តើ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី​នឹង​ឈ្នះ​ការបោះឆ្នោត​អាណត្តិ​ទី​ពីរ​?

424
ចែករម្លែក
  • 7
    Shares

​ជាមួយនឹង​ការប្រកាស​អំពី​ការបោះឆ្នោត Lok Sabha (​សភា​ជាន់​ទាប​) លើក​ទី ១៧ ចាប់ផ្តើម​ពីថ្ងៃ​ទី ១១ ខែមេសា​ដល់​ថ្ងៃទី ១៩ ខែឧសភា​នៅក្នុង​ដំណាក់កាល​ចំនួន ៧ ប្រជាជន​ឥណ្ឌា​បាន​ចូលរួម​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​ស្ទើរតែ​ដូច​ទៅនឹង​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​ទៅហើយ​នៅក្នុង​ប្រទេស​។ ប៉ុន្តែ​សំណួរ​ដ៏​ធំ​ដែល​កំពុង​លេច​ស្រមោល​ស្ទុងៗ​នៅក្នុង​ប្រទេស​នាពេល​បច្ចុប្បន្ន​នេះ​គឺជា​សំណួរ​សាមញ្ញ​តែ​សំខាន់ គឺ តើ​នាយករដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី សម​នឹង​ទទួលបាន​អាណត្តិ​ទី ២ បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា​នយោបាយ​គាំទ្រ​ខ្លាំង​លើ​សាសនា​ហិណ្ឌូ ការ​ថ្លែង​អំពី​ការធ្វើ​សង្គ្រាម និង ការបំពេញ​សន្យា​មិនបាន​របស់​រដ្ឋាភិបាល​របស់លោក​ម៉ូ​ឌី​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងទៅ​?

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី

​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ ការតស៊ូ​នាពេល​ខាងមុខនេះ​នឹង​ក្លាយជា​ការបោះឆ្នោត​ស្មុគស្មាញ​មួយ ដែល​ក្នុងនោះ អ្នកបោះឆ្នោត ៩០០ លាន​នាក់​នឹង​បោះឆ្នោត​ដើម្បី​ទទួលបាន​ប្រទេស​ឥណ្ឌា​រួបរួម​ជា​ធ្លុង​មួយ​តាម​ការទាមទារ​របស់​ក្រុម​គណបក្សប្រឆាំង​របស់​ឥណ្ឌា ឬ​ដើម្បី​មោទនភាព​ជាតិ​ដែល​ក្លាយជា​ប្រទេស​ផលិត​មួយ​ស្របតាម​សាសនា​ហិណ្ឌូ ដែល​ដាក់ចេញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី និង គណបក្ស​បា​រ៉ា​ទី​យ៉ា​ចា​ណា​តា (BJP) ។​

​ជា​ការពិត​ចាប់តាំងពី​លោក​ម៉ូ​ឌី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​ជាន់​ទាប​ក្នុង​ឆ្នាំ ២០១៤ មក គណបក្ស BJP ដឹកនាំ​ដោយ​លោក​ម៉ូ​ឌី​បាន​បាត់បង់​ប្រជាប្រិយភាព​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៧​។ គណបក្ស​នេះ​បាន​ចាញ់​ការបោះឆ្នោត​បំពេញ​កៅអី​ទំនេរ​ជាច្រើន ហើយ​ការបញ្ជាក់​អំពី​បរាជ័យ​នេះ​បានធ្វើ​ឡើងជា​មួយ​ការបោះឆ្នោត​សភា​នៅក្នុង​រដ្ឋ​ចំនួន ៥ ទូទាំងប្រទេស​ឥណ្ឌា​កាលពី​ខែវិច្ឆិកា​និង​ធ្នូ​កាលពី​ឆ្នាំមុន​។ បរាជ័យ​នៅ​រដ្ឋ​ឆាត​ទី​ស​ហ្គា រដ្ឋ​ម៉ា​ដ​យ៉ា​ប្រា​ដេ​ស និង​រដ្ឋ​រ៉ា​ចា​ស្ថាន គឺជា​ការ​ទះកំផ្លៀង​របស់​អ្នកបោះឆ្នោត​ទៅលើ​គណបក្ស BJP ដែល​បង្ហាញឱ្យឃើញថា គណបក្ស BJP របស់លោក​ម៉ូ​ឌី​លែង​ក្លាយជា​គណបក្ស​មិនចេះ​ចាញ់​តទៅ​ទៀតហើយ​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។ ក្រុម​អ្នក​ស្ទាបស្ទង់​មតិ​ជាច្រើន​បាន​និយាយថា វា​គឺជា​កិច្ចការ​ដ៏​លំបាក​មួយ​សម្រាប់​គណបក្ស BJP ដើម្បី​ទទួលបាន​អាសនៈ​ឱ្យលើស​ចំនួន ២៧២ ដ៏​ច្រើន​លើសលប់​របស់ខ្លួន​។​

