តើ​ពន្ធ​របស់​ត្រាំ​លើ​ចិន​និង​ម៉ិ​ក​ស៊ិ​ក​អាច​ប៉ះពាល់​សេដ្ឋកិច្ច​អាម៉េរិក​ដោយ​របៀប​ណា​?

768
ចែករម្លែក

​ដប់​ពាន់​លាន​នៅទីនេះ​ដប់​ពាន់​លាន​នៅ​ទីនោះ ៖ ការដំឡើង​ពន្ធ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ លើ​ការនាំ​ចូលទៅ​សហរដ្ឋអាម៉េរិក​បានចាប់ផ្តើម​ឡើងដល់​ចំនួន​ទឹកប្រាក់​ដ៏​សម្បើម និង​ប្រហែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដ៏​រឹងមាំ​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​អាម៉េរិក​។​

​រហូតមកទល់​ពេលនេះ សេដ្ឋកិច្ច​ភាគច្រើន​គឺ​រួច​ផុតពី​ការខូចខាត​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ត្រាំ​។ ទោះបី​ប្រធានាធិបតី​រហស្សនាម “​បុរស​ពន្ធ​” បាន​ដំឡើង​ពន្ធ​លើ​អ្វីៗ​គ្រប់យ៉ាង​ពី​ដែកថែប​តួ​ក​គី​រហូតដល់​អាលុយមីញ៉ូម​កាណាដា​និង​ទំនិញ​ស្ទើរ​គ្រប់មុខ​របស់​ចិន ក៏​ទីផ្សារការងារ​របស់​អា​ម៉េ​រិ​ក​នៅតែ​រឹងមាំ​។ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្រិត​៣,៦​ភាគរយ​គឺជា​កម្រិត​ទាប​បំផុត​របស់​អាម៉េរិក​ក្នុង​រយៈពេល​ជាង​ពាក់កណ្ដាល​សតវត្ស​រ៍ម​ក​នេះ​។ នៅ​ខែកក្កដា​ខាងមុខ ការ​បន្លាយពេល​សង្គ្រាម​ពន្ធ ដែល​កើតឡើង​បន្ទាប់ពី​មហា​វិបត្តិ​សេដ្ឋកិច្ច នឹង​ក្លាយជា​សង្គ្រាម​ពន្ធ​យូរ​បំផុត​លើ​កំណត់ត្រា​ចាប់​តាំង​ឆ្នាំ ១៨៥៤​។​

​ប៉ុន្តែ​ក្នុង​រយៈពេល​មួយខែ​កន្លងទៅនេះ លោក​ត្រាំ​បាន​ប្រថុយប្រថាន​កាន់តែ​ខ្ពស់​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​អាម៉េរិក​។ គាត់​បាន​ដំឡើង​ពន្ធ​ទ្វេដង​លើ​ការ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។ គាត់​កំពុង​ត្រៀម​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដោយ​ពង្រីក​ពន្ធ​នាំចូល​របស់គាត់​ទៅជា​អ្វីៗ​គ្រប់យ៉ាង ដែល​ចិន​លក់​ឱ្យ​សហរដ្ឋ​អាម៉េរិក​។​

​ហើយ​នៅក្នុង​ចំណាត់ការ​មួយ ដែល​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់ទី​ប្រឹក្សា​ផ្ទាល់​របស់គាត់​មួយចំនួន និង វិនិយោគិន​ផងដែរ​នោះ លោក​ត្រាំ​បាន​និយាយថា​លោក​នឹង​ដំឡើង​ពន្ធ​៥​ភាគរយ​លើ​ការនាំ​ចូល​របស់​ម៉ិ​ក​ស៊ិ​ក​ចាប់​ពីថ្ងៃ​ចន្ទ​ទី​១០​មិថុនា ហើយ​ពន្ធ​នេះ​នឹង​ឡើងដល់​២៥​ភាគរយ នៅត្រឹម​ថ្ងៃទី ១ ខែតុលា ប្រសិនបើ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ខកខាន​ក្នុងការ​បញ្ឈប់​លំហូរ​នៃ​ជន​អន្តោរ​ប្រវេ​ស​ពី​អាម៉េរិក​កណ្តាល​ចូលទៅក្នុង​សហរដ្ឋ​អាម៉េរិក​។​

​សរុបមក សកម្មភាព​ទាំងនេះ​គឺ​កត់សម្គាល់​ពី​ការកើនឡើង​យ៉ាងខ្លាំង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ត្រាំ​នៅក្រៅ​ប្រទេស​។ ពន្ធ​ថ្មី លើ​ការ​នាំចូល​របស់​ចិន​និង​ម៉ិ​ក​ស៊ិ​ក មាន​ចំនួន​ប្រហែល ១៩០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នៅក្នុង​ពន្ធ​ថ្មី ដែល​បង់​ដោយ​អ្នក​នាំ​ចូលមក​អាម៉េរិក និង​ជាធម្មតា​រាលដាល​ដល់​អ្ន​ក​ប្រើប្រាស់​ដែរ​។ ចំពោះ​គ្រួសារ​អាម៉េរិក នេះ​មានន័យថា​នឹងមាន​ការឡើង​ថ្លៃ​បន្លែ​ផ្លែឈើ​និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​និង​របស់​ប្រើ​ចាំបាច់​ផ្សេងទៀត​។ លើសពីនេះទៅទៀត អ្នក​នាំចេញ​ជាពិសេស​កសិករ​អាច​រំ​ពឹង​ទទួលរង​នូវ​ការសង​សឹក នៅពេល​ចិន​និង​ម៉ិ​ក​ស៊ិ​ក​វាយបក​វិញ​ជាមួយ​ការដំឡើង​ពន្ធ​ឬ​ការដាក់ទណ្ឌកម្ម​ផ្សេងទៀត​លើ​ការនាំ​ចេញពី​សហរដ្ឋ​អាម៉េរិក​។​

