តើ​កម្ពុជា​ត្រូវការ​ថាមពលអ្វី​សម្រាប់​​ប្រើប្រាស់​ទៅ​អនាគត​និង​មាន​ចីរភាព​?

103
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ថាមពល​ដើរតួនាទី​សំខាន់​នៅក្នុង​គាំទ្រ​កំណើនសេដ្ឋកិច្ច និង​ស្នើ​មន្ត្រី​ជំនាញ​គិតគូរ​និង​វាយតម្លៃ​ជា​យុទ្ធសាស្ត្រ​ថា​កម្ពុជា​ត្រូវ​ជ្រើសរើស​ប្រភព​ថាមពល​អ្វី​ដើម្បី​ប្រើប្រាស់​តទៅ​អនាគត​។​ការលើកឡើង​នេះ​ស្ថិត​

​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្ដីពី «​ការវាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុងការ​រៀបចំ​ផែនការ​វិស័យ​ថាមពល​នៅ​កម្ពុជា​»​ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ ២០១៩ នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​មានការចូលរួម​ពី​លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារជាតិ​អភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា​ផងដែរ​។​

​លោក សាយ សំ​អាល់ បាន​ថ្លែងថា សិក្ខាសាលា​នេះ​ពិត​ជាមាន​សារៈសំខាន់​ចំពោះ​កម្ពុជា​ក្នុងការ​រៀបចំ​នូវ​គោលនយោបាយ​អំពី​សុវត្ថិភាព​ថាមពល​។ ទោះបីជា​ក្រសួង​បរិស្ថាន ក៏ដូចជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​មិនមែនជា​ស្ថាប័ន​ទទួលបន្ទុក​ដោយផ្ទាល់ លើ​ថាមពល​ក៏ដោយ ប៉ុន្តែ​នេះ​គឺជា​ការចូលរួម​របស់​ក្រសួង​ក៏ដូចជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​ក្នុងការ​អភិវឌ្ឍន៍​ជាតិ​របស់​យើង​»​។ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​បាន​ប្តេជ្ញា​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ឆ្ឆ្ពោះ​ទៅ សម្រេច ឋានៈ ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ និង​សម្រេច ចក្ខុ វិស័យ កម្ពុជា​ឆ្នាំ ២០៥០ ជា ប្រទេស អភិវឌ្ឍ តាមរយៈ​ការ បន្ត ទ្រទ្រង់ កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​។ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់ កាល​ទី​៤ បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល លើ​ការអភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព និង បរិ​យា​ប័ន្ន រួមទាំង​ការធានា​ចីរភាព​បរិស្ថាន និង​ការ​រៀបចំខ្លួន​ឆ្លើយតប​នឹង​ការប្រែប្រួល អាកាសធាតុ​។​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ពង្រឹងសមត្ថភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​សកល ដើម្បី​ធានា​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុងនោះ​រួមទាំង​ការលើកទឹកចិត្ត និង​បង្កើន​ការវិនិយោគ លើ​ថាមពលស្អាត និងថាមពល​កកើត​ឡើងវិញ ពិសេស​ថាមពល ពន្លឺព្រះអាទិត្យ ទន្ទឹមនឹង​ការកាត់បន្ថយ ការផលិត​ថាមពលពីប្រភព​មិន​ស្អាត​ដើម្បី​ធានា​សន្តិសុខ​ថាមពល​រយៈពេល​វែង​។ លោក​រដ្ឋមន្ត្រី​ក៏ បានស្នើ​ដល់​មន្ត្រី​ជំនាញ​ជាតិ​និង​អន្តរជាតិ​ពិភាក្សា​និង​គិតគូរ​វាយតម្លៃ​ជា​យុទ្ធសាស្ត្រ​ថា​កម្ពុជា​ត្រូវ​ជ្រើស រើស​ប្រភព​ថាមពល​អ្វី​ដើម្បី​ប្រើប្រាស់​សម្រាប់​ថ្ងៃ​អនាគត​។ ថាមពល បាន​ដើរតួនាទី​សំខាន់​នៅក្នុង​គាំទ្រ​លើ​កំណើនសេដ្ឋកិច្ច​។ ការគូសវាស​និង​គិតគូរ​របស់​យើង​នៅពេលនេះ​នឹង​ជះឥទ្ធិពល​ដល់​មនុស្ស​ជំនាន់​ក្រោយ​រាប់​ជំនាន់ ហើយ​កម្ពុជា​នឹង​ក្តាប់​មកវិញ​នូវ​មោទនភាព ជាតិ គុណភាព​និង​និរន្តរភាព​បរិស្ថាន​ត្រូវបាន​ធានា​»​។

​លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារជាតិ​អភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា មានប្រសាសន៍ថា​ ​ការរៀបចំ​សិក្ខាសាលា​នា​ថ្ងៃនេះ​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​ADB ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​បណ្តា​ប្រទេស​សមាជិក​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​និង​និរន្ត​ភាព​បរិស្ថាន​ក្នុង​តំបន់​។

លោកស្រី​ជឿជាក់ថា​មន្ត្រី​ជំនាញ​ជាតិ​និង​អន្តរជាតិ​នឹង​ផ្លាស់ប្តូរ​បទពិសោធ​ក៏ ដូចជា​ចែករំលែក​ចំណេះដឹង​ផ្តល់​ធាតុ​ថ្មី​និង​ពុទ្ធិ​ល្អៗ​ឱ្យ​គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង​ប្រធាន បទ​«​ការវាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុងការ រៀបចំ​ផែនការ​វិស័យ​ថាមពល​នៅ​កម្ពុជា​»​។

​គួរ​បញ្ជាក់ថា​សិក្ខាសាលា​នេះ​មាន​រយៈពេល២​ថ្ងៃ ចាប់ពី​ថ្ងៃ​៣ ដល់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ ហើយ​ត្រូវ សម្រេចបាន​នូវ​គោលបំណង នៃ​ការលើកកម្ពស់​ការ យល់ដឹង ក៏ ដូចជា​កា​រៀបចំ​ផែនការ​ផ្សព្វផ្សាយ និង​អនុវត្ត​ការងារ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅតាម​វិស័យ​ពាក់ព័ន្ធ​នីមួយៗ​៕B/

លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន