តើ​ទស្សនកិច្ច​របស់​ពូ​ទីន​ទៅកាន់​ប្រទេស​ឥណ្ឌា​អាចជា​ព្រួញ​មួយ​បាញ់​បាន​ចាប​២​ទេ​?

3675
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ញូ​វ​ដេលី​នៅ​សប្តាហ៍​នេះហើយ​វិមាន​ក្រឹម​ឡាំង​បាន​បញ្ជាក់ថា ពាណិជ្ជកម្ម​សព្វាវុធ​នឹង​គ្របដណ្ដប់​លើ​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។ ជាពិសេស កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​មានតម្លៃ ៥,៤៣ ពាន់​លាន​ដុល្លារ​ដើម្បី​ផ្តល់ឱ្យ​កងវរសេនាធំ​ឥណ្ឌា​ចំនួន​៥​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ថ្មី S-400 ដ៏​ទំនើប​។​

​ប្រទេស​ឥណ្ឌា​ពុំមាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​គួរឱ្យ​ជឿជាក់​ណាមួយ​ទេ ដោយ​ពឹង​ផ្អែកលើ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ដើម្បី​ផ្តល់នូវ​ការការពារ​ប្រឆាំងនឹង​យន្តហោះ​សត្រូវ​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​អួតថា​ប្រព័ន្ធ S-400 ជា​ខែល​ការពារ​អាកាស​ល្អ​បំផុត​នៅលើ​ពិភពលោក ដោយ​អះអាងថា វា​អាច​បាញ់​ស្ទាក់ចាប់​មី​ស៊ី​ល​ធម្មតា​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ និង​អាច​ស្ទាក់ចាប់​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចម្ងាយ​មធ្យម​បាន​ចម្ងាយ ៦០ គីឡូម៉ែត្រ​។​

​ក្រៅពី​ប្រព័ន្ធ​មី​ស៊ី​ល S-400 កិច្ចសន្យា​មួយ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់​នាវាចម្បាំង​ថ្មី​ចំនួន ៤ គ្រឿង ហើយ “​ផែនទី​បង្ហាញផ្លូវ​” នៃ​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​នុយក្លេអ៊ែរ​រវាង​ឥណ្ឌា​និង​រុស្ស៊ី​នាពេល​អនាគត​ត្រូវបាន​ត្រៀម​រួចជាស្រេច​សម្រាប់​ការអនុម័ត​។​

​វា​ហាក់​សម​ហេតុ​សម​ផល​ចំពោះ​ឥណ្ឌា​ក្នុង​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​យុទ្ធសាស្ត្រ S-400 ដើម្បី​បង្កើតជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ការពារ​អាកាស​/​លំហ​អាកាស​ជាតិ​នាពេល​អនាគត​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​ទិញ​អាវុធ​ថ្មី​របស់​រុស្ស៊ី​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថ្មីៗ​នេះ​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​សម្រាប់​ការទិញ​ខែល​ការពារ​អាកាស S-400 និង យន្ដហោះ​ចម្បាំង​ធុន Su-35​។ ផែនការ​ទិញ​សព្វាវុធ​របស់​ឥណ្ឌា​ពី​រុស្ស៊ី​អាច​ត្រូវបាន​បកស្រាយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា​ជា​ទង្វើ​ជំទាស់​ប្រឆាំង​។​

​ប្រទេស​ឥណ្ឌា​បាន​ក្លាយជា​ដៃគូ​រុស្ស៊ី (​សូ​វៀត​) ដ៏​សំខាន់​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​និង​ជា​អតិថិជន​ដ៏​សំខាន់​នៃ​អាវុធ​និង​បច្ចេកវិជ្ជា​ការពារជាតិ​របស់​រុស្ស៊ី​។​

​កងកម្លាំងប្រដាប់អាវុធ​សំខាន់​របស់​កងទ័ព​ឥណ្ឌា​គឺ​កំពុង​ប្រើ​រថក្រោះ​រុស្ស៊ី កងទ័ពអាកាស​របស់​ឥណ្ឌា​ក៏​ប្រើ​យន្តហោះ​របស់​រុស្ស៊ី ហើយ​កងទ័ពជើងទឹក​ឥណ្ឌា​កំពុង​ប្រើ​នាវាមុជទឹក​រុស្ស៊ី (​រួមទាំង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​តែ​១​គត់​របស់​ឥណ្ឌា​) ហើយ​នាវាចម្បាំង និង នាវា​ផ្ទុក​យន្តហោះ INS Vikramaditya ក៏​ផលិត​នៅ​រុស្ស៊ី​ដែរ​។ អស់​ជាច្រើន​ឆ្នាំ​មកនេះ ប្រទេស​រុស្ស៊ី​បាន​បង្កើត​នូវ​ទំនាក់ទំនង​ក្រៅផ្លូវការ​ដ៏​ល្អឥតខ្ចោះ​ជាមួយ​កងទ័ព​ឥណ្ឌា​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ឥណ្ឌា​។​

