តើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន​អាច​ប្រជែង​ឈ្នះ​ក្រុមហ៊ុន Boeing និង Airbus បានទេ​?

475
ចែករម្លែក

​សម្រាប់​មួយ​ទសវត្សរ៍​កន្លងមកនេះ ប្រទេស​ចិន ដែល​ឆាប់ៗ​នេះ​នឹង​ក្លាយទៅជា​ទីផ្សារ​អាកាសច​រណ៍​ធំ​បំផុត​នៅលើ​ពិភពលោក បាន​កំពុង​អភិវឌ្ឍ​យន្តហោះ​ផ្ទាល់ខ្លួន ខណៈ​ចិន​ព្យាយាម​បន្ធូរ​កណ្តាប់ដៃ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​លោកខាងលិច​មកលើ​វិស័យនេះ​។​

​យន្តហោះ​ជាច្រើន ដែល​ផលិត​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​យន្ដហោះ​ពាណិជ្ជកម្ម​ចិន​ឬ​ហៅថា​ក្រុមហ៊ុន Comac បាន​ទាក់ទាញ​ការរិះគន់​ជាច្រើន​។​

​មនុស្ស​តិចតួច​ណាស់ដែ​ល​ជឿថា យន្ដហោះ​ដែល​ផលិត​នៅ​ប្រទេស​ចិន នឹង​ប្រជែង​ឈ្នះ​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Airbus ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​

​ប៉ុន្តែ​ក្រុមអ្នកវិភាគ​និយាយថា យូរៗ​ទៅ​ក្រុមហ៊ុន Comac ដែល​គាំទ្រ​ដោយ​រដ្ឋ ដែលជា​ផ្នែក​មួយ​នៃ​ការជំរុញ​ដ៏​ធំធេង​របស់​ចិន​ក្នុង​ការផលិត​អ្វីៗ​ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់ នឹង​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចាស់វស្សា​ទាំងនោះ​បាន​។​

​លោក​ស៊ូ​គ័​រ យូ​សូ​ហ្វ (Shukor Yusof) ស្ថាបនិក​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អាកាសចរណ៍ Endau Analytics បាន​និយាយថា “​កុំ​មើលស្រាល​សមត្ថភាព​រប​ស់​ចិន​ក្នុងការ​ជ្រៀតចូល​ទីផ្សារ​”​។​

​លោក​និយាយថា ទិដ្ឋភាព​ផ្នែក​អាកាសចរណ៍​ទំនងជា​ងាក​ចេញពី​អ្នកផ្គត់ផ្គង់​យន្តហោះ​ទាំងពីរ​ធំៗ​របស់​អឺរ៉ុប​និង​អាមេរិក​ដើម្បី​បំពេញតម្រូវការ​ភាគី​ទី​បី ហើយ​ចិន​ជា​ប្រទេស​ទំនង​ជាងគេ​។​

  • តើ​យន្តហោះ​អ្វីខ្លះ ដែល​ក្រុមហ៊ុន Comac បាន​ផលិត​?

​រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​នេះ​បាន​ផលិត​យន្ដហោះ​ពីរ​គ្រឿង គឺ​ធុន ARJ21 និង​ធុន C919 ហើយ​កំពុងធ្វើការ​ជាមួយ​រុស្ស៊ី​លើ​យន្តហោះ​ទី​បី​។​

​មានតែ​យន្តហោះ ៩០ កៅអី​ធុន ARJ21 ប៉ុណ្ណោះ​ដែល​កំពុងដំណើរការ​។ ទោះយ៉ាងណា បន្ទាប់ពី​ជួបប្រទះ​នូវ​ការពន្យារពេល​ជាច្រើន​ដង​និង​ញាំញី​ដោយ​សំឡេង​រំខាន​និង​បញ្ហា​ផ្សេងៗ​ទៀត​នោះ យន្តហោះ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​អន់​ជាង​ឆ្ងាយ​ណាស់​ធៀប​នឹង​យន្តហោះ​ដែល​មកពី​ដៃគូ​ប្រកួតប្រជែង​ដូចជា យន្តហោះ Embraer របស់​ប្រេ​ស៊ី​ល និង​យន្តហោះ Bombardier របស់​កាណាដា​។​

​ក្នុងចំណោម​អ្នក​រិះគន់​ដទៃទៀត​ដែរនោះ គឺ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Teal Group លោក រី​ឆាត អា​ប៊ូ​ឡា​ហ្វី​យ៉ា (Richard Aboulafia) ។​

​លោក​និយាយថា ខណៈដែល​យន្តហោះ​នេះ​ជា​ភស្តុតាង​បញ្ជាក់ថា​ចិន​អាច​នឹង​ក្លាយជា​អ្នក​ផលិត​យន្តហោះ​ដ៏​ធំ​មួយនា​ពេលអនាគត​នោះ យន្តហោះ​នេះ​បានប្រែក្លាយ​ទៅជា “​ផលិតផល​ដែលមាន​ទម្ងន់​ធ្ងន់ និង ហួស​សម័យ ដែល​មិនមាន​ភាព​ពាក់ព័ន្ធ​នៅក្រៅ​វិស័យ​អាកាសចរណ៍​ក្នុង​តំបន់​ដ៏​តូច​របស់​ចិន​នោះឡើយ​”​។​

​ក្រុមហ៊ុន Comac មាន​មហិច្ឆតា​ធំ​សម្រាប់​យន្តហោះ​ធុន C919​។ ដោយ​អាច​ដឹក​មនុ​ស្សបាន ១៦៨ នាក់ យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ​ដំបូង​គេ​របស់​ចិន​មួយ​ប្រភេទ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​យន្តហោះ​ធុន A320neo របស់​ក្រុមហ៊ុន Airbus និង​យន្តហោះ 737 Max របស់​ក្រុមហ៊ុន Boeing​។​

​ការហោះហើរ​សាកល្បង​លើក​ទី​បី​របស់​វា​ត្រូវ​បានបញ្ចប់​កាលពី​ខែធ្នូ​និង​ការ​ចែកចាយ​លើកដំបូង​របស់​វា​គ្រោង​ធ្វើឡើង​នៅ​ឆ្នាំ ២០២១​។​

​ក្រុមហ៊ុន Comac មិនបាន​ឆ្លើយតប​នឹង​សំណូមពរ​សុំ​ការបំភ្លឺ​ពី​សារព័ត៌មាន BBC ទេ​។ ប៉ុន្តែ​ទិន្នន័យ​ពី​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Frost & Sullivan បាន​បង្ហាញថា ក្រុមហ៊ុន​នេះ​បានទទួល​ការបញ្ជាទិញ​ជិត ១.០០០ សម្រាប់​យន្តហោះ C919 ដែល​ភាគច្រើន​មកពី​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​និង​ក្រុមហ៊ុន​ជួល​ក្នុងស្រុក​។ សៀវភៅ​កត់ត្រា​ការបញ្ជាទិញ​នេះ​ក៏​រួមបញ្ចូល​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​បី​របស់​ចិន​ផងដែរ គឺ ក្រុមហ៊ុន Air China ក្រុមហ៊ុន China Southern និង​ក្រុមហ៊ុន China Eastern​។​

​ប៉ុន្តែ​អ្នកខ្លះ​នៅតែ​សង្ស័យថា ក្រុមហ៊ុន Comac ប្រហែលជា​មិនអាច​បំពេញ​គោលដៅ​ចែកចាយ​ឆ្នាំ ២០២១ បានទេ ដោយសារតែ​បញ្ហា​ដែល​នៅ​ជុំវិញ​យន្តហោះ​ដំបូង​របស់ខ្លួន​។ លោក​អា​ប៊ូ​ឡា​ហ្វី​យ៉ា​មកពី​ក្រុមហ៊ុន Teal Group និយាយថា មាន “​ហានិភ័យ​ធ្ងន់ធ្ងរ​” ដែលថា​នៅត្រឹម​ឆ្នាំ​២០២១ ពេលដែល​យន្តហោះ C919 ចាប់ផ្តើម​សេវា​ហោះហើរ ក្រុមហ៊ុន Airbus និង​ក្រុមហ៊ុន Boeing ប្រហែល​ជាមាន​យន្តហោះ​ម៉ូ​ដែល ដែល​ល្អប្រសើរ​ជាង សម្រាប់​ផ្តល់ជូន​រួចទៅហើយ​។​

​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រុស្ស៊ី ក្រុមហ៊ុន Comac ក៏​កំពុង​អភិវឌ្ឍ​យន្តហោះ​ធុន CR929 ដែលជា​យន្តហោះ​មាន​រាង​ធំ​ទូលាយ មាន​រយៈ​ចម្ងាយ​ហោះហើរ ១២.០០០ គីឡូម៉ែត្រ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន ២៨០ នាក់​។​

  • តើ​យន្តហោះ​របស់​ក្រុមហ៊ុន Comac អាច​ហោះហើរ​ទៅ​ទីណា​ខ្លះ​?

​ឥឡូវនេះ មានតែ​និយ័ត​ករ​អាកាសចរណ៍​រប​ស់​ចិន​ប៉ុណ្ណោះ ដែល​បាន​បញ្ជាក់ថា យន្តហោះ​របស់​ក្រុមហ៊ុន Comac អាច​ហោះហើរ​បាន​។ យន្ដហោះ​របស់​ក្រុមហ៊ុន​នេះ​ក៏​ប្រហែលជា​អាច​ដំណើរការ​នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអាស៊ី​អាហ្វ្រិក​និង​អាមេរិក​ខាងត្បូង ដែល​ទទួលស្គាល់​ការបញ្ជាក់​របស់​ចិន​។​

​ទោះយ៉ាងណា ដើម្បី​ទៅ​ហួស​ឆ្ងាយ​ពី​ទីផ្សារ​ទាំងនោះ ក្រុមហ៊ុន​នេះ​ត្រូវការ​ភ្លើង​ខៀវ​ពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) និង​ទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប (EASA)​។ ការទទួលបាន​ការយ​ល់​ព្រម​ពី​ទីភ្នាក់ងារ​សុវត្ថិភាព​ទាំងនោះ​គឺ​ហា​ក់នៅ​ឆ្ងាយ​ពី​ដៃ​ខ្លាំងណាស់​។​

​លោក អ៊ែ​ល​លី​ស ថា​យ​ល័​រ (Ellis Taylor) អ្នកនិពន្ធ​ផ្នែក​ហិរញ្ញវត្ថុ​អាស៊ី​របស់​ក្រុមហ៊ុន Flight Global បាន​និយាយថា “​នៅតែមាន​សញ្ញា​សួរ​ដ៏​ធំ ថា​តើ​ក្រុមហ៊ុន​នេះ​នឹង​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី​លោកខាងលិច​ដែរ​ឬ​អត់​”​។​

​លោក​បាន​និយាយថា ក្រុមហ៊ុន Comac សង្ឃឹមថា យន្តហោះ ARJ21 នឹង​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី FAA “​ប៉ុន្តែ​វា​ត្រូវបាន​ផ្លុ​ង​ចោល​ដោយ​គ្មាន​ពេល​កំណត់​”​។​

  • តើ​ក្រុមហ៊ុន​នេះ​អាច​រស់​បានទេ បើ​គ្មាន​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​ទទួលស្គាល់​?

​បើទោះបីជា​ទ្វារ​ទាំងនោះ​នៅតែ​បិទ ក៏​ក្រុមហ៊ុន Comac នៅតែ​អាច​ចូលក្នុង​ទីផ្សារ​ដ៏​ធំ​និង​រីកចម្រើន​ខ្លាំង​ជាច្រើន​ទៀត​។ នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ ទីផ្សារ​អាកាសចរណ៍រ​បស់​ចិន​ត្រូវបាន​គេ​រំពឹងថា​នឹង​វ៉ា​អាមេរិក គិត​ជាការ​ធ្វើ​ចរាចរណ៍​ធំជាងគេ​នៅលើ​ពិភពលោក​។​

​ចិន​ជា​អ្នកទិញ​យន្តហោះ​ធំ​បំផុត​របស់លោក​ខាងលិច ប៉ុន្តែ​វិបត្តិ​ដែល​កំពុង​ប្រឈម​នឹង​ក្រុមហ៊ុន Boeing អាចបង្កើត​ចំណាប់អារម្មណ៍​កាន់តែ​ច្រើនឡើង​ចំពោះ​ជម្រើស​យន្តហោះ ដែល​ផលិត​នៅក្នុង​ស្រុក​។​

​ប្រទេស​ចិន​បានធ្វើ​ប្រតិបត្តិ​ការហោះហើរ​យន្តហោះ Boeing 737 Max ច្រើនជាងគេ​បំផុត និង​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បញ្ជា​ឱ្យ​ផ្អាក​យន្តហោះ​ដែលមាន​បញ្ហា​នេះ បន្ទាប់ពី​ការធ្លាក់​យន្តហោះ 737 Max របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​កាលពី​ខែមីនា​។ យន្តហោះ​ម៉ូត​ដដែល​នេះ​បាន​ពាក់ព័ន្ធ​នឹង​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ដែល​បានសម្លាប់​មនុស្ស ១៨៩ នៅ​អំឡុងពេល​ប្រមាណ​ប្រាំ​ខែ​មុន​នោះ​ផងដែរ​។​

