តើ​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​ដំណើរការ​ដូចម្តេចខ្លះ​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង​?

1424
ចែករម្លែក

​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដែល​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ផ្តោះផ្តង​វោហា​សាស្ត្រ​ក្តៅគគុក​ទៅវិញទៅមក គឺ​ការដំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស THAAD នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​

​ប៉ុន្តែ​ប្រព័ន្ធ THAAD មិនមែនជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​តែមួយគត់ ដែល​អាមេរិក​មាននៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះទេ​។ នៅមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពីរ​ទៀត​គឺ​ប្រព័ន្ធ Aegis និង​ប្រព័ន្ធ Patriot ។​

THAAD ត្រូវបាន​បង្កើតឡើង​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចម្ងាយ​ខ្លី​និង​មធ្យម​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ជើងហោះហើរ​របស់​មី​ស៊ី​ល​។ វា​ក៏មាន​ប្រព័ន្ធ​រ៉ា​ដា​ដ៏​ខ្លាំងក្លា​មួយ ដែល​អាច​ផ្តល់​ការព្រមាន​ជា​លើកដំបូង​អំពី​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​កូរ៉េខាងជើង​។​

​នៅពេលណា​ដែល​ប្រព័ន្ធ THAAD រកឃើញ​ការបាញ់​មី​ស៊ី​ល ជើង​ទម្រ​របស់​វា​នឹង​បញ្ជូន​ទិន្នន័យ​តាមដាន​ដោយ​រ៉ា​ដា ទៅ​នាវាចម្បាំង​របស់​ក​ង​ទ័ពជើងទឹក​អាមេរិក ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis ដែល​កំពុងបើក​លើ​សមុទ្រ​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​។ ប្រព័ន្ធ Aegis នឹង​បាញ់​ស្ទាក់ចាប់​នៅ​មី​ស៊ី​ល​នៅ​កណ្តាល​អាកាស​។​

​ប្រសិនបើ​ប្រព័ន្ធ Aegis បរាជ័យ នោះ​ទិន្នន័យ​រ៉ា​ដា​រប​ស់វា និង​ប្រព័ន្ធ THAAD នឹង​ត្រូវបាន​បញ្ជូនទៅ​ជើង​ទម្រ​កាំជ្រួច Patriot ដែល​ត្រូវបាន​សាកល្បង​រួចហើយ​នៅក្នុង​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស​នៅ​ឆ្នាំ ១៩៩១ និង​សង្គ្រាម​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០០៣​។​

​ការគ្រប់គ្រង​ប្រតិបត្តិការ​ពេល​សង្គ្រាម​គឺ​ស្ថិតនៅក្នុង​ដៃ​របស់​សហរដ្ឋអាមេរិក ទោះបីជា​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ប្រឹងប្រែង ដើម្បី​យក​ការគ្រប់គ្រង​ត្រឡប់មកវិញ​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​ការពារ​ដែនអាកាស THAAD