តើ​ដំណើរ​សម្របសម្រួល​រប​ស់អា​បេនៅ​អ៊ីរ៉ង់​ទទួលជោគជ័យ​ទេ​?

164
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ ត្រូវ​ទៅ​ទស្សនកិច្ច​អ៊ីរ៉ង់ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​១២​មិថុនា​ក្នុងនាម​ជា​អ្នកដឹកនាំ​សម្របសម្រួល​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក​។​សហគមន៍​​អន្តរជាតិ ហាក់ដូចជា​ស្វាគមន៍​ដំណើរ​របស់​លោក ដោយសារ​គ្មាន​នរណា​ចង់​ឃើញ​ភាព​តានតឹង ឬ​ជម្លោះ​ដែល​អាច​កើតមាន​នៅ​មជ្ឈិម​បូព៌ា​។​សំណួរ​សួរថា​ហេតុអ្វី​បានជា​អាបេ​​ធ្វើ​ការងារ​នេះ និង​អាច​សំរេច​ជោគជ័យ​ដែរឬទេ​?​។​

​ពិតណាស់ វា​ស្ថិត​ក្រោម​សំណើ​និង​ការអនុញ្ញាត​ពី​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ដែល​យល់​ថា​ការ​ដាក់​សម្ពាធ​អតិបរមា​របស់លោក​មិន​មាន​ប្រសិទ្ធភាព​ជាមួយ​អ៊ីរ៉ង់​ឡើយ ​និង​អាច​នាំ​ទៅ​ដល់​សង្គ្រាម​ថែម​ទៀត​។​

​ប្រធានាធិបតី ត្រាំ បាន​ពោល​យ៉ាងច្បាស់​ថា កិច្ចពិភាក្សា​ជា​ជំរើស​មួយ​និង​ថា​«​ខ្ញុំ​ពិតជា​ជឿ​ថា​អ៊ីរ៉ង់​ក៏​ចង់​ពិភាក្សា​ដែរ​។​បើ​គេ​ចង់​ពិភាក្សា​ក៏​ពិភាក្សា​ទៅ យើង​ក៏​ចង់​ពិភាក្សា​ដែរ​»​។​

​ពិត​ហើយ អ៊ីរ៉ង់​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​មហាអំណាច​ពិភពលោក​នេះ​ដែរ​។​

​ភាគី​ទាំងពីរ​ត្រូវការ​ផ្លូវ​ធ្វើដំណើរ​ចូល​មួយ​ដោយ​មិន​អោយ​បាក់​មុខមាត់​ទាំងសងខាង និង​ត្រូវការ​មនុស្ស​សមស្រប​សំរាប់ធ្វើ​ជា​អន្តរការី​។​ពួកគេ​ធ្លាប់​មាន​កិច្ចពិភាក្សា​៦​ភាគី​ជា​​មួយ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ចិន តែ​ពួកគេ​ក៏​លេង​សមស្រប​សំរាប់​ដើរតួនាទី​នោះ​ក្រោយ​កិច្ចព្រមព្រៀង​ដែល​ពួកគេ​បាន​ចូលរួម​សំរេច​ឡើង​ត្រូវ​លោក​ត្រាំ​លុបចោល​។​​ជាងនេះទៀត លោក​ត្រាំ​ស្អប់​កិច្ចពិភាក្សា​ពហុភាគី​។​គំនិត​របស់​លោក​គឺថា ផ្ចាស់​សត្រូវ​តាមរយៈ​កិច្ច​ពិភាក្សាផ្ទា​ល់​។​

​ប្រធានាធិបតី ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អាបេ

​ដូច្នេះ​នេះ​នែ លោក​អាបេ​ដែល​ជា​មិត្ត​និង​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​ត្រាំ​និង​ក៏​ជា​ម្ចាស់​ចំណែក​សំខាន់​ម្នាក់​ដែរ​នៅ​មជ្ឈិម​បូព៌ា បាន​ហក់​ចូល​ធ្វើ​ជា​អ្នកសម្របសម្រួល​។​ការផ្គត់ផ្គង់​​ប្រេង​របស់​ជប៉ុន​ពឹង​លើ​ការ​នាំចូល​ពី​មជ្ឈិម​បូព៌ា ដូច្នេះ​មជ្ឈិមបូព៌ា​មាន​ស្ថេរភាព​និង​សន្តិភាព​មួយ​មាន​សារសំខាន់​ណាស់​ចំពោះ​ជប៉ុន​។​

​យោង​តាម​ស្ថិតិ មុន​ឆ្នាំ​២០១២ ជប៉ុន​ពឹង​លើ​ការ​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់ ដ៏​ខ្លាំង​។​ទោះជា​យ៉ាងណា កាលពី​ខែ​ឧសភា​មុននេះ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បានបញ្ចប់​កិច្ចសហប្រតិបត្តិការ​​ប្រេង​ជាមួយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ ដើម្បី​កុំអោយ​ខ្លួន​រង​ការពិន័យ​របស់​អាម៉េរិក​ដោយសារ​តែ​រំលោភ​ទណ្ឌកម្ម​។​និយាយ​អោយ​ចំហ​ទៅ គឺថា ជប៉ុន​បាន​រក្សា​ទំនាក់ទំនង​អ​ព្យា​​ក្រិត​ជាមួយ​ប្រទេស​ជាច្រើន​នៅ​មជ្ឈិមបូព៌ា រួម​ទាំង​អ៊ីស្រាអែល ភាគច្រើន​ដោយសារ​តែ​ប្រេង​។​

​បើ​ជា​លក្ខណៈ​បុគ្គល លោក​អាបេ មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​អស់​ពេល​រាប់​ឆ្នាំ​មកហើយ តាំងពី​ឪពុក​របស់​លោក គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស​ស៊ីន​តា​រ៉ូ អាបេ បាន​ព្យាយាម​សម្រប​​សម្រួល​ការចរចា​សង្គ្រាម​អ៊ីរ៉ាក់​អ៊ីរ៉ង់ និង​លោក​អាបេ​គ្រា​នោះ​បាន​ធ្វើ​ជា​លេខា​របស់​ឪពុក​លោក​។​

​សុភាសិត​មួយ​ចែងថា​«​ជួយ​គ្នា​ក្នុង​គ្រាក្រ សំគាល់​មិត្ត​ល្អ​ក្នុង​គ្រា​អាសន្ន​»​ពិតជា​ត្រឹមត្រូវ​មែន​។​វា​ទំនងជា​លោក​អាបេ​នឹង​ខិតខំ​អស់​ពី​សមត្ថភា​ព​ដើម្បី​មិត្ត​អាម៉េរិក​។​លោក​អាច​នាំ​​ភាគី​ទាំង​ពីរ​វិល​ទៅរក តុ​ចរចា​ដោយសារតែ​ពួកគេ​ទាំងពីរ​ត្រូវការ​ការជួយ​លើក​មុខមាត់​សំរាប់​ការប្រឈមមុខ​គ្នា​បច្ចុប្បន្ន​។​

​វា​នឹង​ជា​រឿងនិទាន​ដ៏​ជោគជ័យ​ណាស់​មួយ ប្រសិន​បើ​អាបេ​អាច​អញ្ជើញ​មេដឹកនាំ​អ៊ីរ៉ង់​និង​អាម៉េរិក​មក​អង្គុយ​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​នៅ​ជប៉ុន​ឬ​ប្រទេស​ណាមួយ​ផ្សេង តែបើ​​អាច តើ​វា​នឹង​បង្កើតបាន​កិច្ចព្រមព្រៀង​ណាមួយ​ប្រសើរ​ជាង​កិច្ចព្រមព្រៀង​មួយ​ដែល​អាម៉េរិក​បោះចោល​ទៅហើយនោះ​។​

​ប្រឈម​នឹង​ជម្លោះ​ផលប្រយោជន៍​ធ្ងន់ធ្ងរ​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់ ពេល​នេះ​ពិភពលោក​កំពុង​សម្លឹង​ទៅ​អាបេ​ថា​តើ​លោក​នឹង​ជា​អន្តរការី​ដ៏​ជោគជ័យ​ម្នាក់​ដែរ​ឬទេ​៕

​ប្រែ​សម្រួល​ពី CGTN​ដោយៈ​វាសនា​