តើ​គ្រោះថ្នាក់​នៅមាន​ទេ បន្ទាប់ពី​មេ​អាយ​ស៊ី​សបាន​ស្លាប់ទៅ​?

571
ចែករម្លែក

​ការស្លាប់​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម អា​ប៊ូ បាក់​អាល់​បា​កដា​ឌី គឺជា​ការ​វាយ​សំពង​ថ្មី​មួយ​ចំពោះ​ក្រុម​ជ្រុលនិយម​មួយ​នេះ ដែល​ធ្លាប់​គ្រប់គ្រង​ទឹកដី​អ៊ីរ៉ាក់​និង​ស៊ី​រី​មួយផ្នែកធំ ប៉ុន្តែ​ឥឡូវ​បានកត់សម្គាល់​នូវ​ទីបញ្ចប់​នៃ​ការគំរាមកំហែង​បង្កឡើង​ដោយ​ក្រុម​ជី​ហាដ​មួយ​នេះ​។ ក្រុមអ្នកវិភាគ​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ចលនា​ជី​ហាដ​ជ្រុលនិយម​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លះ​ចុង​ក្រោយនេះ​បានបង្ហាញ​ភាព​អត់ធន់​ម្តង​ហើយ​ម្តងទៀត បន្ទាប់ពី​មរណភាព​របស់​មេដឹកនាំ​សំខាន់ៗ ខណៈ​ក្រុម​សកម្មប្រយុទ្ធ​តស៊ូ​ក្រាញននៀល​នៅ​កំពុងមាន​វត្តមាន​នៅឡើយ​។​

​ពួក​អ្នកវិភាគ​បាន​បន្ថែមថា ក្រុម​នេះ​អាច​ត្រៀមខ្លួន​សម្រាប់​ការស្លាប់​របស់លោក​បាក​ដា​ឌី​រួចជាស្រេច ហើយ​បន្ទាប់ពី​ការកែទម្រង់​បន្តិចបន្តួច​មួយរយៈ ពួកគេ​អាច​នឹង​ប្រមូលផ្តុំ​គ្នា​សាជាថ្មី​ដើម្បី​បើក​ការវាយប្រហារ​ជាថ្មី​។ មរណភាព​របស់​បាក​ដា​ឌី​នៅក្នុង​ការ​វាយឆ្មក់​របស់​កងកម្លាំង​ពិសេស​អាម៉េរិក​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី​ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​និយាយថា​មេដឹកនាំ​ជី​ហាដ​នេះ​បាន​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​

​លោក ហ្ស​ង់ ព្យែ​រ​ហ្វី​លីវ សាស្ត្រាចារ្យ​ជំនាញ​សិក្សា​អំពី​មជ្ឈិមបូព៌ា​នៅ​សាលា​វិទ្យាសាស្ត្រ​នយោបាយ​ក្នុង​ទីក្រុង​ប៉ារីស បាន​និយាយថា មរណភាព​នេះ​តំណាងឱ្យ​ការថយចុះ​ដ៏​ធំធេង​សម្រាប់​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​នៅពេល​ឡើង​កូដ​បំផុត​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៤ បានប្រកាស “​ដែនដី​កាលី​ហ្វេ​ថ្មី​” នៅ​ទូទាំង​តំបន់​នានា​នៃ​អ៊ីរ៉ាក់​និង​ស៊ី​រី​។ លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ប៉ុន្តែ​មិន​ប្រាកដ​ទេ​ថា ការបាត់បង់​ជា​និមិត្តរូប​បែបនេះ​នឹង​ជះ​ផលប៉ះពាល់​ជា​មូលដ្ឋាន​ដល់​ទិសដៅ​ប្រតិបត្តិការ​របស់​រដ្ឋ​អ៊ីស្លាម ដែល​ស្ថិតក្នុង​ដៃ​របស់​អ្នក​ប្រយុទ្ធ​អាជីព​។ ក្នុងន័យនេះ មរណភាព​របស់គាត់​អាច​ជះ​ផលប៉ះពាល់​តិចជាង​ផលប៉ះពាល់​ទៅលើ​ក្រុម​អាល់​កៃ​ដា​ពី​ការសម្លាប់​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន​”​។​

​ប៊ី​ន​ឡា​ដិ​ន ដែលជា​មេក្លោង​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០០១ លើ​សហរដ្ឋ​អាម៉េរិក ត្រូវបាន​សម្លាប់​នៅក្នុង​ការ​វាយឆ្មក់​របស់​អាម៉េរិក​នៅ​ប៉ា​គី​ស្ថាន​កាលពី​ខែឧសភា​ឆ្នាំ ២០១១​។ ប៉ុន្តែ​ការស្លាប់​របស់គាត់​មិនបាន​បញ្ឈប់​ក្រុម​អាល់​កៃ​ដា​ពី​ការចូលរួម​វាយប្រហារ​និង​ចូលរួម​ក្នុង​ជម្លោះ​នានា​នៅ​ទូទាំង​ពិភពលោក​នោះទេ ក្នុងនោះ​មានដូចជា​រណសិរ្ស​អាល់​នូ​ស្រា​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ឬ ការកកើតឡើង​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ខ្លួនឯង​ផ្ទាល់​ទៅជា​ក្រុម​ជ្រុលនិយម​មួយ​នៅលើ​ពិភពលោក​។​

​លោក ហ៊ី​សាម អាល់​ហា​ស៊ី​មី អ្នកឯកទេស​អំពី​ចលនា​ជ្រុលនិយម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បា​កដាដ​បាន​ប្រាប់ AFP ថា “​លទ្ធផល​ដែល​ទំនង​បំផុត​គឺ​ការស្លាប់​របស់​បាក​ដា​ឌី​បាន​នាំឱ្យមាន​ភាពស្ងប់ស្ងាត់​និង​ការផ្អាក​ការវាយប្រហារ​ភេរវកម្ម​មួយគ្រា​”​។ លោក​បាន​និយាយថា នេះ​ជា​ករណី​បន្ទាប់ពី​ការសម្លាប់​ក្នុង​ឆ្នាំ ២០១០ ទៅលើ​លោក​អា​ប៊ូ អូ​ម៉ា​អា​ល់បាក​ដា​ឌី អតីត​ប្រមុខ​អាល់​កៃ​ដា​នៅ​អ៊ីរ៉ាក់ ដែលជា​កន្លែង​លេចឡើង​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ក្រុម​អាល់​កៃ​ដា​ត្រូវការ​ពេល​ប្រហែល ៤ ខែ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ​។​

​អា​ប៊ូ បាក់​អាល់​បា​កដា​ឌី បាន​បង្កើត​ក្រុម​រដ្ឋ​អ៊ីស្លាម​តាំងពី​ឆ្នាំ ២០០៣ នៅពេលដែល​គាត់​ត្រូវបាន​ចាប់​ដាក់គុក​នៅក្នុង​ពន្ធនាគារ​អ៊ីរ៉ាក់ ដែល​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក​នៅ​ជំរុំ​បាក់​កា​។ នៅ​ទីនោះ គាត់​បាន​ជួប​ជាមួយ​អតីតមន្ត្រី​យោធា​និង​សន្តិសុខ​មួយចំនួន​ពី​របប​ដួលរលំ​សា​ដាម ហ៊ូ​សេន ដែល​ក្រោយមក​បាន​ក្លាយជា​សមាជិក​ស្នូល​នៃ​ក្រុម​អាយ​ស៊ី​ស​។​

​ដំបូង​ឡើយ ក្រុម​ជ្រុលនិយម​ដែល​គាត់​បាន​ដឹកនាំ បានធ្វើការ​នៅក្នុង​ក្របខ័ណ្ឌ​ក្រុម​អាល់​កៃ​ដា ប៉ុន្តែ​ក្រោយមក​លោក​បា​កដា​ឌី​បាន​ដកខ្លួន​ចេញពី​បណ្តាញ​ជ្រុលនិយម ដែល​បង្កើតឡើង​ដោយ​ប៊ី​ន​ឡា​ដិ​ន​។ គាត់​បាន​ដឹកនាំ​ក្រុម​អាយ​ស៊ី​ស​រហូតដល់​ឈានដល់​ចំណុច​ជោគជ័យ​កំពូល​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៤ នៅពេលដែល​ក្រុម​អាយ​ស៊ី​ស​គ្រប់គ្រង​តំបន់​ភាគ​ខាងជើង​អ៊ីរ៉ាក់​និង​ស៊ី​រី​រួមទាំង​ទីក្រុង​ម៉ូ​ស៊ុ​ល​ដ៏​សំខាន់​របស់​អ៊ីរ៉ាក់​។ គាត់​បានប្រកាស​ដែនដី​អ៊ីស្លាម “​កាលី​ហ្វេ​” ដើម្បី​ស្នង​ទឹកដី​រលំ​រំលាយ​ទៅហើយនោះ គឺ ចក្រភព​អូ​តូ​ម៉​ង់​។ ប៉ុន្តែ​ទឹកដី​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​ត្រូវបាន​បាត់បង់​ជា​បណ្តើរៗ ព្រោះ​កងកម្លាំង​ប្រឆាំងនឹង​ក្រុម​ជី​ហាដ​បានធ្វើ​ការវិល​ត្រឡប់មក​វិញ​។​

​កាលី​ហ្វេ​ត្រូវបាន​ប្រកាស​បាត់បង់​ក្នុងប្រទេស​ស៊ី​រី​ដោយ​កម្លាំងចម្រុះ​រួមទាំង​កងជីវពល​ឃឺ​ដ​នៅ​ខែមីនា​ឆ្នាំ ២០១៩​។ លោក​បាក​ដា​ឌី​បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​តែ​ម្តងគត់​នៅ​ខែកក្កដា​ឆ្នាំ ២០១៤ នៅឯ​វិហារ​អ៊ីស្លាម​អាល់​នូ​រី​នៅក្នុង​ទីក្រុង​ម៉ូ​ស៊ុ​ល​របស់​អ៊ីរ៉ាក់ ដោយ​ជំរុញ​ឱ្យ​ប្រជាជន​ម៉ូ​ស្លី​ម​នៅ​ជុំវិញ​ពិភពលោក​ប្រកាស​ភក្ដីភាព​ចំពោះ​ដែនដី​កាលី​ហ្វេ​។ បន្ទាប់មក គាត់​បាន​បាត់ស្រមោល​សូន្យឈឹង ដោយ​ឃើញ​ម្តងទៀត​នៅក្នុង​វីដេអូ​មួយ​កាលពី​ខែមេសា​ឆ្នាំ​២០១៩​។ ជាមួយ​ពុកចង្ការ​ដុះ​ស្កូវ​និង​មាន​កាំភ្លើង​មួយ​ដើម​បញ្ឈរ​នៅក្បែរ​គាត់ គាត់​បាន​ជំរុញ​លើកទឹកចិត្ត​កូនចៅ “​ឱ្យ​សងសឹក​” បន្ទាប់ពី​បាត់បង់​ទឹកដី​របស់​ក្រុម​ខ្លួន​។​

​លោកស្រី រីតា ខាត់ នាយក​នៃ​អង្គការ SITE Intelligence Group ដែល​តាមដាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុម​ជី​ហាដ បាន​និយាយថា “​ការស្លាប់​របស់លោក​បាក​ដា​ឌី​គឺជា​ការ​វាយ​សំពង​ដ៏​ធំធេង​ចំពោះ​ពួក​អាយ​ស៊ី​ស និង​បណ្តាញ​ផ្ទៃក្នុង​របស់​ក្រុម​នេះ​”​។ ប៉ុន្តែ​នៅក្នុង​សារ​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter លោកស្រី​បានចង្អុលបង្ហាញ​ថា ប្រវត្តិ​នៃ​ចលនា​ជី​ហាដ​និយម​បាន​បង្ហាញថា ពួកគេ​អាច​ជម្នះ​នូវ​ការស្លាប់​របស់​មេដឹកនាំ​ពួកគេ​បាន ដូចជា អតីត​ប្រមុខ​អាល់​កៃ​ដា​នៅ​អ៊ីរ៉ាក់ លោក​អា​ប៊ូ មូ​សាប អាល់​ហ្សា​កា​វី (Abu Musab al-Zarqawi) ដែល​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​អាម៉េរិក​ក្នុង​ឆ្នាំ ២០០៦​។​

​លោកស្រី​បាន​និយាយថា “​អាយ​ស៊ី​ស​បានបង្ហាញ​ពី​ភាព​អត់ធន់​នឹង​ប្រតិបត្តិការ​របស់ខ្លួន ហើយនឹង​កេងចំណេញ​ពី​មរណភាព​របស់លោក​បា​ដាក​ឌី​ដើម្បី​ធ្វើការ​ជ្រើសរើស​អ្នក​ប្រយុទ្ធ​ថ្មី​និង​អំពាវនាវ​ឱ្យមាន​ការវាយប្រហារ​ជាថ្មី​”៕ ដោយ៖កញ្ញាដាលីស

ទង់​របស់​អាយ​ស៊ី​ស