តើ​លោក​សម រង្ស៊ី ក្លាហាន​ហ៊ាន​មក​កម្ពុជា​វិញ​មែន​ក៏​អី​?

792
ចែករម្លែក
  • 10
    Shares

​លោក​សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ខ្លួន​គ្រោង​នឹង​វិល ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ នាពេល​ខាងមុខនេះ ។​ប៉ុន្តែ​ដំណើរ​គ្រោង​វិល​ត្រឡប់មក​កម្ពុជា គឺ​មិនបាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ​។ ការប្រកាស​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន មួយចំនួន​បានលើកឡើង​ថា តើ​លោក​សម រង្ស៊ី ហ៊ាន​វិល​ត្រឡប់មក​កម្ពុជា​វិញ ឬក៏​មិន​ហ៊ាន​?​។ បើ​ហ៊ាន​មកវិញ​គាត់​អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​ឬ​អាចមាន​បរទេស​មក​អម​ជាមួយ​!​។ បើ​បរទេស​មកជា​មួយ បានន័យថា ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​
​ ​
​ការប្រកាស​វិល​ត្រឡប់មក​កម្ពុជា​វិញ​របស់លោក​សម រង្ស៊ី គឺ​បានប្រកាស​ជាច្រើនលើក ច្រើនសារ​មកហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ច្បាស់​អំពី​ការនិយាយ​ភូតកុហក របស់លោក​សម រង្ស៊ី​។​
​ ​
យោងតាម​លទ្ធផល​កិច្ចប្រជុំ​របស់​ក្រុម​លោក​សម រង្ស៊ី នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី​២០ ខែមករា បាន​ឲ្យ​ដឹងថា គេ​បានរៀបចំ​ផែនការ​សម្រាប់​ដំណើរ​វិលត្រឡប់​របស់​លោក​សម រង្ស៊ី ចូល​មាតុភូមិ​កម្ពុជា​វិញ និង​បង្កើត​ក្រុមការងារ​រៀបចំ​កម្លាំង​ចាំ​ទទួល​លោក​សម រង្ស៊ី​។​
​ ​
លោក​ទិ​ត សុធា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃទី​២១​ខែមករា​ថា ទ្វារ​គុក​បើកចំហរ​រង់ចាំ​ទណ្ឌិត សម រង្ស៊ី ២៤​ម៉ោង ក្នុង​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​។ ការសម្រេចចិត្ត​របស់​ទណ្ឌិត សម រង្ស៊ី តើ​មាន​ភាពក្លាហាន​ពិតប្រាកដ​ដូច​ការប្រកាស ឬមួយ​គ្រាន់តែ​ជាការ​បំពុល​សាធារណមតិ​នៅក្នុង​ផលប្រយោជន៍​នយោបាយ​អី​មួយ ខណៈពេលដែល​អតីត​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​ច្បាប់​ហើយ​នោះ​។
​ ​
លោក​បាន​បញ្ជាក់ថា “​ការប្រកាស​វិល​ចូល​ស្រុក​របស់​ទណ្ឌិត សម រង្ស៊ី អាចជា​ល្បិចកល នយោបាយ​ច្រើនជាង​ឆន្ទៈ ពីព្រោះ​ទណ្ឌិត​រូបនេះ តែងតែ​រត់ចោល​គុក​ចង់​មួយជីវិត របស់គាត់​ទៅហើយ​។ សម្រាប់​ការអនុវត្ត​វិធានការ​យ៉ាងណា​នោះ អាស្រ័យ ទៅលើ​វត្តមាន ទណ្ឌិត​នោះ​សិន តើ​នៅពេលដែល​ចូល​មកដល់​កម្ពុជា​ពិតមែន ឬ​យ៉ាងណា​? បើសិនជា​គាត់ ក្លាហាន​ដូច​អ្វីដែល​បានប្រកាស គឺ​ទ្វារ​បើកចំហរ​។ ប៉ុន្តែ​នីតិវិធី​ផ្លូវច្បាប់ គឺ​នឹង​អនុវត្ត​នៅពេល ដែលមាន​វត្តមាន​លោក​ចូលមក ពីព្រោះ​ទណ្ឌិត​រូបនេះ ជាប់​នីតិវិធី​ផ្លូវច្បាប់​ជាច្រើន​សំណុំរឿង ដូច្នេះ​គ្មាន​ជាការ​ព្រួយបារម្ភ​ណាមួយ​សម្រាប់​រាជរដ្ឋាភិបាល​ចំពោះ​វត្តមាន​ទណ្ឌិត​រូ​វ​នេះ វិល​ចូល​ស្រុក​ទេ ជាការ​ស្វាគមន៍​ទៅវិញ​ទេ​”​។​

​ចំណែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​ផ្លូវការ​របស់លោក​កាលពី​ថ្ងៃទី​២១​ខែមករា​ដែរ​ថា ការ​ប្រកាសថា ចូល​ស្រុក​វិញ​របស់​ទណ្ឌិត សម រង្សី មាន​ច្រើនដង​ច្រើនសា​រហើយ តែ​មិនដែល​ឃើញ​មុខ​ទណ្ឌិត​រូបនេះ​នៅ​កម្ពុជា​ទាល់តែសោះ​។ ឥឡូវ​លើក​នេះ​ទៀត ទណ្ឌិត សម រង្សី ប្រកាសថា នឹង​ចូលមកក្នុង​ស្រុក​ទៀត​។ តើ​ការប្រកាស​នេះ​ជាការ​ពិត​ប្ញ​ទេ ? បើ​គ្រាន់តែ​ប្រកាស​ចោលៗ​អញ្ចឹង ធ្វើ​ឲ្យ​បាត់​ជំនឿ​ពី​មហាជន​និង​ប្រជាជន​កម្ពុជា​។ នៅ​លើក​នេះ បើ​ទណ្ឌិត សម រង្សី គ្រាន់តែ​ប្រកាស​ហើយ នៅតែ​មិន​ហ៊ាន​អើត​ក្បាល​ចូល​ស្រុក​ទៀត ប្រជាជន​កម្ពុជា​សូម​ប្រកាស​ជា​ឧឡា​រឹក​ថា​ចាប់ពីពេលនេះ​តទៅ​ឈប់​ជឿ​ការ​ភូតកុហក់​របស់​បុគ្គល​ទណ្ឌិត​សម រង្សី ជា​រៀងរហូត ទោះជា​នៅ​ថ្ងៃក្រោយ​និយាយ​កែ​ពាក្យ​យ៉ាងណា​ទៀត ក៏​ឈប់​ជឿ​ហើយ​។​

​រីឯ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​កាលពី​ថ្ងៃទី​២២​ខែមករា​ថា ការធ្វើ​មាតុភូមិ​និវត្ត របស់លោក សម រង្ស៊ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធសាធ ពីព្រោះ​ការចាកចេញ​ពី​មាតុភូមិ​របស់លោក សម រង្ស៊ី ក៏​ជា​ជម្រើស​ផ្ទាល់ខ្លួន និង​មាន​ចរិត​ជា​ឯកជន​របស់​បុគ្គល​រូបនេះ​។ ការប្រើប្រាស់​មាតុភូមិ និវត្ត​របស់លោក សម រង្ស៊ី ទោះបីជា​តាមរយៈ​ក្រុម ឬ​អង្គការ​ណាក៏ដោយ ដើម្បី​បង្កើតជា​រូបភាព នយោបាយ​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​នៃ​អតីត​គណបក្ស ដែល​ត្រូវបាន​រំលាយចោល​ទៅហើយនោះ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវបាន​ចាត់ ទុកជា​អំពើ​ប្រឆាំងនឹង​អំណាចតុលាការ​ពិតប្រាកដ ដែល​ច្បាប់​បានកំណត់ និង​ហាមប្រាម​។​

​រាជរដ្ឋាភិបាល​កម្ពុជា គឺ​នៅតែ​រក្សា និង​គោរព​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នៃ​ការ បែងចែក​អំណាច​ដាច់ដោយឡែក​ពីគ្នា រវាង​អំណាចនីតិប្រតិបត្តិ និង​អំណាច តុលាការ ក៏ដូចជា​អំណាច នីតិប្បញ្ញត្តិ​ផងដែរ​។ នៅក្នុង​បរិការណ៍​នេះ បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ រាជរដ្ឋាភិបាល ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​អនុវត្ត​ន៍​តាម​អំណាច​ផ្លូវច្បាប់ ។​

​សរុបសេចក្តី​មក បើទោះបី​លោក​សម រង្ស៊ី ធ្លាប់បាន​ប្រកាស​ជាច្រើន​លលក​ច្រើនសារ មកហើយ​ក៏ដោយ​អំពី​ផែនការ​វិល​ចូល​ស្រុក​វិញ ប៉ុន្តែ​ការប្រកាស​លើ​កន​នេះ អាចជា​ការ ស្ទាបស្ទង់ កម្លាំង​របស់ខ្លួន និង​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាចជា​ការសាកល្បង ប្រើប្រាស់​យុទ្ធសាស្ដ្រ​ថ្មី​។ ដូច្នេះ​តើ​យុទ្ធសាស្ដ្រ​ថ្មី​នោះ​គឺ​អ្វី​?​។ ពីព្រោះ​មនុស្សលោក​សម រង្ស៊ី ខ្លាច​ជាប់គុក​ណាស់ តាំងពី​គាត់​ធ្វើ​នយោបាយ​ឲ្យ​តែមាន​រឿង​គឺ​តែងតែ​រត់​ចេញទៅ​ក្រៅប្រទេស មិន​ហ៊ាន​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ម្តងណា​ទេ​។