​បន្ទាប់ពី​សហភាពសូវៀត​បាន​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​នៅ​ទីបំផុត​បាន​ដួលរលំ​នោះ តុល្យភាព​នៃ​អំណាច​នៅ​ទ្វីបអាស៊ី​បានចាប់ផ្តើម​ផ្លាស់ប្តូរ : ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​កាន់តែ​ជិតស្និទ្ធ​របស់​រុស្ស៊ី ខណៈ​ទំនាក់ទំនង​រវាង​វ៉ាស៊ីនតោន​និង​ឥណ្ឌា​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។​

​សហរដ្ឋអាមេរិក​បាន​ក្លាយទៅជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​ដល់​ប្រទេស​ឥណ្ឌា ខណៈដែល​រុស្ស៊ី​ត្រូវបាន​រុញច្រាន​ចេញពី​ទីផ្សារ​ដែល​ខ្លួន​តែងតែ​ផ្គត់ផ្គង់​អាវុធ​ឱ្យ​។ ប្រយោគ​ដ៏​វឹកវរ “​យើង​កំពុង​បាត់បង់​ប្រទេស​ឥណ្ឌា​ហើយ​!” បាន​ក្លាយជា​ប្រយោគ​ដ៏​ពេញនិយម​នៅក្នុង​ទីក្រុង​មូ​ស្គូ​។ ហើយ​នេះ​មិនមែន​គ្រាន់តែ​ជាការ​បាត់បង់​ប្រាក់​រាប់​ពាន់​លាន​លើ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​នោះទេ​។​

​យុទ្ធសាស្ត្រ​ត្រីកោណ​រវាង​ប៉េកាំង ញូវដែលី និង​មូ​ស្គូ ដែល​ជំរុញ​ផ្សព្វផ្សាយ​ជា​លើកដំបូង​ដោយ​អតីត​នាយករដ្ឋមន្ត្រី យេ​វ​ជេ​នី ព្រី​ម៉ា​កូវ (Yevgeny Primakov) នៅ​ទសវត្សរ៍​ឆ្នាំ ១៩៩០ នៅតែ​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ទីក្រុង​មូ​ស្គូ​ថា​ជា​មធ្យោបាយ​មួយ​សម្រាប់​ប្រទេស​អាស៊ី​សំខាន់​ទាំង​៣​ដើម្បី​រក្សា​ស្ថិរភាព​ទ្វីបអាស៊ី​និង​រឹតត្បិត​ឥទ្ធិពល​អំណាច​ដ៏​ប្រល័យ​ពី​ខាងក្រៅ ជាពិសេស សហរដ្ឋអាមេរិក​។​

​អង្គការ BRICS ត្រូវបាន​គេ​មើលឃើញថា​ដំណាក់កាល​ដំបូង​គេ​នៃ​យុទ្ធសាស្ត្រ “​ត្រីកោណ​នេះ​” ហើយ​មូ​ស្គូ​បាន​បញ្ចុះបញ្ចូល​យ៉ាងខ្លាំង​ដើម្បី​ពង្រីក​អង្គការ​សេដ្ឋកិច្ច និង​សន្តិសុខ​នេះ ដើម្បី​រួមបញ្ចូល​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ជា​មធ្យោបាយ​មួយទៀត​ដើម្បី​ឈានទៅ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ដូចគ្នា​។​

​ការខិតខំ​ប្រឹងប្រែងរ​បស់​អាមេរិក​ក្នុង​ការកសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​យោធា​ជាមួយ​ឥណ្ឌា គឺ​រុស្ស៊ី​មិន​ចង់​បានឡើយ ព្រោះ​វា​បំផ្លាញ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​រុស្ស៊ី ទោះបី​ទំនាក់ទំនង​នេះ​ធ្វើឡើង​ដើម្បី​ប្រឆាំង​ចិន​ក៏ដោយ​។ ក្នុងអំឡុង​ទស្សនកិច្ច​នៅ​ក្រុង​ញូវដែលី​នៅ​សប្តាហ៍​នេះ​ជាមួយ​គណៈប្រតិភូ​រដ្ឋមន្ត្រី​និង​ពាណិជ្ជករ​លំដាប់​កំពូល​ទ្រង់ទ្រាយ​ធំ លោកពូ​ទីន​សង្ឃឹមថានឹង​ទទួលបាន​ការជំរុញ​ដ៏​សំខាន់​ក្នុង​វិស័យ​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​។​

​លទ្ធភាព​ទទួលបាន​ផលចំណេញ​គឺមាន​ខ្ពស់​។ ប្រសិនបើ​សហរដ្ឋអាមេរិក​ធ្វើតាម​ការសន្យា​របស់ខ្លួន​និង​ដាក់ទណ្ឌកម្ម​ពិន័យ​ទៅលើ​ប្រទេស​ឥណ្ឌា​សម្រាប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​សំខាន់ៗ​ជាមួយ​រុស្ស៊ី នោះ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ឥណ្ឌា​អាច​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ហើយ​មូ​ស្គូ​អាច​ទទួលបាន​ផលចំណេញ​ទ្វេដង គឺ ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ​ពី​ពាណិជ្ជកម្ម​សព្វាវុធ និង​ការ​បន្សាប​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​ឧបទ្វីប​ឥណ្ឌា ដែល​បាន​កើន​ឡើងជា​លំដាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព ៖ CGTN

លោកពូ​ទីន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ក្នុង​សប្តាហ៍​នេះ
#