​ការដំឡើង​ពន្ធ​នេះ​គឺ​នាំមក​នូវ​ការខូចខាត​ផ្សេងទៀត ដែល​ពិបាក​ក្នុងការ​វាស់វែង​។ ពន្ធ​ទាំងនេះ​បង្កើតឱ្យមាន​ភាពមិនប្រាកដ​ប្រជា​សម្រាប់​អាជីវកម្ម​អាម៉េរិក ដោយ​មិនដឹងថា​ត្រូវ​ទិញ​គ្រឿង​ផ្គត់ផ្គង់ លក់ទំនិញ ឬ ដាក់​រោងចក្រ និង​ការិយាល័យ​ទៅ​ទីណា​។ ហើយ​ពន្ធ​ទាំងនេះ​ធ្វើឱ្យ​ពួក​វិនិយោគិន​រួញរា​និង​បន្ថយ​ទំនុកចិត្ត​អតិថិជន​និង​ក្រុមហ៊ុន​រកស៊ី​នានា​។​

​អ្នកស្រាវជ្រាវ​នៅ​ក្រុមហ៊ុន UBS បាន​ប៉ាន់ប្រមាណ​ថា ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​នាំចូល​ទាំងអស់​របស់​ចិន​នឹង​កាត់​អស់​១​ភាគរយ​ពី​កំណើនសេដ្ឋកិច្ច​អាម៉េរិក​នៅ​ឆ្នាំក្រោយ​។ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​កើនឡើង ២,៩ ភាគរយ​នៅ​ឆ្នាំ ២០១៨ និង​ទំនងជា​នឹង​ចុះខ្សោយ​សម្រាប់​ឆ្នាំ ២០១៩​។ ពួកគេ​និយាយថា ដោយ​បន្ថែម​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​ម៉ិ​ក​ស៊ិ​ក សហរដ្ឋអាមេរិក​អាច​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​លើក​ទី​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៩​។​

​ធនាគារកណ្តាល​របស់​អាម៉េរិក​បានធ្វើការ​កត់សម្គាល់​ផងដែរ​។ ប្រធាន​ធនាគារកណ្តាល លោក ជើ​រ៉ូម ផូវែល (Jerome Powell) បានបញ្ជាក់​យ៉ាងច្បាស់​នៅ​សប្តាហ៍​នេះ​ថា​ធនាគារកណ្តាល​កំពុង​ត្រៀម​ធ្វើ​អន្តរាគមន៍ ដោយ​ទំនងជា​នឹង​បន្ថយ​អត្រា​ការប្រាក់ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវបាន​ចាត់ទុកថា​គំរាមកំហែង​ដល់​ការលូតលាស់​សេដ្ឋកិច្ច​។​

​ប៉ុន្តែ​វា​មិន​ប្រាកដ​ទេ​ថា ជម្លោះ​ពាណិជ្ជកម្ម​របស់​ត្រាំ​នឹងធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​អាម៉េរិក ទោះបីជា​ជម្លោះ​នេះ​រីក​ធំ​ប៉ុនណា​ក៏ដោយ​។ សេដ្ឋវិទូ​ឈ្មោះ Pinelopi Goldberg នៅ​ធនាគារពិភពលោក សេដ្ឋវិទូ Pablo Fajgelbaum មកពី UCLA សេដ្ឋវិទូ Patrick Kennedy មកពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា សេដ្ឋវិទូ Berkeley និង​សេដ្ឋវិទូ Amit Khandelwal មកពី​សាកលវិទ្យាល័យ​កូ​ឡុំ​បៀ បាន​ព្យាករណ៍​ថា ការខាតបង់​សេដ្ឋកិច្ច​ពី​សង្គ្រាម​ពាណិជ្ជកម្ម​កាលពី​ឆ្នាំមុន​មាន​ចំនួន​តិចតួច​បំផុត​គឺ​ត្រឹមតែ ០,០៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប៉ុណ្ណោះ​។​

​មូលហេតុ​មួយ​គឺថា​ការធ្វើ​ពាណិជ្ជកម្ម​រួមចំណែក​តូច​ប៉ុណ្ណោះ​នៃ​សេដ្ឋកិច្ច​អាម៉េរិក​។ ធនាគារពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា ការនាំចេញ​និង​ការនាំ​ចូល​មាន​ចំនួន​ស្មើនឹង​២៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប៉ុណ្ណោះ​។ វា​ជា​ភាគរយ​ទាប​ជាង​នៅក្នុង​ប្រទេស​ចំនួន​៧​ផ្សេងទៀត ដែល​គ្មាន​អំណាច​ឧស្សាហកម្ម​ដូច​សហរដ្ឋ​អាម៉េរិក​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

នាវា​ដឹកទំនិញ​ដល់​កំពង់ផែ​តា​កូ​ម៉ា​កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