តើ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ត្រូវ​ដោះស្រាយ​បញ្ហា​ខូ​វីដ​១៩​យ៉ាងដូចម្តេច​?

121
ចែករម្លែក

ភ្នំពេញៈ មនុស្ស​៥០០​លាន​នាក់​កំពុងស្នាក់នៅ​ផ្ទះ​នៅតាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភព លោក ហើយ​ប្រជាជន​ខ្មែរ​ស្ថិត​ក្នុងចំណោម​ប្រជាជន​ទាំងនោះ​។ យើង​កំពុង​នៅក្នុង​វិបត្តិ​មួយ ដែល​មនុស្ស​គ្រប់គ្នា​ភ័យ​ស្លន់ស្លោ​លើ​បញ្ហា​ផ្លូវចិត្ត និង​បារម្ភ​ពពី​បញ្ហា​សុខភាព​របស់​ពួកគេ​។​
​ ​
វា​មិនមែនជា​ពេល​ត្រូវ​បន្ទោស​គ្នា​នោះទេ ។​វា​មិនមែនជា​ពេល​សាចទឹក​ដាក់គ្នា​ទៀតឡើយ​។ ប៉ុន្តែ​វា​ជា​ពេល​រួបរួម​ដើម្បី​សង្គ្រោះ​ពិភពលោក ពិសេស​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​។​
​ ​
ការ​រ​រីក​រាលដាល​ដ៏​លឿន​នៃ​មេរោគ​ខូ​វីដ​១៩ (Covid19) បានធ្វើ​ឲ្យ​គេ​នឹកឃើញ​សោកនាដកម្ម នៅ​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំ​១៩១៣ ដែល​មេរោគ​ស្រដៀង​គ្នា​នេះ (Swan Flue) បានសម្លាប់​មនុស្ស ប្រមាណ​៣០​លាន​នាក់​។ ប៉ុន្តែ​បញ្ហា​នៃ​មេរោគ​Covid19​នេះ ទំនងជា​មិន​បង្ក​មហន្តរាយ និង​សោកនាដកម្ម​លើ​អ្វី​ដូចដែល​បានកើត​ឡើង កាលពី​ជាង​១០០​ឆ្នាំមុន​នោះទេ​។​
​ ​
ប៉ុន្តែ​រហូតមកទល់​ពេលនេះ សោកនាដកម្ម​ក៏បាន​កើតឡើង​ផងដែរ ព្រោះ​នៅលើ​ពិភពលោក មាន​មនុស្ស​សរុប​ជាង​១០.០០០​នាក់​ហើយ​បាន​ស្លាប់ ក្នុងចំណោម​អ្នក​ឆ្លង COVID-19 សរុប ជាង​២៤៥.០០០​នាក់ និង​ជាសះស្បើយ​វិញ​ជាង​៨៨.០០០​នាក់ ហើយ​ប្រទេស​ចិន​បាន និង​កំពុង​នាំមុខគេ​លើ​ការបញ្ឈប់​ការឆ្លង​រាលដាល និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ ទោះបីជា ជំងឺ​នេះ​បាន​ផ្ទុះ​ចេញពី​ទី​ក្រុ​វូ​ហាន ប្រទេស​ចិន​ខ្លួនឯង​ក្តី​។​

ដំណោះស្រាយ និង​បញ្ហា​ប្រឈម​នៅ​កម្ពុជា​
រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​ចាត់ វិធានការ​ភ្លាមៗ លើ​ការបិទ​សាលារៀន​ជា​លើកដំបូង​នៅ​ខេត្តសៀមរាប​និង​បន្ត​បិទ​ទូទាំង ប្រទេស ហើយ​រោងភាពយន្ត និង​KTV បិទ​ការប្រគំ​តន្ត្រី និង​កម្មវិធី​ជាច្រើន​ផងដែរ ។​
​ ​
ការ​រ​បិទទ្វារ​ព្រំដែន​រៀ​ត​ណា​ម ជាមួយ​កម្ពុជា​ដែល​ផ្តោតលើ​ការធ្វើដំណើរ (​លើកលែង​ការដឹកជញ្ជូន​ទំនិញ​) ការមិន​អនុញ្ញាត​ឲ្យ​ប្រជាជន មកពី​ប្រទេស​មួយចំនួន​នៅ​ទ្វីបអឺរ៉ុប​ចូល​ទឹកដី កម្ពុជា សុ​ទ្ឋ​តែ​ជា​វិធានការ​ចាំបាច់ និង​បន្ទាន់​ដែល​បាន​ដាក់ចេញ ខណៈ​អ្នក​ឆ្លង​ជំងឺ​Covid19 បាន​កើន​ឡើងដល់​៤៧​នាក់ ដែល​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​ជា​ជន​បររទេស និង​ប្រជាជន​កម្ពុជា​។​
​ ​
ការដាក់ចេញ​វិធានការ​ចាំបាច់​ដទៃទៀត​គួរតែ​ធ្វើឡើង​ដូចជា​ប្រជាជន​មកពី បណ្តា​ប្រទេស នានា ដែល​មានការ​រាតត្បាត​ជំងឺ​នេះ​គួរតែ​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ក្នុង​រយៈពេល ១៤​ថ្ងៃ តាម​វិធាន​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​
​ ​
ជាមួយគ្នានេះ​រដ្ឋាភិបាល​គួរ​ដាក់​ឲ្យ​អ្នកដំណើរ ដែល​មកពី​ប្រទេស​ផ្សេងៗ​ដែលមាន​ការ រីក​រាលដាល​មេរោគ សម្រាក​នៅ​ទីតាំង​មាន​សុវត្ថិភាព​រយៈពេល​១៤​ថ្ងៃ​ដើម្បី​តាមដាន​សុខភាព របស់​ពួកគេ ដែលជា​ការធ្វើ​ឲ្យ​ប្រាកដថា ពួកគេ​គ្មាន​មេរោគ​ទៅ​ចម្លង​ដល់​សមាជិកគ្រួសារ និង​សហគមន៍​របស់​ពួកគេ​។​

មិនមែនជា​ពេលវេលា​ត្រូវ​កេង​ប្រ​​វ័​ញ្ច​
នៅពេល​មាន​បញ្ហា​ភ័យខ្លាច​ពី​ប្រជាជន​កម្ពុជា ក៏ដូចជា​តាម​បណ្តា​ប្រទេស​នានា​ទំនិញ​នៅតាម ទីផ្សារ​បាន​ឡើងថ្លៃ ពិសេស​នៅ​កម្ពុជា​ដែល​វា​ជា​ចេតនា​អាក្រក់​មួយ ពិសេស​ម៉ាស់​បិទមុខ បាន​ឡើងថ្លៃ​កប់​ពពក ដោយសារ​ការ​ឆ្លៀត​ឳ​កាស​ទាញយក​ផលចំណេញ​ដោយ​អ​សីល​ធ៌​ម របស់​អ្នកជំនួញ​មួយចំនួន​។​
​ ​
វា​គួរ​ជា​ពេល​យកអាសារ​គ្នា វា​មិនមែនជា​ពេលវេលា​របស់​អ្នកជំនួញ​យក​ផលចំណេញ​ពីស្ថានភាព​នេះ​ទេ អរិយជន​ឬ​ជន​មាន​សីល​ធ៌​ម មានចំណេះដឹង មាន​ជំនាញ មាន​គុណធ៌ម គួរតែ​រួបរួមគ្នា គួរតែ​ជួយ​គ្នា​ជាជាង​កេងប្រវ័ញ្ច​ពីគ្នា​បែបនេះ​។​
​ ​
​ការប្រកាន់ ការរើសអើង​មិនគួរ​មាននៅ​ក្នុង​សង្គមមនុស្ស ដែលមាន​អរិយ​ធ៌​ម​ឡើយ​។ ប៉ុន្តែការ​មាន​សន្តាន​ចិត្ត​ជួយ​គ្នា​។ ចេះ​រួបរ​រួមគ្នា ទើប​ជា​គុណ​តម្លៃ​នៃ​មនុស្ស​ដែលមាន​គុណ​តម្លៃ​។
​ ​
