តើ​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​សុខភាព ​ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​ត្រឹម​តែមួយ​កែវ ក្នុង​មួយថ្ងៃ​?

1034
ចែករម្លែក

ទឹកជា​សារធាតុ​រាវ ដែល​ចាំបាច់ ណាស់​សម្រាប់​ទ្រទ្រង់​សុខភាព រាងកាយ​។ អ្នកជំនាញ ជាច្រើន​ណែនាំ ឱ្យ​ទទួលទាន​ប្រមាណ​ជា​២​លីត្រ ឬ​ពី​៨ ទៅ​៩​កែវ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សាបាន សុខភាព​ល្អប្រសើរ ចៀស​ផុតពី​បញ្ហា ផ្សេងៗ​។ ប៉ុន្តែ​ថា​តើ​នឹងមាន​អ្វី​អាក្រក់ កើត​ឡើងទៅ ប្រសិនបើ​អ្នកទទួល​ទាន ទឹក​ត្រឹម​តែមួយ​កែវ​ក្នុង​មួយថ្ងៃ​វិញ នោះ​? អត្ថបទ​ខាងក្រោម នឹង​បង្ហាញ ឱ្យដឹងពី​បញ្ហា​សុខភាព​ដែល​កើតឡើង នៅពេល​អ្នកទទួល​ទាន​ទឹក​មិនបាន គ្រប់គ្រាន់​៖
​ ​
១. ញ័រ​ទ្រូង​
មួយ​ក្នុងចំណោម​មូលហេតុ ផ្សេងទៀត​ដែល​អ្នក​គួរ​ទទួលទាន​ទឹក ឱ្យបាន​ច្រើន​ជាប្រចាំ​នោះ គឺ​ដើម្បី​រក្សា បរិមាណ​នៃ​ឈាម ឬ​សម្ពាធ​ឈាម ត្រឹមត្រូវ​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នក ទទួលទាន​ទឹក​ត្រឹម​តែមួយ​កែវ​ក្នុង​មួយ ថ្ងៃនោះ បរិមាណ​ឈាម​ត្រូវ​ថយចុះ ឬ​សម្ពាធ​ឈាម ទាប​ខ្លាំង​ដែល​ធ្វើឱ្យ​អ្នក ជួបប្រទះ​អាការ​ញ័រ​ដើមទ្រូង​។ បេះដូង ត្រូវ​បង្ខំ​ឱ្យ​ធ្វើការ​កាន់តែ ធ្ងន់​ជាង​មុន ដើម្បី​ប្រាកដថា រាល់​កោសិកា​រាងកាយ និង​សរីរាង្គ​ដទៃ​អាច​ទទួលបាន អុកស៊ីសែន​គ្រប់គ្រាន់ បើទោះបីជា​ស្ថិត ក្នុងស្ថានភាព​មិន​ប្រក្រតី​បែបនេះ ក៏ដោយ​។​
​ ​
២. សម្ពាធ​ឈាម​ថយចុះ​
មូលហេតុ​មួយទៀត​ដែល បណ្តាលឱ្យ​បេះដូង​ទទួលបន្ទុក​មុខងារ ធ្ងន់ធ្ងរ​នោះ គឺ​ដោយសារ សម្ពាធ​ឈាម របស់​អ្នក​ចុះ​ទាប​ខ្លាំង ប្រសិនបើ​អ្នក ទទួលទាន​ទឹក​ត្រឹម​តែមួយ​កែវ​ក្នុង​មួយ ថ្ងៃ​។ ខណៈដែល​សម្ពាធ​ឈាម​ឡើង ខ្ពស់​ជា​រឿង​អាក្រក់ ប៉ុន្តែ​ការ​មាន​សម្ពាធ​ឈាម​ទាប ខ្លាំង​ក៏បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយ​ផងដែរ ដោយសារ​ផ្នែក​ផ្សេងៗ នៃ​រាងកាយ​មិន​ទទួលបាន អុកស៊ីសែន​គ្រប់គ្រាន់​។​
​ ​
៣. ឈឺក្បាល​
​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក ត្រឹម​មួយ​កែវ​ក្នុង​មួយថ្ងៃ​នោះ ចូរ​ត្រៀមខ្លួន​ជួបប្រទះ​នឹង បញ្ហា​ឈឺក្បាល​ខ្លាំង​ឱ្យ ហើយ​ទៅ​! វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យ ដឹងថា​ការទទួល​ទាន មិនបាន​គ្រប់គ្រាន់ នឹង​បណ្តាលឱ្យ​ឈឺក្បាល ដោយសារ ខួរក្បាល​ត្រូវ​រួម​តូច​។ ជាក់ស្តែង​ខួរក្បាល​មាន​ជាតិ​ទឹក​ប្រមាណ​ជា​៥៧ ភាគរយ​។​

៤.​ពិបាក​ផ្តោត​ឬ​ផ្ចង់អារម្មណ៍​
នៅពេល​ខួរក្បាល​មិន​ទទួល បាន​ជាតិ​ទឹក​តាម​តម្រូវការ​នោះ វា​នឹង​បណ្តាលឱ្យ​អ្នក​ពិបាក ប្រើប្រាស់​ខួរក្បាល ជាក់​ជាមិនខាន ហើយ​ពិបាក​ក្នុងការ ផ្តោតអារម្មណ៍​។ វេជ្ជបណ្ឌិត ជាច្រើន និយាយថា ការទទួល​ទាន​ទឹក​មិនបាន គ្រប់គ្រាន់​ក្នុង​មួយថ្ងៃៗ​ក៏​អាច​ប៉ះពាល់ សមាសធាតុ​គីមី​នៃ​ខួរក្បាល​ផងដែរ​។​
​ ​
៥. ឈឺ​រមួល​សាច់ដុំ​
សាច់ដុំ​ត្រូវការ​ជាតិ​ទឹក​ដើម្បី ដំណើរការ​មុខងារ​បាន​ប្រសើរ និង​ត្រឹមត្រូវ​។ ប្រសិនបើ​អ្នក ទទួលទាន​ទឹក មិនបាន​ច្រើនជាង​កែវ​មួយ​ក្នុង​មួយថ្ងៃ នោះ​អ្នក​កំពុង​ធ្វើឱ្យ​សាច់ដុំ​បាត់បង់​នូវ អ្វីដែល​វា​ត្រូវការ​ហើយ​។ ជា​លទ្ធផល​អ្នកនឹង​ជួបប្រទះ​ការឈឺចាប់​រមួល សាច់ដុំ និង​ខ្សោយ​សាច់ដុំ​ផងដែរ​។​
​ ​
៦. ទល់លាមក​
ផលប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នោះ គឺ​ទល់លាមក​។ ជាពិសេស​ប្រសិនបើ របប​អាហារ​របស់​អ្នក​គ្មាន​ផ្ទុក​សម្បូរ​ទៅ ដោយ​ជាតិ​សរសៃ ហើយ​អ្នកចំណាយ ពេល​អង្គុយ​យូរៗ​ថែមទៀត ៕ ដោយ​៖ health.com.kh