តើ​កុមារ​ពិតជា​ចាំបាច់​ត្រូវ​ផឹក​ទឹកដោះគោ ដើម្បីឱ្យ​ធំ​ហើយ​ខ្ពស់​មែនឬ​?

170

មនុស្ស​ភាគច្រើន​សុទ្ធតែ​ចាត់ទុកថា ទឹកដោះគោ​សម្បូរ​សារជាតិ​ប្រូតេអ៊ីន កាល់ស្យូម និង​វីតាមីន D… ប្រើ​សម្រាប់ “​ប៉ូវ​”​កុមារ ស្ត្រី​មានគភ៌ អ្នកជំងឺ​បរិភោគ អាហារ​មិនបាន ប៉ុន្តែ​ការពិត​អាហារ ផ្សេងៗ​ជាច្រើន ក៏​អាច​ផ្តល់នូវ​សារជាតិ ជីវជាតិ​ទាំងនេះ និង​ថែមទាំង​ត្រូវបាន​សរីរាង្គ​ស្រូបយក ល្អ​ជាង​ផងដែរ​។​
​ ​
​លោកស្រី អេ​មី ឡា​ណូ (Amy Lanou) អ្នកជំនាញការ​ខាង​ជីវជាតិ​នៅ​សកលវិទ្យា​ល័យ ការ៉ូ​លី​ណា​ខាងជើង សហរដ្ឋអាមេរិក​បាន​អះអាងថា “​ដូច្នេះ តើ​កុមារ​ដាច់ខាត​ត្រូវ​ផឹក​ទឹកដោះគោ​? ប្រាកដជា​ពុំមែន​ទេ​” ។ លោកស្រី​បាន បន្តថា “​មនុស្ស​សឹងតែ​ទាំងអស់​នៅលើ​ពិភពលោក​មិន​ទទួល ទាន​ទឹកដោះគោ ក្រោយពេល​ផ្តាច់ដោះ​ម្តាយ ហើយ​នៅ តែ​ទទួលបាន​គ្រប់គ្រាន់​នូវ​សារជាតិ ជីវជាតិ​”​។​
​ ​
​ខាងក្រោម​នេះ​ជា​ផ្នែក​ល្អ និង មិនល្អ​របស់​ទឹកដោះគោ​៖

​ផ្នែក​ល្អ​
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹងថា កាល់ស្យូម​ក្នុង​ទឹកដោះគោ​ជួយ​ឱ្យ​ឆ្អឹង រីកចម្រើន​ល្អ ។ ទឹកដោះគោ​ក៏ត្រូវ បាន​បំពេញ​ថែម​វីតាមីន D ។ ការខ្វះ វីតាមីន D អាច​បង្ក​ជំងឺ​ក្រិន​ឆ្អឹង និង​ជំងឺ ផ្សេងៗ​មួយចំនួន ដូចជា​ជំងឺ​សាច់ដុំ និង សរសៃប្រសាទ ។ ទឹកដោះគោ​ពុំមែន​ជា កំពូល​អាហារ​តែ​វា​ផ្គត់ផ្គង់ ជីវជាតិ​មាន តម្លៃ ហើយ​ក្មេង​ងាយ​ទទួលយក​ជាង អាហារ​ផ្សេងៗ ។​
​ ​
​ផ្នែក​មិនល្អ​
៣​ភាគ​៤​នៃ​ប្រជាជន​ពិភពលោក​មិនត្រូវ​គ្នា​ជាមួយ​ស្ករ​ឡាក់​តូ​ស ឬ​មិន​ងាយ​រំលាយ​ឡាក់​តូ​ស​ស្ករ​មួយ ប្រភេទ​មាន​ក្នុង​ទឹកដោះគោ ។ កាល់ស្យូម​ក៏​អាច​ទប់ស្កាត់​ការ​ស្រូបយក​ដែក​មានន័យថា ការ​ទទួលទាន​ទឹកដោះគោ​ច្រើនពេក​ងាយ​បណ្តាលឱ្យ​ខ្វះ​ជាតិ​ដែក​។ ទឹកដោះគោ​ក៏​អាចធ្វើឱ្យ​ធាត់ ។​
​ ​
​សរុបមក​តាម​អ្នកស្រី ឡា​ណូ ប្រសិន​ក្មេង​ស្អប់​ក្លិន​ទឹកដោះគោ ឬ ពិបាក​រំលាយ​ទឹកដោះគោ ឪពុកម្តាយ មិនត្រូវ​បង្ខំ​ឱ្យ​កូន​ផឹក ។ ជំនួស​មកវិញ ចូរ​ឱ្យ​ក្មេង​បរិភោគ​អាហារ​ផ្សេង ដើម្បី ធានា​គ្រប់​សារជាតិ​ជីវជាតិ និង​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ទើប​ជា​កត្តា​សំខាន់​ជួយ​ឱ្យ​ក្មេង រីកចម្រើន​ឆ្អឹង ៕ ប្រែ​សម្រួលៈ រតនៈ​