ការរួបរួម​គ្នា​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង ធ្វើ​ឲ្យ​ខ្មែរ​រីកចម្រើន ព្រោះ​អង្គរវត្ត​សាងសង់ឡើង​បាន​ដោយសារ​ការ រួបរួមគ្នា មិនមែន​កើត​បាន​ដោយសារ​ក្រុមមនុស្ស​អញ​និយម ឬ​ក្រុមហ៊ុន​ខ្លួន​ជាទី​ពឹង​នៃ​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​សង្គម​បែកបាក់​នោះឡើយ​។​

ដំណោះស្រាយ​ចំពោះមុខ​
ការ​រួមដៃគ្នា​រវាង​ប្រជាជន និង​រដ្ឋាភិបាល ដើម្បី​កម្ចាត់​មេរោគ​Covid19 ជា​អ្វីដែល​ត្រូវធ្វើ​នា ពេលនេះ និង​ធ្វើ​ទាំងអស់គ្នា ហើយ​អ្វីដែល​ប្រជាជន​ត្រូវធ្វើ ទី​១ ត្រូវ​អនុវត្តន៍​នូវ​វិធាន​អនាម័យ តាម​ការណែនាំ របស់​អង្គការ​សុខភាព​ពិភពលោក ឬ​ក្រសួងសុខា ភិបាល ដូចជា​ឧស្សាហ៍ លាងដៃ កាត់បន្ថយ​ការជួបជុំ ក្អក​ឬ​កណ្តាស់ ត្រូវយក​ក្រ​ម៉ា​ឬ​កន្សែង​ខ្ទប់មាត់ និង​ពេល​មាន បញ្ហា​ឡើង​កំដៅ​ខ្លាំង​ត្រូវ​ទៅពិនិត្យ​សុខភាព​ជាដើម​។​
​ ​
​ការរក្សា​ការប្រុងប្រយ័ត្ន និង​ការអនុវត្តន៍​នូវ​វិធាន​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព លោក នឹងធ្វើ​ឲ្យ​យើង​មាន​សុវត្ថិភាព ហើយ​ការផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព និង​ទំនុកចិត្ត​ពី​សំណាក់​គ្រូពេទ្យ​នានា ដែលជា​អ្នកធ្វើការ​ជាមួយ​អាយុជីវិត​មនុស្ស​ផ្ទាល់ ត្រូវតែ​ឈរលើ​មូលដ្ឋាន​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ ជាជាង​ការធ្វេសប្រហែស គិត​បញ្ហា​លុយ​ជាធំ ខណៈ​គ្រូពេទ្យ​នៅ​កម្ពុជា ត្រូវបាន​សាធារណៈជន​រិះគន់​ជារឿយៗ ពី​បញ្ហា​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ និង​ចំណេះដឹង​នៅមានកម្រិត​របស់ខ្លួន​។​

ជំនួញ​និង​បញ្ហា​ប្រឈម​
គ្រប់មុខ​ជំនួញ​ស្ទើរ​ទាំងអស់​បាននិងកំពុង​ប្រឈមមុខ​នឹង​ការបិទទ្វារ​និង​ការ​ក្ស័យ​ទុន ដោយសារ​ការប្រកាស​បិទ​របស់​រដ្ឋាភិបាល​មួយចំនួន លើ​ការប្រគំ​តន្ត្រី​ការបិទ​KTV​និង​រោង ភាពយន្ត​ជាដើម​។​
​ ​
សំណួរ​នៅទីនេះ​តើ​អ្នកណា​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​? ចម្លើយ​នៅទីនេះ​គួរតែមាន​យន្តការ មួយចំនួន និង​ច្បាស់លាស់​បន្ថែមទៀត​ពី​រដ្ឋាភិបាល​។ ដូចជា ទី​១ ការជួយ ឧបត្ថម្ភ​ធន​ពីរ​ដ្ឋា ភិ​បាល​លើ​មុខ​ជំនួញ ឬ​អាជីវកម្ម​មួយចំនួន