តើ​ក្រុម​នារី​រាំ​អបអរ​ក្រុមកីឡា​កូរ៉េខាងជើង​ជា​នរណា​?

680

​ក្រុម​នារី​រាំ​អបអរ​ក្រុមកីឡា​កូរ៉េខាងជើង​ចំនួន ២២៩ នាក់​បាន​មកដល់​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ទី​៧​កុម្ភៈ សម្រាប់​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​របស់​ប្រទេស​នេះ​ដើម្បី​ចូលរួម​កីឡា​អូឡាំពិក​ក្រុង​ព្យឹ​ង​ចាង ដោយ​ញ៉ាំង​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ក្រុម​នេះ​សម្រាប់​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​ដោយ​គេ​សំដៅថា​ជា “​កងទ័ព​សម្រស់​” របស់​គីម ជុង​អ៊ុន ក្រុម​នារី​រាំ​អបអរ​នេះ​ត្រូវគេ​រំពឹងថា​នឹង​រាំ​គាំទ្រ​សម្រាប់​អត្ត​ព​លិ​ក​ជាតិ​របស់ខ្លួន ហើយក៏​ប្រហែល​សម្រាប់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ដែរ​។ ហើយ​ច្បាស់​ណាស់ ក្រុម​រាំ​នេះ​ទំនងជា​នឹង​ទាក់ទាញ​ខ្លាំង​ជាង​អត្ត​ព​លិ​ក​របស់ខ្លួន​ទៅទៀត​។​

​នៅឯ​កីឡា​អូឡាំពិក​ព្យឹ​ង​ចាង អត្ត​ព​លិ​ក​កូរ៉េខាងជើង​ចំនួន ២២ នាក់​គ្រោង​នឹង​ប្រកួតប្រជែង​លើ​វិញ្ញាសា​ចំនួន ៥ រួមទាំង​កីឡា​ហុក​ឃី​លើ​ទឹកកក​ផ្នែក​នារី​។​

​ក្នុងករណី​កីឡា​ហុក​ឃី ក្រុម​កីឡាការិនី​កូរ៉េខាងជើង​នឹង​ប្រកួត​ក្នុង​ក្រុម​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​សម្រាប់​ក្រុម​អូឡាំពិក​បង្រួបបង្រួម​ជា​លើកដំបូង​សម្រាប់​កូរ៉េ​ទាំង​២​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​កូរ៉េខាងជើង​បញ្ជូន​ក្រុម​នារី​រាំ​អបអរ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នៅ​កូរ៉េខាងត្បូង​។ ក្រុម “​នារី​កំពូល​សម្រស់​” នេះ​បានធ្វើ​ដំណើរ​ទៅ​កូរ៉េខាងត្បូង ៣ ដង​ហើយ​កាលពីមុន​ដើម្បី​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​របស់ខ្លួន​។​

​កួ​រ៉េ​ខាងជើង​បាន​បញ្ជូន​គណៈ​ប្រតិភូ ២៨៨ នាក់​អំឡុង​ការប្រកួត​កីឡា​អាស៊ី​ឆ្នាំ ២០០២ នៅ​ទីក្រុង​ប៊ូសាន ក្រុមកីឡា​ដែលមាន​សមាជិក ៣០៦ នាក់​អំឡុង​ការប្រកួត​សាកលវិទ្យាល័យ​រដូវក្តៅ (Summer Universiade) ឆ្នាំ ២០០៣ នៅ​ទីក្រុង​ដេ​គូ និង ក្រុមកីឡា​ដែលមាន​សមាជិក ១២៥ នាក់​អំឡុង​ព្រឹត្តិការណ៍​ជើងឯក​អត្ត​ព​លិ​ក​អាស៊ី (Asian Athletics Championships) ក្នុង​ទីក្រុង​អ៊ី​ន​ឈាន់ ឆ្នាំ ២០០៥​។​

​ដូច្នេះ​តើ​ក្រុម​នារី​រាំ​គាំទ្រ​កូរ៉េខាងជើង​ទាំងនេះ​ជា​នរណា តើ​ពួកនាង​ត្រូវបាន​ជ្រើសរើស​សម្រិតសម្រាំង​យ៉ាងដូចម្តេច ហើយ​ថា​តើ​ពួកនាង បានធ្វើ​អ្វីខ្លះ​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងទៀត​?

