មីស៊ីលកូរ៉េខាងជើងបានបាញ់សាកល្បងជាបន្តបន្ទាប់។
អស់ជាច្រើនឆ្នាំមកហើយពិភពលោកតែងតែឮការព្រមាន ប៉ុន្ដែមនុស្សភាគច្រើនមានមន្ទិលថា ថ្ងៃនោះនឹងមកដល់នៅពេលណា។ ក្នុងសេណារីយ៉ូ ដែលមីស៊ីលភាគច្រើនធ្លាក់នៅចំពោះមុខខែលការពាររបស់សម្ព័ន្ធមិត្ត ប៉ុន្ដែគ្រាប់មីស៊ីលមួយ ដែលអាចបាញ់ផុតខែលការពារ ទើបជារឿងដែលសំខាន់បំផុត។ ក្នុងការវាយប្រហារបែបនោះ បើមិនស្លាប់រាប់លាននាក់ ក៏រាប់ពាន់នាក់ដែរ។
តើកូរ៉េខាងជើងនឹងបាញ់អាវុធនុយក្លេអ៊ែរដែរឬទេ? គ្មាននរណាម្នាក់ដឹងច្បាស់ទេប៉ុន្តែអ្វីដែលយើងដឹងគឺថាសេណារីយ៉ូខាងលើនេះគឺជាអ្វីដែលកូរ៉េខាងជើងដ៏ខ្លាំងក្លានិងកាន់តែគឃ្លើន បានគំរាមកំហែងអស់ជាច្រើនទសវត្សរ៍មកហើយ។ ខណៈពេលដែលរបបឯកោនេះប្រហែលជានៅខ្វះអាវុធចាំបាច់នោះនាប៉ុន្មានទសវត្សរ៍មុននោះ កូរ៉េខាងជើងឥឡូវនេះយ៉ាងហោចណាស់ មានសមត្ថភាពក្នុងការប្រែក្លាយការគំរាមកំហែងមួយចំនួនរបស់ខ្លួនឱ្យទៅជាការពិតដូចការសន្យាបានហើយ។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាស៊ីបូព៌ារបស់ខ្លួនមានគ្រប់សព្វាវុធការពារជាយុទ្ធសាស្ត្រនៅក្នុងទីតាំងឈរជើងរបស់ខ្លួន ប៉ុន្តែសង្គ្រាមគឺពោរពេញទៅដោយភាពមិនប្រាកដប្រជា គ្មាននរណាអាចព្យាករណ៍ដឹងទេ។ លោក ជេហ្វហ្វើរី ឡេវីស អ្នកជំនាញខាងសព្វាវុធដ៏ល្បី បានប្រាប់អង្គការ TheDCNF ថា “មនុស្សគិតថាខែលការពារមីស៊ីលគឺជាដំបងវេទមន្ត ប៉ុន្តែតាមពិតទៅវាមិនមែនដូច្នោះទេ”។
** នេះជាអ្វីដែលនឹងកើតឡើងប្រសិនបើកូរ៉េខាងជើងបាញ់នុយក្លេអ៊ែរ ៖
មិនថាតាមមធ្យោបាយណាទេ គឺសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នេះ មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារដោយនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅឡើយទេ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងសុទ្ធតែមានគម្រោងវាយប្រហារជាមុន ពេលណាដែលកូរ៉េខាងជើងបម្រុងនឹងបើកការវាយប្រហារនុយក្លេអ៊ែរប៉ុណ្ណោះ ហើយចំណែកឯប្រទេសជប៉ុនវិញកំពុងតែពិចារណាលើជម្រើសថ្មីៗផ្សេងទៀត ព្រោះខ្លួននៅតែកំពុងពឹងផ្អែកយ៉ាងខ្លាំងលើខែលការពាររបស់អាមេរិកនៅឡើយទេ។
កូរ៉េខាងត្បូងមានប្រព័ន្ធការពារបីដំណាក់កាលមួយ ដែលជម្រើសទីមួយគឺការវាយប្រហារជាមុន ដែលត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់សមត្ថភាពវាយលុករបស់កូរ៉េខាងជើង។ ប្រព័ន្ធវាយប្រហារជាមុន ហៅថា “Kill Chain” តាមចាប់សញ្ញានៃការបាញ់កាំជ្រួចនុយក្លេអ៊ែរដែលកំពុងហោះមក និងវាយប្រហារលើទីតាំងនុយក្លេអ៊ែរ និងមូលដ្ឋានមីស៊ីលរបស់កូរ៉េខាងជើង ដោយប្រើកាំជ្រួចពីនាវា និងអាវុធផ្សេងទៀត។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក៏មានផែនការឆ្លើយតបរួមគ្នាផងដែរ គឺផែនការប្រតិបត្តិការ ៥០១៥ ឬ ហៅថា OPLAN 5015 ។