​លោក​រ៉ា​ស្មេ តាន់​ចា​វូ​រូ (Ramesh Tanjavuru) អ្នកពិគ្រោះ​យោបល់​ផ្នែក​អាកាសចរណ៍​របស់​ក្រុមហ៊ុន Frost & Sullivan បាន​និយាយថា ដោយហេតុថា​ក្រុមហ៊ុន Comac ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី​ចិន​ហើយ​នោះ បញ្ហា​របស់​ក្រុមហ៊ុន Boeing អាច​នឹង​ជួយ​ជំរុញ​កំណើន​ការទិញ​យន្តហោះ​ធុន C919 នៅក្នុង​ប្រទេស​ចិន​និង​នៅ​បរទេស​។​

​លោក​និយាយថា “​ពួកវា​ពិតជា​អាចបំពេញ​ចន្លោះប្រហោង​បាន​និង​ក្លាយជា​អ្នកដើរ​តួនាទី​ដ៏​សំខាន់​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​”​។​

  • កន្លែង​ណា​ផ្សេងទៀត​ដែល​ក្រុមហ៊ុន Comac កំពុង​ផ្តោត​គោលដៅ​?

​ក្រុមហ៊ុន Comac ក៏​ផ្តោត​ចក្ខុវិស័យ​របស់ខ្លួន​ទៅលើ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិក​និង​អាស៊ី​ផងដែរ​។ យន្តហោះ​របស់​ក្រុមហ៊ុន​នេះ​ក៏មាន​តម្លៃ​សមរម្យ​ជាង​ផងដែរ ជាមួយ​តម្លៃ​របស់​យន្តហោះ C919 មួយគ្រឿង​ត្រូវបាន​គេ​រាយការណ៍​ថា​ប្រហែល ៥០ លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​ត្រឹម​ពាក់កណ្តាល​នៃ​តម្លៃ​របស់​យន្តហោះ Airbus A320neo​។​

​ប៉ុន្តែ​ការជំរុញ​ឆ្ពោះទៅ​តំបន់​ទាំងនេះ​ក៏បាន​គាំទ្រ​គោលនយោបាយ​ការបរទេស​របស់​ប៉េកាំង​ផងដែរ​។​

​តាមរយៈ​គំនិត​ផ្តួចផ្តើម​ក្រវាត់​និង​ផ្លូវ​របស់ខ្លួន ប្រទេស​ចិន​កំពុង​បោះទុន​វិនិយោគ​រហូតដល់ ១ លាន​លាន​ដុល្លារ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ពិភពលោក​។ លោក​យូ​សូ​ហ្វ​និយាយថា ការចូល​ប្រឡូក​ក្នុង​វិស័យ​ផលិត​យន្តហោះ​របស់​ចិន គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​គម្រោង​ក្រវាត់​និង​ផ្លូវ​នេះឯង​។​

​លោក​និយាយថា​ប្រទេសមួយ​ចំនួន​នៅ​ទ្វីបអាហ្វ្រិក​បានទទួល​ប្រាក់កម្ចី​ដើម្បី​សាងសង់​ព្រលានយន្តហោះ ដែល​រចនា​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​យន្តហោះ ARJ21 ។ លោក​យូ​សូ​ហ្វ​និយាយថា​ការជួយ​ដល់​បណ្តា​ប្រទេស​ក្រីក្រ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​មធ្យោបាយ​មួយទៀត​ក្នុង​ការកសាង​មូលដ្ឋាន​អតិថិជន​របស់​ក្រុមហ៊ុន Comac ។​

​លោក​និយាយថា “​យើង​មិនអាច​មើលស្រាល​សមត្ថភាព​រប​ស់​ចិន​ក្នុងការ​ចូលទៅក្នុង​ទីផ្សារ​នានា និង​បង្កើត​ភាពជោគជ័យ​នៅត្រង់​កន្លែង ដែល​ក្រុមហ៊ុន Airbus និង​ក្រុមហ៊ុន Boeing មិន​ចាប់អារម្មណ៍ ដូចជា អាហ្វ្រិក​ឬ​អាស៊ី​កណ្តាល​បានឡើយ​”៕ ដោយ ៖ កញ្ញាដាលីស

យន្តហោះ C919 ហោះហើរ​សាកល្បង​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ឆ្នាំ ២០១៧
#