសំអាងថា យោងលើលិខិតក្រុមហ៊ុនចុងក្រោយ (ណាហ្គាវើលដ៍) ឆ្លើយតបមកសហជីពពាក់ព័ន្ធសំណើរទាមទារប្រាក់ខែសមរម្យ និងដក VP កាស៊ីណូ ក្រុមហ៊ុនគ្មានចេតនាឆ្លើយតបការទាមទារ ផ្ទុយទៅវិញក្រុមហ៊ុនបានព្យាយាមពន្យាពេលរាប់ចាប់ពីខែមិថុនា។

ក្នុងខ្លឹមសារបន្តទៀតថា សហជីពជឿជាក់ថា បើគ្មានសំពាធណាមួយដែលខ្លាំងជាងនេះ ក្រុមហ៊ុននឹងមិនអើពើសំណើទាមទាររបស់យើង (សហជីព) ហេតុដូចនេះសហជីពសម្រេចដាក់សំពាធបន្ថែមដោយធ្វើពហិការមិនធ្វើការ ថ្ងៃភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ដោយយោងតាមច្បាប់ស្តីពីការងារ និងការប្តូរ។

ការចាប់ផ្តើមនៃយុទ្ធនាការណ៍ចេញជារូបរាង ដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ៖ នៅយប់ថ្ងៃទី២០ បន្តសកម្មភាពកូដកម្មដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅពេលចេញធ្វើសកម្មភាពត្រូវបានសន្តិសុខ ឆែកឃើញអាវបោះពុម្ពសារទាមទារ (ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែ រស់នៅសមរម្យ) និងបានព្យួរការងារ ឈឹម ស៊ីថរ ជាបណ្តោះអាសន្ន។ ក្នុងកំឡុងពេលក្រុមហ៊ុន ណាហ្គាវើលដ៍ ព្យួរការងារ តែកញ្ញា ឈឹម ស៊ីថរ មិនបាននៅស្ងៀមនោះទេ ពោលគឺខិតខំបន្តសកម្មភាពផ្តិតមេដៃបុគ្គលិកណាហ្គាវើលដ៍ ដើម្បីដាក់បណ្ដឹងទៅក្រសួងការងារទាមទារឲ្យខ្លួនបានចូលធ្វើការវិញ។

រាល់សកម្មភាពរាប់ចាប់តាំងពីថ្ងៃក្រុមហ៊ុន ណាហ្គាវើលដ៍ បានព្យួរការងារមេសហជីព ឈឹម ស៊ីថរឃើញមានអង្គការ សង់ត្រា អង្គការ IUF – វិទ្យុអាស៊ីសេរី (RFA)- វិទ្យុ វីអូអេ (VOA) – និងបណ្តាញសារព័ត៌មាន VOD បាននាំគ្នាជួយបង្កើនការផ្សព្វផ្សាយបង្ករចលាចលសង្គមស្តីពីភាពអយុត្តិធម៌ និងការវាយប្រហារពីចំណូលរបស់ក្រុមហ៊ុន ណាហ្គាវើលដ៏ មានការកើនឡើង។ល។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ តាមរយៈសារខ្លឹមសារពីបណ្តាញព័ត៌មានសង្គមសហជីពឈ្មោះ (ក្រុមអ្នកផ្សព្វផ្សាយព័ត៌មាន) របស់កញ្ញា ឈឹម ស៊ីថរ បានប្រកាសឲ្យបុគ្គលិក ណាហ្គាវើលដ៍ជួបជុំផ្តិតមេដៃទាំងអស់គ្នានៅទីស្នាក់ការសហជីពផ្ទាល់ដើម្បីត្រៀមដាក់ញត្តិទៅក្រសួងការងារ និងនាំមកជាមួយ ID ដើម្បីបញ្ជាក់ផ្ទៀងផ្ទាត់ខ្លាចមានអ្នកបន្លំ។

