តើ​ការបរិភោគ​ស្ករ​ច្រើន​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​មែន​ឬទេ​?

1367
ចែករម្លែក
  • 1
    Share

​ការបរិភោគ​ច្រើន​គ្រាន់តែ​ជា​ផ្នែក​មួយ​នាំ​ដល់​ជំងឺ​ទឹកនោមផ្អែម ។ ផ្នែក​នៅសល់ គឺ​ដោយសារ​របប​ទទួលទាន​, របៀបរបប​រស់នៅ និង​តំណពូជ នឹង​ឥទ្ធិពល​ដល់​ហានិភ័យ​កើត​ជំងឺ​នោម​ផ្អែម ។​

​ការស្រាវជ្រាវ​មួយចំនួនធំ បាន​បង្ហាញថា អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ស្ករ​ជាប្រចាំ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ខ្ពស់ជាង ប្រមាណ ២៥% ។​

​តាម​របាយការណ៍​, បណ្តា​ប្រទេស​មាន​កម្រិត​ប្រើប្រាស់​ស្ករ​ខ្ពស់បំផុត មាន​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ខ្ពស់បំផុត ហើយ​ប្រទេស​ដែល​ប្រើប្រាស់​ស្ករ​ទាប​បំផុត មាន​អត្រា​អ្នក​កើត​ជំងឺ​ទាប​បំផុត ។​

​អ្នកស្រាវជ្រាវ​ជាច្រើន​ជឿថា ស្ករ​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ទាំង​ផ្ទាល់ និង​ប្រយោល ។ វា​អាច​ដោយផ្ទាល់​ធ្វើ​ឲ្យ​កើន​ហានិភ័យ​ដោយសារ fructose ជះឥទ្ធិពល​លើ​ថ្លើម​របស់​យើង​, រួមមាន​ការជំរុញ​ខ្លាញ់​រុំ​ថ្លើម​, រលាក និង​ប្រឆាំង​អាំង​ស៊ុយ​លីន ។​

​ឥទ្ធិពល​ទាំងនេះ អាច​រំញោច​ការផលិត​អាំង​ស៊ុយ​លីន​ខុស​ប្រក្រតី​ក្នុង​ក្រពេញ​លំពែង​របស់​យើង និង​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ បរិភោគ​ស្ករ​ច្រើន​ក៏​អាច​ដោយ​ប្រយោល​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ ដោយ​ការរួមចំណែក​ឡើង​ទម្ងន់ និង​កើន​ខ្លាញ់​សរីរាង្គ ។​

  • ស្ករ​ធម្មជាតិ​មិន​ធ្វើ​ឲ្យ​កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​

    ស្ករ​ធម្មជាតិ​ជា​ស្ករ​មាន​ក្នុង​ផ្លែឈើ និង​បន្លែ មិន​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ទឹកនោមផ្អែម ។ បន្លែ​, ផ្លែឈើ ក៏​ផ្ទុក​បរិមាណ​ស្ករ​តិចជាង​ច្រើន ប្រៀប​នឹង​អាហារ​កែច្នៃ​ស្រាប់ ។​
  • កត្តា​ផ្សេងៗ​បង្ក​ជំងឺ​ទឹកនោមផ្អែម​

– ទម្ងន់​រាងកាយ​៖ ការស្រាវជ្រាវ​បង្ហាញថា ធាត់​ជា​កត្តា​ហានិភ័យ​ចំបង​១ ចំពោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​

– មិន​ហាត់ប្រាណ​៖ អ្នកមាន​ទម្លាប់​រស់នៅ​មិនសូវ​ធ្វើ​ចលនា​មាន​ហានិភ័យ​កើត​ជំងឺ​ខ្ពស់ជាង ២ ដង ប្រៀប​នឹង​ឧស្សាហ៍​ហាត់ប្រាណ ។​

– ជក់បារី​៖ ជក់បារី​ពី ២០ ដើម ឡើង​ក្នុង​១​ថ្ងៃ អាចធ្វើ​ឲ្យ​កើន​ទ្វេដង​នូវ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម ។​

– តំណពូជ​៖ ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ គឺ ៤០% ប្រសិន​មាន​ម្តាយ ឬ ឪពុក​កើត​ជំងឺ​នេះ និង​ជិត ៧០% ប្រសិន​ទាំង​ម្តាយ និង​ឪពុក សុទ្ធតែ​កើត​ជំងឺ ៕ ប្រែ​សម្រួល​: រតនៈ​