តើ​គីម ជុង​អ៊ុន​ពិតជា​ត្រៀម​បង្កើត​កិច្ចព្រមព្រៀង​?

425
ចែករម្លែក
  • 26
    Shares

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រើ​វេទិកា​ប្រចាំឆ្នាំ​ធំ​បំផុត​របស់​លោក​ដើម្បី​ប្រកាស​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​ត្រាំ បាន​និយាយថា​​លោក​មាន​បំណង​ជួប​គីម​នៅ​ថ្ងៃ​២៧-២៨​កុម្ភៈ​នៅ​វៀតណាម និង​ថា​ទោះជា​នៅ​មាន​កិច្ចការ​ជាច្រើន​ត្រូវធ្វើ​ដើម្បី​ឆ្ពោះទៅ​រក​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ ក៏​ទំនាក់ទំនង​របស់​​លោក​ជា​មួយ​គីម​មាន​ភាពល្អប្រសើរ​។​

​តើ​លោក​គីម​ពិតជា​ត្រៀម​បង្កើត​កិច្ចព្រមព្រៀង​មួយ​ឬ​?

​ពិនិត្យមើល​ហានិភ័យ​ដែល​នឹង​កើន​ឡើង​នៅ​ពេល​នេះ​៖

-​បន្ថយ​ការរំពឹងទុក​

​ការប្រកាស​របស់​ត្រាំ​អំពី​ពេលវេលា​និង​ទីតាំង​នៃ​ជំនួប​កំពូល​ត្រូវ​បាន​គេ​រំពឹងទុក ក្រោយពី​លោក​បាន​បង្ហើប​វា​ជា​មុន​អស់​ពេល​រាប់​សប្តាហ៍ តែ​លោក​បាន​ទុក​អោយ​ពាក្យសម្តី​អំពី​​កូរ៉េខាងជើង​នេះ​ជា​ការភ្ញាក់ផ្អើល​មួយ​។​

​បន្ទាប់ពី​បាន​អះអាង​អាង​ថា បើ​លោក​មិន​ជាប់​ជា​ប្រធានាធិបតី នោះ​អាមេរិក​និង​កូរ៉េខាងជើង​អាច​នឹង​កំពុង​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ធំ​មួយ លោក​បាន​ទទួលស្គាល់ថា​នៅមាន​​ការងារ​ជាច្រើន​ទៀត​ត្រូវ​ធ្វើ​។​វា​ជា​ការផ្លាស់ប្តូរ​យ៉ាងច្បាស់​ក្រឡែត​ពី​ការអះអាង​របស់​លោក​ក្រោយ​ជំនួប​ខែ​មិថុនា​ជា​មួយ​គីម​នៅ​សិង្ហ​បុរី ដែលថា ការ​គំរាម​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាង​​ជើងបាន​ចប់​នោះ​។​

​សម្តី​របស់​លោក​ប្រធានាធិបតី​ក៏​ដូរ​តាម​ផ្លូវ​ផ្សេងៗ​ផងដែរ​។​ពាក្យ​ថា ធ្វើ​អោយ​លែង​មាន​នុយក្លេអ៊ែរ​ក៏​លែង​ត្រូវ​បាន​លើក​មក​និយាយ​ដែរ​។​រីឯ​អ្វី​ជាក់លាក់​ដែល​ត្រូវ​បាន​សំរេច​ឡើង​​នៅ​សិង្ហ​បុរី និង​អ្វី​ជាក់លាក់​ដែល​លោក​ចង់​អោយ​ចេញ​ជា​លទ្ធផល​នៅ​ជំនួប​បន្ទាប់​ក៏​មិន​ត្រូវ​បាន​លើកឡើង​ដែរ​។​

​តាមពិត ត្រាំ​ឆ្លាត​ក្នុង​ការប្រែប្រួល​តាម​ស្ថានការណ៍​។​

​ពួក​មេៗ​ចារកម្ម​អាមេរិក មាន​ជំនឿ​តិច​ណាស់​ដែល​លោក​គីម​ទំនងជា​ស្ម័គ្រចិត្ត​បោះបង់​ចោល​សព្វាវុធ​នុយក្លេអ៊ែ​ររបស់លោក ឬ​កាំជ្រួច​ដែល​អាច​ផ្ទុក​វា ។​

​ទោះជា​យ៉ាង​ដូច្នេះ​ក្តីការ​ត្រៀម​រៀបចំ​ជំនួប​កំពូល​កំពុង​ធ្វើឡើង​។​មុន​ត្រាំ​ប្រកាស​ទី​កន្លែង​នៃ​ជំនួប​នេះ តំណាង​ពិសេស​អាមេរិក​សំរាប់​កូរ៉េខាងជើង ត្រូវបាន​គេ​រាយការណ៍​ថា​​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ត្រៀម​ឡូ​ជី​ស្ទិក​និង​របៀបវារៈ​នៃ​ជំនួប​កំពូល​។​

-​ហេតុផល​ល្អ​សំរាប់​ប្រយ័ត្នប្រយែង​

​ក្រោយ​ពី​គំរាម​គ្នា​អស់​មួយឆ្នាំ និង​ផ្ទុយគ្នា​ស្រឡះ​ពី​គោល​នយោបាយ​មិន​រាក់ទាក់​របស់​អតីត​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា លោក​ត្រាំ​ទទួលបាន​ការសរសើរ​ច្រើន​ចំពោះ​ការ​មាន​​ចេតនា​បើក​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង​និង​ជួប​ជាមួយ​គីម ជុង​អ៊ុន​ដោយផ្ទាល់​។​

​ការអះអាង​របស់​ត្រាំ​ដែល​ថា​លោក​បាន​ដើរតួនាទី​ធំ​មួយ​នៅក្នុង​ការធ្វើអោយ​ភាព​តានតឹង​ស្រាក​ស្រា​ន​ចុះ​ក៏​ជា​ការពិត ទោះជា​យ៉ាង​លោក​ក៏​បាន​ជួយ​បញ្ឈេះ​ភាព​តានតឹង​ជា​​មួយ​នឹង​វោហា​ស័ព្ទ​គំរាម​ប្រមាថ បូក​រួម​ទាំង​គោលនយោបាយ​«​ដាក់​សម្ពាធ​អតិប្បរមា​»​ដើម្បី​រឹត​ក​ខ្ទប់​ច្រមុះ​សេដ្ឋកិច្ច​កូរ៉េខាងជើង ហើយ​ដាក់​ប្រទេស​នេះ​អោយ​នៅ​ឯកោ​ពី​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​។​តែ​ឥឡូវ​ដុំ​ទឹកកក​នេះ​បាន​រលាយ ហើយ​ការ​អង្គុយ​ពិភាក្សា​ជាមួយ​គីម មិន​នាំ​អោយ​ត្រាំ​កើន​ពិន្ទុះ​ច្រើនទេ​។​

​ប្រធានាធិបតី​មុនៗ​បាន​បដិសេធ​ជួបប្រជុំ​ជាមួយ​គីម​និង​អ្នកដឹកនាំ​កូរ៉េខាងជើង​មុនៗ​ដោយសារ​តែ​មេដឹកនាំ​អាមេរិក​មុនៗ​មិន​ចង់​ផ្តល់​ភាពស្របច្បាប់​ឬ​លើកដម្កើង​​ឋានៈ​ពួកគេ​។​

​ឥឡូវ​ត្រាំ​ត្រូវ​បង្ហាញ​ថា ទំនាក់ទំនង​របស់​លោក​ជាមួយ​គីម​វា​ហួស​ពី​គោលបំណង​ថតរូប​ជាមួយគ្នា​។​នៅក្នុង​សុន្ទរកថា​របស់​លោក ត្រាំ​បានបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ប្រគល់​ត្រ​ឡប់​ពលរដ្ឋ​អាមេរិក ដែល​មុន​ជំនួប​បាន​ជាប់​ឃុំ​និង​កូរ៉េខាងជើង​មិន​បាន​បាញ់​កាំជ្រួច​មួ​យ​ដើម​ណា​ទេ​ក្នុង​រយៈពេល​១៥​ខែ​មកនេះ​។​

​ទោះជា​យ៉ាងណា លោក​គីម​បានប្រកាស​រឿង​ណឹង​មុនជំនួប​នៅ​សិង្ហបុរី​ម្ល៉េះ​។​

​មាន​ហានិភ័យ​ជាក់ស្តែង​មួយ​នៅពេលនេះ គឺថា បើ​ត្រាំ​មិន​អាច​សំរេចបាន​ជ័យជម្នះ​លើ​រណ​ស្សិរ​រំសាយ​នុយក្លេអ៊ែ​រ លោក​អាច​ដឹង​ខ្លួន​ឯង​ថា​កំពុង​ផ្ទុយ​នឹង​គោលដៅ​ចំបង​របស់​​លោក​។​ការ​មិន​អាច​ទាញ​អោយ​គីម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​លោក និង​ទទួលយក​ស្ថានភាព​ដូច​បច្ចុប្បន្ន វា​អាច​អោយ​គីម​កាន់តែ​ចាក់គ្រិះ​ជា​មេដឹកនាំ​នៃ​ប្រទេស​​មហាអំណាច​នុយក្លេអ៊ែរ​ថ្មី​។​

-​គោលដៅ​ចំរុះ​របស់​គីម​

​ដោយ​សង្ឃឹមថា​នឹង​បាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម និង​អាច​សំរេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​កូរ៉េ​ផ្លូវការ លោក​គីម បាន​ផ្តល់អោយ​លោក​ត្រាំ​នូវ​អំពើ​​ល្អ​ខ្លះ​។​លោក​បាន​លើកឡើង​អំពី​ការរំលាយចោល​ទីតាំង​កាំជ្រួច​និង​នុយក្លេអ៊ែរ​ខ្លះ និង​បាន​រក្សា​ការសន្យា​អំពី​ការផ្អាក​សាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​និង​នុយក្លេអ៊ែរ​។​តែ​លោក​មាន​​ការ​ប្រយ័ត្នប្រយែង​ដោយ​មិន​ដាក់​ស៊ុត​របស់​លោក​ទាំងអស់​ទៅក្នុង​កន្ត្រក​របស់​ត្រាំ​ទេ​។​

​ការស្ថាបនា​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​កូរ៉េ​ខាងត្បូង​និង​ចិន ជា​សសរស្តម្ភ​នៃ​យុទ្ធសាស្ត្រ​ធំ​ជាង​របស់​គីម​។​លោក​បាន​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ៤​លើក​និង​ប្រធានា​ធិ​ប​​តី​កូរ៉េខាងត្បូង មូន ជែ​អ៊ិន​៣​លើក​។​

​គីម បាន​ក្លាយជា​ការទាក់ទាញ​របស់​ចិន​និង​កូរ៉េខាងត្បូង​ភ្លាម​។​លោក​ចង់​បាន​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ហើយ​ជួយ​ផ្តល់​មូលនិធិ​សំរាប់​គំរោង​ហេ​ដ្ឋា​​រចនា​សម្ពន្ធ​។​ទាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​សេ​អ៊ូ​ល​បាន​លើកឡើង​ថា​ពួក​គេ​ជឿ​ថា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​គួរ​ត្រូវ​បន្ធូរបន្ថយ​អោយបាន​លឿង​បន្តិច ទោះជា​រដ្ឋការ​ត្រាំ​បាន​​និយាយថា ការរំសាយ​ចោល​នុយក្លេអ៊ែរ​គួរ​ធ្វើ​ជា​មុន​។​

​ការធ្វើអោយ​ចុះខ្សោយ​សម្ពន្ធភាព​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ជា​គោលដៅ​មួយទៀត​របស់​គីម​។​លោក​បាន​ការសរសើរ​ច្រើន​នៅ​សិង្ហ​បុរី​នៅ​​ពេល​ត្រាំ​បាន​យល់ព្រម​បញ្ឈប់​សមយុទ្ធ​យោធា​រួម​ជាមួយ​កូរ៉េ​ខាងត្បូង និង​ជាថ្មីទៀត​នៅពេល​ត្រាំ​ចាប់ផ្តើម​ចោទសួរ​អំពី​តំលៃ​នៃ​សមយុទ្ធ​ដូច្នេះ ហើយ​បាន​ទាមទារ​អោយ​រដ្ឋា​​ភិបាល​ក្រុង​សេ​អ៊ូល​បង់ថ្លៃ​ចំណាយ​ច្រើន​ឡើង​សំរាប់​ការដាក់​ទាហាន​អាមេរិក​នៅ​ទីនោះ​។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ទើប​យល់ព្រម​បង្កើន​ចំណែក​ចំណាយ​យោធា​របស់​ខ្លួន ដូច្នេះ​វា​ជា​ជោគជ័យ​មួយ​សំរាប់​ត្រាំ តែ​ដំណើរការ​ភ្ជាប់​ដោយ​គំនុំ​នេះ ទំនង​ជា​ធ្វើអោយ​​ខូច​ជំនឿ​ចិត្ត​របស់​កូរ៉េ​ខាងត្បូង​លើ​អាមេរិក​ទៅវិញ​៕​ប្រែ​សម្រួល​ដោយ​៖​វាសនា​

រូប​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចូលរួម​ទស្សនា​ការសាកល្បង​កាំជ្រួច​មួយ​នៅ​កូរ៉េខាងជើង