​បន្ទាប់ពី​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង គឺ​បក្ស​សមាជ នៅក្នុង​ការបោះឆ្នោត​សភា​នៅក្នុង​រដ្ឋ​ហិណ្ឌូ​សំខាន់ៗ​ទាំងបី និង​ការថយចុះ​ប្រជាប្រិយភាព​របស់លោក​ម៉ូ​ឌី គេ​អាច​និយាយបានថា រដ្ឋ​ទាំងបី​នេះ​អាច​ផ្តល់ជូន​អាសនៈ​មិន​លើស ៣០ ក្នុងចំណោម ៦០ នោះឡើយ​សម្រាប់​គណបក្ស BJP​។​

​ម្យ៉ាងវិញទៀត គណបក្ស BJP អាច​ទទួលបាន ២០-២៥ អាសនៈ​នៅពេល​ឥឡូវនេះ​រួចទៅហើយ​ពីរ​ដ្ឋ​សំខាន់​ខាង​នយោបាយ គឺ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស ដោយសារ​គណបក្ស​សា​ម៉ាច​វ៉ា​ឌី គណបក្ស​បា​ហ៊ូ​ចាន​សា​ម៉ាច និង​គណបក្ស​រ៉ា​ស​ទ្រី​យ៉ា​ឡុ​ក​ដាល់ បាន​ចូលរួម​ជា​សម្ព័ន្ធ​មួយ​ដែលមាន​សំឡេងឆ្នោត​រួមគ្នា ៤៤ ភាគរយ​។ តាម​ការលើកឡើង​ក្រៅផ្លូវការ គណបក្ស​សមាជ​ក៏​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធមិត្ត​ដ៏​ធំ​នៅ​ទី​នោះដែរ​។​

​ដោយ​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​ជាន់​ទាប​ក្នុងនាម​ជា​បេក្ខជន​មកពី​ទីក្រុង​គ​ន្ធី​ណាហ្គា (Gandhinagar) ប្រធាន​បក្ស BJP លោក​អា​មី​ត សា បាន​អះអាងថា ការវិលត្រឡប់​កាន់អំណាច​វិញ​របស់​គណបក្ស BJP គឺ “​មិនមាន​បញ្ហា​ប្រឈម​ទេ ព្រោះ​បក្ស​នេះ​នឹង​ឈ្នះ​” ប៉ុន្តែ​ក្រុម​របស់លោក​ម៉ូ​ឌី​និង​លោក​សា គួរតែ​ចងចាំ​ក្នុង​ចិត្ត​ថា លទ្ធផល​បោះឆ្នោត​បំពេញ​កៅអី​ទំនេរ​នៅ​សភា​ជាន់​ទាប​ក្នុង​រដ្ឋ​ទាំងបី និង “​ការបោះឆ្នោត​សភា​” ក្នុង​រដ្ឋ​ចំនួន​ប្រាំ​កាលពី​ចុងឆ្នាំ​មុន បានចង្អុលបង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ការដួលរលំ​របស់​បក្ស BJP​។​

​ដោយ​ដឹងថា​គណបក្ស BJP នឹងធ្វើ​មិនបាន​ល្អ​ក្នុងការ​បោះឆ្នោត​នៅ​ភាគ​ខាងលិច​និង​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ឥឡូវ​មេដឹកនាំ​កំពូលៗ​របស់​បក្ស​បានចាប់ផ្តើម​សម្លឹងមើល​តំបន់​ភាគ​ខាងកើត ដែល​រួមមាន ៤២ អាសនៈ​នៅ​វ៉េ​ស​បេង​ហ្គា​ល់ ១៤ អាសនៈ​នៅ​ចា​ខាន់ ៤០​អាសនៈ​នៅ​ប៊ី​ហា ២១ អាសនៈ​នៅ​អូ​ឌី​សា និង ២៦​អាសនៈ​នៅ​តំបន់​ភាគ​ឦសាន​។ ប៉ុន្តែ​ដោយ​គ្មាន​ការស្ទាក់ស្ទើរ គេ​អាច​និយាយបានថា​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ភាពជា​ប្រជាពលរដ្ឋ នឹង​ប៉ះពាល់​ដល់ “​គោលនយោបាយ​តម្រង់ទិស​បូព៌ា​” របស់​បក្ស BJP នៅ​តំបន់​ភាគ​ឦសាន​។​

