តើ​ចិន​គួរ​បារម្ភ​ពី​ការពង្រឹង​ទំនាក់ទំនង​យោធា​អាមេរិក​-​វៀតណាម​?

4172
ចែករម្លែក
  • 9
    Shares

​កាលពីពេល​ថ្មីៗ ការទាក់ទង​ផ្នែក​យោធា​រវាង​អាមេរិក​និង​វៀតណាម​នាំអោយមាន​ការចាប់អារម្មណ៍​មិនធម្មតា​។​គេ​នៅ​ចាំបាន​ថា កាលពី​ខែមករា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ទី​ស បានមក​ទស្សនកិច្ច​វៀ​ត​ណា​ម​។​មិនយូរប៉ុន្មាន កាលពី​ថ្ងៃ​៥​មីនា នាវាចម្បាំង​អាមេរិក​USS Carl Vinson បាន​ចូល​ចត​នៅ​កំពង់​​ផែ​ក្រុង​ដា​ណាំង ជាការ​ចូល​ចត​លើកដំបូង​នៃ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​វៀតណាម​។​

​តាមពិត នេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​ភាពស្និទ្ធស្នាល​គ្នា​កាន់តែខ្លាំង​ឡើង​នៃ​កិច្ចសហការ​យោធា​រវាង​វៀតណាម​និង​អាមេរិក​ចាប់តាំងពី​គូសត្រូវ​ទាំង​២​បានធ្វើ​ប្រក្រតីភាព​នៃ​​ទំនាក់ទំនង​ទ្វេភាគី​របស់គេ​នៅ​ឆ្នាំ​១៩៩៥​។​នៅ​ឆ្នាំ ២០០៣ នាវា​ពិឃាត​អាមេរិក​Vandergrift​បានធ្វើ​ទស្សនកិច្ច​វៀតណាម​ដោយ​បើក​ទំព័រ​ថ្មី​មួយ​នៅក្នុង​កិច្ចសហការ​យោ​​ធារ​វាង​ប្រទេស​ទាំងពីរ​។​ចាប់តាំងពី​គ្រា​នោះមក នាវាចម្បាំង​អាមេរិក​សន្យា​មក​ធ្វើ​ទស្សនកិច្ច​កំពង់ផែ​វៀតណាម​ជា​រៀងរាល់ឆ្នាំ​។​

​បន្ថែម​លើ​នេះ​ទៀត អាមេរិក​និង​វៀតណាម បង្កើត​ការចរចា​គោលនយោបាយ​ការពារជាតិ​ថ្នាក់​អនុរដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១០​។​នៅ​ឆ្នាំ​បន្ទាប់ ប្រទេស​ទាំង​២​បាន​ចុះ​ហត្ថ​លេ​​ខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការជំរុញ​កិច្ចសហការ​យោធា​ទ្វេភាគី ដោយ​រំលេច​កិច្ចសហការ​លើ​វិស័យ​ធំៗ​៥ រួមមាន​សន្តិសុខ​សមុទ្រ ការសិក្សា​ស្រាវជ្រាវ​និង​​សង្គ្រោះ ប្រតិបត្តិការ​ថែរ​ក្សសន្តិភាព​អង្គការសហប្រជាជាតិ ជំនួយ​មនុស្សធម៌​និង​ការផ្លាស់ប្តូរ​ផ្នែក​សិក្សាអប់រំ​។​នៅ​ឆ្នាំ​២០១៥ អាមេរិក​និង​វៀតណាម បានចេញ​សេចក្តី​​ថ្លែងការណ៍​រួម​ស្តីពី​ទំនាក់ទំនង​យោធា ដោយ​ពង្រីក​បន្ថែម​កិច្ចសហការ​ខាង​យោធា​។​នៅ​ឆ្នាំ​២០១៦ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​នៅ​​វៀតណាម អាមេរិក​បានប្រកាស​ដ​ក​ការហ៊ុំព័ទ្ធ​ចំណាស់​រាប់​ទសវត្ស​រ៍លើ​ការលក់​អាវុធ​មកអោយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នេះ​។​

​ទំនាក់ទំនង​យោធា​កាន់តែ​រីកធំឡើង​រវាង​អាមេរិក​និង​វៀតណាម​បណ្តាលមកពី​ហេតុផល​ជាច្រើន តែ​សំខាន់បំផុត​មួយ​គឺ​ការព្រួយបារម្ភ​អំពី​អ្វីដែល​ហៅថា ភាព​កាន់តែ​​អាងយ៉ាង​របស់​ចិន ជាពិសេស​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ការចាក់ដី​បង្កើត​កោះ​និង​ការដាក់​តាំង​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​អាមេរិក​មើល​​ឃើញថា​ជា​ឧបសគ្គ​ធំ​មួយ​ដល់​ឧត្តមភាព​របស់ខ្លួន​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​និង​”​សណ្តាប់ធ្នាប់​ផ្អែកលើ​ច្បាប់​”​។​ដូច្នេះ​អាមេរិក​បាន​ខិតខំ​សម្បើម​ណាស់​ដើម្បី​ជំរុញ​វត្តមាន​​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​នេះ​។​

​ក្នុងអំឡុង​រដ្ឋការ​លោក​អូ​បា​ម៉ា កិច្ចខិតខំ​ទាំងនេះ​រួមមាន កិច្ចព្រមព្រៀង​អាមេរិក​-​ហ្វីលីពីន​ស្តីពី​ការជំរុញ​កិច្ចសហការ​យោធា ដែល​អនុញ្ញាតអោយ​អាមេរិក​ប្រើប្រាស់​​មូលដ្ឋាន​យោធា​នៅ​ហ្វីលីពីន ការបញ្ជូន​ទ័ព​ប្តូ​រវេ​ន្ត​គ្នា​នៃ​ទាហាន​ម៉ា​រី​ន​អាមេរិក​២.៥០០​នាក់​នៅ​ក្រុង​ដា​រី​ន ប្រទេស​អូស្ត្រាលី និង​ការបញ្ជូន​នាវាចម្បាំង​៤​គ្រឿង​នៅ​សិង្ហ​​បុរី​។​ទោះជា​យ៉ាងណា រដ្ឋការ​របស់លោក​ត្រាំ​បាន​បោះបង់ចោល​យុទ្ធសាស្ត្រ​ធ្វើអោយមាន​តុល្យភាព​ឡើងវិញ​របស់លោក​អូ​បា​ម៉ា​នៅ​អាស៊ី តែ​នៅ​រក្សា​វត្តមាន​យោធា​របស់ខ្លួន​។​ការពង្រីក​កិច្ចសហការ​យោធា​អាមេរិក​-​វៀតណាម​ក៏​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​នេះ​។​គោលបំណង​ធំ​រប​ស់វា បើតាម​អ្នកជំនាញ​អាមេរិក​ខ្លះ គឺ​ដើម្បី​ធ្វើអោយ​​ចិន​ចំណាយ​លើ​អាកប្បកិរិយា​របស់ខ្លួន​នៅ​អាស៊ី​និង​រុញច្រាន អំពើ​របស់​ចិន​។​

​ទោះជា​អាទិភាព​ចម្បង​របស់​រដ្ឋការ​ត្រាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​គឺ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ តែ​ខ្លួន​នៅតែ​ជំរុញ​ការបញ្ជូន​ទ័ព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​​ឧទាហរណ៍ កងទ័ពជើងទឹក​អាមេរិក​បង្កើន​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍ ជាហេតុ​នាំអោយ​ចិន​ប្រតិកម្ម​ជា​បន្តបន្ទាប់​។​

​ខាង​វៀតណាម ប្រទេសមួយ​នេះ​ក៏​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​កើនឡើង​របស់​ចិន​ដែល​នឹង​គំរាម​ផលប្រយោជន៍​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ចាប់តាំងពី​ដឹងខ្លួន​ថា វៀតណាម​មិនអាច​តតាំង​បញ្ហា​នេះ​តែឯង រដ្ឋាភិបាល​ក្រុង​ហាណូយ​ក៏​ងាក​ទៅរក​មហាអំណាច​ខាងក្រៅ​មក​ចូល​ពាក់ព័ន្ធ ដូចជា​អាមេរិក ជប៉ុន ឥណ្ឌា​និង​អូស្ត្រាលី​ដើម្បី​​ទប់ទល់​នឹង​ចិន​។​

​ក្នុង​គំនិត​របស់ខ្លួន មហាអំណាច​ខាងក្រៅ​អាច​រារាំង​ការឈ្លានពាន​របស់​ចិន​និង​ជួយ​វៀតណាម​អោយ​បង្កើន​សមត្ថភាព​យោធា​ថែមទៀត​។​

​ដូច្នេះ ផលប្រយោជន៍​រួម​ក្នុង​”​ការ​រុញច្រាន​ចិន​”​គឺជា​កម្លាំង​ជំរុញ​ដ៏​ធំ​មួយ​សំរាប់​អាមេរិក​និង​វៀតណាម​ស្ថាបនា​ទំនាក់ទំនង​យោធា​របស់គេ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​​ទំនាក់ទំនង​របស់​ពួកគេ​អាច​កាន់តែ​ស្អិតល្មួត​ឡើង​នាពេល​អនាគត ម្យ៉ាង​ដោយសារ ការប្រកួតប្រជែង​គ្នា​រវាង​អាមេរិក​និង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ប្រើពេល​យូរ​​ហើយ​ស្មុគស្មាញ​។​

​អាមេរិក​គិតថា វា​ជា​អំពី​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ ឧត្តមភាព​សមុទ្រ​និង​សណ្តាប់ធ្នាប់​អន្តរជាតិ​នាពេល​អនាគត​។​នៅក្នុង​របាយការណ៍​អំពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ ចេញ​​កាលពី​ចុងឆ្នាំ​២០១៧ អាមេរិក​ចាត់ថ្នាក់​ចិន​ជា​”​គូប្រជែង​យុទ្ធសាស្ត្រ​”​មួយ និង​ជា​ប្រទេស​”​ផ្លាស់ប្តូរ​និយម​”​និង​ជា​ប្រទេសមួយ​ក្នុងចំណោម​៣​ប្រទេស​ដែលជា​ឧបសគ្គ​
​ចំពោះ​សន្តិសុខ​អាមេរិក​។​ការវិនិច្ឆ័យ​នេះ ចោល​ស្រមោល​លើ​ទំនាក់ទំនង​ចិន​-​អាមេរិក​។​

​ចិន​និង​អាស៊ាន​នឹង​ចាប់ផ្តើម​ចរចា​អំពី​អត្ថបទ​នៃ​ក្រម​ប្រតិបត្តិ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ដូច​យើង​បានដឹង ចិន​និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន រួមមាន​វៀតណាម​​មានគំនិត​ផ្សេងគ្នា​អំពី​ក្រម​នេះ​។​ដើម្បី​សំរេចបាន​លទ្ធផល​អំណោយផល​ចំពោះ​ពួកគេ​បណ្តា​ប្រទេស​អាស៊ាន​អាច​ទាក់ទាញ​កម្លាំង​ខាងក្រៅ​មក​ដាក់​ឥទ្ធិពល​លើ​ការ​
​ចរចា​។​

​ដូច្នេះ សភាពការណ៍​មើលទៅ​សាំញ៉ាំ តែ​ដំណឹង​ល្អ​មួយ​គឺថា បណ្តា​ប្រទេស​អាស៊ាន​បានដឹងថា​ការចរចា​និង​ពិភាក្សា​គឺជា​ផ្លូវ​ត្រឹមត្រូវ​តែមួយគត់​សំរាប់​ដោះស្រាយ​បញ្ហា​​សមុទ្រ​ចិន​ខាងត្បូង​។​ហើយ​ទាំង​ហ្វីលីពីន​និង​វៀតណាម​ក៏បាន​ពង្រឹង​ទំនាក់ទំនង​របស់គេ​ជាមួយ​ចិន​។​ដូច្នេះ​ចិន​គួរ​ឆ្លៀតឱកាស​នេះ​ជំរុញ​កិច្ចសហការ​មុខងារ​សមុទ្រ​
​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន រួមមាន​ការអភិវឌ្ឍ​ន៍​រួមគ្នា ដើម្បី​រក្សាបាន​ស្ថេរភាព​និង​សន្តិភាព​នៅ​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​នេះ​៕

​ប្រែ​សម្រួល​ពី​CGTN,​ដោយ​៖​វាសនា​

​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក អូ​បា​ម៉ា និង​ប្រធានាធិបតី​វៀតណាម ត្រាន់ ដាយ ក្វាង ក្នុងអំឡុង​សន្និសីទកាសែត​រួម​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​២៣​ឧសភា ឆ្នាំ​២០១៦

​នាវា​ពិឃាត​USS Wayne E. Meyer បើក​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​១១​មេសា​ឆ្នាំមុន​

#