​យោងតាម​ចម្លើយ​ផ្ទាល់​ពី​អ្នក​រត់ចោល​កូរ៉េខាងជើង​ដែល​ស្រង់​សម្តី​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា កូរ៉េខាងជើង​មាន​ស្តង់ដារ​តឹងរ៉ឹង​សម្រាប់​អ្នក​ដែល​អាច​ចូលរួម​ជាមួយ​ក្រុម​នារី​រាំ​អបអរ​។ ស្តង់ដារ​ទាំងនោះ​រួមមាន រូប​សម្រស់ ប្រវត្តិ​គ្រួសារ និង​ភាពស្មោះត្រង់​ចំពោះ​របប​កូរ៉េខាងជើង​។​

​តាម​ដឹង​កូរ៉េខាងជើង​ផ្តល់​អាទិភាព​ទៅលើ​កម្ពស់ ដូច្នេះ​មានតែ​នារី​ដែលមាន​កម្ពស់​ខ្ពស់ជាង ១៦៥ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ទើប​អាច​ចូលរួម​ក្នុង​ក្រុម​នេះ​បាន​។ អ្នក​ដែលមាន​រូប​សម្រស់​ស្អាត​ពិសេស​ជាងគេ ប៉ុន្តែ​មាន​កម្ពស់​ក្រោម ១៦៥ សង់ទីម៉ែត្រ​ក៏​អាច​ជាប់​ក្នុង​ក្រុម​រាំ​នេះ​បានដែរ ប៉ុន្តែ​បើ​ទាប​ជាង ១៦០ សង់ទីម៉ែត្រ​នឹងមិន​មានឱកាស​នោះទេ​។​

​លើសពីនេះ​ទៀត ស្ត្រី​ដែលមាន​សមាជិកគ្រួសារ​បាត់​ខ្លួន​ឬ​រស់នៅ​ក្រៅប្រទេស គឺ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ទេ ព្រោះ​ពួកគេ​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ពេល​ហោះហើរ​ដោយ​ប្រការ​ណាមួយ​។​

​កាលពីមុន កូរ៉េខាងជើង​បានជ្រើសរើស​សមាជិក​ក្រុម​រាំ​ចេញពី​ក្រុមនិស្សិត​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ព្យុងយ៉ាង ដោយ​ផ្តល់​អាទិភាព​ដល់​អ្នក​ដែល​មកពី​វិទ្យាស្ថាន​ជំនាញ​ខាង​តន្ត្រី​និង​របាំ​។​

​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នីមួយៗ ក្រុម​រាំ​គាំទ្រ​កូរ៉េខាងជើង​នេះ​តែង​ល្បី​លើ​សារព័ត៌មាន​ដោយសារ​ឥរិយាបថ​របស់​ពួកនាង ខណៈដែល​សមាជិក​មួយ​ចំនួន​បាន​ល្បីឈ្មោះ​ជា​អន្តរជាតិ​ដោយសារ​រូប​សម្រស់​ដ៏​ពិសេស​ដាច់​គេ​របស់​ពួកនាង​។​

​អំឡុង​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​រដូវក្តៅ​នៅ​ក្រុង​ដេ​គូ​ក្នុង​ឆ្នាំ ២០០៣ ក្រុម​រាំ​អបអរ​របស់​កូរ៉េខាងជើង​បាន​ល្បី​លើ​សារព័ត៌មាន​ចំពោះ​ការបង្ហាញ​នូវ​ភាពស្មោះត្រង់​ដល់​របប​កូរ៉េខាងជើង​។​

​ខណៈ​កំពុងធ្វើដំណើរ​តាម​ឡានក្រុង ក្រុម​រាំ​នេះ​បានឃើញ​ផ្ទាំង​បដា​ដែលមាន​រូបភាព​របស់​អតីត​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុងអ៊ីល​ព្យួរ​នៅតាម​ផ្លូវ​ក្រោម​ដំណក់ទឹកភ្លៀង​។ ពួកនាង​បាន​សម្រក់​ទឹកភ្នែក​ហើយ​រត់​ទៅយក​ផ្ទាំង​បដា​នោះ​ពី​ទឹកភ្លៀង ខណៈ​ពួកនាង​ហាក់ដូចជា​មិនអាច​ទ្រាំ​ទុកឱ្យ​អ្នកដឹកនាំ​ជាទី​ស្រឡាញ់​របស់​ពួកនាង​សើម​ក្រោម​ទឹកភ្លៀង​នោះឡើយ​។​

​ក្នុងចំណោម​សមាជិក​នៃ​ក្រុម​រាំ​អបអរ​ជម្រើសជាតិ​កូរ៉េខាងជើង​ជំនាន់​មុន ដែល​បាន​ល្បីឈ្មោះ​ខ្លាំង​នោះ គឺ នាង រី សូល​ជូ (Ri Sol-ju) ដែល​បច្ចុប្បន្ន​ជា​ភរិយា​របស់លោក​គីម ជុង​អ៊ុន​។​

​អូឡាំពិក​រដូវរងា​នៅ​ព្យឹ​ង​ចាង​ធ្វើ​នៅ​ថ្ងៃទី ៩ កុម្ភៈ​រហូតដល់​ថ្ងៃទី ២៥ កុម្ភៈ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​រាំ​អបអរ​របស់​កូរ៉េខាងជើង​បានមក​ដល់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