តើ​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​ត្រាំ​និង​គីម​អាចធ្វើឱ្យ​មេដឹកនាំ​ទាំងពីរ​ស្រេកឃ្លាន​ចង់​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែរឬទេ​?

430
ចែករម្លែក
  • 10
    Shares

​ទោះបីជា​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា​លោក “​មិន​ប្រញាប់​” ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​ក៏ដោយ ក៏ប៉ុន្តែ​ការបង្កើត​ផែនការ​មួយ​សម្រាប់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​មួយផ្នែក ហាក់​មាន​ភាព​បន្ទាន់​សម្រាប់​លោក​ប្រធានាធិបតី​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។​

  • កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​

​នៅពេល​លោក​ត្រាំ​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅ​ខែមិថុនា​ឆ្នាំ ២០១៨ ពួកគេ​បាន​ឈានដល់​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​មួយ ដែល​កូរ៉េខាងជើង​នឹង​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ហើយ​បានធ្វើ​ឱ្យមាន​វឌ្ឍនភាព​តិចតួច​ប៉ុណ្ណោះ​ចាប់តាំងពី​ពេលនោះ​មក​។​

​លោក​រ៉ូបឺត មែន​នី​ង (Robert Manning) សមាជិក​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​យោបល់​របស់​អាមេរិក​បាន​ចាត់ទុក​កិច្ចប្រជុំ​កំពូល​រវាង​ត្រាំ​និង​គីម​លើកទីមួយ​ជា “​ការខកខាន​ឱកាស​” ដែល “​មានតែ​ភាសា​មិន​ច្បាស់លាស់​និង​គ្មាន​ខ្លឹមសារ​ប៉ុណ្ណោះ​” ត្រូវបាន​ធ្វើឡើង​ចេញពី​សេចក្តីថ្លែងការណ៍​រួម​ដោយ​មេដឹកនាំ​ពីររូប ហើយ​ដែល​ខ្វះ “​ដំណើរការ​អនុវត្ត​”​។​

​សម្រាប់​លោក​រ៉ូបឺត អា​ប្រាំ មេបញ្ជាការ​កំពូល​រប​ស់​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ​យល់ឃើញថា ការចាប់​ដៃ​ជា​លើកដំបូង​របស់លោក​ត្រាំ​ជាមួយ​លោក​គីម​មិនបាន​ហុច​ផល​អ្វី​សោះឡើយ ថ្វីបើ​មានការ​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​ក៏ដោយ​។​

​ក្រុម​អ្នកជំនាញ​នានា​បាន​និយាយថា កិច្ចព្រមព្រៀង​ដ៏​ល្អ​បំផុត​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅឯ​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​នេះ​គឺ​ត្រូវ​ធានាឱ្យមាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​លាតត្រដាង​ពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដើម្បី​ជា​សញ្ញា​បង្ហាញថា លោក​គីម​ពិតជា​ចង់​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​ពិតមែន​។ នេះ​បើ​យោងតាម​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​។​

  • ការស្រុះស្រួល​គ្នា​

​ប្រទេស​ទាំងពីរ​បាន​ប្រឹងប្រែង​ធ្វើការ​ឆ្ពោះទៅរក​សន្ធិសញ្ញា​សន្តិភាព​មួយ បើទោះបីជា​ដំណើរការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ត្រូវបាន​ផ្អាក​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​សិង្ហ​បុរី​ក៏ដោយ​។​

​ចំពោះ​ភាគី​អាមេរិក លោក​ត្រាំ​បាន​ផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​ធំៗ​ជាច្រើន​ជាមួយ​កូរ៉េខាងត្បូង ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ហើយ​គាត់​ក៏មាន​ភាព​វិជ្ជមាន​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ផងដែរ​។​

​ប្រធានាធិបតី​ត្រាំ​បាន​សរសេរ​លើ Twitter យ៉ាង​ដូច្នេះ “​កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​។ គាត់​ប្រហែលជា​ធ្វើ​អ្នកខ្លះ​ភ្ញាក់ផ្អើល ប៉ុន្តែ​គាត់​នឹងមិន​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទេ ពីព្រោះ​ខ្ញុំ​ស្គាល់​គាត់ និង​ដឹង​យ៉ាងច្បាស់​ពី​សមត្ថភាព​របស់គាត់​។ កូរ៉េខាងជើង​នឹង​ក្លាយជា​ប្រភេទ​គ្រាប់​រ៉ុក្កែត​ផ្សេង​មួយទៀត​នោះ​គឺ​រ៉ុក្កែត​សេដ្ឋកិច្ច​!”​។​

​សម្រាប់​កូរ៉េខាងជើង ប្រទេស​នេះ​បាន​បញ្ឈប់​ការធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​កាលពី​ខែមេសា បាន​បំផ្លាញ​កន្លែង​សាកល្បង​អាវុធ​មួយចំនួន​កាលពី​ខែឧសភា និង​មិនបាន​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ​ថ្មី​នោះទេ​រហូតមកទល់​ពេលនេះ​។​

​ទោះយ៉ាងណា ការស្រុះស្រួល​គ្នា​ទាំងនេះ​មិនទាន់​ឈានដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​។​

​ដូច្នេះ នៅពេលដែល​ប្រទេស​ទាំងពីរ​និយាយ​គ្នា​អំពី​ដំណើរ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ តើ​ពួកគេ​កំពុង​ពិចារណា​លើ​ស្អី​ខ្លះទៅ​?