ព្រោះ​រដ្ឋាភិបាល​បានប្រកាស​ត្រៀម​បញ្ចេញ​ថវិកា រាប់រយ​លាន​ដុល្លារ ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​រួចហើយ​។ ទី​២ ការទម្លាក់​អត្រា​ការប្រាក់​ពី គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន (​រដ្ឋាភិបាល​បានស្នើ​ឲ្យ​ពន្យា​ពេល​បង់ប្រាក់ រួចហើយ​) ជាជាង​បញ្ចេញ​ថវិកា​តែ​ម្យ៉ាង ដោយសារ​វា​ជា​បំណុល​ដែល​ត្រូវ​ប្រជាជន​រ៉ាប់រង បន្តទៀត ខណៈដែល​ធនាគារកណ្តាល នៅតាម​បណ្តា​ប្រទេស​នានា​បាន​ទម្លាក់​អត្រា​ការប្រាក់ ទាប​បំផុត ឬ​ស្មើ​សូន្យ ដើម្បី​ជួយ​ប្រជាជន​ឬ​អាជីវកម្ម​នៅ​ប្រទេស​របស់​ពួកគេ​។​ទី​៣ ម្ចាស់​អាជីវកម្ម​ឬ​អ្នកជំនួញ​ខ្លួនឯង គួរ​ធ្វើ​ការរៀបចំ​ផែនការ​ថ្មី​ទាក់ទង​នឹង​អាជីវកម្ម​ឬ​ការលក់ របស់​ពួកគេ ឧទាហរណ៍​នៅ​ប្រទេស​ចិន​នៅ​កំឡុង​ពេលនេះ​បាន​ផ្តោតលើ​ការលក់​អចលនទ្រព្យ តាម​អន​ឡាញ ជាជាង​ការជួប​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​។ ទី​៤ អ្នកជំនួញ​ខ្លួនឯង​ក៏​ត្រូវតែ​ពង្រីក ការលក់ និង​ការ​ចែកចាយ​របស់ខ្លួន​ដល់ដៃ​អតិថិជន តាមរយៈ​ការបញ្ចុះ​តម្លៃ​។ តាមរយៈ​ការដឹក ជញ្ជូន​ដល់​លំនៅដ្ឋាន​ផ្ទាល់ បន្ទាប់ពី​មាន​ការបញ្ជា ទិញ​តាម​អន​ឡាញ​។ ទី​៥​ការបន្ត​ពង្រឹង សុខភាព​ផ្លូវចិត្ត​ជាជាង​ការបិទ​អាជីវកម្ម​(​លើកលែងតែ​អាជីវកម្ម ដែល​ប្រកា​សបិទ​ដោយ​រដ្ឋា ភិ​បាល​) ដោយសារ​ការ​ភ័យ​ស្លន់ស្លោ​ពេក ព្រោះ​ការធ្វើ​ជំនួញ​កំឡុង​ពេលនេះ​ក៏​ជា​ឳ​កាស​ពង្រីក នូវ​ផលិតផល​ថ្មី តាមរយៈ​ការពង្រឹង​សមត្ថភាព​ក្រុមហ៊ុន​ឬ​ស្ថាប័ន​របស់ខ្លួន​។​
​ ​
ហេតុនេះ​ការពង្រឹង​ការ​ថែ​រទាំ​សុខភាព ការអនុវត្ត​នូវ​វិធាន​ទាំងឡាយ​របស់​ក្រសួង សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក និង​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជាក់ស្តែង​ពិត​ជាមាន​សារសំខាន់ ណាស់ ដើម្បី​កាត់បន្ថយ​ការភ័យខ្លាច ហើយ​ជំនួស​វិញ​នូវ​ការប្រុងប្រយ័ត្ន​។ នេះ​ជា​អ្វី​ដែលមាន សារៈសំខាន់​ជា​សារ​វ័​ន្ត ដើម្បី​ប្រជាជន​អាច​បន្ត​ធ្វើដំណើរ​ទៅមុខ​ជាមួយនឹង​ការរក្សាបាន​នូវ សន្តិភាព​ផ្លូវកាយ និង​សន្តិភាព​ផ្លូវចិត្ត​របស់​ពួកគេ​៕ ដោយៈ​យិន លាង​គង់​