តើ​នឹង​មានរឿង​អ្វី​កើតឡើង​បន្ទាប់​ទៀត​សម្រាប់​ពួក​ឃឺ​ដ​នៅ​ស៊ី​រី​?

548
ចែករម្លែក

​ពួក​ឃឺ​ដ​នៅ​ស៊ី​រី​បាន​បង្កើត​តំបន់​ស្វយ័ត​មួយ​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​រយៈពេល​៧​ឆ្នាំ​ប៉ុន្តែ​ការសម្រេចចិត្ត​ភ្លាមៗ​ដោយ​សម្ព័ន្ធមិត្ត​អាមេរិក​របស់​ពួកគេ​ក្នុងការ​ដកទ័ព​ចេញពី​ស៊ី​រី​បានធ្វើឱ្យ​អនាគត​នយោបាយ​របស់​ពួកគេ​ស្ថិតក្នុង​ភាពមន្ទិលសង្ស័យ​។​

​កងកម្លាំង​ដឹកនាំ​ដោយ​ពួក​ឃឺ​ដ​បាន​គ្រប់គ្រង​តំបន់​ដ៏​ធំ​នៅ​ភាគ​ខាងជើង​និង​ភាគ​ឦសាន​របស់​ប្រទេស​ស៊ី​រី ដែល​ទឹកដី​មួយចំនួន​គឺ​ត្រូវបាន​រឹបអូស​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ដោយ​ការលះបង់​អាយុជីវិត​អ្នក​ប្រយុទ្ធ​យ៉ាងច្រើន​សម្បើម​ជាមួយនឹង​ការគាំទ្រ​ពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​។​

​ការ​ដកទ័ព​អាមេរិក​នេះ​អាច​នឹង​ទុកឱ្យ​ពួក​ឃឺ​ដ​ប្រឈមមុខ​នឹង​ការប្រយុទ្ធ​ទ្វេដង គឺ​ទាំង​ការវាយប្រហារ​ពី​សំណាក់​ប្រទេសជិតខាង​តួ​ក​គី និង ក្រុម​គូប្រជែង​នានា​ក្នុង​ស៊ី​រី និង​ការវិល​ត្រឡប់មកវិញ​នៃ​ស្ថាប័ន​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​។​

​តើ​ពួកគេ​នឹង​បាត់បង់​ទឹកដី​?

​ជនជាតិ​ឃឺ​ដ​ស៊ី​រី​ភាគច្រើន​រស់នៅ​ក្រៅ​សង្គ្រាមស៊ីវិល ដោយ​បង្កើត​តំបន់​ស្វយ័ត​នៅ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ឦសាន​រួមទាំង​នៅតាម​ព្រំដែន​តួ​ក​គី​។​

​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​បានអនុញ្ញាត​ឱ្យ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដឹកនាំ​ដោយ​ពួក​ឃឺ​ដ​ពង្រីក​ដែនដី​ទាំងនោះ រួមបញ្ចូល​ទាំង​ទីក្រុង​រ៉ា​កា​នៅ​តំបន់​ជ្រលង​យូ​ហ្វ្រេ​ត ក៏ដូចជា​តំបន់​ប្រេង​និង​ឧស្ម័ន​សំខាន់ៗ​នៅ​ខេត្ត​ឌា​អេ​ហ្ស័​រ​ភាគ​ខាងកើត​។​

​កាលពី​ថ្ងៃទី ១៩ ធ្នូ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ក្នុងចំណោម​អ្នកគាំទ្រ​របស់គាត់​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយនឹង​ការប្រកាស​ពី​ដកទ័ព​អាមេរិក​ទាំងស្រុង​ពី​ប្រទេស​ស៊ី​រី​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ បាន​និយាយថា ការ​ដកទ័ព​ប្រាកដជា​នឹងធ្វើ​ឡើង ប៉ុន្តែ​នឹងមិន​ផ្តល់​ពេលវេលា​កំណត់​ជាក់លាក់​ទេ​ដើម្បី​កុំឱ្យ​សត្រូវ​របស់​អាមេរិក​ដឹង​តម្រុយ​។​

