តើ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​កម្ពុជា មាន​យុត្តិធម៌​សង្គម ដូច​រឿង​ប៉ាវ​ចិន​?

578
ចែករម្លែក

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU) ចំនួន ១.២៤៥ នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា​ត្រូវ​កែទម្រង់តុលាការ និង​ស្វែងរក​យុត្តិធម៌​សង្គម​ឲ្យ​បាន​។ នោះ​គឺ​តុលាការ ត្រូវធ្វើ​ឲ្យ​ដូច​តុលាការក្នុង​រឿង​ភាគ​ចិន “​ប៉ាវ​ចិន​”​។​
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែ​នាំឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក ចាក់​បញ្ចាំង​រឿង ប៉ាវ​ចិន​មួយ​ភាគៗ​មុនពេល​សម្រាក​រៀងរាល់​យប់​។​ការចាក់​បញ្ចាំង​រឿង​ប៉ាវ​ចិន​តាម​ទូរទស្សន៍ ដែល​សព្វថ្ងៃ​ទូរទស្សន៍​អន​ឡាញ ហ្វ្រេស​ញូ​វ (Fresh News) កំពុង​ចាក់ផ្សាយ​រៀងរាល់​យប់នោះ ត្រូវបាន​សម្តេច​ហ៊ុនសែន ចាត់ទុកថា ជាការ​ល្អ​ណាស់ ព្រោះ​កម្ពុជា​យើងចង់​កែទម្រង់​តុលាការ និង​រក​យុត្តិធម៌​សង្គម​ឲ្យ​បាន​។ អ៊ីចឹង មានតែ​ដាក់​កុន​ប៉ាវ​ចិន ឲ្យ​មើល​តែម្តង​។​
​ ​
​ជា​ការពិតហើយ ក្នុង​រឿង​ភាគ​ចិន “​ប៉ាវ​ចិន តុលាការ​មុខ​ដែក​” ដែល​ល្បីល្បាញ​ក្នុងប្រវត្តិសាស្ត្រ​ចិន និង​ល្បីល្បាញ​ទាំង​រឿងកុននៅ​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក គឺ​ប៉ាវ​ចិន ជា​តុលាការ ដែល​កាត់ក្តី​ដោយ​យុត្តិធម៌ មិន​ខ្លាច​អំណាច​មន្ត្រី​ណា​ទាំងអស់ រហូតដល់​រាជវង្សានុវង្ស ឲ្យ​តែ​ធ្វើ​ខុសច្បាប់ គឺ​ត្រូវតែ​កាត់ទោស​ហើយ​ប្រហារជីវិត ដោយ​គ្មាន​ការយោគយល់​ឡើយ​។​
​ ​
​និយាយ​ពី​សង្គម​កម្ពុជា មតិ​មហាជន​សព្វថ្ងៃ និយាយ​ពី​រឿងក្តី​នៅ​តុលាការ គឺ​ម្នាក់ៗ ចាប់ផ្តើម​ខ្លាច ដោយសារតែ​ត្រូវ​លុយ ហើយ​អ្នកមាន​លុយ មានអំណាច តែងតែទទួលបាន​យុត្តិធម៌ គឺ​ឈ្នះក្តី​ជានិច្ច​។ នេះ​ជាការ​ពិត នៅក្នុង​សង្គម​កម្ពុជា ដែល​ថ្នាក់ដឹកនាំ ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានទទួល​ស្គាល់​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឧ​ត្ត​មក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​សប្តាហ៍​មុន​ថា តុលាការ​នៅ​កម្ពុជា គឺ​សម្បួរ​ទៅដោយ​អំពើពុករលួយ និង​កាត់ក្តី​មិន​ផ្តល់​យុត្តិធម៌​សង្គម ១០០​ភាគរយ ឡើយ​។​

​ដូច្នេះ​តាម​មតិ​មហាជន គឺ​មានតែ​បោសសម្អាត​ជន​ពុករលួយ​ពី​តុលាការ​ទេ​ទើប​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជាមានការ​កែប្រែ​។ ច្បាប់​មាន​គ្រប់គ្រាន់​ហើយ តែ​នៅលើ​អ្នកកាត់ក្តី ដែល​សព្វថ្ងៃ រត់ការ​តាំងពី​ក្រឡាបញ្ជី មេធាវី … ជាដើម សុទ្ធតែជា​អ្នក​ជើងសារ​រត់ការ ដើម្បី​ឲ្យ​គូភាគី​ឈ្នះ​រឿងក្តី​។​

​ម្យ៉ាងទៀត តាម​មហាជន​មួយចំនួន លើកឡើងថា បើ​ចង់​កែប្រែ​ឲ្យ​ស្ថាប័ន​តុលាការប្រកបដោយ​យុត្តិធម៌ និង​កាត់ក្តី មិន​លំអៀង នោះ​គឺ​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័ន​តុលាការ និង​ក្រសួងយុត្តិធម៌ មិនគួរ​ឲ្យ​មានឈ្មោះ​នៅក្នុង​គណបក្សនយោបាយ​ណា​ទេ​។

ជារួម មហាជន​មួយចំនួន លើកឡើងថា ការចាក់ផ្សាយ​រឿង​ប៉ាវ​ចិន តាម​ទូរទស្សន៍ ប្រហែលជា​មិនអាច​កែប្រែ​ប្រព័ន្ធយុត្តិធម៌នៅ​កម្ពុជា​យើង​បានទេ បើសិនជា​មិនមានយន្តការ និង​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ពី​រាជរដ្ឋាភិបាល ដែល​ត្រូវតែ​កែទម្រង់​ឲ្យតុលាការ​កាត់ក្តី​ដោយ​យ​ត្តិ​ធម៌ តម្លាភាព និង​មិន​ពុករលួយ​។​

​ដូច្នេះ មានតែ​បង្កើត​យន្តការ​ច្បាស់លាស់ តាមដាន​តុលាការ​តាមរយៈ​ឧ​ត្ត​ម​ក្រុមប្រឹក្សា អង្គចៅក្រម គួរ​ដំណើរ​ការងារ​របស់ខ្លួន​ដោយ​ឯករាជ្យ មិន​លំអៀង ត្រួតពិនិត្យ និង​ចាត់ វិធានការ​លើ​មន្ត្រី​តុលាការ ដែល​ធ្វើ​ខុសច្បាប់​។ រីឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បន្តការងារ ឃ្លាំមើល និង​ដោះស្រាយ​បណ្តឹង ស្របតាម​កណ្តាប់ដៃ​ដែក​របស់ សម្តេច​តេ​ជោ ពិនិត្យ​ដាក់ទោស​លើ​មន្ត្រី​តុលាការ ដែល​ពុករលួយ ខិលខូច​កាត់ក្តី ដោយ​លំអៀង និង​ស៊ីសំណូក ជាដើម​។​

​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៏ត្រូវ​ដាក់ចេញ​នូវ​យន្តការច្បាស់លាស់​ដោយ​យក​គំរូ​តាម​តុលាការ​កាត់ទោស​ខ្មែរក្រហម ហើយ​អនុវត្ត​ន៍នៅតុលាការ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ធ្វើ​ឲ្យ​មហាជន ជឿជាក់​ឡើងវិញ​ថា តុលាការនឹង​អាច​រក យុត្តិធម៌​សង្គម​បាន​។ តែ​កំណែទម្រង់​ផ្នែក​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ​នេះ​ត្រូវការ ពេលវេលា និង​ឆន្ទៈ​ពិតប្រាកដ​របស់​ថ្នាក់ដឹកនាំ ទើប​អាច​សម្រេចបាន​៕ ដោយៈ ម៉េង​ឆៃ​/Ha