តើ​ប្រជាជន​កម្ពុជា​ទទួលបាន​យុត្តិធម៌​អ្វីខ្លះ បន្ទាប់ពី​២០​ឆ្នាំ នៃ​ការស្លាប់​របស់ ប៉ុល ពត​?

3811
ចែករម្លែក

​ប៉ុល ពត បាន​ស្លាប់​នៅ​ថៃ្ង​ទី​១៥ ខែមេសា ឆ្នាំ​១៩៩៨ ក្នុង​តំបន់​ដាច់ស្រយាល​ក្បែរ​ព្រំដែន កម្ពុជា​-​ថៃ នៃ​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។ ប៉ុល ពត គឺជា​មេដឹកនាំ​កំពូល​ក្នុង​របប កម្ពុជា​ប្រជាធិបតេយ្យ (​របប​ខ្មែរក្រហម​) នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ។ របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ​២​លាន​នាក់​ស្លាប់​ដោយសារ​ការសម្លាប់​, ធ្វើការ​ហួសកម្លាំង​, អត់​អាហារ​, ឈឺ​គ្មាន​ថ្នាំ​ព្យាបាល ជាដើម​។​

​ទោះបីជា ប៉ុល ពត បាន​ស្លាប់ មិនមែន​មានន័យថា យុត្តិធម៌ ដែល​ប្រជាជន​កម្ពុជា​កំពុង​ទន្ទឹង រង់ចាំ បាន​ផុតរលត់​ទៅជា​មួយ​ការស្លាប់​របស់ ប៉ុល ពត ឡើយ​។ ក្នុងកំឡុងពេល​២០​ឆ្នាំ​កន្លង មកនេះ មាន​មេដឹកនាំ​ខ្មែរក្រហម​៦​រូប (​តា​ម៉ុក អតីត​អនុ​លេខា​ទី​២​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​លេខា​ភូមិភាគ​និរតី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​, កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច អតីត ប្រធាន​មន្ទី​សន្តិសុខ ស​-២១, នួន ជា អតីត​អនុ​លេខា​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន សភា​ប្រជាជន​, ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ​, អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​របប​របប​កម្ពុជា ប្រជា​ធិ​ប តេ​យ្យ និង អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​រប​បរប​ប​កម្ពុជា​ប្រជាធិបតេយ្យ​) ត្រូវបាន​ចាប់ខ្លួន​។ ក្នុងចំណោម​មេដឹកនាំ​ខ្មែរក្រហម​៦​រូប មាន​៣​រូប (​ឌុ​ច​, នួន ជា និង ខៀវ សំផន​) ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​អំពី​បទឧក្រិដ្ឋ ដែល​គាត់​បាន ប្រព្រឹត្តិ​នៅក្នុង​អំឡុង​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​។ ចំណែក មេដឹកនាំ​ខ្មែរក្រហម ៣​រូប​ផ្សេង ទៀត រួមមាន តា​ម៉ុក​, អៀង សារី និង អៀង ធី​រិ​ទ្ធ បាន​ស្លាប់​នៅមុន និង​ក្នុងអំឡុងពេល សវនាការ​នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។
​តាមរយៈ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក៏បាន​សម្រេច​ផ្ដល់​សំណង​រដ្ឋប្បវេណី ជា​លក្ខណៈ​សមូហភាព​មួយចំនួន ដូចជា ការសាងសង់​ស្ដូប​ជនរងគ្រោះ​នៅក្នុង​បរិវេណ សារមន្ទីរ ប្រល័យ​ពូជ​សា​សាន៍​ទួលស្លែង​ការបង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅតាម​សាលារៀន នៅ​ទូទាំងប្រទេស​ជាដើម​។ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ក៏បាន​បើក​ការ​ស៊ើប​អ​ងេ្ក​តទៅ​លើ​ជនសង្ស័យ​ចំនួន​៥​នាក់​បន្ថែមទៀត​នៅក្នុង​សំណុំរឿង​០០៣ និង ០០៤​។ ទោះជា​យ៉ាងណា ក៏​នៅ​មានការ​ចោទ ប្រកាន់​ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​កាត់ទោស​តែ​មេដឹកនាំ​មួយចំនួន​តូច​, មាន​ភាពយឺតយ៉ាវ​ក្នុង​ដំណើរការ​កាត់ក្ដី​,​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ថែមទាំង​មានការ​ជ្រៀត ជ្រែក​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​លើ​ដំណើរការ​កាត់ក្ដី​ជាដើម​។

