តើ​អ្វី​ជា​របង​ហ្កា​ហ្សា និង​ហេតុអ្វី​វា​បង្ក​ការតវ៉ា​ប្រឆាំងនឹង​អ៊ីស្រាអែល​?

2857

របង​លូន​ដូច​ពស់​តាម​ព្រំដែន​ដែល​បែងចែក​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប​ពី​ប្រទេស​អ៊ីស្រាអែល បាន​ក្លាយជា​ចំណុចប្រសព្វ​ចុងក្រោយ​នៃ​ជម្លោះ​រាប់​ជំនាន់​រវាង​អារ៉ាប់​និង​ជ្វី​ហ្វ​នៅ​តំបន់​នេះ​។​តាម​របង​ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​៦០​នាក់ ត្រូវបាន​សម្លាប់​និង​រាប់រយ​នាក់​ទៀត​រងរបួស​កាល​ពីថ្ងៃ​ចន្ទ​ទី​១៤​ឧសភា ខណៈ​មនុស្ស​រាប់ពាន់នាក់​បាន​នាំគ្នា​ទៅ​ទីនោះ​ដើម្បី​ប្រឆាំង​អ្វីដែល​ពួកគេ​ហៅថា​ការកំណត់​ព្រំដែន​ដោយ​បង្ខំ​ដោយ​អ្នក​ប្រើ​កម្លាំង​កាន់កាប់​មួយ​។​

​នៅពេល​អ្នកប្រឆាំង​តវ៉ា​សំរុក​ទៅកាន់​របង ដោយ​ខ្លះ​ចោល​ដុំថ្ម​ឬ​គ្រាប់បែក​ផលិត​ដោយ​ខ្លួនឯង ទាហាន​អ៊ីស្រាអែល​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត ដែល​យោធា​អ៊ីស្រាអែល​និយាយថា​ធ្វើឡើង​សំរាប់​ជំរើស​ចុងក្រោយ​។​

​តើ​អ្វី​ជា​ប្រភពដើម​និង​គោលបំណង​នៃ​របង​ដែល​ខណ្ឌ​បែងចែក​ហ្កា​ហ្សា ដែលមាន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជិត​២​លាន​នាក់​រស់នៅ​?​តើ​វា​ត្រូវបាន​ទទួលស្គាល់​ជា​ព្រំដែន​អន្តរជាតិ​?​និង​តើ​អ៊ីស្រាអែល​ធ្វើយ៉ាងណា​ដើម្បី​បញ្ជាក់ថា​ការប្រើ​កម្លាំង​ដើម្បី​រារាំង​កុំអោយ​ជន​ប៉ា​ឡេ​ស្ទី​ន​គ្មាន​អាវុធ​ភាគច្រើន​ទម្លាយ​របង​នេះ​ជាការ​ស្របច្បាប់​?

​ខាងក្រោម​នេះ​ជា​មូលដ្ឋាន​ខ្លះៗ​

១.​តើ​របង​នេះ​ជា​អ្វី​?

​របង​នេះ​តាម​ពិតជា​របាំង​ស្រប​ពីរ​សង់​ឡើង​ដោយ​ទាហាន​អ៊ីស្រាអែល​។​វា​ជា​របងលួស​បន្លា​ឆ្លាត​កំពស់​៣​ម៉ែត្រ​នៅក្នុង​តំបន់​ហ្កា​ហ្សា​ដែល​បំពាក់​ដោយ​ឧបករណ៍​
​ស៊ើបការណ៍​ចាប់​សញ្ញា​។​

​ជា​តំបន់ទ្រនាប់​មួយ​ដែលមាន​ទំហំ​២៧៤​ម៉ែត្រ​រវាង​របង​ទាំង​២ អ៊ីស្រាអែល​បាន​ព្រមាន​ប្រជាជន​កុំអោយ​ចូល​តំបន់​នេះ​ដោយ​គ្មាន​ការអនុញ្ញាត បើ​មិន​ដូច្នេះ​ទេ​ប្រឈម​ការបាញ់សម្លាប់​។​

២.​តើ​មាន​ប្រវត្តិសាស្ត្រ​ដូចម្តេច​?

​ដូច​ផ្នែក​ដទៃទៀត​នៃ​ទឹកដី​ពិសិដ្ឋ​នេះ ប្រវត្តិ​ហ្កា​ហ្សា​មាន​តាំងពី​សម័យបុរាណ​។​វា​មាន​ប្រភពដើម​ចេញពី​និគមជន​Canaanite​មួយ​និង​ក្រោយមក​ត្រូវ​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល អេ​ហ្ស៊ី​ប រ៉ូ​ម៉​ង់​និង​អ៊ុត​តូ​ម៉ាន់ និង​ជនជាតិ​ផ្សេងទៀត​។​អង់គ្លេស​បាន​ចាប់យក​ទឹកដី​នេះ​មក​គ្រប់គ្រង​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី​១​។​

​ព្រំដែន​ហ្កា​ហ្សា ត្រូវបាន​បង្កើតឡើង​នៅក្នុង​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​ឆ្នាំ​១៩៤៩​មួយ​រវាង​អេ​ហ្ស៊ី​និង​អ៊ីស្រាអែល ដោយ​បញ្ឈប់​ជម្លោះ​ក្រោយ​ការបង្កើត​រដ្ឋ​អ៊ីស្រាអែល​នៅ​ឆ្នាំ​១៩៤៨​។​

​ក្នុងអំឡុង​សង្គ្រាម​អារ៉ាប់​-​អ៊ីស្រាអែល ជន​ប៉ា​ឡេ​ស្ទី​ន​រាប់ម៉ឺន​នាក់​ត្រូវបាន​បង្ខំ​អោយ​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​គេ ឬក៏​ភៀសខ្លួន ភាគច្រើន​មកកាន់​ហ្កា​ហ្សា និង​ពួកគេ​និង​កូនចៅ​របស់គេ​ត្រូវបាន​ចាត់ថ្នាក់​ជា​ជនភៀសខ្លួន​ដោយ​អង្គការសហប្រជាជាតិ​។​

​អេ​ហ្ស៊ី​ប​បាន​កាន់កាប់​ហ្កា​ហ្សា​រហូតដល់​សង្គ្រាម​អារ៉ាប់​-​អ៊ីស្រាអែល​ឆ្នាំ​១៩៦៧ នៅពេល​អ៊ីស្រាអែល​ចាប់យក​តំបន់​នេះ​មក​ត្រួតត្រា​។​

​របង​ហ្កា​ហ្សា​និង​អ៊ីស្រាអែល​ត្រូវបាន​សាងសង់ឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩៩៤ សំរាប់​ជា​វិធី​ត្រួតត្រា​មួយ​លើ​ចលនា​របស់​ប៉ា​ឡេ​ស្ទី​ន​ក្រោយពី​កិច្ចព្រមព្រៀង​ក្រុង​អូ​ស្លូ ជា​កិច្ចព្រមព្រៀង​ដែលមាន​បំណង​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ហើយ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយ​ឡើង​។​

​អ៊ីស្រាអែល​បាន​ដក​ចេញពី​ហ្កា​ហ្សា​នៅ​ឆ្នាំ​២០០៥ ដោយ​ទុក​ទំនេរ​ចោល​និគមជន​អ៊ីស្រាអែល និង​បាន​ដក​ទាហាន​របស់ខ្លួន​ថែមទៀត​។​តែ​អ៊ីស្រាអែល​នៅ​ត្រួតត្រា​ព្រំដែន​គោក​ខាងជើង​និង​ខាងកើត ដោយ​អេ​ហ្ស៊ី​ប​ត្រួតត្រា​ចំណុច​ឆ្លងកាត់​ខាងត្បូង​ហៅថា​រ៉ា​ហ្វា និង​អ៊ីស្រាអែល​ត្រួតត្រា​ខាង​អាកាស​និង​សមុទ្រ មានន័យថា​ស្បៀងអាហារ​និង​ឥន្ធនៈ​សំរាប់​ហ្កា​ហ្សា​ព្រមទាំង​ជំនួយ​តាម​អាកាស​ផ្សេងៗ ត្រូវ​ឆ្លងកាត់​ចំណុច​ត្រួតពិនិត្យ​របស់​អ៊ីស្រាអែល​។​