ខណៈពេលដែលព័ត៌មានលម្អិតរបស់ផែនការ OPLAN 5015 ត្រូវបានទុកជាការសម្ងាត់នោះ ផែនការនេះត្រូវគេជឿជាក់ថានឹងរួមបញ្ចូលផែនការបង្ការគ្រាអាសន្នមុនៗ ជាពិសេសផែនការ OPLAN 5029 (អស្ថិរភាពផ្ទៃក្នុងនៅកូរ៉េខាងជើង) ផែនការ OPLAN 5027 (ការរៀបចំសម្រាប់សង្គ្រាមឈ្លានពាន) និងផែនការសន្តិភាពមួយដែលពាក់ព័ន្ធនឹងការបង្កហេតុក្នុងស្រុក ចេញពីកូរ៉េខាងជើង។ ផែនការ OPLAN 5015 ត្រូវគេសង្ស័យថាជាការអំពាវនាវឱ្យមានការវាយប្រហារជាមុនទៅលើមូលដ្ឋានយោធាដ៏សំខាន់និងអាវុធនានារបស់កូរ៉េខាងជើងនិងអាចជាមេដឹកនាំកូរ៉េខាងជើងផងក៏ថាបាន។
ក្នុងករណីដែលការវាយប្រហារដោយកាំជ្រួចនុយក្លេអ៊ែរកើតឡើងជាក់ស្តែងមែននោះ កងកម្លាំងសម្ព័ន្ធមិត្តអាចព្យាយាមលុបបំបាត់មីស៊ីលរបស់កូរ៉េខាងជើងនៅកន្លែងបាញ់តែម្តង។ លោក ម៉ៃ មូលឡិន អតីតនាយអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយកាលពីឆ្នាំមុនថាអាមេរិកអាចធ្វើចំណាត់ការដើម្បី “បំបាត់ចោលសមត្ថភាពបាញ់នៅលើកន្លែងបាញ់នុយក្លេអ៊ែររបស់កូរ៉េខាងជើងតែម្តង” បើកូរ៉េខាងជើងបង្ហាញតម្រុយថាខ្លួនត្រៀមបាញ់កាំជ្រួចនុយក្លេអ៊ែរមែននោះ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងតែងតែហ្វឹកហាត់សម្រាប់យថាភាពបែបនេះ។ តួយ៉ាង ក្នុងអំឡុងពេលធ្វើសមយុទ្ធ Key Resolve និង Foal Eagle ប្រចាំឆ្នាំ ទាហានអាមេរិកនិងកូរ៉េខាងត្បូងបានអនុវត្តផែនការប្រតិបត្ដិការ “4D” ដែលពាក់ព័ន្ធនឹងជម្រើសវាយប្រហារខាងយោធាជាមុនដើម្បីស្វែងរក រំខាន បំផ្លាញ និងការពារប្រឆាំងនឹងការវាយប្រហារពីកូរ៉េខាងជើង។ ការយកចិត្តទុកដាក់នេះគឺផ្តោតសំខាន់លើការវាយប្រហារទៅលើទីតាំងយោធាស្នូលនិងប្រព័ន្ធអាវុធរបស់សត្រូវ។
បញ្ហាប្រឈមគឺថាមីស៊ីលរបស់កូរ៉េខាងជើងកាន់តែច្រើនឡើងៗកំពុងស្ថិតនៅលើជើងទម្រចល័តនិងដាក់ពង្រាយពាសពេញប្រទេស។ លើសពីនេះទៅទៀត កងទ័ពប្រជាជនកូរ៉េ (KPA) បានចាប់ផ្តើមប្រើប្រាស់មីស៊ីលឥន្ធនៈរឹង ដែលតម្រូវឱ្យមានការត្រៀមខ្លួនតិចជាងមុន ដោយសារតែគ្រាប់ទាំងនោះអាចត្រូវបានបញ្ចូលថាមពលទុកជាមុនបាន ហើយត្រូវការអ្នកបាញ់តែប៉ុន្មាននាក់ប៉ុណ្ណោះ។ មីស៊ីលឥន្ធនៈរឹងនេះអាចបាញ់ចេញដោយពុំសូវមានការព្រមានជាមុនទេ និងពិបាកក្នុងការតាមដានជាងមុន ដោយធ្វើឱ្យកូរ៉េខាងជើងងាយនឹងបើកការវាយប្រហារជាមុនមកលើកូរ៉េខាងត្បូង និងអាមេរិក។
បញ្ហាមួយទៀតគឺថាការវាយប្រហារជាមុននៅលើប្រទេសកូរ៉េខាងជើងនឹងមានការលំបាកក្នុងការដោះសារខាងការទូត ជាពិសេសបើសិនជាសង្គ្រាមផ្ទុះឡើង ក្រោយការវាយប្រហារជាមុនរបស់អាមេរិកលើកូរ៉េខាងជើង។
មនុស្សជាច្រើនសន្មត់ថានៅក្នុងព្រឹត្តិការណ៍ដែលកូរ៉េខាងជើងវាយប្រហារនុយក្លេអ៊ែរ មិនថាជោគជ័យឬបរាជ័យ សហរដ្ឋអាមេរិកនឹងប្រើអាវុធនុយក្លេអ៊ែរដើម្បីប្រែក្លាយកូរ៉េខាងជើងទៅជារណ្តៅដីដ៏ធំ។
ប្រសិនបើពួកគេប្រើអាវុធនុយក្លេអ៊ែរ តើអាមេរិកចង់រំលាយទីក្រុងព្យុងយ៉ាងនិងសម្លាប់ពលរដ្ឋរាប់លាននាក់? ប្រសិនបើចេតនាអាមេរិកគឺចង់ផ្តួលរំលំការដឹកនាំរបស់គីម ជុងអ៊ុន នោះគេអាចធ្វើវាបានដោយប្រើគ្រាប់មីស៊ីលបញ្ជា អ៊ីចឹងតើវាស្ថិតនៅក្នុងផលប្រយោជន៍ជាសកលដែរទេដែលត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរដាច់ខាតនោះ? ចម្លើយគឺគ្មាននរណាម្នាក់ដឹងច្បាស់ឡើយ៕ ដោយ៖ កញ្ញាដាលីស
ដកស្រង់ចេញពីវេបសាយដេលីខលល័រ