តើ​ដូណាល់ ត្រាំ នឹង​ត្រូវ​ព្រឹទ្ធសភា​ចោទ​ទោស​ទម្លាក់​ពី​តំណែង​ទេ​?

425
ចែករម្លែក

​សវនាការ​ចោទ​ទោស​ទម្លាក់​ងារ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ព្រឹទ្ធសភា បាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ថ្ងៃ​១៦​មករា ដូច្នេះ​តើ​អ្នក​ដឹង​ទេ​ហេតុអ្វី​បានជា​ត្រាំ​​ត្រូវ​ចោទប្រកាន់ និង​តើ​លោក​អាច​អង្គុយ​កៅអី​សេត​វិមាន​បាន​តទៅទៀត​ទេ​?

​សភា​អាម៉េរិក​កាលពី​ថ្ងៃ​១៨​ធ្នូ​បាន​បោះឆ្នោត​ចោទប្រកាន់ប្រ​ធានាធិ​តី​អាម៉េរិ​កលោក ដូ​ណា​ល់ ត្រាំ និង​កាលពី​ថ្ងៃ​ពុធ​ទី​១៥​មករា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​​ឯកសារ​ចោទប្រកាន់​ទៅកាន់​ព្រឹទ្ធសភា​សំរាប់​បើកសវនាការ​។​

​ក្នុង​សន្និសីទកាសែត​មួយ​មុន​ការចុះហត្ថលេខា​លើ​ឯកសារ​ចោទប្រកាន់ ប្រធាន​សភា​លោក​ស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​និយាយថា​«​ថ្ងៃនេះ​យើង​នឹង​សាង​ប្រវត្តិ​​សាស្ត្រ​។​យើង​នឹង​បញ្ជូន​ឯកសារ​ចោទ​ទោស​ទម្លាក់​តំណែង​ប្រធានាធិបតី​អាម៉េរិក ចំពោះ​ការរំលោភ​អំណាច​ប្រធានាធិបតី និង​រារាំង​កិច្ចការ​សភា​»​។​

​លោក​ត្រាំ ប្រឈម​ការចោទប្រកាន់​ថា​រំលោភ​អំណាច ដោយសារ​តែ​បាន​ស្នើសុំ​អោយ​អ៊ុយ​ក្រែន​ស៊ើបអង្កេត​គូប្រជែងន​យោបា​យរបស់​លោក គឺ​បេក្ខជន​ប្រធានា​​ធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ លោកចូ បៃ​ដិន​។​លោក​ក៏​នឹង​ប្រឈម​ការចោទប្រកាន់​មួយ​ទៀត​ចំពោះ​ការរារាំង​សភា ដោយបាន​រាំងខ្ទប់​សក្ខីកម្ម​និង​ការ​ប​​ញ្ចេ​ញ​ឯកសារ​ដែល​ពួក​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ស្វះស្វែង​រក​។​

​ឥឡូវ​លោក​ត្រាំ ចូលរួម​ជាមួយ​អតីត​ប្រធានាធិបតី​អ៊ែន​ឌ្រូ ច​ន​សុន និង​ប៊ីល គ្លី​ន​តុ​ន ក្នុងនាម​ជា​ប្រធានាធិបតី​អាម៉េរិក​ដែល​ត្រូច​សភាចោ​ទទោស​ទម្លាក់​តំ​​ណែ​ង​។​

​ទោះជា​យ៉ាងណា ដើម្បី​អាច​បណ្តេញ​ប្រធានាធិបតី​ម្នាក់​ចេញ​បាន ព្រឹទ្ធសភា​ត្រូវ​បើក​សវនាការ​សួរដេញដោល​និង​បោះឆ្នោត​ទម្លាក់​។​ក្នុងករណី លោក​ច​ន​សុន និង ​ប៊ី​ល គ្លី​ន​តុ​ន អ្នក​ទាំង​ពីរ​ត្រូវ​ព្រឹទ្ធសភា សំរេច​អោយ​រួច​ការចោទប្រកាន់​។​

​តាម​ពិត​ទៅ​សភា​ដែល​គ្រប់គ្រង​ដោយ​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង បាន​បោះឆ្នោត​ចោទប្រកាន់​ត្រាំ​កាលពី​ខែ​មុន ហើយ​លោក​​ត្រូវ​សំរេច​ជោគវាសនា​នៅ​ព្រឹទ្ធសភា ដែល​មាន​សមាជិក​សាធារណរដ្ឋ​ភាគច្រើន​គឺ​៥៣ ក្នុងចំណោម​មានជិក​ព្រឹទ្ធសភា​១០០​រូប​។​

​ដើម្បី​អាច​ទម្លាក់​ប្រធានាធិបតី​តាម​ដំណើរការ​នេះ​បាន វា​ទាមទារ​សម្លេង​បោះឆ្នោត​ប្រឆាំង​លោក​២​ភាគ​៣​នៅក្នុង​ព្រឹទ្ធសភា ដូច្នេះ​ពួក​សមាជិក​មកពី​គណបក្ស​​លោក​ត្រាំ ទំនងជា​នឹង​មិន​បោះឆ្នោត​បណ្តេញ​លោក​ទេ​។​

​ឥឡូវ​ឯកសារ​ចោទប្រកាន់​ត្រាំ​ត្រូវ​បញ្ជូន​ទៅ​អោយ​ព្រឹទ្ធសភា​រួចហើយ​ហើយ​សវនាការ​នឹង​ត្រូវ​មើល​ការខុសត្រូវ​ដោយ​ប្រធាន​តុលាការ​កំពូល​អាម៉េរិក​និង​នាយក​​ចោទ​ទោស​ទម្លាក់​តំណែង​៧​រូបទៅពីសភា ៕ដោយ​៖​វាសនា​

ឯកសារ​ចោទប្រកាន់​លោក​ត្រាំ ត្រូវបាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​១៥​មករា ក្រោយ​ប្រធានសភា ចុះហត្ថលេខា​លើ​វា​