តើ​ការចរចា​ជាមួយ​ពួក​តា​លី​បង់​នឹង​នាំទៅរក​សន្តិភាព​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​?

443
ចែករម្លែក

“​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​” ក្នុងអំឡុងពេល​ចរចា​៥​ថ្ងៃ​រវាង​ក្រុមមន្ត្រី​អាមេរិក​និង​ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​បានបង្ហាញ​ថា​ភាគី​ទាំងពីរ​ពិតជា​កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ ១៧ ឆ្នាំ​ដែល​បន្លាច​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ប៉ុន្តែ​ជាមួយ​ពួក​តា​លី​បង់​បច្ចុប្បន្ន​បដិសេធ​មិន​ធ្វើ​កិច្ចចរចា​ដោយផ្ទាល់​ជាមួយ​ក្រុមមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ការចរចា​ទាក់ទង​នឹង “​បញ្ហា​មិនទាន់​ដោះស្រាយ​” នៅតែ​បន្ត តើ​អ្វី​ទៅ​ដែល​បាន​ឯកភាពគ្នា​នៅក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​កាតា​នោះ​?

​លោក សេ​ខាន់​ឌ័​រ កឺ​ម៉ា​នី (Secunder Kermani) អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ប៊ី​ប៊ី​ស៊ី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​អ្នកសារព័ត៌មាន​ជើងចាស់​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​សាមី យូ​សា​ហ្វ​ហ្សៃ (Sami Yousafzai) សម្លឹងមើល​អ្វីដែល​យើង​ដឹង​អំពី​កិច្ចចរចា​មកទល់​ឥឡូវនេះ និង​អ្វីដែល​វា​អាច​មានន័យ​សម្រាប់​អនាគត​នៃ​ប្រទេស​នេះ​និង​កងកម្លាំង​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ទីនោះ​។​

  • តើ​ការចរចា​នេះ​មាន​សារៈសំខាន់​យ៉ាងណា​?

​ទាំង​មន្ត្រី​តា​លី​បង់​និង​អាមេរិក​បាន​និយាយថា “​ការរីកចម្រើន​” ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចចរចា​ចុងក្រោយ​បំផុត​នៅ​កាតា ហើយ​បើទោះបីជា​កំពុងមាន​អំពើហិង្សា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏ដោយ ក៏​ហាក់ដូច​ជាមាន​សន្ទុះ​រីកចម្រើន​ខ្លាំង​ក្នុង​ការចរចារ​សន្តិភាព​ដែរ​។​

​អ្នកវិភាគ​ឈានមុខ​គេ​លោក អា​ម៉េ​ត រ៉ា​ស៊ីដ (Ahmed Rashid) បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា​កិច្ចចរចា​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ហើយ​ថា “​យើង​មិនដែល​ខិតជិត​…​ទៅរក​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាង​ដូច្នេះ​ទេ​”​។​

​កិច្ចចរចា​នេះ​មាន​រយៈពេល ៦ ថ្ងៃ​គឺ​វែង​ជាង​ការចរចា​មុនៗ ដែល​បានរៀបចំ​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​

​នៅ​ពាក់កណ្តាល​នៃ​កិច្ចចរចា​កាលពី​សប្តាហ៍​មុន ពួក​តា​លី​បង់​បានប្រកាសថា សមាជិក​ស្ថាបនិក​ម្នាក់​នៃ​ក្រុម​តា​លី​បង់ គឺ​លោក មូ​ឡាស អាប់​ឌុល ហ្គា​នី បា​រ៉ា​ឌ័​រ (Mullah Abdul Ghani Barader) នឹងត្រូវ​តែងតាំង​ជា​ប្រធាន​ថ្មី​នៃ​ការិយាល័យ​នយោបាយ​របស់​តា​លី​បង់​នៅក្នុង​ប្រទេស​កាតា បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​ដោយ​អាជ្ញាធរ​ប៉ា​គី​ស្ថាន​។​

​លោក​រ៉ា​ស៊ីដ​បាន​និយាយថា លោក​បា​រ៉ា​ឌ័​រ “​មានកំណត់​ត្រា​ចង់បាន​សន្តិភាព​និង​ស្ថិរភាព​” ហើយ​អាចជួយ​បញ្ចុះបញ្ចូល​សមាជិក​មូល​ដ្ឋា​ន​ដើម្បី​ទទួលយក​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​។​

  • តើ​អ្វី​ទៅ​ដែល​បាន​ពិភាក្សា​?

