តើ​កម្មករនិយោជិត​ទទួលបាន​ផលប្រយោជន៍ពិសេស​អ្វីខ្លះ​បន្ទាប់ពី​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​២០​សីហា​?

1675
ចែករម្លែក
  • 152
    Shares

-​កម្មករនិយោជិត​ទាំងអស់ នឹង​ទទួល​ប្រាក់​សោធន​និវត្តន៍​(​ប្រាក់​រឺ​ត្រែ​ត​)​ចាប់ពី​ឆ្នាំ ២០១៩

-​កម្មករ​កម្មការិនី​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​(Free) មាន​រយៈពេល ២​ឆ្នាំ​

-​ចាប់ពី​ខែមករា ឆ្នាំ​២០១៨​ទៅ​បងប្អូន​និយោជិត​(​កម្មករ​) មិនចាំបាច់​បង់​សេវា​ថែទាំ​សុខភាព​តទៅទៀត​ទេ គឺ​និយោជក (​ក្រុមហ៊ុន​) ​ទទួល​រាប់​រង​បង់​លើ​ការចំណាយ​នេះ​ទាំងអស់ (១០០%)

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​កម្មករ កម្មការិនី ចំនួន ៤.២៧០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ​កម្មករ កម្មការិនី ដែល​បាន​មកជួប សម្តេច​តេ​ជោ នៅ​ព្រឹក​នេះ​មានដូចជា​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក និង​មេក្រុម ជំនួយការ​មក​​ពី​រោងចក្រ ចំនួន​៩៣​ផ្សេងគ្នា​។

​ក្រោយ​អញ្ជើញ​ជួប​សំណេះសំណាល​សម្តេច​តេ​ជោ​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា សម្តេច​បានកំណត់​យក​រៀងរាល់ថ្ងៃ​អា​​ទិ​ត្យ​ដើម្បី​ជួប​សំ​ណោះ​សំ​ណា​ល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយ​នៅ​រៀងរាល់ថ្ងៃ​ពុធ សម្តេច​នឹង​អញ្ជើញ​ចុះសួរសុខទុក្ខ កម្មករ កម្មការិនី​តាម​បណ្តា​រោងចក្រ​សហគ្រាស​នានា ។​

​គោលបំណង នៃ​ការជួបជុំ​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​រវាង​ក​ម្មករ និយោជិត​ជាមួយ​និយោជក​និង​​សំណូមពរ​នានា ដើម្បី​សម្រួល ឲ្យ​កម្មករនិយោជិត​កាន់​តែមាន លក្ខខណ្ឌ ការងារ​ល្អ និង​មាន​ផលិតភាព​ការងារ​ប្រសើរ​ជាង​មុន​។ ​សម្តេច​តេ​ជោ​បាន​រំលឹក​ដល់​ភាព​ខ្ទេចខ្ទាំ វិស័យ​កាត់ដេរ​ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​ពេលនោះ​រោងចក្រ​សហគ្រាស ត្រូវបាន​បំផ្លាញ បិទ​ចោល ដោយ​មិនមាន​ការនាំចេញ​នោះទេ​។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ចំពោះ​កម្មករ​ស្ថានភាព​ការ​​ងារ​និង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​ក្នុងនោះ​មានដូចជា​ករ​ដ​ម្លើ​ង​ប្រាក់ខែ ដែល​បាន​ធ្វើជា​បន្ត បន្ទាប់​។​ការដំឡើង​ប្រាក់ខែ​នេះ​មិន​​មែន​ដំឡើង​តាម​ការទាមទារ​របស់​បក្សប្រឆាំង​ទេ គឺជា​ការខិតខំ​ប្រឹងប្រែង​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​រាជរដ្ឋាភិបាល​។​