​ដូច​អ៊ីស្រាអែល​ដែរ អេ​ហ្ស៊ី​ប​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​កំហិត​ចលនា​របស់​ប្រជាជន​និង​ទំនិញ​ចូល​និង​ចេញ​ហ្កា​ហ្សា​។​ទាំង​អ៊ីស្រាអែល​និង​អេ​ហ្ស៊ី​ប​បាន​បិទ​ខ្ទប់​តំបន់​ហ្កា​ហ្សា បន្ទាប់ពី​ក្រុម​ហា​ម៉ាស ដែលជា​អង្គការ​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ដែល​បដិសេធ​សិទ្ធិ​អត្ថិភាព​របស់​អ៊ីស្រាអែល បាន​ត្រួតត្រា​តំបន់​នេះ​អស់​ជាង​មួយ​ទសវត្សរ៍​មកនេះ​។​

​ការ​បង្អត់​ស្បៀងអាហារ​តំបន់​ង​ហ្កា​ហ្សា​កាន់តែ​អាក្រក់​ឡើង​រហូត​។​ប្រជាជន​ក្នុង​តំបន់​នេះ​ភាគច្រើន​ពឹង​លើ​ជំនួយ​ពី​អង្គការសហប្រជាជាតិ និង​ក្រុម​ផ្សេងៗ​ទៅ​ពី​ក្រៅ ហើយ​ការ​គ្មាន​លទ្ធភាព​របស់​ប្រជាជន​ក្នុងការ​ចាកចេញ​ដោយ​សេរី​បាន​បង្កើត​អ្វីដែល​បណ្តា​ក្រុម​សិទ្ធិមនុស្ស​ហៅថា គុក​ឥត​ជញ្ជាំង​។​

៣.​ហេតុអ្វី​បានជា​ជម្លោះ​កញ្ជ្រោល​ឡើង​នៅពេល​ឥឡូវ​?

“​ដំណើរ​វិល​វិញ​” ដែល​ពួក​ប៉ា​ឡេ​ស្ទី​ន​ហៅ​សំរាប់​យុទ្ធនាការ​ប្រឆាំង​តវ៉ា​ដែល​បានចាប់ផ្តើម​កាលពី​ខែមីនា មានបំណង​ផ្សព្វផ្សាយ​ការយល់ដឹង​ជាស​កល​ថា​ពីរភាគបី​នៃ​
​ប្រជាជន​ហ្កា​ហ្សា​ត្រូវបាន​គេ​ចាត់ទុកជា​ជនភៀសខ្លួន​។​

​អ៊ីស្រាអែល​បាន​ចោទប្រកាន់​ក្រុម​ហា​ម៉ាស ដែល​អ៊ីស្រាអែល អាមេរិក​និង​ប្រទេស​ដទៃទៀត​ចាត់ទុកថា​ជា​អង្គការ​ភេរវកម្ម​មួយ ថា​កំពុង​ឆ្លៀត​ធ្វើ​អាជីវកម្ម​លើ​យុទ្ធនាការ​”​ដំណើរ​វិល​វិញ​”​ដើម្បី​វាយប្រហារ​លើ​អ៊ីស្រាអែល​។​

​គណៈកម្មាធិការ​កិច្ចការ​សាធារណៈ​អាមេរិក​អ៊ីស្រាអែល​ដែលជា​ក្រុម​ឡប់​ប៊ី​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​”​ហា​ម៉ាស​ប្រើការ​ប្រឆាំង​តវ៉ា​អហិង្សា​ដើម្បី​ព្យាយាម​បំផ្លាញចោល​ព្រំដែន​អ៊ីស្រាអែល​និង​សម្លាប់​ជន​ស៊ីវិល ហើយ​គឺ​ក្រុម​ហា​ម៉ាស​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​បង្ហូរឈាម​កាលពីពេល​ថ្មីៗ​”​។​

៤.​ដូច្នេះ​តើ​វា​ជា​ព្រំដែន​ស្របច្បាប់​?

ទាហានអ៊ីស្រាអែលបានចាប់ខ្លួនអ្នកតវ៉ាប៉ាឡេស្ទីន២នាក់ ដែលបានព្យាយាមចូលជិតព្រំដែនអ៊ីស្រាអែលក្នុងអំឡុងពេលប៉ះទង្គិចជិតព្រំដែននៅខាងកើតហ្កាហ្សាស្រ្ទីបកាលពីថ្ងៃ១៥ឧសភា

វា​មិនត្រូវ​បានទទួល​ស្គាល់​ជា​ព្រំដែន​មួយ​ដូច​ព្រំដែន​ដែល​ខណ្ឌ​ចែក​ប្រជាជាតិ​អធិបតេយ្យ​ពីរ​នោះទេ​។​ខណៈ​អ៊ីស្រាអែល​បង្កើត​អ្វីដែល​ខ្លួន​ចាត់ទុកជា​តំបន់ទ្រនាប់​ការពារ​ខ្លួន​មួយ​នៅក្នុង​តំបន់​ហ្កា​ហ្សា សំរាប់​ហេតុផល​សន្តិសុខ អ៊ីស្រាអែល​មិនបាន​ផ្លាស់ប្តូរ​ខ្សែបន្ទាត់​ផ្អាក​សង្គ្រាម​ដើមឆ្នាំ​១៩៤៩​។​

​ពួក​អ្នកគាំទ្រ​ដំណោះស្រាយ​រដ្ឋ​២​ចំពោះ​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន មើលឃើញ​ហ្កា​ហ្សា​ជា​ផ្នែក​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នាពេល​អនាគត​។​តែ​សំរាប់​ពេល​ឥឡូវ ឋានៈ​របស់​ហ្កា​ហ្សា​គឺ​ស្មុគស្មាញ​។​

​លោក​ដា​វីត ម៉ា​ខូវ​ស្គី អ្នកជំនាញ​នៅ​វិទ្យាស្ថាន​វ៉ាស៊ីនតោន ខាង​គោលនយោបាយ​ជិត​បូព៌ា បាន​និយាយថា​” ហ្កា​ហ្សា​មិនជា​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយ​។​ផ្នែក​នៃ​បញ្ហា​គឺថា គ្មាន​នរណា​ចង់បាន​ហ្កា​ហ្សា​”​។​

​នៅពេល​អេ​ហ្ស៊ី​ប​អាចធ្វើ​ច្រើនឡើង​ដើម្បី​បន្ថយ​ការ​ថប់​អារម្មណ៍​របស់​ប្រជាជន​ហ្កា​ហ្សា លោក​ម៉ា​កូវ​ស្គី បាន​និយាយថា​” អេ​ហ្ស៊ី​ប​មើលឃើញ​វា​ជា​”​ខ្សាច់​ផុង​នយោបាយ​”​។​

​ប៉ា​ឡេ​ស្ទី​ន​និង​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និយាយថា អ៊ីស្រាអែល​នៅតែ​កាន់កាប់​អំណាច​នៅ​ហ្កា​ហ្សា ធ្វើអោយ​ជន​ស៊ីវិល​នៅ​តំបន់​នេះ​ត្រូវការពារ​ដោយ​ច្បាប់​អន្តរជាតិ ។​

​ទោះជា​យ៉ាងណា អ៊ីស្រាអែល​បាន​បដិសេធ​ការលើកឡើង​នេះ ដោយ​អះអាងថា ខ្លួន​បាន​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត​កាលពី​១៣​ឆ្នាំមុន​។​

៥.​តើ​ការប្រឆាំង​តវ៉ា​នៅ​ព្រំដែន​នេះ​រំលោភ​អធិបតេយ្យភាព​អ៊ីស្រាអែល​?

​អ៊ីស្រាអែល​គិតថា​ការប៉ុនប៉ង​ដោយ​អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ចូលមក​កាន់​ព្រំដែន​ជាការ​គំរាម​មួយ​ដល់​អធិបតេយ្យភាព​រប​ស់​ខ្លួន និង​បាន​ហៅ​ចម្លើយ​តប​របស់ខ្លួន​ចំពោះ​ការតវ៉ា​នេះ​ថា​ជាការ​ការពារ​ស្របច្បាប់​សំរាប់​ព្រំដែន​អ៊ីស្រាអែល​។​

​អ៊ីស្រាអែល​បាន​ទម្លាក់​ខិ​ត្ត​បណ្ណ​លើ​ហ្កា​ហ្សា​ដោយ​ព្រមាន​កុំអោយ​ជន​ប៉ា​ឡេ​ស្ទី​ន​ចូល​ជិត​ព្រំដែន​។​ខិ​ត្ត​បណ្ណ​សរសេរថា​” កងកម្លាំង​អ៊ីស្រាអែល​តាំងចិត្ត​ការពារ​ពលរ​ដ្ឋ​អ៊ីស្រាអែល​និង​អធិបតេយ្យភាព​របស់ខ្លួន​ប្រឆាំងនឹង​ការប៉ុនប៉ង​របស់​ក្រុម​ហា​ម៉ាស​ដើម្បី​បង្ក​ភេរវកម្ម ក្រោម​ការបិទបាំង​នៃ​កុបកម្ម​ហិង្សា​។​រដ្ឋ​អធិបតេយ្យ​មួយ​មិន​អនុញ្ញាត​ករណីនេះ​ឡើយ​”​។​

​ពួក​អ្នកជំនាញ​មជ្ឈិមបូព៌ា​និយាយថា បញ្ហា​អំពី​ថា​តើ​អ្នកប្រឆាំង​តវ៉ា​គំរាម​អធិបតេយ្យភាព​អ៊ីស្រាអែល គឺជា​ផ្នែក​នៃ​ជម្លោះ​ធំ​ឡើង​នេះ​។​អ្នកជំនាញ​ម្នាក់​បាន​លើកឡើងថា​អំពើ​របស់​អ៊ីស្រាអែល​ផ្ទាល់​កាត់​របង​នេះ​មានន័យថា វា​មិនមែនជា​ព្រំដែន​ទេ​។​”​ព្រំដែន​មួយ​បញ្ជាក់ថា កន្លែង​មួយ​ដែល​អំណាច​រដ្ឋ​មួយ​ត្រូវ​បញ្ចប់​និង​រដ្ឋ​មួយទៀត​ចាប់ផ្តើម​។​អ៊ីស្រាអែល​មិនដែល​ទទួលស្គាល់​របង​នេះ​ជា​ព្រំដែន​មួយ​ដើម្បី​កំហិត​អំណាច​របស់ខ្លួន​ទេ​។​តាមរយៈ​បិទ​និង​ការ​ជ្រៀតចូល​របស់​យោធា​អ៊ីស្រាអែល​នៅតែ​រក្សា​អំណាច​អធិបតេយ្យ​លើទឹក​ដី​នេះ​”៕​ដោយ​:​វាសនា​

ទាហានអ៊ីស្រាអែលតម្រង់ដាក់អ្នកតវ៉ាប្រឆាំងប៉ាឡេស្ទីនមកពីម្ខាងរបងព្រំដែនក្នុងអំឡុងប៉ះទង្គិចគ្នា

អ្នកប្រឆាំងតវ៉ាប៉ាឡេស្ទីនជួបជុំគ្នា ខណៈការប៉ះទង្គិចគ្នាកើតមានយូរៗម្តងជាមួយអ៊ីស្រាអែល នៅជិតរបងព្រំដែនរវាងហ្កាហ្សាស្រ្ទី​បនិងអ៊ីស្រាអែលកាលពីថ្ងៃ១៥ឧសភា

ជនប៉ាឡេស្ទីន សាប៊ឺ អាល់-អាសខា អាយុ២៩ឆ្នាំ បានចោលដុំថ្មក្នុងអំឡុងប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែលនៅតាមព្រំដែនហ្កាហ្សាស្រ្ទីបកាលពីថ្ងៃ១១ឧសភា