តើ​ការប្រឈមមុខគ្នា​អំពី​របង​ព្រំដែន​របស់​ត្រាំ​ដើម្បី​អ្វី​?

219
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បិទ​រដ្ឋាភិបាល​មួយផ្នែក​និង​គំរាម​ប្រកាស​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​មួយ ខណៈ​លោក​គាបសង្កត់​អោយ​សភា​ទម្លាក់​​លុយ​សំរាប់​សង់​របង​មួយ​នៅតាម​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច​ដើម្បី​ទប់ស្កាត់​កំណើន​អន្តោប្រវេសន៍​ខុសច្បាប់​។​

​ត្រាំ​ដែល​បាន​ថ្លែង​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​កាលពី​យប់​ថ្ងៃ​អង្គារ​អំពី​វិបត្តិ​នេះ និយាយថា​ប្រទេស​កំពុង​ជោរជន់​ដោយ​ថ្នាំញៀន​និង​ក្រុម​ឧក្រិដ្ឋ​ហិង្សា តែ​ពួក​ប្រឆាំង​​ត្រាំ​និយាយថា​លោក​និយាយ​បំផ្លើស​បញ្ហា​និង​ថា របង​ដ៏​ធំ​នេះ​គ្មាន​ប្រសិទ្ធភាព​និង​គ្មាន​តំលៃនឹង​បិទ​រដ្ឋាភិបាល​ដោយសារ​វា​ទេ​។​

ដូ​ណា​ល់ ត្រាំ បាន​បង្ខំ​បិទ​រដ្ឋាភិបាល​និង​បាន​ថ្លែង​ទទូច​សុំ​ថវិកា​កាលពី​ថ្ងៃ​៨​មករា​ដើម្បី​រារាំង​អន្តោប្រវេសន៍​ខុសច្បាប់​មកពី​ខាង​ព្រំដែន​ម៉ិ​ក​ស៊ិ​ច​

​តើ​មាន​វិបត្តិ​អន្តោប្រវេសន៍​មែន​?

​អន្តោប្រវេសន៍​ខុសច្បាប់​មកពី​បណ្តា​ប្រទេស​ក្រីក្រ​នៅ​អាមេរិក​កណ្តាល ដូចជា​ហុង​ឌុយ​រ៉ា​ស​, អែល សាល់​វ៉ា​ឌ័​រ និង​ហ្កា​តេ​ម៉ា​ឡា បាន​កើនឡើង​ទោះជា​ប្រជាជន​មកពី​ប្រ​​ទេស​ម៉ិ​ក​ស៊ិ​ច ក្បែរ​ខាង​អាមេរិក​បានការ​ថយចុះ​។​

​ជន​ចំណាកស្រុក​ជាច្រើន​បាន​ទៅដល់​ព្រំដែន​ទាំង​គ្រួសារ ឬ​រួមទាំង​កូនតូចៗ ដោយ​សង្ឃឹម​ជាន់ដី​អាមេរិក​។​នៅពេល​ត្រូវបាន​ចាប់​ឃាត់ខ្លួន ភាគច្រើន​ស្ថិតក្រោម​នីតិវិធី​​របស់​អាជ្ញាធរ និង​បន្ទាប់មក​ត្រូវបាន​ដោះលែង​ដោយ​រង់ចាំ​ការឡើង​តុលាការ តែ​អាជ្ញាធរ​អាមេរិក​និយាយថា ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​ដោះលែង​ទាំងនោះ​កម្រ​​ឃើញ​មុខ​ឡើងវិញ​ណាស់​ក្រោយពី​បាន​រំលាយខ្លួន​ចូលក្នុង​សង្គម​អាមេរិក​។​

ជនអន្តោប្រវេសន៍​អាមេរិក​កណ្តា​លលោត​ឡើងលើ​របង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច​មកពី​ក្រុង​ទី​ហ្សួ​ណា​ទៅ​ក្រុង សាន់ ឌី​ហ្គោ សហរដ្ឋអាមេរិក​

គ្រួសារ​អន្តោប្រវេសន៍​មួយ​កំពុង​រក​កន្លែង​ឆ្លងកាត់​ព្រំដែន​ចូល​អាមេរិក​

​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦ ត្រាំ​បាន​សន្យា​ចំពោះ​អ្នកបោះឆ្នោត​ថា​នឹង​បញ្ឈប់​អន្តោប្រវេសន៍​ខុសច្បាប់ ដោយ​សង់​ជញ្ជាំង​តាម​ព្រំដែន​ប្រវែង​៣.២០០​គីឡូម៉ែត្រ​រវាង​​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ច​។​