​លោក​ផ​ម​ផេ​វ​បាន​ប្រាប់​សារព័ត៌មាន Newsmax ដែលជា​វេ​ប​សាយ​ប្រជុំ​មតិ​និង​ព័ត៌មាន​ដ៏​ពេញនិយម​របស់​អាមេរិក​ថា “​វា​មាន​សារៈសំខាន់​ក្នុងការ​ធានាថា​ពួក​តួ​ក​គី​នឹងមិន​សម្លាប់​ពួក​ឃឺ​ដ និង​ត្រូវតែ​ការពារ​ជនជាតិភាគតិច​នៅ​ទីនោះ​នៅក្នុង​ប្រទេស​ស៊ី​រី​”​។​

​ការប្រកាស​ដក​កងទ័ព​របស់លោក​ត្រាំ​បាន​ជំរុញ​ឱ្យ​ពួក​ឃឺ​ដ​ស្វែងរក​សម្ព័ន្ធមិត្ត​ថ្មី​ជាមួយ​របប​ដា​ម៉ាស់​ដើម្បី​ការពារ​ពួកគេ​ពី​ការ​គំរាម​វាយប្រហារ​ជា​យូរ​មក​ហើយពី​សំណាក់​តួ​ក​គី​។​

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ចាត់ទុក​ពួក​យុទ្ធជន​ឃឺ​ដ​នៃ​កងកម្លាំង SDF ជា “​ពួក​ភេរ​វករ​” ដែល​បានធ្វើ​ការឃោសនា​ជាមួយ​គណបក្ស​ពលករ​ជនជាតិ​ឃឺ​ដ (PKK) ដែល​បានធ្វើការ​ប្រយុទ្ធប្រឆាំង​នឹង​តួ​ក​គី​ចាប់តាំងពី​ឆ្នាំ ១៩៨៤ មក​។​

​ទោះបីជា​មិនមាន​ការព្រមព្រៀង​ជាមុន​រវាង​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​របប​ស៊ី​រី​និង​តួ​ក​គី​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​ក៏ដោយ ក៏​ក្រុមអ្នកវិភាគ​នៅតែ​មើលឃើញ​ពី​ការ​ហែក​តំបន់​ភាគ​ឦសាន​ចែកគ្នា​រវាង​ភាគី​ទាំងពីរ​នេះ (​រុស្ស៊ី​និង​តួ​ក​គី​)​។​

​តើ​របប​ស៊ី​រី​ចង់បាន​អ្វីខ្លះ​?

​សព្វថ្ងៃនេះ របប​ស៊ី​រី​កាន់កាប់​ទឹកដី​ស៊ី​រី​ជិត​២​ភាគ​៣ បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ​ពួក​ជី​ហាដ​និង​ពួក​ឧទ្ទាម​ដទៃទៀត ហើយ​បាន​សន្យាថា​នឹង​យក​តំបន់​ភាគ​ឦសាន​មក​ដាក់​ក្រោម​ការកាន់កាប់​របស់រ​ដ្ឋា​ភិ​បាល​វិញ​។​

​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​បានដាក់​ពង្រាយ​កង​ទ័ព​នៅ​ខេត្ត​ភាគ​ខាងជើង​ដើម្បី​រារាំង​ការវាយប្រហារ​ដឹកនាំ​ដោយ​តួ​ក​គី​ទៅលើ​ទីក្រុង​ម៉ាន់​ប៊ី​ច ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង SDF​។​

​កាលពី​ថ្ងៃ​ពុធ កងទ័ព​ស៊ី​រី​បាន​និយាយថា យុទ្ធជន​ឃឺ​ដ ៤០០ នាក់​បាន​ដកថយ​ពី​តំបន់​ជុំវិញ​ទីក្រុង​ម៉ាន់​ប៊ី​ច​។ ប៉ុន្តែ​កង​ជំនួយ​អារ៉ាប់​របស់ SDF នៅតែ​រក្សា​ការកាន់កាប់​ទីក្រុង​នោះ​ដដែល ហើយ​កងទ័ព​អាមេរិក​នៅមាន​វត្តមាន​នៅឡើយ ព្រោះ​ពួកគេ​មិនទាន់​ដកចេញ​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃ​ចន្ទ កាសែត Al-Watan ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​ដកស្រង់​សម្តី​អ្នកការទូត​អារ៉ាប់​ម្នាក់​នៅ​ទីក្រុង​មូ​ស្គូ ដោយ​និយាយថា ទីក្រុង​ភាគ​ខាងជើង​នេះ​អាច​នឹង​ត្រឡប់​ទៅរក “​ការត្រួតត្រា​ដោយ​រដ្ឋ​ពេញលេញ​វិញ​”​។​