​នោ មីន ភេទ​ប្រុស ជនជាតិ​ចាម មាន​ទីលំនៅ​ក្នុងស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ដែលជា​ជនរងគ្រោះ ម្នាក់​ធ្លាប់​បានធ្វើការ​នៅ​កងចល័ត​ក្នុង​របប​ខ្មែរក្រហម​។ មីន យល់ឃើញថា អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​ធ្វើការ​ទាក់ទង​នឹង របប​ខ្មែរក្រហម បាន​ខិតខំ​ធ្វើការ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ និង​អ្នក​ដែល បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម បើទោះជា ប៉ុល ពត ដែលជា​មេដឹកនាំ​កំពូល​នៃ​របប​នោះ បាន​ស្លាប់​តាំង​ពីមុន​ការចាប់ផ្ដើម​ការកាត់ទោស​ខ្មែរក្រហម​ក៏ដោយចុះ​។ មីន បន្តថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ស្វែងរក​យុត្តិធម៌ ដល់​ជនរងគ្រោះ ដោយបាន​នាំយក​មេដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​ស្របទៅតាម​ច្បាប់ និង​ជា​គំរូ​មួយ​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​។ តែ​ទោះបីជា​យ៉ាងណា សម្រាប់ មីន គ្មាន យុត្តិធម៌​ណា អាច​កម្រិត​បាន​ថា គ្រប់គ្រាន់​សម្រាប់​គាត់​ឡើយ ព្រោះ​អ្វីដែល​បានកើត​ឡើង នៅក្នុង​របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​ប្រជាជន​ជួបប្រទះ​ការលំបាក​វេទនា​យ៉ាងខ្លាំង ហើយ​ស្ទើរ តែ​ប្រែក្លាយ​ប្រទេសមួយ​ជាទី​កន្លែង​គ្មាន​មនុស្ស​រស់នៅ​។ ក្នុងនាម​ជា​ជនរងគ្រោះ មីន មិន​ទាមទារ អ្វី​ឡើយ​សម្រាប់​បំពេញ​ភាពយុត្តិធម៌​របស់គាត់ ហើយ​គាត់​ពិតជា​ពេញចិត្ត​នឹង សំណង ជា​សមូហភាព​ដែល​តុលាការ​បានសម្រេច​ដូចជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ សម្រាប់ ជនរងគ្រោះ ទិវា​នៃ​ការចងចាំ​ដែលជា​អនុស្សាវរីយ៍ និង​ជា​ភស្តុតាង​មួយ​សម្រាប់​ក្មេង​ជំនាន់ ក្រោយ​។

​ទន្ទឹមនឹងនេះ ហ៊ីម ហ៊ុយ ភេទ​ប្រុស ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម មាន​តួនាទី​ជា​អនុប្រធាន កងការពារ​អ្នកទោស​នៅ​មន្ទីរ​ស​-២១(​គុក​ទួលស្លែង​) បាន​រៀបរាប់ថា ទោះបីជា​គាត់​ជា​អតីត កម្មាភិបាល​ខ្មែរក្រហម​ក៏​គាត់​ត្រូវការ​យុត្តិធម៌​ដែរ​។ គាត់​ពិតជា​ទទួលបាន​យុត្តិធម៌​មួយកម្រិត នៅពេលដែល កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ត្រូវបាន​តុលាការ​នាំយកមក​កាត់ទោស​ដាក់ពន្ធនាគារ អស់​មួយជីវិត​ព្រោះ ឌុ​ច នេះហើយ​ជា​អ្នកបញ្ជា​ឲ្យ​កងការពារ​យក​អ្នកទោស​នៅក្នុង​គុក ទួលស្លែង​ទៅ​សម្លាប់ មិនមែន​កងការពារ​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ​។ ប្រសិនបើ​គាត់​មិន​ធ្វើ តាម​បញ្ជា​គឺ​គាត់​នឹងត្រូវ​សម្លាប់​ដូច​អ្នកទោស​ដែរ​។ ហ៊ុយ ជំរុញ​ឲ្យ​មាន ការកាត់ទោស​លើ សំណុំរឿង​០០៣ និង​សំណុំរឿង​០០៤ បន្តទៀត ដើម្បី​ជា​គំរូ​ដ៏​ល្អ​មួយ​ដល់​ក្មេង ជំនាន់​ក្រោយ និង​ទុកជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក៏ដូចជា​គំរូ​ដល់ ប្រទេស​ដ៏ទៃទៀត​។