​ទន្ទឹមនឹង​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​គៀងគរ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា​គឺ​បក្សប្រឆាំង​ហាម​មិនអោយ​ប្រទេស​ដទៃ​ទិញ​ផលិតផល​ពី​កម្ពុជា​ទៀត ឬ​មក​វិនិយោគ​នៅ​កម្ពុជា​ឡើយ​ដែល​បាន ធ្វើអោយ​ប៉ះ ពាល់​យ៉ាងខ្លាំង​ដល់​ជីវិត​រស់នៅ និង​ការងារ​កម្មករ​។​

​ដោយសារ​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ព្រមទាំង ការអនុគ្រោះ​ដល់​ការវិនិយោគទុន ពី​បរទេស​គឺ​ចំនួន​រោងចក្រ​​ត្រូវបាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បានផ្តល់​ការងារ​ដល់​បងប្អូន​ប្រជា​ពល ហើយ​ក្នុងនោះ ប្រាក់ខែ​ក៏ត្រូវ​បាន​ដ​ម្លើ​ង​ជា​បន្តបន្ទាប់ ដែល​នៅ​ឆ្នាំ ២០១៨ តិច​បំផុត​គឺអាច​ឡើងដល់ ១៦៨​ដុល្លារ​ក្នុង​មួយខែ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​គឺ​ច្រើន​។​

​ស​ម្តេ​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​ទៅ​សមាគមន៍ និយោជក តំណាង​អ្នកគ្រប់គ្រង​កម្មករ កម្មការិនី តាម​បណ្តា​រោច​ក្រ សហគ្រាស​នានា ត្រូវមាន​ការយោគយល់​អា​ធ្យា​ស្រ័យ​គ្នា​ទៅវិញទៅមក ហើយ​ខិតខំ​ដោះស្រាយ​អោយបាន​ល្អ​នៅពេល​មាន​បញ្ហារ​កើតមានឡើង​។​ត្រូវ​ចង់​ចាំ​ថា​និយោជិត និង​និយោជក គឺជា​ដៃគូ​ជីវិត​នឹង​គ្នា មិនអាច​បាត់បង់​មួយណា​ឡើយ​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​អោយបាន​ប្រសើរឡើង សម្តេច​តេ​ជោ ហ៊ុន សែន​បានប្រកាស​អោយ​សាលា​រាជធានី​​ភ្នំពេញ​ផ្តល់​សេវា​រថយន្តក្រុង​សាធារណៈ​ដឹក​បងប្អូន​កម្មករ​កម្ម​ការិនី​ដោយ​ឥតគិតថ្លៃ​(Free) មាន​រយៈពេល ២​ឆ្នាំ (​ខែសីហា ឆ្នាំ​២០១៧ ដល់ ខែសីហា ឆ្នាំ​២០១៩)​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បានអោយ​មន្ត្រី​អាជ្ញាធរ​ពាក់​ព័​ន្ឋ​យកចិត្តទុកដាក់​ពិនិត្យ ក្នុងការ​ត​បណ្តាញទឹក នឹង​ភ្លើង​ទៅតាម​ផ្ទះ​ដែល​កម្មករ​ជួល​នៅ​។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​ជា​កម្មការិនី​មាន​​ផ្ទៃពោះ​ដោយបាន​ផ្តល់ប្រាក់​បន្ថែម ១២០% សម្រាប់​សម្រួល​នៅពេល​ឆ្លងទន្លេ​។​

​ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ចំពោះ​របប​សន្តិសុខ​សង្គម​ផ្នែក ថែទាំ​សុខភាព​របស់​កម្មករ​ដែល​​កន្លងមក​ត្រូវ​បង់ថ្លៃ​ពាក់កណ្តាល (៥០%) ដោយ​និយោជក និង និយោជិត​។ ប៉ុន្តែ​ចាប់ពី​ខែមករា ឆ្នាំ​២០១៨​ទៅ​បងប្អូន​និយោជិត​(​កម្មករ​) មិនចាំបាច់​បង់​តទៅទៀត​ទេ គឺ​និយោជក (​ក្រុមហ៊ុន​) ទទួល​រាប់​រង​បង់​លើ​ការចំណាយ​នេះ​ទាំងអស់ (១០០%) ដូច្នេះ​កម្មករ​យើង អាច​នៅសល់​ប្រាក់​រវាង​ពី ៨០០០ ទៅ ១២០០០ រៀល​ក្នុង​មួយខែ​។ ជាមួយគ្នា​នោះ​ក្រសួងសុខាភិបាល​ត្រូវ​រៀបចំ​អោយមាន​មណ្ឌល​​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​នៅ​ជិត​រោងចក្រ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្តល់ សេវាកម្ម​ថែរក្សា​សុខភាព​ដល់​បង​ប្អូន​កម្មករ​កម្មការិនី រួមទាំង​រៀបចំ​អោយមាន​ឡានពេទ្យ​ប្រចាំការ​ដើម្បី​ត្រៀម​ដឹក​កម្មក​នៅពេល​មាន​គ្រោះថ្នាក់​អ្វីមួយ​កើតឡើង​។​

​ចំពោះ​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩​ទៅ​កម្មករនិយោជិត​ទាំងអស់​នឹង​ទទួល​ប្រាក់​សោធន​និវត្តន៍​(​ប្រាក់​រឺ​ត្រែ​ត​) មានន័យថា​ពេល​នៅមាន​កម្លាំង​ធ្វើការ ក៏​ទទួល​ប្រាក់ខែ ហើយ​ពេល​ចាស់​ទៅធ្វើ​ការមិន​កើត​ក៏មាន​ប្រាក់​រឺ​ត្រែ​ត​ដូចជា​មន្ត្រី​រាជការ​ដែរ​។ គឺ​មិនចាំបាច់​មាន​ក្រប ខណ្ឌ​ការងារ​រដ្ឋ​ឡើយ​។ ប៉ុន្តែ​ត្រូវខិតខំ​ធ្វើការ​អោយបាន​ល្អ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​ដូរ​ពី​ប្រទេស​ប្រល័យពូជសាសន៍​មក​ប្រទេស មាន​សុខសន្តិភាព​ពេញលេញ ដូរ​ពី​ប្រទេស​ក្រ​១០០% ក្លាយ​មកជា​ប្រទេស​ដែល​មា​អត្រា​ក្រីក្រ​តែ​១៣.៥% ដូរ​ពី​កម្មករ​ដែលមាន​ប្រាក់ខែ​ត្រឹមតែ ៥០​ដុល្លារ​មក​ប្រាក់​​ខែ​ជាង ១៦៨​ដុល្លា (+​អត្ថប្រយោជន៍ ផ្សេងៗ​ទៀត​) គឺ​បានធ្វើអោយ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​កាន់តែ​ល្អប្រសើរ​ទៅ​មុខជា​លំដាប់​។ ច្បាស់ ណាស់ គឺមាន​តែ គណបក្ស​ប្រជាជន​តែមួយគត់ ដែល​បាន​ដូរ​នូវ​អ្វីៗ​គ្រប់យ៉ាង​អោយបាន​ល្អប្រសើរ សម្រាប់​កម្ពុជា​។​ដើម្បី​សម្រួល​ដល់​ក្មួយៗ​កម្មករ​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន គឺ​ក្មួយៗ​អាច​ទៅ​ចុះឈ្មោះ​នៅ​ទីតាំង​ជិត​កន្លែងធ្វើការ​របស់​ក្មួយៗ​ផ្ទាល់​តែម្តង​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ខេត្ត ដែល​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ប៉ះពាល់​ដល់​ការងារ​។ ការចុះឈ្មោះ​បោះឆ្នោត​គឺ​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃ 1/9/2017 នេះ​។​សូម​ក្មួយៗ​កម្មករ​កម្មការិនី ទៅ​ចុះឈ្មោះ​អោយបាន​គ្រប់ៗ​គ្នា​៕​អត្ថ​ប​ទៈ​ហ្វេ​ស​ប៊ុ​ក​សម្តេច​/sn

 

(រូប៖FB)

#