​ប្រភព​ដដែល​ក៏បាន​និយាយ​ផងដែរ​ថា តួ​ក​គី រុស្ស៊ី និង​អ៊ីរ៉ង់​ដែលជា​សម្ព័ន្ធមិត្ត​របប​ស៊ី​រី នឹង​ពិភាក្សា​អំពី “​ការបញ្ជូន​ស្ថាប័នរដ្ឋ​” ត្រឡប់​ទៅ​តំបន់​ឆ្ងាយៗ​ភាគ​ខាងកើត​វិញ និង​ហួស​តំបន់​ទន្លេ​យូ​ហ្វ្រេ​ត នៅឯ​កិច្ចប្រជុំ​មួយ​ដែល​រំពឹង​ធ្វើ​នៅ​ដើមឆ្នាំ​ថ្មី​នេះ​។​

​លោក​សាស្ត្រាចារ្យ ហ្វា​ប្រ៊ិ​ក បា​ឡង់ (Fabrice Balanche) បាន​និយាយថា ទីបំផុត​របប​ស៊ី​រីនឹង​គ្រប់គ្រង​ឡើងវិញ​ទាំងស្រុង​នូវ​ទីក្រុង​សំខាន់ៗ​នៅ​ភាគ​ឦសាន​ដូចជា ទីក្រុង​ហា​សាកេ និង​ទីក្រុង​ក្វា​មី​ស្ល៊ី​។​

​រដ្ឋាភិបាល​ស៊ី​រី​ក៏​នឹង​ដណ្តើមយក​មកវិញ​នូវ​ទីក្រុង​រ៉ា​កា​ក៏ដូចជា​វាល​ប្រេង​ក្នុង​ខេត្ត​ឌា​អេ​ហ្ស័​រ​ផងដែរ​។​

​លោកបាឡ​ង់​បាន​និយាយថា “​កងទ័ព​ស៊ី​រីនឹង​…​ដណ្តើមយក​យ៉ាង​ឆាប់រហ័ស​នូវ​តំបន់​ប្រេង​អូ​ម៉ា ដែលជា​តំបន់​ផលិត​ប្រេង​២​ភាគ​៣​របស់​ស៊ី​រី​”​។​

​តើ​តួ​ក​គី​ចង់បាន​អ្វី​?

​តួ​ក​គី​បាន​ដឹកនាំ​ការ​លុកលុយ​ចំនួន​២​លើក​កាលពីមុន​ឆ្លងកាត់​ព្រំប្រទល់​ដែល​ការ​លុកលុយ​ថ្មីៗ​នេះ​បានឃើញ​ក្រុមប្រឆាំង​ស៊ី​រី​ដណ្តើម​កាន់កាប់​តំបន់​អា​ហ្វ្រី​ន​នៅ​ភាគ​ពាយព្យ​ពី​កងកម្លាំង​ឃឺ​ដ​កាលពី​ឆ្នាំមុន​។​

​ប៉ុន្តែ​អ្នកវិភាគ​ឈ្មោះ ហី​កូ វី​ម​មិន (Heiko Wimmen) បាន​និយាយថា រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នឹងត្រូវ​ស្វែងរក​ការព្រមព្រៀង​ពី​មូ​ស្គូ​សិន មុននឹង​បើក​ការវាយលុក​លើក​ទី ៣ ជាពិសេស​ការប្រើប្រាស់​ក​ង​កម្លាំង​អាកាស​របស់ខ្លួន​។​

​លោក​វី​ម​មិន អ្នកជំនាញ​នៃ​ក្រុម​អ្នកផ្តល់​ប្រឹក្សា​យោបល់​នយោបាយ​ឈ្មោះ International Crisis Group ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​បាន​និយាយថា “​ប្រសិនបើ​វា​កើតឡើង​មែន តួ​ក​គី​នឹង​ព្យាយាម​គ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន​”​។​

​លោក​បាន​បន្ថែមថា “​អ្វីដែល​ពួកគេ​ចង់បាន គឺ​តំបន់​អព្យាក្រឹត​នៅតាម​បណ្ដោយ​ព្រំដែន​”​។​

​លោកបាឡ​ង់​បាន​ព្យាករណ៍​ថា តួ​ក​គី​និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​អាច​នឹង​រុលចូល​ទឹកដី​ស៊ី​រី​ពី ២០ ទៅ ៤០ គីឡូម៉ែត្រ​។​

​ចុះ​តំបន់​ស្វយ័ត​របស់​ពួក​ឃឺ​ដ​នឹង​ទៅជា​យ៉ាងណា​?

​បន្ទាប់ពី​ក្លាយជា​ក្រុម​ជនជាតិភាគតិច​មិន​សំខាន់​អស់​ជាច្រើន​ទសវត្សរ៍ និង​ចាប់តាំងពី​សង្គ្រាមស៊ីវិល​ផ្ទុះឡើង​ក្នុង​ឆ្នាំ ២០១១ ជនជាតិ​ឃឺ​ដ​នៅ​ស៊ី​រី​បាន​បង្កើត​ស្ថាប័ន​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្នុង​តំបន់​ដែល​ពួកគេ​គ្រប់គ្រង​។​

​បន្ទាប់ពី​រដ្ឋាភិបាល​ស៊ី​រី​បាន​ដក​កងកម្លាំង​ចេញពី​តំបន់​កាន់កាប់​ដោយ​អម្បូរ​ឃឺ​ដ​ក្នុង​ឆ្នាំ ២០១២ ជនជាតិ​ឃឺ​ដ​បាន​បង្កើត​រដ្ឋបាល​ផ្ទាល់ខ្លួន​ហើយ​បាន​អនុវត្ត​ការទាមទារ​ជា​យូរ​របស់ខ្លួន ដូចជា ការអប់រំ​កម្រិត​មធ្យម​ភាសា​ឃឺ​ដ​។​

​ប៉ុន្តែ​នៅពេលដែល​កងកម្លាំង​ស្មោះត្រង់​នានា​បាន​ដណ្តើម​កាន់កាប់​ទឹកដី​ភាគច្រើន​កាលពី​ឆ្នាំមុន​ហើយ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​បាន​បដិសេធ​ការគ្រប់គ្រង​ស្វយ័ត​របស់​ពួក​ឃឺ​ដ ឥឡូវ​ក្រុម​ឃឺ​ដ​បាន​ចូលមក​ចរចា​ជាមួយ​របប​ស៊ី​រី​ដើម្បី​ស្វែងរក​ទម្រង់​វិមជ្ឈការ​មួយចំនួន​។​

​លោក​វី​ម​មិន​និយាយថា ដោយ​ឥឡូវនេះ​ជនជាតិ​ឃឺ​ដ​មើលឃើញ​សម្ព័ន្ធមិត្ត​អាមេរិក​របស់​ពួកគេ​ជិត​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី ពួក​ឃឺ​ដ “​ប្រាកដ​ណាស់​នឹង​ខាតបង់​ច្រើន​”​។​

​លោក​និយាយថា “​សំណួរ​គឺថា​តើ​ការខាតបង់​នោះ​គឺ​ទាំងស្រុង​ឬថា​តើ​អាច​នឹង​ស្តារ​បានមក​វិញ​ខ្លះ​ឬ​អត់ តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ​របប​ស៊ី​រី ដែល​ធានា​ដោយ​រុស្ស៊ី​”​។​

​ប៉ុន្តែ “​ដោយ​ផ្អែក​តាម​កំណត់ត្រា​នៃ​របប​ស៊ី​រី​និង​ជំហរ​ចរចា​របស់​របប​នេះ​មកទល់​ឥឡូវនេះ​…​គឺមាន​មូលហេតុ​តិចតួច​សម្រាប់​សុទិដ្ឋិនិយម​”៕ ដោយ៖ កញ្ញាដាលីស