តើ​ជា​បណ្តាសា​នយោបាយ​ទេ​ដឹង​?

833
ចែករម្លែក

​យើង​មិន​មានបំណង​និយាយ​ចំអក​ទេ ប៉ុន្តែ​បើ​នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ​យើង​សូម​ចូល រួម​សម្តែង ការឈឺចាប់ សម្តែង​ការខកចិត្ត និង​ធ្វើការ​ថ្កោលទោស​ដោយ​មិន​ប្រណី ឡើយ ។ ព័ត៌មាន​មួយ​បាន​លេច ឡើង​នៅលើ​ទំព័រសារព័ត៌មាន​បរ​ទេស និង​បាន​ផ្សព្វ ផ្សាយ​ពាសពេញ​ពិភពលោក​ថា ប្រទេស​ស្រីលង្កា​មាន គម្រោង​អនុញ្ញាតិ​ឲ្យ​សហរដ្ឋ អាម៉េរិក​បង្កើត​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​នៅលើ​ទឹកដី​របស់ខ្លួន ។ ភ្លាមៗ​នោះ លោក រ៉ានី​ល វី​ក្រេ​មេ​ស៊ី​ញ នាយករដ្ឋមន្ត្រី​ស្រីលង្កា បានប្រកាស​បដិសេធន៍​យ៉ាង​ដាច់​អហំកា ថា រដ្ឋាភិបាល​របស់លោក​ពុំដែល​មាន​ផែនការ​សម្ងាត់​ណាមួយ ដើម្បី​អនុញ្ញាតិ​ឲ្យ បរទេស​មក​បង្កើត​មូលដ្ឋាន​យោធា​អចិន្ត្រៃយ៍​របស់លោក​ឡើយ ។ ដោយឡែក​លោក ស្រី អា​ឡេ​ណា ថេ​ប្លី​ត ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​បរទេស​ស្រីលង្កា​ក៏បាន ច្រានចោល​ព័ត៌មាន​នេះ និង​បានប្រកាសថា ទីក្រុង​វ៉ាស៊ីនតោន​មិនដែល​មានបំណង ណាមួយ ក្នុងការ​បង្កើត​មូលដ្ឋាន​កងទ័ព​នៅលើ​ទឹក​ដី​ស្រីលង្កា​ឡើយ ។ ចំណែក​លោក នាយករដ្ឋមន្ត្រី វី​ក្រេ​មេ​ស៊ី​ញ បានបញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លេចឡើង​នូវ​ដំណឹង នេះ គឺ​ដោយសារតែ​គូប្រឆាំង​ខាង​នយោបាយ​របស់លោក​បំផុស​ពាក្យ​ចចាមអារ៉ាម​នេះ ធ្វើជា​ល្បែង​នយោបាយ ។
​ ​
​ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ព័ត៌មាន​ប្រឌិត​អំពី​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​ក៏ត្រូវ បាន​គេ​បំផុស​ឡើង ដើម្បី​មួលបង្កាច់ និង​ប៉ុនប៉ង​ធ្វើ​អ្វីមួយ ដើម្បី​បង្កើត​ឲ្យ​មាន​ចលាចល និង​អស្ថិរភាព ។ អ្នក​ដែល​បង្កើត​សេណារីយោ​រឿងនេះ គឺ​មន្ត្រី​អាមេរិក​មួយចំនួន ហើយ​ដែល​គេ​ធ្វើ​ឡើងជា​ជំហាន​ដំបូង​តាមរយៈ​ការសរសេរ​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ទំព័រ​កាសែត ។ ករណី​ដំបូង​គេ​លើកឡើង​អំពី​គម្រោង​ដាក់តាំង​មូលដ្ឋាន យោធា​ចិន នៅ​ខេត្តកោះកុង ដោយ​ពួកគេ​បាន​ភ្ជាប់​បញ្ហា​នេះ​ទៅនឹង​តំបន់​អភិវឌ្ឍន៍ តារា​សាគរ ។ ទោះ យើង​ខំ​ពន្យល់​យ៉ាងណា ក៏​គេ​ធ្វើជា​មិន​យល់ ។

​តាមពិត​តំបន់​អភិវឌ្ឍន៍​តារា​សាគរ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group ដែលមាន​ទំហំ​ជាង​បួន​ម៉ឺន​ហិកតា គ្របដណ្តប់​លើ​ស្រុក​ចំនួន ពីរ​គឺ​ស្រុក​បុ​ទុម​សាគរ និង​ស្រុក គី​រី​សាគរ ។ ការវិនិយោគ​នេះ​ផ្តោតជាសំខាន់​ទៅលើ អាជីវកម្ម​ប្រភេទ​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលាន​វាយ​កូន​ហ្គោល​តំបន់ កម្សាន្ត​នៅតាម​ឆ្នេរសមុទ្រ កំពង់ផែ​ទឹក​ជ្រៅ សម្រាប់​នាវា​ដឹកទំនិញ​ខ្នាត​យក្ស និង​អាកាសយានដ្ឋាន ។​អាកាសយានដ្ឋាន​នេះ មានតម្លៃ​សាងសង់​៣,៨​ពាន់​លាន ដុល្លារ​ដែល អាច​ឲ្យ​យន្តហោះ​ប្រភេទ​ធំៗ ដែល​មកពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋ អាម៉េរិក​ផង​អាច​ចុះចត​បាន ។ អាកាសយានដ្ឋាន​នេះ​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែ ឧសភា ឆ្នាំ​២០២០​ខាងមុខ ។ តាម​ការប៉ាន់ស្មាន​នៅ​ឆ្នាំ​២០៣០ អ្នកដំណើរ​ឆ្លងកាត់ តំបន់​នេះ មាន​ចំនួន ៧៥​ម៉ឺន​នាក់ ឯការ​ដឹកទំនិញ​ប្រចាំ​ឆ្នាំមាន ៩​លាន​តោន​នៅ​ឆ្នាំ ២០៥០ អ្នកដំណើរ​ឆ្លងកាត់​មាន​ចំនួន ៤៤​លាន​នាក់ ឯ​ការដឹកជញ្ជូន​ទំនិញ​ប្រចាំឆ្នាំ មាន​ចំនួន ៣៦​លាន​តោន ។
​ ​
​យើង​មាន​ទឡ្ហីករណ៍​គ្រប់គ្រាន់​ក្នុងការ​ពន្យល់​បកស្រាយ​ប៉ុន្តែ​បែរជា​មិន​ស្តាប់​ហើយ​មក បង្កើត​រឿង​មូលដ្ឋាន​យោធា​ចិន​នៅ​រាម​មួយទៀត ។ តើ​គេ​មានបំណង​អ្វី​ពិតប្រាកដ​? ដូច​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ដែល​សម្តេច​បាន រំឭក​ព្រឹត្តិការណ៍​ក្នុងអំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ពួកគេ​បាន​ប្រឌិត​រឿង​ការតាំង​មូលដ្ឋាន កងទ័ព​បរទេស​នៅ​កម្ពុជា បន្ទាប់មក​រដ្ឋប្រហារ​មួយ ដោយ​ពួក​ក្បត់ជាតិ លន់ នល់ ដែលជា​កូន​ចឹ​ង​របស់​អាមេរិក​ក៏បាន​កើតឡើង​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ។ នៅពេលនេះ តើ​គេ​ប៉ង​លេងល្បែង​នេះ​ម្តងទៀត​ឬ​?
​ ​
​ក្នុងឋានៈ​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យ​ជាតិ​ពេញលេញ ព្រះរាជាណាចក្រ កម្ពុជា​មានបំណង​តែមួយគត់​ក្នុងការ​ចងមិត្ត​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ដោយ​ស្មើ​សិទ្ធិ ស្មើភាព ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ មិន​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ហើយ​គោ រព​គ្នា​ទៅវិញទៅមក ។ ក្នុងន័យនេះ យើង​ក៏​សូម​ចូលរួម​ការឈឺចាប់​ជាមួយ​សហរដ្ឋអាមេរិក និង​ស្រីលង្កា ផងដែរ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​ចុះផ្សាយ​បំផ្លើស​ថា​សហរដ្ឋ​អាម៉េរិក​មាន ផែន​ការតាំង​មូលដ្ឋាន​យោធា​នៅលើ​ទឹកដី​ស្រីលង្កា ។ ប៉ុន្តែ​អ្វីដែល​យើង​ចង់​សួរ​នោះ គឺថា តើ​អស់លោកអ្នក​ទាំងនោះ ដឹង​ពី​អារម្មណ៍​ឈឺចាប់​របស់​កម្ពុជា​វិញ​ដែរឬទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ផ្សាយ​បំផ្លើស​អំពី​កម្ពុជា​នោះ ។ បើ​អស់លោកអ្នក យល់​មិនជា​បញ្ហា​អ្វី​ទេ បើ​ធ្វើជា​មិន​យល់​វិញ ប្រហែល​នោះ​គឺជា​បណ្តាសារ​នយោបាយ សម្រាប់​អស់លោកអ្នក​ហើយ ៕ ដោយៈ​លី​ទួង​