​ក្រោយ​ការថយចុះ​នៅ​ឆ្នាំ​២០១៧ ចំនួន​ជនអន្តោប្រវេសន៍​បាន​កើនឡើង​កាលពី​ឆ្នាំមុន ដោយ​ឡើងដល់​កំរិត​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​២០១៤ ដោយ​ក្នុង​មួយថ្ងៃ​ជន​អន្តោ​​ប្រវេសន៍​ប្រមាណ​២.០០០​នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​ពួកគេ​ព្យាយាម​លបលួច​ចូល​អាមេរិក​។​ពួកគេ​ភាគច្រើន​បាន​សុំ​ការ​ជ្រកកោន​ដោយ​ផ្អែកលើ​ហេតុផល​ក្រីក្រ​​និង​អំពើហិង្សា​នៅក្នុង​ប្រទេស​កំណើត​។​

​តាមពិត​ចំនួន​របស់គេ​វា​ហួស​សមត្ថភាព​ដែល​មន្ត្រី​គយ​និង​ព្រំដែន​អាច​ដោះស្រាយបាន ដូច្នេះ​មួយចំនួនធំ​ត្រូវបាន​ដោះលែង​។​ក្នុងពេល​ជាមួយគ្នា ក្មេងៗ​ដែល​មិន​មកជា​​មួយ​ម្តាយ​ឪពុក​ប្រមាណ​១៥.០០០​នាក់​ត្រូវបាន​នាំទៅ​ដាក់​នៅតាម​ជំរំ​តាំង​ទីលំនៅ​ជាថ្មី​ជាច្រើន​ខណៈ​ពួក​មន្ត្រី​ស្វះ​ស្វែងរក​ផ្ទះ​ដើម្បី​ដាក់​ពួកវា​ចូល​។​

​តើ​កំណើន​អន្តោប្រវេសន៍​ជាការ​គំរាម​សន្តិសុខ​?

​ត្រាំ​បាន​និយាយ​ម្តង​ជា​ពីរដង​ថា បើ​គ្មាន​របង​ព្រំដែន​នេះ ពួក​រត់ពន្ធ​ថ្នាំញៀន​និង​ក្រុម​ឧក្រិដ្ឋ​ហិង្សា​ដូចជា​MS-13​អាច​ចូល​អាមេរិក​ដោយ​ងាយស្រួល តែ​ពួក​អ្នកជំនាញ​ថ្នាំ​​ញៀន​និយាយថា​ថ្នាំញៀន​ភាគច្រើន​ត្រូវបាន​នាំចូល​ដោយ​ឆ្លងកាត់​កំពង់ផែ​ផ្លូវការ​ហើយ​ជញ្ជាំង​ព្រំដែន​នឹងមិន​ជួយ​អោយមាន​ការផ្លាស់ប្តូរ​ធំដុំ​ទេ​។​

​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​លោកស្រី គ្រី​ស​ជេន នី​អេ​ល​សេន និយាយថា​ជញ្ជាំង​ព្រំដែន​នេះ​នឹង​រារាំង​ពួក​ភេរវ​ករ​មិន​អោយចូល​ប្រទេស តែ​លោកស្រី​មិនបាន​បង្ហាញ​ភស្តុ​តា​​ង​ថា​មាន​ភេរ​វករ​ប៉ុន្មាន​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ព្រំដែន​ខាងត្បូង ឬ​ប៉ុន្មាន​នាក់​បាន​ឆ្លង​ចូល​អាមេរិក​ទេ​។​

​តើ​ត្រាំ​ចង់បាន​អ្វី​?

