តើ​គួរ​ជួយ​ដូចម្តេច​ដល់​ក្រុម​សមត្ថកិច្ច ល្បាត​ការពារ​បរិស្ថាន ?

701
ចែករម្លែក

កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បុគ្គលិក​អង្គការ វ៉ា​យ​អេ​ត និង​មន្ត្រី​បរិស្ថាន ចំនួន​៣០​នាក់ ក្នុងពេល​ល្បាត​ព្រៃ ត្រូវបាន​ប្រជាពលរដ្ឋ ប្រមាណ ២០០​នាក់ បាន​រារាំង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នកភូមិ​ម្នាក់​ដែល​ត្រូវ តុលាការ កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន ករណី​សង់ផ្ទះ​ខុសច្បាប់ លើដី​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង​។ ប៉ុន្តែ​អភិបាលរង​ខេត្តកោះកុង​ចាត់ទុក​ការរារាំង​របស់​ប្រជា ពលរដ្ឋ​ជាង ២០០​នាក់​នេះ ថា​ជា​រឿង​បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ភូមិ​អង្គរ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្ត​កុង​កោះ​។

​ចំណែក​អ្នកនាំពាក្យ​ខេត្តកោះកុង បាន​ហៅ​ទង្វើ​របស់​ពលរដ្ឋ ជាការ​រំលោភបំពាន សិទ្ធិ​កម្លាំង​សមត្ថកិច្ច និង​ច្បាប់​ក្នុងប្រទេស​យ៉ាងធ្ងន់ធ្ងរ​បំផុត ខណៈ​រដ្ឋាភិបាល ក្រសួង អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការ​ថែរក្សា​ការពារ អភិវឌ្ឍន៍​ព្រៃឈើ ក្នុង​តំបន់​ការពារ រាប់សែន​ហិកតា មិនអោយ​បាត់បង់​។​

​យ៉ាងណាក៏ដោយ​ជា​សំណាងល្អ ដែល​ក្រុម​សមត្ថកិច្ច​បុគ្គលិក​អង្គការ​វ៉ា​យ​អេ​ត និង មន្ត្រី​បរិស្ថាន មិនមាន​រងរបួស ដោយសារតែ​ប្រើ​អំពើហិង្សា គប់​ដុំថ្ម​អំឡុងពេល​សម្រុក ចេញពី​ហ្វូង​ពលរដ្ឋ ដែល​កំពុង​ឡោមព័ទ្ធ កាលពី​ម៉ោង​មួយ​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្រុមការងារ​បរិស្ថាន​ទីស្នាក់ការ​ស្រែអំបិល មាន​សមាជិក​សរុប ៣៤ នាក់ កាលពី វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២០ ខែមិថុនា ចុះ​បំពេញបេសកកម្ម​ល្បាត​ការពារ​បរិស្ថាន ធនធានធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខាងលើ​។ លុះដល់​ម៉ោង ៤:៣០​រសៀល​ក៏បាន​ជួប ប្រទះ​ប្រជាពលរដ្ឋ មាន​គ្នា​ប្រមាណ ២០០ នាក់ លើក​គ្នីគ្នា មករា​រាំង​បិទផ្លូវ​ក្រុមការងារ និង​ឃាត់​រថយន្ត មិនឱ្យ​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីស្នាក់ការ​ល្បាត​វិញ​។ ដោយ​មើលឃើញ ស្ថាន​ភាពមិន​ស្រួល ក្រោម​ការរារាំង​របស់​ពលរដ្ឋ ក៏បាន​រាយការណ៍​ជូន​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង សុំ​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​។​

​ភ្លាមៗ​នោះ​លោកស្រី អភិបាលខេត្ត​កោះកុង បាន​បញ្ជា​ទៅ​អភិបាលស្រុក មេឃុំ ចាត់​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​អធិការដ្ឋាន​ស្រុកស្រែ​អំបិល​ជួយ​សម្រប សម្រួល ដើម្បី​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​បើកផ្លូវ​។ ប៉ុន្តែ​ពលរដ្ឋ មិន​យល់ព្រម​ទេ​ហើយ​ថែម ទាមទារ​ឲ្យ​ក្រុម​ល្បាត សន្យា​ដោះលែង​ជនសង្ស័យ​ថ្ងៃខែ​ឆ្នាំ​ច្បាស់លាស់ (​ជនសង្ស័យ ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន ករណី​សង់ផ្ទះ​ខុសច្បាប់​លើដី​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង កាលពី​សប្តាហ៍​មុន​) ទើប​បើកផ្លូវ​ឲ្យ​ក្រុម​សមត្ថកិច្ច​បុគ្គលិក និង​មន្ត្រី​បរិស្ថាន​ចេញទៅ​បាន​។

​នៅវេលា​ម៉ោង ១២:៥៦ រំលងអធ្រាត្រ ក្រុមការងារ​អភិរក្ស​បរិស្ថាន​ដែល​ល្បាត​សម្រេច ចិត្ត​សម្រុក​ចេញពី​ការរារាំង​របស់​ប្រជាពលរដ្ឋ តែ​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​ដេញ តាម​ក្រោយ រួមទាំង​គប់​ដុំថ្ម​មកលើ​កម្លាំង​ល្បាត​ទៀតផង បណ្តាលឱ្យ​បែក​កញ្ចក់​ឡាន ភ្លាមៗ ក្រុម​ល្បាត​បរិស្ថាន បាន​បាញ់​គំរាម​ក្រុម​ពលរដ្ឋ​ឡើងលើ​ចំនួន​ប្រាំ​គ្រាប់ ដើម្បី​បញ្ឈប់​ដំណើរ​ដេញតាម ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​។​

​យ៉ាងណាក៏ដោយ ហេតុការណ៍​នេះ ចាត់ទុកជា​សំណាង ព្រោះ​មិនមាន​រងរបួស​ទាំង ក្រុម​សមត្ថកិច្ច​ចម្រុះ ក៏ដូចជា​ទាំង​ក្រុម​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ពិតជា​មិនគួរ​ឲ្យ​កើតមាន ឡើយ​។​

​ប្រជាពលរដ្ឋ ពិតជា​មិន​យល់ដឹង​ពី​ច្បាប់ទម្លាប់ ហើយ​ពួកគាត់ ចង់​បានតែ​អ្នកភូមិ​ម្នាក់ ដែល​សមត្ថកិច្ច និង​តុលាការ​សម្រេច​ឃុំឃាំង​បណ្តោះអាសន្ន​បាន​ត្រឡប់​ទៅ​ជួបជុំ ក្រុមគ្រួសារ និង​អ្នកភូមិ​វិញ​តែប៉ុណ្ណោះ​។ បទល្មើស​សង់ផ្ទះ​ខុសច្បាប់ លើដី​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ដោយ​ត្រូវ​ចាប់ឃុំខ្លួន កាលពី​សប្តាហ៍​មុន ក៏​គួរតែ​អាជ្ញាធរ សមត្ថកិច្ច​ខេត្តកោះកុង សម្របសម្រួល ដោយ​ត្រឹម​អនុវត្ត​នូវ​វិធានការ​អប់រំ​ណែនាំ បុរស​អ្នកភូមិ​ម្នាក់​នោះ រួមទាំង​អ្នកភូមិ​ដទៃទៀត កុំ​ឲ្យ​ប្រព្រឹត្តល្មើស​ហើយ​បញ្ឈប់ ការសាងសង់​នោះ គឺជា​វិធានការ​ដោះស្រាយ តាម​នយោបាយ​ឈ្នះ​ឈ្នះ​។​

​រីឯ​ក្រុម​ប្រជាពលរដ្ឋ តាមរយៈ​មេខ្យល់ ឬក៏​ប្រធាន​សហគមន៍ ចាស់ទុំ​ក្នុងភូមិ ក៏​គួរតែ អាជ្ញាធរ​សមត្ថកិច្ច អញ្ជើញ​ពួកគាត់ មក​ចូលរួម​ពិធី​ផ្សព្វផ្សាយ​ណែនាំ​ពី​តំបន់​ហាម ឃាត់ និង​ទង្វើ​អ្វីខ្លះ ដែល​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ហាមឃាត់ នៅ​លើដី​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ ហើយ​ដែន​កំណត់​នោះ ត្រឹមណា ដែល​ហាមឃាត់​។​

​អាជ្ញាធរ​សមត្ថកិច្ច គួរតែ​បំផុស​ចលនា​ប្រជាជន នៅ​សហគមន៍ ឲ្យ​ចូលរួម​ការពារ ធនធានធម្មជាតិ ទើប​ជាការ​ប្រសើរ ជាជាង​អនុវត្ត​វិធានការ ចាប់ចង ដែល​បង្ក​ជា​គំនុំ រហូតដល់​ឡោមព័ទ្ធ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដូច្នេះ​។ នេះ​មិន​កើតជា​អំពើហិង្សា​ធ្ងន់ធ្ងរ បង្ក​ឲ្យ​របួសស្នាម ឬ​រហូតដល់​ស្លាប់​នោះ តើន​រណា ជា​អ្នកទទួលខុសត្រូវ​?

​សូមមេត្តា​ទាំង​អាជ្ញាធរ​សមត្ថកិច្ច និង​ទាំង​ប្រជាពលរដ្ឋ គួរតែ​ជ្រើស​យក​វិធានការ ដោះស្រាយ តាម​សន្តិវិធី និង​តាម​នយោបាយ​ឈ្នះ​ឈ្នះ​។ ពោលគឺ​ឈ្នះ​ទាំងអស់គ្នា ហើយ​ធនធាន​ក្នុង​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ ក៏​ត្រូវបាន​ថែរក្សា​ពិសេស​បទល្មើស កាប់​ឈើត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​ប្រជាពលរដ្ឋ ទប់ស្កាត់ និង​បង្ក្រាបក្នុង​បំណង​រក្សា​ធនធានធម្មជាតិ​របស់​យើងទាំងអស់គ្នា​៕ ដោយៈ ម៉េង​ឆៃ​

#