​ការស្វែងរក​យុត្តិធម៌ ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​រស់នៅ​សព្វថ្ងៃ របស់​ជន រងគ្រោះ ទោះជា ប៉ុល ពត និង​មេដឹកនាំ​ផ្សេងទៀត​បាន​ស្លាប់​ក៏ដោយ​ក៏ត្រូវ​កាត់ទោស​មេដឹកនាំ ដែល​នៅរស់​ផ្សេងទៀត​ដែរ ព្រោះ​គ្មាន​នរណាម្នាក់​អាច​ជៀស​ផុតពី​ការរស់នៅ​ដោយ​ការ​គេចវេះ ពី​អតីត​កាលដែល​កើតមាន​ចំពោះ​ខ្លួន​បានឡើយ​។ ចំពោះ ចាន់ ឡេ​ត ភេទ​ស្រី និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ មាន​ស្រុកកំណើត​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម​ប្រាប់ថា ផ្ទះ​របស់ គាត់​មាន​ចម្ងាយ​ប្រហែល ៣០​គីឡូម៉ែត្រ​ពី​ផ្នូរ​របស់ ប៉ុល ពត​។ ជារឿយៗ ឡេ​ត បាន​ទៅ​ទស្សនា​ផ្នូរ​របស់ ប៉ុល ពត ដោយសារតែ​បានឮ​ពី​រឿងរ៉ាវ និង​បញ្ហា​ផ្សេងៗ​ក្រោម​ការដឹកនាំ​របស់ ប៉ុល ពត ក្នុង​របប​ខ្មែរ ក្រហម ពី​ឪពុកម្តាយ​និង​អ្នកជិតខាង​របស់ខ្លួន​។ ឡេ​ត និយាយថា ការកាត់ទោស​មេដឹកនាំ ខ្មែរក្រហម ពិតជា​គ្រប់គ្រាន់​ក្នុង​ការផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ព្រោះ​ប្រជាជន​ខ្មែរ​ជឿ​ទៅ លើ​បុណ្យ និង​បាប ហើយ​ជនរងគ្រោះ​ភាគច្រើន​ចង់ឃើញ​អ្នក​ដែល​ធ្វើ​ខុស​ទទួលបាន ផល​អាក្រក់​តបស្នង​វិញ​ដូចដែល​មេដឹកនាំ​ខ្មែរក្រហម​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់​ព​ន្ធ​ធានា​គារ​អស់​មួយជីវិត​។ ឡេ​ត យល់ឃើញថា ការជំរុញ​ឲ្យ​មានការ​ចាប់ខ្លួន​មេដឹកនាំ​ខ្មែរក្រហម​ជា បន្តបន្ទាប់​អាចធ្វើ​ឲ្យ​កម្មាភិបាល​ខ្មែរក្រហម និង​សាច់ញាតិ​របស់​កម្មាភិបាល​ខ្មែរក្រហម មួយចំនួន​មិន​ពេញចិត្ត ដែល​អាច​នាំមក​នូវ​បញ្ហា​ផ្សេងៗ​ទៅ​ថ្ងៃ​អនាគត​។ មិនតែប៉ុណ្ណោះ ឡេ​ត បន្ថែមថា យុត្តិធម៌ និង​ការផ្សះផ្សា មិនមែន​ពឹងផ្អែក​ទៅលើ​ការកាត់ទោស​ទាំងស្រុង​ទេ តែ​តម្រូវការ​ជាក់ស្តែង​គឺជា​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​ដូច​ជាការ​អភិឌ្ឍន៍​ស្រុក អន្លង់វែង​សព្វថ្ងៃនេះ​ជាដើម​។ ទោះបីជា​ស្រុក​អន្លង់វែង​ជា​កន្លែង​ដែល​ធ្លាប់តែ​មានការ​រើសអើង គ្នា​រវាង​កម្មាភិបាល​ខ្មែរក្រហម និង​ប្រជាជន​ថ្មី​ក៍ដោយ តែ​សព្វថ្ងៃនេះ ប្រជាជន​ភាគច្រើន បានរស់នៅ​ជាមួយគ្នា​យ៉ាង​សុខសាន្ត​ដោយសារតែ​ស្រុក​អន្លង់វែង​មានការ​អភិវឌ្ឍន៍​ទាក់ទាញ មនុស្ស​ជាច្រើន​ទៅ​រស់នៅ និង​ចេះ​យោគយល់​គ្នា​ទៅវិញទៅមក​។​

​លើសពីនេះ មី បូរី ភេទ​ស្រី ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ មាន​យោបល់​ថា តុលាការ​បានផ្តល់​ភាពយុត្តិធម៌​យ៉ាងពិត ប្រាកដ​ទាំង​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត ព្រោះ​តុលាការ​បាន​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត ជា​គំរូ​មួយ​សម្រាប់​ប្រទេស​នីតិរដ្ឋ និង​បានដាក់​ឈ្មោះ​មេដឹកនាំ​ខ្មែរក្រហម​ជា​ឧក្រិដ្ឋជន ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ទោះជា ប៉ុល ពត បាន​ស្លាប់​មុន​ការកាត់ទោស​ក៏ដោយ ក៏ ប៉ុល ពត នៅតែ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​អាក្រក់​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែរ​។ បូរី បាន​បន្ថែមថា មិន​ចង់ ឲ្យ​មានការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បន្ថែមទៀត​ទេ ព្រោះ​ការនាំ​មេដឹកនាំ​ខ្មែរក្រហម មក​កាត់ទោស​កាន់តែច្រើន​អាច​បណ្តាល​ឲ្យ​មានការ​បែកបាក់​រវាង​ប្រជាជន និង​អតីត​កម្មាភិបាល ខ្មែរក្រហម​កាន់តែច្រើន​ទៀត​។ ចំពោះ បូរី ការសម្ភាសន៍​ជនរងគ្រោះ និង​ការអប់រំ​តាមរយៈ សាសនា គឺជា​ចំណែក​មួយ​ក្នុង​ការជួយ​រំលែក​ការឈឺចាប់​ក្នុង​ចិត្ត​របស់​ជនរងគ្រោះ ។

​នៅក្នុង​ថ្ងៃ​អនាគត បូរី មានបំណង​ចង់​ក្លាយជា​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ ព្រោះ បូរី គិតថា​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​សព្វថ្ងៃ​នៅមានកម្រិត​នៅឡើយ​។ ចំណែកឯ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិ​ទ្សា​ល័យ​ភូមិន្ទ​ភ្នំពេញ ឈ្មោះ រី ក្រ​វ៉ាន់ ភេទ​ស្រី មាន​ស្រុកកំណើត នៅ​ខេត្តកណ្តាល យល់ឃើញថា​ការកាត់ទោស​មេ​ដឹក​ខ្មែរក្រហម​នៅក្នុង​តុលាការ​គឺ​ផ្តល់ យុត្តិធម៌​បានតែ​មួយផ្នែក​ទេ ព្រោះ​ប្រជាជន​ខ្មែរ ប្រមាណ​២​លាន​នាក់​បាន​ស្លាប់​នៅក្នុង របប​ខ្មែរក្រហម គឺមាន​លក្ខណៈ​ធំធេង​ណាស់​។ យុត្តិធម៌ គឺ​មិនអាច​ពឹងផ្អែក​តែ​លើ​ប្រព​ន្ធ័ តុលាការ​តែ​ម្យ៉ាង​ឡើយ​តែ​ការអប់រំ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​យល់ដឹង​ពី​របប​ខ្មែរក្រហម​ឲ្យ​កាន់តែច្បាស់​ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់បំផុត​ក្នុងការ​ចូលរួម​រក​យុត្តិធម៌​ទៅ​ថ្ងៃ​អនាគត​ដែរ​៕ ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​

​ប៉ុល ពត​
ប៉ុល ពត ស្លាប់​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៩៨ នៅលើ​ភ្នំ​ដងរែក ក្នុង​តំបន់​អន្លង់វែង​។​