​ទោះបីជា​គណបក្ស BJP ទទួលបាន​អាសនៈ​ពីរ​ក្នុងការ​បោះឆ្នោត​សភា​ជាន់​ទាប​ឆ្នាំ ២០១៤ និង​ពីរ​អាសនៈ​នៅក្នុង​ការបោះឆ្នោត​សភា​នីតិប្បញ្ញត្តិ​នៅ​ឆ្នាំ ២០១៦ នៅ​វ៉េ​ស​បេង​ហ្គា​ល់​ក៏ដោយ ក៏​លោក​អា​មី​ត សា នៅតែ​និយាយថា គណបក្ស BJP នឹង​ឈ្នះ​២៣​អាសនៈ​ក្នុងការ​បោះឆ្នោត​សភា​ជាន់​ទាប​នៅ​រដ្ឋ​វ៉េ​ស​បេង​ហ្គា​ល់ ដែល​ល្បី​ខាង​វប្បធម៌​នយោបាយ​មិន​ប្រកាន់ខ្ជាប់​សាសនា​ណាមួយ​។​

​ប៉ុន្តែ​ការពិត​គឺថា​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី​របស់​រដ្ឋ​វ៉េ​ស​បេង​ហ្គា​ល់​លោកស្រី​ម៉ា​ម៉ា​ថា បា​ណេ​ជី (Mamata Banerjee) ដែល​កំពុង​ដាក់​ជំហរ​ខ្លួនឯង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​សម្ព័ន្ធភាព​គណបក្ស​ដែល​ប្រឆាំងនឹង​បក្ស BJP គណបក្ស​សមាជ​ធី​ណា​មូល (Trinamool Congress –TMC) កំពុងកាន់​អំណាច​ក្នុង​រដ្ឋ​នេះ​បាន​កម្ចាត់​បក្ស BJP ចេញពី​រដ្ឋ​វ៉េ​ស​បេង​ហ្គា​ល់​ក្នុងអំឡុង​ការបោះឆ្នោត​កម្រិត​ភូមិ​ឃុំ​ក្នុង​ឆ្នាំ ២០១៨​។​

​ជាមួយ​ថ្ងៃ​បោះឆ្នោត​ខិតជិត​មកដល់ គណបក្ស BJP និង​លោក​ម៉ូ​ឌី​កំពុង​ងាក​ទៅរក​នយោបាយ​ភូមិ​ឃុំ​ដើម្បី​បំបែក​សំឡេងឆ្នោត​ក្នុងប្រទេស​។ ភាសា​ដែល​ប្រើ​ដោយ​នាយករដ្ឋមន្ត្រី​និង​មេដឹកនាំ​បក្ស BJP ដទៃទៀត​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​គឺមាន​លក្ខណៈ​សមូហភាព​។​

​នៅ​ថ្ងៃទី ២៩ ខែមីនា លោក​សាបាន​ប្រាប់ថា ប្រសិនបើ​ប្រជាជន​នៅ​រដ្ឋ​វ៉េ​ស​បេង​ហ្គា​ល់​ចង់​បញ្ឈប់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ពី​ប្រទេស​បង់​ក្លា​ដែ​ស នោះ​ពួកគេ​ត្រូវតែ​ទម្លាក់​រដ្ឋាភិបាល​របស់​បក្ស TMC​។ ច្បាស់​ណាស់ គាត់​កំពុង​ទាក់ទាញ​អ្នកបោះឆ្នោត​ដែល​កាន់សាសនា​ហិណ្ឌូ ដែលមាន​ចំនួន​ប្រហែល ៦០ ភាគរយ​។​

​គេ​គួរកត់សម្គាល់​នៅទីនេះ​ថា អ្នកបោះឆ្នោត​អ៊ីស្លាម ២៧ ភាគរយ​នៅក្នុង​រដ្ឋ​នេះ​មិនដែល​គាំទ្រ​គណបក្ស BJP ទេ​បន្ទាប់ពី​ការបំផ្លាញ​វិហារ​អ៊ីស្លាម Babri Masjid ក្នុង​ឆ្នាំ​១៩៩២ និង​កុបកម្ម​នៅ​គូ​ចា​រ៉ាត់​ឆ្នាំ ២០០២​។ វា​គឺជា​ការប្រកួតប្រជែង​ដ៏​មិន​គួរឱ្យ​ជឿ​សម្រាប់​ក្រុម​លោក​ម៉ូ​ឌី​និង​លោក​សា​ដើម្បី​ដណ្តើមយក​អ្នកបោះឆ្នោត​នៅ​បេង​ហ្គា​ល់​ដោយ​លេង​សន្លឹក​បៀរ​ចុងក្រោយ គឺ​ការចុះបញ្ជី​ពលរដ្ឋ​ថ្នាក់ជាតិ​។

​ប្រាំ​ឆ្នាំ​គឺជា​រយៈពេល​ដ៏​យូរ​នៅក្នុង​នយោបាយ​។ ប៉ុន្តែ​វា​គឺជា​ការពិត​ដែលថា​ការសន្យា​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ម៉ូ​ឌី​ក្នុងការ​នាំមក​នូវ​ថ្ងៃ​ល្អៗ​ភាគច្រើន​នោះ នៅ​មិនទាន់​បំពេញបាន​នៅឡើយ​ទេ​។​

​គំនិត​ផ្តួចផ្តើម​អំពី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កំពុងកាន់​អំណាច​ដូចជា ការប្តូរ​រូបិយវត្ថុ និង ការបង្កើន​ពន្ធ​លើ​ទំនិញ​និង​សេវាកម្ម (GST) មិនបាន​ទទួលលទ្ធផល​ពេញចិត្ត​នៅ​កម្រិត​មូលដ្ឋាន​ទេ​។ ប្រជាពលរដ្ឋ​សាមញ្ញ​នៃ​ប្រទេស​ឥណ្ឌា​មានការ​ខកចិត្ត​ចំពោះ​បញ្ហា​ពិត​ជាក់ស្តែង​ដូចជា​ភាពក្រីក្រ ភាព​អត់​ការងារ​ធ្វើ ការ​ក្លែងបន្លំ​លុយ​តាម​ប្រព័ន្ធ​ធនាគារ និង​ការកាប់សម្លាប់​ប្រជាជន​ក្នុង​សហគមន៍​ជនភាគតិច​។ លោក​ម៉ូ​ឌី​បាន​សន្យា​ផ្តល់​ការងារ​ចំនួន ១០ លាន​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ទិន្នន័យ​របស់​ការិយាល័យ​ស្ទង់​មតិ​គំរូ​ថ្នាក់ជាតិ​បង្ហាញថា​ការបង្កើត​ការងារ​គឺមាន​កំរិត​ទាប​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​របប​បច្ចុប្បន្ន​។ វា​ជាការ​គួរឱ្យ​សោកស្តាយ​ប៉ុន្តែ​វា​ជា​ការពិត​ដែលថា​គ្រប់​ស្ថាប័ន​ទាំងអស់​ដូចជា​ធនាគារ ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រព័ន្ធតុលាការ ការអប់រំ និង​សូម្បី​កងកម្លាំងប្រដាប់អាវុធ​ក៏​ស្ថិតក្រោម​ការគំរាមកំហែង​ក្រោម​រដ្ឋាភិបាល​របស់លោក​ម៉ូ​ឌី​ដែរ​។​

​ដោយហេតុថា​ការបោះឆ្នោត​ឆ្នាំ ២០១៩ មាន​ភាពស្មុគស្មាញ​និង​មាន​ច​រឹត​ជាការ​បោះឆ្នោត​ប្រវត្តិសាស្ត្រ គេ​ពិតជា​លំបាក​ណាស់​ក្នុងការ​ប្រាប់ថា​នរណា​នឹង​ជា​អ្នក​សើច​នៅ​ថ្ងៃទី ២៣ ខែឧសភា​។ ប៉ុន្តែ​គេ​សង្ឃឹមថា​ប្រជាជន​ឥណ្ឌា​នឹង​បោះឆ្នោតឱ្យ​ប្រទេស​ឥណ្ឌា ដែល​បន្ត​ការសន្យា​ដែល​បង្កើតឡើង​ដោយ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា​។ រដ្ឋាភិបាល​ថ្មី​ដែល​ចេញពី​ការបោះឆ្នោត​នៅ​ឆ្នាំនេះ​នឹង​បង្ហាញ​នូវ​ប្រទេស​ឥណ្ឌា​ថ្មី​មួយ ដែល​នឹង​ក្លាយទៅជា​អរិយធម៌​ដ៏​ល្អ​បំផុត​នៅលើ​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​៖ CGTN