“​ការរីកចម្រើន​” ដែល​បាន​ធ្វើឡើង​ហាក់ដូចជា​ទាក់ទង​នឹង​បញ្ហាសំខាន់​ពីរ ៖
១. តើ​ពេលណា​ទើប​កងកម្លាំង​ដឹកនាំ​ដោយ​អាមេរិក​ដកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​?
២. ការប្តេជ្ញាចិត្ត​ពី​ពួក​តា​លី​បង់​ថា​ក្រុម​នេះ​នឹងមិន​អនុញ្ញាតឱ្យ​ក្រុម​ជី​ហាដ​អន្ដរជាតិ ដូចជា​ពួក​អាល់​កៃ​ដា​ប្រើប្រាស់​ប្រទេស​នេះ​ជា​មូលដ្ឋាន​នាពេល​អនាគត​។​

​មន្ត្រី​តា​លី​បង់​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កិច្ចចរចា​នេះ​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា​ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​បង្កើត​គណៈកម្មាធិការ​ពីរ​ដើម្បី​រៀបចំ​ផែនការ​លម្អិត​ស្តីពី​របៀប​អនុវត្ត​កិច្ចព្រមព្រៀង​ជាគោលការណ៍​អំពី​ប្រធានបទ​ទាំងពីរ​នេះ​។​

​មេដឹកនាំ​តា​លី​បង់​ដែល​និយាយ​ក្នុងនាម​អនាមិក​បាន​និយាយថា គណៈកម្មាធិការ​ទាំងពី​រ​នេះ​នឹង “​កំណត់​ផ្លូវ​សម្រាប់​ការដក​ទ័ព​និង​ពេលវេលា​ដែល​ត្រូវការ​ចាំបាច់​។ យើង​បានស្នើ​រយៈពេល​៦​ខែ ប៉ុន្តែ​មាន​ភាពបត់បែន​”​។​

​លោក​បាន​និយាយថា​គណៈកម្មាធិការ​ទាំង​ពីរ​នេះ​ក៏​នឹង​ផ្តល់នូវ​សំណើ​ជាក់លាក់​ស្តីពី​របៀប​ដែល​ពួក​តា​លី​បង់អាច​កាត់ផ្តាច់​រាល់​ទំនាក់ទំនង​ជាមួយ​ពួក​អាល់​កៃ​ដា​ហើយនឹង​ចាប់ផ្តើម​ធ្វើការ​នៅ​សប្តាហ៍​ក្រោយ​។ ប្រភព​តា​លី​បង់​បាន​បន្ថែមថា កិច្ចប្រជុំ​មួយ​ផ្សេងទៀត​ជាមួយ​សហរដ្ឋអាមេរិក​ទំនងជា​នឹងធ្វើ​ឡើង​នៅ​ដើមខែ​កុម្ភៈ​។​

​ប្រភព​មួយ​ផ្សេងទៀត​នៅក្នុង​ក្រុម​តា​លី​បង់​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា នៅពេល​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​បង្កើតឡើង ពួកគេ​នឹង​ព្យាយាម​ឱ្យ​ប្រទេស​ដទៃទៀត​ឬ​អង្គការ​អន្តរជាតិ​នានា​ដើរតួ​ជា​អ្នកធានា​សម្រាប់​កិច្ចព្រមព្រៀង​នោះ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

ពួក​តា​លី​បង់​និយាយថា ពួកគេ​នឹង​និយាយ​ជាមួយ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​អាមេរិក​កំណត់​ថ្ងៃ​ដកទ័ព