តើ​ក្លោងទ្វារ​សង្ក្រាន្ត​ព្រៃវែង​បង្ហាញ​ពីអ្វី​ខ្លះ​?

2582
ចែករម្លែក
  • 112
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្លោងទ្វារ​សង្ក្រាន្ត​ព្រៃវែង បានធ្វើ​រួចរាល់​ហើយ ដោយបាន​រំលេច​នូវ​ក្បាច់រចនា ផ្កា​ភ្ញី​ដោយ​ពណ៌​ឆើតឆាយ និង​រូបភាព គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​សង្ក្រាន្ត​ព្រៃវែង​នៅ​ឆ្នាំ​២០១៨ នឹងមាន​ដាក់​បង្ហាញ​នូវ​វត្ថុ​យក្ស​ចំនួន​៥ ការបង្ហាញ​ទូក​ដែលមាន​ប្រវែង ៨៥​ម៉ែត្រ ផ្ទុក​មនុស្ស​១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ផងដែរ​។​

​ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​ព្រៃវែង បានបង្ហាញ​ឲ្យ​ដឹងថា ផ្តើមចេញពី​សិក្សា​លើ​ទីតាំង អំពី​ប្រវត្តិសាស្ត្រ និង​សក្តានុពល​នៃ​ខេត្ត ជំនឿ​នៃ​ប្រជាជន​ក្នុង​តំបន់​។ ឈ្មោះ​នៃ​ខេត្តព្រៃវែង ផ្តើម​ដោយ​ព្រៃ ដែល​បានន័យថា ខេត្ត​នេះ​សំបូរ​ទៅដោយ​ព្រៃឈើ ម្យ៉ាងវិញទៀត​ខេត្ត​នេះ​សំបូរ​ទៅដោយ​វ​ល្លិ៍​ឈើ និង​មាន​សក្តានុពល​កសិកម្ម គឺ​ផលិតផល​ស្រូវ ជាហេតុ​នាំ​ឲ្យ​មានការ​ជ្រើស​រើសយក​គួរ​ស្រូវ និង​វ​ល្លិ៍​មក​ធ្វើជា​គំនិត នៃ​ការ​គូស​រចនា​។​

​ចំពោះ​រចនាបថ​ជា​គោល គឺ​ភ្ញី​វ​ល្លិ៍ ហើយ​មានការ​លាយ​បញ្ចូល​នូវ​រចនាបថ​ពីរ​ផ្សេងទៀត គឺ​ភ្ញីទេស និង​ក្បាច់​អង្គរ ជារួម​ប្រើប្រាស់​រចនាបថ​បុរាណ​ទាំងបី​ខាងលើ​លាយ​បញ្ចូល​គ្នា​។ រីឯ​រូប​ទេវតា​ជា​តំណាង​ឲ្យ​ការ​ជូនពរ​ឆ្នាំ​ថ្មី​សិរី​សួស្តី ដល់​ប្រជាជន​ទាំងអស់គ្នា និង​ជាពិសេស​ជូនពរ​ដល់​អ្នកដំណើរ​កំសាន្ត​ទាំងឡាយ ដែល​បាន​មកលេង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០១៨៕