​ត្រាំ​ចង់អោយ​ការសន្យា​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​របស់លោក​ក្លាយជា​ការពិត​។​

​ប្រាក់​រាប់រយ​លាន​ដុល្លារ​ត្រូវបាន​ចំណាយ​រួចហើយ​លើ​ការសង់​ជំនួស​របង​និង​ជញ្ជាំង​ចាស់​នៅ​តំបន់​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​ខ្លះ ដូចជា​នៅ​ចន្លោះ​ក្នុង​ទី​ហ្សួ​ណា​និង​​សង់ ឌី​អេ​ហ្គោ​។​បន្ថែម​លើ​នេះ ការ​ល្បាត​យកការណ៍ ការដាក់​កា​ម៉េ​រ៉ា​និង​ការ​បង្ហោះ​ដ្រូ​ន​ត្រូវបាន​បង្កើន​ដើម្បី​ជួយ​កាត់បន្ថយ​ការឆ្លងកាត់​ព្រំដែន​ខុសច្បាប់​។​

​នៅក្នុង​លិខិត​ផ្ញើជូន​សភា​កាលពី​ថ្ងៃអាទិត្យ សេត​វិមាន​បានទាមទារ​ប្រាប់​៥,៧​ពាន់​លាន​ដុល្លារ​សំរាប់​ជញ្ជាំង​និង​របង​ព្រំដែន​ថ្មី​ប្រវែង​៣៧៧​គីឡូម៉ែត្រ គឺ​ហួស​ពីរដង​នៃ​​ប្រាក់​ដែល​ក្រុម​មេដឹកនាំ​សភា​បាន​សុំ​ផ្តល់នៅ​ក្នុងការ​សម្របសម្រួល​មួយ​។​

​សេត​វិមាន​ក៏បាន​សុំ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ទៀត​សំរាប់​ចៅក្រម​អន្តោប្រវេសន៍ ភ្នាក់ងារ​ព្រំដែន​និង​ក្រុម​អនុវត្តន៍​ច្បាប់​ផ្ទៃក្នុង ជម្រក​សំរាប់​ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​​ឃាត់ខ្លួន និង​ក្រុម​បង្ក្រាប​ថ្នាំញៀន​។​

​ហេតុអ្វី​ពួក​អ្នកនយោបាយ​មិន​អនុម័ត​ផ្តល់​ថវិកា​?

​សារមន្ទីរ ឧទ្យាន​និង​ការិយាល័យ​រដ្ឋាភិបាល​ជាច្រើន​បាន​បិទទ្វារ​មកទល់​ថ្ងៃនេះ​ដោយសារ​ការបិទ​រដ្ឋាភិបាល​ផ្នែក​ខ្លះ​បណ្តាលមកពី​ការ​ប្រទាញប្រទង់​អំពី​ថវិកា​សង់​របង​​ព្រំដែន​។​ទាំង​ពួក​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ ចាត់ទុក​ការទាមទារ​របស់​ត្រាំ​វា​ហួសហេតុ​ពេក ថ្លៃ​ពេក​និង​គ្មាន​ប្រសិទ្ធភាព​នៅក្នុង​ការដោះស្រាយ​បញ្ហា​។​ពួកគេ​ច្រាន​​ចោលការ​អះអាង​ដែលថា ព្រំដែន​មួយ​គ្មាន​ជញ្ជាំង​ជាការ​គំរាម​ផ្នែក​សន្តិសុខ​ដ៏​ធំ​មួយ​។​

​អាដាម ស៊ី​ហ្វ ប្រធាន​គណៈកម្មការ​ស៊ើបការណ៍​របស់​សភា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​« អំពី​ភេរវកម្ម​និង​ការ​គំរាម​ដទៃទៀត ខ្ញុំ​ទទួលបាន​ការពន្យល់​ពី​FBI, CIA​និង DHS​ច្រើនជាង​ខ្ញុំ​អាច​រាប់​។​តើ​ពួកគេ​បាន​និយាយ​អំពី​ការ​ត្រូវមាន​របង​ព្រំដែន​ខាងត្បូង​ប៉ុន្មាន​ដង​ទៅ​?»​។​

​ពួក​ប្រជាធិបតេយ្យ​ក៏បាន​និយាយថា ការពិភាក្សា​ទូលំទូលាយ​ណាមួយ​អំពី​បញ្ហា​អន្តោប្រវេសន៍​គួរ​ត្រូវធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​បើក​ឡើងវិញ​។​ពួកគេ​ចង់បាន​កិច្ច​ព្រម​​ព្រៀង​ពិស្តារ​មួយ​ដែល​នឹង​រួមបញ្ចូល​ផែនការ​មួយ​ដើម្បី​បង្កើត​ឱកាស​សំរាប់​ជន​អន្តោ​ប្រ​វ​សន៍​ខុសច្បាប់​ប្រមាណ​១១​លាន​នាក់​ដែល​កំពុង​រស់នៅក្នុង​សហរដ្ឋអាមេរិក​៕ប្រែ​សម្រួល​ដោយ​វាសនា​