​ប្រជាពលរដ្ឋ​បានដឹង​យ៉ាងច្បាស់​រួចហើយ​ថា លោក​សម រង្ស៊ី មាន​ជំនាញ​ខាង​ភូតកុហក និង​ជាពិសេស​យក​ប្រជាពលរដ្ឋ​ឲ្យ​ចេញមុខ​រងគ្រោះ​ជំនួស​ខ្លួន និង​បក្ខ​ពួកខ្លួន​។ ការប្រកាស​វិល មក​កម្ពុជា​វិញ​លើក​នេះ របស់លោក​សម រង្ស៊ី ក៏​មិន​ខុសគ្នា​ពីលើ​ក​មុន​ដែរ គឺ​លោក​សម រង្ស៊ី ប្រើ​ប្រជាពលរដ្ឋ​ឲ្យ​ចេញមុខ​ការពារ​ខ្លួន និង​យក​ប្រជាពលរដ្ឋ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​គោលដៅ​នយោបាយ​របស់គាត់​។ លើក​នេះ ប្រហែលជា​លោក​សម រង្ស៊ី អាង​បរទេស​មក ជាមួយ​ដើម្បី​ឲ្យ​ជួយ​ហែរ​ហម​គាត់​មកវិញហើយ​មើលទៅ បានជា​គាត់​ក្លាហាន​ប្រកាស វិល​ចូល​ស្រុក​វិញ ដូចជា​សឿង​បឿ​ង​សម្បើម​ណាស់​!​។ តែ​តាម​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​និយាយថា លុះត្រាតែ​មានការ​រំលោភ​ឯករាជ្យ​អធិបតេយ្យភាព និង​ភាព​មិនអាច​បំបែក​បាន នៃ​កម្ពុជា ទើប​ហត្ថលេខី ឬ​សហប្រធាន នៃ​កិច្ចព្រមព្រៀង​រាយការណ៍​ទៅ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​។ ក្រុមប្រឹក្សា​នេះ នឹង​កោះប្រជុំ​ដើម្បី​ពិភាក្សា​ដោះស្រាយ​។ ករណី​ដូចនេះ កាល​មានការ​ប្រយុទ្ធ​គ្នា​រឿង​ប្រាសាទ ព្រះវិហារ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បង្គួរ​នោះ ក៏​គ្មាន​អ្នកណា​កោះប្រជុំ​ផង ចុះបើ​បច្ចុប្បន្ន​កម្ពុ​ជាមាន​សន្តិ​ភាព​សន្តិសុខ​ល្អ មិនមាន​ចលាចល​ផង តើ​មាន​ហេតុផល​អី​ត្រូវ​កោះប្រជុំ​នោះ​?​។

​ផ្ទុយទៅវិញ បើសិនជា​លោក​សម រង្ស៊ី មក​កម្ពុជា​វិញ​មែន​នោះ អាច​នឹងមាន​មនុស្ស​មួយចំនួន ទៅ​គាំទ្រ​ទទួល​ដែរ តែ​យ៉ាងណា​សមត្ថកិច្ច​នឹងមាន​វិធានការ​អនុវត្តតាម​ដីកាចាប់ខ្លួន​ដែល​នៅ​ជា ធរមាន​។ តែ​យ៉ាងណា​កម្លាំង​គាំទ្រ​លោក​សម រង្សី មិន​ច្រើន​ដូច​លើក​មុន​ទេ​សមត្ថកិច្ច អាច​គ្រប់គ្រង​បាន ។ សមត្ថកិច្ច​មាន​ពិសោធន៍​ហើយ ។​

​ប៉ុន្តែ​សំខាន់​គឺ ពិតណាស់​លោក សម រង្ស៊ី​និយាយ​ផ្សេង​ធ្វើ​ផ្សឹ​ង​!​។​គាត់​និយាយ​អំពី​រឿងនេះ ដើម្បី​កុំ​ឲ្យ​មហាជន​ភ្លេច​គាត់​តែប៉ុណ្ណោះ​! ខណៈដែល​បច្ចុប្បន្ន គេ​ស្ទើរតែ​ភ្លេច​ថា នៅលើ​លោក នេះ​មាន​សម រង្ស៊ី​ទៅហើយ​៕ ដោយ​: មុនី​រ័ត្ន​

#