  • ការដាក់ទណ្ឌកម្ម​

​ពួកគេ​ប្រហែលជា​ជាប់គាំង​ដោយសារ​ការកំណត់​ពេល​វេលា ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​ជាមុនសិន​ឬ​បំពេញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមុនសិន នោះ​ហើយ​ទើប​ជា​សំណួរ​។​

​កូរ៉េខាងជើង​បាន​ស្វះ​ស្វែងរក​ការដកចេញ​នូវ​ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​អាមេរិក ការបញ្ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣​ជា​ផ្លូវការ និង​ការធានា​សន្តិសុខ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​រ៉ូបឺត ផាល់​ឡា​ឌី​ណូ បាន​និយាយថា “​យើង​បានដឹង​ច្បាស់​អំពី​ទណ្ឌកម្ម​។ ទាំងនេះ​គឺជា​ការដាក់ទណ្ឌកម្មរ​បស់​ពិភពលោក ហើយ​នេះ​ជា​អ្វីមួយ​ដែល​…​នឹង​បន្ត​រក្សាទុក​រហូតដល់​យើង​សម្រេចបាន​នូវ​លទ្ធផល​ចុងក្រោយ​របស់​យើង​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​និង​អាច​ជឿទុកចិត្ត​បាន​”​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មានបំណង “​ដើរ​តាមផ្លូវ​ដ៏​វែងឆ្ងាយ​តាម​ដែល​យើង​អាចធ្វើ​ទៅបាន​” ជាមួយ​កូរ៉េខាងជើង​។​

​លោក​ផ​ម​ផេ​វ​បាន​បន្ថែមថា លោក​ត្រាំ​និង​លោក​គីម​ក៏​នឹង​សម្លឹងមើល “​សសរទ្រូង​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​ពួកគេ​បាន​ព្រមព្រៀង​” នៅ​សិង្ហ​បុរី​និង​របៀប​កាត់បន្ថយ​ភាព​តានតឹង​និង​ហានិភ័យ​យោធា​ផងដែរ ដូច្នេះ​យើង​អាច​ទទួលបាន​សន្តិភាព​និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​”​។​

​មុននេះ លោក​ត្រាំ​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន ជេ​អ៊ី​ន​អំពី​កិច្ចប្រជុំ​កំពូល​នាពេលខាងមុខ ហើយ​លោក​មូ​ន​បាន​ប្រាប់​លោក​ត្រាំ​ថា​ប្រទេស​របស់លោក​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង ប្រសិនបើ​វា​នឹង​ជួយ​ព​ន្លឿ​ន​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង​។​

​លោក​មូ​ន​និង​លោក​គីម​បានរៀបចំ​កិច្ចប្រជុំ​កំពូល​ជាច្រើន​ក្នុង​ឆ្នាំ​កន្លងទៅ ហើយ​បាន​យល់ព្រម​សហការ​លើ​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ការកាត់បន្ថយ​ភាព​តានតឹង​នៅតាម​ព្រំដែន​រហូតដល់​ការចាប់ផ្តើម​ដេញថ្លៃ​រួមគ្នា​សម្រាប់​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ ២០៣២​។​

​ប៉ុន្តែ​ផែនការ​សម្រាប់​គម្រោង​សេដ្ឋកិច្ច​ដូចជា​ការអនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​កូរ៉េខាងត្បូង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ត្រូវបាន​ផ្អាក ខណៈដែល​សហរដ្ឋអាមេរិក​រក្សា​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​។​

​យោងតាម​អ្នកនាំពាក្យ​របស់លោក​មូ​ន​បានឱ្យដឹងថា ខណៈ​កោតសរសើរ “​ការដឹកនាំ​និង​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់លោក​ត្រាំ​” លោក​មូ​ន​បាន​និយាយថា​លោក​ត្រៀមខ្លួន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ការតភ្ជាប់​ផ្លូវដែក​និង​ផ្លូវថ្នល់​រវាង​កូរ៉េ​ទាំងពីរ​រហូតដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​ដើម្បី​ជួយ​ដល់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​មូ​ន​បាន​បន្ថែមថា “​យើង​ប្តេជ្ញា​ប្រកាន់យក​តួនាទី​នោះ ប្រសិនបើ​លោក​ប្រធានាធិបតី​ត្រាំ​ស្នើឡើង បើ​នោះ​គឺជា​មធ្យោបាយ​ដើម្បី​សម្រាល​ការលំបាក​របស់​អាមេរិក​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN