តើ​ចិន​និង​សហភាព​អឺរ៉ុប​ប្រយុទ្ធ​ទល់នឹង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ត្រាំ​យ៉ាងដូចម្តេច​?

4208
ចែករម្លែក

​ក្រុមហ៊ុន​នាំចូល​ប្រេង​ដ៏​សំខាន់​មួយ​របស់​ចិន​បាន​ផ្អាក​ការនាំ​ចូល​ប្រេង​ឆៅ​ពី​សហរដ្ឋអាមេរិក​បន្ទា​ប់​ពី​រីក​រាលដាល​ជម្លោះ​រវាង​វ៉ាស៊ីនតោន​និង​ប៉េកាំង​អំពី​ការ​វាយ​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​។ ចំណាត់ការ​ចុងក្រោយ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើឡើង​តាម​ការវិវឌ្ឍ​នៅក្នុង​ទីផ្សារ​ប្រេង​អន្តរជាតិ ដែល​ទាក់ទង​នឹង​ប្រេង​ឆៅ​និង​ឧស្ម័ន​ធម្មជាតិ​របស់​អ៊ីរ៉ង់​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​ថា ក្រុមហ៊ុន​ពាណិជ្ជកម្ម Unipec របស់​ក្រុមហ៊ុនមេ Sinopec បានចាប់ផ្តើម​កាត់បន្ថយ​ការ​នាំចូល​ប្រេង​ឆៅ​របស់​អាមេរិក ដោយសារ​ភ័យខ្លាច​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​វាយ​ពន្ធ​បន្ថែម​លើ​ទំនិញ​ប្រភេទ​នេះ​។​

​ផែនការ​នេះ​ត្រូវបាន​បង្ហាញ​ដោយ​ប្រភព​អនាមិក​ចំនួន​៣​នៅក្នុង​ក្រុមហ៊ុន ដែល​គ្មាន​ការអនុញ្ញាតឱ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យោងតាម​ពួកគេ ក្រុមហ៊ុន Unipec នឹងមិន​ទិញ​ឬ​លក់​ប្រេង​ឆៅ​អាមេរិក​រហូតដល់​ខែតុលា ប៉ុន្តែ​ពួកគេ​មិនបាន​បញ្ជាក់ថា​តើ​នេះ​ជា​វិធានការ​គ្មាន​កាលកំណត់ ឬ​យ៉ាងណា​នោះទេ​។​

​ក្រុមហ៊ុន Dongming Petrochemical Group របស់​ចិន​បានធ្វើ​ការអះអាង​កាលពី​ខែកក្កដា​ថា​ខ្លួន​រំពឹងថា​ប៉េកាំង​នឹង​សងសឹក​ប្រឆាំងនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជា​ឯកតោភាគី​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គ្រោង​នឹងដាក់​ទណ្ឌកម្ម​ថ្មីៗ​ជាច្រើន​ជុំ​ទៅលើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ដើម្បី​បង្ខំ​ពួកគេ​ឱ្យ​ខ្ទាត​ចេញពី​ទីផ្សារ​ប្រេង​អន្តរជាតិ​។​

​ប្រភព​មួយ​បាន​បញ្ជាក់ថា ចិន​នឹង​ងាក​ទៅរក​ទីផ្សារ​ថ្មី​។ ប្រភព​នោះបាន​បញ្ជាក់ថា “​យើង​រំពឹងថា​រដ្ឋាភិបាល​ចិន​នឹង​វាយ​ពន្ធ​លើ​ប្រេង​ឆៅ (​របស់​អាមេរិក​) … យើង​នឹង​ងាក​ទៅរក​ការផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​ឬ​អាហ្វ្រិក​ខាងលិច​”​។​

​យោងតាម​រ៉​យ​ទ័​រ ការ​នាំចូល​ប្រេង​ពី​ទ្វីបអាហ្វ្រិក​ពី​សំណាក់​ប្រទេស​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា អាច​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់​ប្រហែល ១,៦ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​។ ការធ្វើ​ដូច្នេះ​ផ្តល់ឱ្យ​ប៉េកាំង​នូវ​ភាពបត់បែន​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំ​ចូល​ខណៈ​រក្សា​បាន​នូវ​ការសន្យា​ចំពោះ​ដៃគូ​អាហ្វ្រិក​របស់ខ្លួន​។​

​បច្ចុប្បន្ន​ប្រទេស​ចិន​គឺជា​អតិថិជន​ធំ​លំដាប់​ទី ២ របស់​សហរដ្ឋអាមេរិក​បន្ទាប់ពី​ប្រទេស​កាណាដា ហើយ​កាលពី​ខែកក្កដា​ឆ្នាំ ២០១៨ សហរដ្ឋអាមេរិក​នាំចេញ​ប្រេង​ចំនួន ១៣ លាន​បារ៉ែល​ទៅ​ចិន ដែល​សរុប​ប្រហែល ៩០០ លាន​ដុល្លារ ជា​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ខែមករា (១៣,៥ លាន​បារ៉ែល ស្មើនឹង​១​ពាន់​លាន​ដុល្លារ​)​។​

​គណៈកម្មាធិការ​កំណែទម្រង់​និង​អភិវឌ្ឍន៍​ជាតិចិន (NDRC) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា ខ្លួន​រំពឹងថា​តម្លៃ​ប្រេង​បន្ត​មានការ​ប្រែប្រួល ដោយសារតែ​ការកើនឡើង​នៃ​ទិន្នផល​ប្រេង​របស់​អាមេរិក និង​ការកាត់បន្ថយ​ប្រេង ដែល​ធ្វើឡើង​ដោយ​អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC)​។ ថ្វីបើ​ដូច្នេះ​ក្តី តម្លៃ​ប្រេង​ក្នុងប្រទេស​ចិន​នៅតែមាន​ស្ថិរភាព​។​

​កាសែត China Daily បាន​រាយការណ៍​កាលពី​ថ្ងៃទី ១៨ មីនា​ថា NDRC បានចាប់ផ្តើម​ត្រួតពិនិត្យ​តម្លៃ​ប្រេង​ឆៅ​ដើម្បី​ធានា​តម្លៃ​ក្នុងស្រុក​មាន​ស្ថិរភាព ហើយ​មាន​ផែនការ​ក្នុងការ​កែតម្រូវ​វា លុះត្រាតែ​តម្លៃ​របស់​វា​កើនឡើង​ជាង ៥០ យ័ន (៨ ដុល្លារ​) សម្រាប់​រាល់​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​ក្នុង​មួយ​តោន នៅ​អំឡុង​រយៈពេល ១០ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។

​ការវិវឌ្ឍ​ទាំងនេះ​កើតមានឡើង បន្ទាប់ពី​សហរដ្ឋអាមេរិក​មិនអាច​បញ្ឈប់​ការដឹកជញ្ជូន​ប្រេង​របស់​អ៊ីរ៉ង់​ទៅកាន់​ប្រទេស​ចិន​។ ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស​សាន់ រូ​ហ្គា​នី បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា លោក​អាច​នឹង​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស ជាការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​លើ​ទីផ្សារ​ប្រេង​អ៊ីរ៉ង់​ពី​សំណាក់​វ៉ាស៊ីនតោន​។​

​សេត​វិមាន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា ដែល​បន្ត​ដាក់​សម្ពាធ​ទៅលើ​អ៊ីរ៉ង់ ដោយ​ហៅ​រដ្ឋបាល​របស់លោក​រូ​ហា​នីថា​ជា “​របប​ផ្តាច់ការ​សម្លាប់​មនុស្ស ដែល​បន្ត​ការ​បង្ហូរឈាម អំពើហិង្សា និង​ភាពវឹកវរ​”​។​

​សេត​វិមាន​បាន​អះអាងថា “​ទណ្ឌកម្ម​របស់​អាមេរិក​ដែល​នៅ​សេសសល់​ទាក់ទង​នឹង​នុយក្លេអ៊ែរ នឹង​ចាប់ផ្តើម​ឡើងវិញ​ចាប់ពី​ថ្ងៃទី ៥ ខែវិច្ឆិកា​ឆ្នាំ ២០១៨​។ ទណ្ឌកម្ម​ទាំងនេះ​រួមបញ្ចូល​ទាំង​ទណ្ឌកម្ម​ដែល​ផ្ដោតលើ​វិស័យ​ថាមពល​អ៊ីរ៉ង់ រួមទាំង​ប្រតិបត្តិ​ការទាក់ទង​នឹង​ប្រេងសាំង​ព្រមទាំង​ប្រតិបត្តិការ​របស់​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​ជាមួយ​ធនាគារកណ្តាល​អ៊ីរ៉ង់​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក កេង សួង បានបញ្ជាក់​សាជាថ្មី​នូវ​ការប្រកាន់​ខ្ជាប់​របស់​ប្រទេស​ចិន​ចំពោះ​ផែនការ​សកម្មភាព​សហ​ប្រតិបត្តិ​ការរួម (JCPoA) ដែល​គេ​ស្គាល់​ថា​ជា “​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​” នោះ​។​

* សហភាព​អឺរ៉ុប​ចាត់វិធានការ​ទប់ទល់​ផងដែរ​

​សហភាព​អឺរ៉ុប​ក៏បាន​ចាត់វិធានការ​ទប់ទល់​ផ្ទាល់ខ្លួន​ផងដែរ បន្ទាប់ពី​បានចេញ​ផ្សាយ​លក្ខន្តិកៈ​ទ​ប់​ស្កាត់​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​លើ​ទីផ្សារ​ប្រេង​អ៊ីរ៉ង់​។ ក្រុមហ៊ុន​ប្រេង​យក្ស​បារាំង Total និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​បាន​បោះបង់ចោល​គម្រោង​ដែល​ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ង់​រួចហើយ បន្ទាប់ពី​លោក​ប្រធានាធិបតី​ត្រាំ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង JCPoA និង​បានដាក់​ទណ្ឌកម្ម​អាមេរិក​ឡើងវិញ ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​អង្គារ​ទី ៧​សីហា​។​

​ទណ្ឌកម្ម​នេះ​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ប្រេង Total និង​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​ចិន PetroChina បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃទី ៤ ខែកក្កដា​ឆ្នាំ ២០១៧ ដើម្បី​អភិវឌ្ឍ​តំបន់ Pars 11 របស់​អ៊ីរ៉ង់ ដែលជា​ប្រភព​ឧស្ម័ន​ធម្មជាតិ​ធំ​បំផុត​របស់​ពិភពលោក​។ ក្រុមហ៊ុន Total មាន​គម្រោង​វិនិយោគ ៤,៨ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២០ ឆ្នាំ​ប៉ុន្តែ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង បន្ទាប់ពី​ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ។ ក្រុមហ៊ុន​សាជីវកម្ម​ប្រេងកាត​ជាតិចិន (CNPC) ក្រោយមក​បាន​គំរាម​ចូលមក​ជំនួស​ក្រុមហ៊ុន Total និង​យក​ភាគហ៊ុន​ទាំងអស់​របស់ Total នៅក្នុង​គម្រោង​នេះ​។​

​ក្រុមហ៊ុន Total បានបង្ហាញ​នូវ​ហេតុផល​របស់ខ្លួន​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បង្ហាញ​ពី​ការប៉ះពាល់​ដល់ទី​ផ្សា​ររ​បស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​។​

​ក្រុមហ៊ុន​បានបញ្ជាក់​ថា “​ក្រុមហ៊ុន Total តែងតែ​បញ្ជាក់​ច្បាស់​ណាស់​ថា ខ្លួន​មិនអាច​រង​នូវ​ការដាក់ទណ្ឌកម្ម​បន្ទាប់បន្សំ​បានទេ ដែល​អាច​រាប់បញ្ចូល ការខាតបង់​ប្រាក់កម្ចី​ជា​ប្រាក់​ដុល្លារ​ពី​សំណាក់​ធនាគារ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​ទូទាំង​ពិភពលោក​របស់ខ្លួន (​ធនាគារ​អាមេរិក​ចូលរួម​ច្រើនជាង ៩០​ភាគរយ​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ Total) ការបាត់បង់​ភាគ​ទុ​និក​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក (​ភាគ​ទុ​និក​នៅ​អាមេរិក​មាន​ជាង ៣០​ភាគរយ​នៃ​ភាគហ៊ុន​សរុប​) ឬ​ការ​អសមត្ថភាព​ក្នុង​ការបន្ត​ប្រតិបត្តិការ​របស់ខ្លួន​នៅ​អាមេរិក​បានទេ (​ទ្រព្យសកម្ម​នៅ​អាមេរិក​តំណាងឱ្យ​ដើមទុន​ប្រមាណ​ជាង ១០ ពាន់​លាន​ដុល្លារ​)” ។​

​រដ្ឋមន្ត្រីក្រសួង​ប្រេង​អ៊ីរ៉ង់​លោក ប៊ី​ចណាន់ ហ្សា​ន់​ហ្គា​ណេ បានផ្តល់​រយៈពេល​អនុ​គ្រោះ ៦០ ថ្ងៃ​ដល់​សហភាព​អឺរ៉ុប​ដើម្បី​ចរចារ​ជាមួយ​សហរដ្ឋអាមេរិក បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​ដកចេញ​ពី​គម្រោង South Pars តែម្តង​។ នេះ​បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ចាត់វិធានការ​ដើម្បី​ការពារ​ការវិនិយោគរ​បស់​ខ្លួន​។ ការគំរាមកំហែង​រប​ស់​ចិន​ក្នុងការ​ទិញយក​វាល​ឧស្ម័ន​ធម្មជាតិ​របស់​អ៊ីរ៉ង់​រឹត​បន្ថែម​សន្ទុះ​ចិត្ត​របស់​សហភាព​អឺរ៉ុប​។​

​លោក​ហ្សា​ន់​ហ្គា​ណេ​បានទាមទារ​យ៉ាង​ដូច្នេះ “​ក្រុមហ៊ុន Total មាន​ពេល ៦០ ថ្ងៃ​ដើម្បី​ចរចា​ជាមួយ​រដ្ឋបាល​អាមេរិក ខណៈ​រដ្ឋាភិបាល​បារាំង​ក៏​អាច​ប្រើពេល ៦០ ថ្ងៃនេះ​ដើម្បី​ចរចា​ជាមួយ​រដ្ឋបាល​អាមេរិក​ផងដែរ ដូច្នេះ Total អាច​បន្ត​នៅ​អ៊ីរ៉ង់​។ ប្រសិនបើ​រដ្ឋបាល​អាមេរិក​មិន​យល់​ព្រមឱ្យ Total បន្ត​នៅ​អ៊ីរ៉ង់ នោះ​ចិន​នឹង​ជំនួស​ក្រុមហ៊ុន​នេះ​”​។​

​សហភាព​អឺរ៉ុប​ក៏បាន​ចេញផ្សាយ​នូវ​បញ្ជី​នៃ​ដំណាក់កាល​ជា​ជំហានៗ​របស់ខ្លួន​ផងដែរ​ដើម្បី​ការពារ​ផលប្រយោជន៍​អាជីវកម្ម​របស់ខ្លួន​ហើយ​មានបំណង​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង JCPoA បន្ទាប់ពី​ការអនុវត្ត​លក្ខន្តិកៈ​ទ​ប់​ស្កាត់​របស់ខ្លួន​។​

​ឯកសារ​របស់​សហភាព​អឺរ៉ុប​បាន​លើកឡើងថា “​ដរាបណា​អ៊ីរ៉ង់​គោរព​ការប្តេជ្ញាចិត្ត​របស់ខ្លួន សហភាព​អឺរ៉ុប​នឹង​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែលមាន​សារៈសំខាន់​សម្រាប់​ការ​រ​ក្សា​សន្តិភាព​នៅក្នុង​តំបន់​និង​នៅលើ​ពិភពលោក​។ ប៉ុន្តែ​ទណ្ឌកម្ម​របស់​អាមេរិក​នឹងមិន​មែន​ថា​គ្មាន​ផលប៉ះពាល់​នោះឡើយ​។ ដូច្នេះ​យើង​ដែលជា​គណៈកម្មការ​និង​សហភាព​អឺរ៉ុប មាន​ភារកិច្ច​ធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ការពារ [​អាជីវកម្ម​] របស់​យើង ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម​”​។​

​គេ​មិន​ប្រាកដថា​តើ​សហភាព​អឺរ៉ុប​នឹង​អនុវត្ត​វិធានការ​ទាំងនេះ​ដោយ​ជោគជ័យ​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​តាមរយៈ​ការធ្វើ​ដូច្នេះ វា​នឹង​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ទៅកាន់​រដ្ឋបាល​ត្រាំ​ថា សហភាព​អឺរ៉ុប​មាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ការពារ​។ ទាំង​ប្រទេស​ចិន​និង​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ថាមពល​របស់​អ៊ីរ៉ង់​ហើយនឹង​មិន​បោះបង់ចោល​ងាយៗ​នោះឡើយ​នូវ​គម្រោង South Pars ដ៏​ធំ​នោះ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី sputniknews.com