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាការ ហីម៉ាវ៉ារី រាជធានីភ្នំពេញ អង្គការសហជីពបរទេសUniting Food, Farm and Hotel Workers Worldwide (IUF UITA IUL) មានមូលដ្ឋាន Rampe du Pont-Rouge, 8, CH-1213, Petit-Lancy (Switzerland) បានដឹកនាំប្រមូលផ្តុំបុគ្គលិក ណាហ្គាវើលដ៍ ប្រមាណមួយពាន់នាក់ បង្កើតសារទាមទារលក្ខខណ្ឌផ្សេងៗមានដូចខាងក្រោម៖ ឲ្យក្រុមហ៊ុនទទួលយកកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ។អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាមគោល​ការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ។បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ ដែលមានចរិតមិនល្អ។ ដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ។«យើងនឹងធ្វើបាតុកម្ម ប្រសិន​បើគ្មានដំណោះស្រាយណាមួយ។ យើងមិនទាន់កំណត់ពេលវេលាណាមួយថា នឹងធ្វើទេ ព្រោះ​ពេលនេះយើងចង់ដើរឲ្យអស់នីតិវិធីច្បាប់ក្នុងប្រទេសខ្មែរយើងសិន»។

ជាយុទ្ធសាស្រ្តនៃការទាមទារពួកគេយល់ស្របតាមការពន្យាល់ពេលដោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមហ៊ុនទាំងអស់ គោលបំណងនៃការយល់ស្រប គឺជាជាផែន​ការយុទ្ធសាស្ត្ររៀបចំទុកជាមុន ប្រសិនបើមិនមានដំណោះស្រាយទេ ពួកគេនឹងចេញធ្វើសកម្មភាពប្រមូលផ្តុំសាជាថ្មីក្នុងកំឡុងពេលពិធីបុណ្យជាតិខាងមុខនេះមានដូចជា៖ បុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ព្រះរាជពិធីបុណ្យអ៊ុំទូក ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួម បង្ខំឲ្យក្រុមហ៊ុន ណាហ្គាវើលដ៏ ទទួលយកមេសហ​ជីព​ឈឹម ស៊ីថរ ចូលបំរើការងារវិញ និងទទួលយកសំណើរផ្សេងៗដោយគ្មានដោយគ្មានលក្ខខណ្ឌ។

ក្រៅពីសារទាមទារខាងលើ ក្រមសហជីពបានរួមគ្នាសម្រេចបង្កើត និងប្រើរូបភាពជានិមិត្តសញ្ញា(LOGO) លំនាំបរទេស ដែលជារូបសញ្ញា “បដិវត្តន៍”។

សក្តានុពលមែនទែន គឺមានដល់ទៅជាង ៤.០០០នាក់ បានន័យថា លើកពី៥០​ភាគ​រយបូកមួយ ហើយម្យ៉ាងទៀតក្រុមហ៊ុន ណាហ្គាវើលដ៍ នេះមានម្ចាស់ភាគហ៊ុននៅទីក្រុង​ហុងកុង និងមានទំនាក់ទំនងទៅដល់សហគមន៍អឺរ៉ុបដែរ។ ដើម្បីឱ្យការដោះស្រាយយ៉ាំងប្រកបដោយសន្តិវិធី ខ្ញុំគិតថាភាគីទាំង២ ពិសេសហ្នឹងក្រុមហ៊ុនបញ្ចប់ការព្យួរហ្នឹងទៅ ហើយងាកមករកចរចាជាមួយសហជីព។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៏កញ្ញា ឈឹម ស៊ីថរ និយាយថា ការពន្យារពេលដោះស្រាយម្តងហើយម្តងទៀតនេះ ធ្វើឱ្យមាន​​​ការព្រួយបារម្ភរឿងក្រុមហ៊ុនចង់ទាញករណីនេះទៅជាវិវាទបុគ្គល ហើយក្រុមហ៊ុនមាន​លេសស្នើសុំក្រសួងការងារឯកភាពបញ្ឈប់កញ្ញាបាន ឬអាចរុញករណីនេះទៅបន្តដោះស្រាយនៅតុលាការវិញ។

កាលពីថ្ងៃទី២ ខែតុលា បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើសុំឱ្យក្រុមហ៊ុនទទួលយកតំណាងរបស់ពួកគេចូលធ្វើការវិញ ដោយឥតលក្ខខណ្ឌ និងឱ្យក្រុមហ៊ុន ពិចារណាឡើងវិញ ក្នុងការដំឡើងប្រាក់ឈ្នួលជូនបុគ្គលិកតាមការស្នើសុំ។ ពួកគេលើកឡើងថា ប្រសិនបើក្រុមហ៊ុនមិនយល់ព្រមទេ គឺនឹងរក្សាជំហរបន្តទាមទារដោយប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន រហូតទាល់តែមានដំណោះស្រាយសមរម្យ។

តាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ អង្គការសហជីពបរទេសខាងលើ និងមានជនបរទេស បានដឹកនាំប្រមូលផ្ដុំបុគ្គលិក ណាហ្គាវើលដ៍ ជួបជុំដើម្បីរៀបចំផែនការយុទ្ធសាស្រ្តទាមទារឲ្យកញ្ញា ស៊ីថរ បានចូលធ្វើការងារវិញក្នុងនោះបានដាក់ចេញយុទ្ធសាស្ត្រចំនួន ០២ រួមមានៈ សកម្មភាពប្រើ ម៉ាសពណ៌ផ្កាឈូក ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ ដោយតម្រូវឲ្យសមាជិកសហជីពទៅទទួល ម៉ាសពណ៌ផ្កាឈូក នៅទីស្នាក់ការសហជីព នៅផ្សាររន្ទះបាញ់ ផ្ទះលេខ ២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សំរាប់ពិធីបុណ្យជាតិចំនួន ២ ក្នុងខែវិច្ឆិកា ៖ បុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងព្រះរាជពិធីបុណ្យអ៊ុំទូក ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កំណត់ឲ្យសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ធ្វើពហិការមិនចូលធ្វើការថ្ងៃបុណ្យជាតិខាងមុខ ដោយសំអាងលើច្បាប់ការងារ ចំណែកអ្នកមិនមែនជាសមាជិកកញ្ញា ស៊ីថរ បាននិយាយប្រាប់ថាឲ្យគិតមើលទៅបើយើងជាខ្មែរថាតើគួរត្រូវចូលរួមគាំទ្រសកម្មភាពខាងលើឬយ៉ាងណា?។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨:៣២នាទី ឈ្មោះ Men Sothy Vatanak បានប្រកាសឲ្យបុគ្គលិក ណាហ្គាវើលដ៍ ឲ្យទិញ ឬទៅបើក “ម៉ាសពណ៌ផ្កាឈូក” នៅទីស្នាក់ការសហជីពធ្វើយុទ្ធនាការទៅតាមផែនការ ដោយតម្រូវឲ្យបុគ្គលិក ណាហ្គាវើលដ៏ ដែលជាសមាជិកសហជីពចាប់ផ្ដើមពាក់ម៉ាសពណ៌ផ្កាឈូក ពីកន្លែងផ្ញើរម៉ូតូរហូតដល់កន្លែងសន្តិសុខដែលជាបរិវេនទីតាំងរបស់ក្រុមហ៊ុន ណាហ្គាវើលដ៏ ទាំងចាប់ផ្តើមចូលធ្វើការងារ និង​ចប់ម៉ោងចេញពីការងារ។

ប្រភពបានបញ្ជាក់ថា រាល់បុគ្គលិក ណាហ្គាវើលដ៍ ចំនួនច្រើនដែលមិនដឹងពីអត្ថន័យ ម៉ាស​ពណ៌ផ្កាឈូកគ្រាន់តែធ្វើតាមបញ្ជារបស់មេសហជីព តម្រូវឲ្យពាក់ដើម្បីទាមទារឲ្យកញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការងារវិញតែប៉ុណ្ណោះ។

ប្រពភបានបន្តទៀតថា រាល់សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ តម្រូវឲ្យបង់វិភាគទានជាប្រចាំខែក្នុង ០១នាក់ៗ ចំនួន ២ពាន់​រៀល។

កញ្ញា ឈឹម ស៊ីថរ ធ្លាប់បាននិយាយថា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ មិនមែនមានតែនៅប្រទេស កម្ពុជា នោះទេ ពោលគឺមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បើមានបញ្ហាពាក់ព័ន្ធច្បាប់ការងារផ្សេងៗ ខាងសហរដ្ឋតែងតែបញ្ជួនកញ្ញា ស៊ីថរ និងសមាជិកស្នូល ទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាសំខាន់ៗជានិច្ច៕B/