តើ​លោ​កលី​អូ​ផូ​ល​ដូ ឡូ​ប៉េ​ស ជា​នរណា តើ​មេដឹកនាំ​ប្រឆាំង​ទើបតែ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​នេះ​ជា​អ្នក​នៅ​ពីក្រោយ​ការ​ងើប​បះបោរ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​?

1227
ចែករម្លែក

​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ឈានទៅដល់​កម្រិត​ថ្មី​មួយ​។​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៣០ មេសា លោក​ហ្វ័​ន ក្វា​យ​ដូ ប្រធានរដ្ឋសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​សច្ចា​ធ្វើជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែមករា​នោះ បាន​អំពាវនាវ​ឱ្យមាន​ការបះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ផ្តាច់ការ​របស់​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម លោក​ក្វា​យ​ដូ​ដែលមាន​ទាហាន​ឈរ​អម​ជុំវិញខ្លួន​បានស្នើ​សុំឱ្យ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចូលរួម​ជាមួយ​គាត់​នៅតាម​ដងផ្លូវ​នៅ​ថ្ងៃទី ១ ឧសភា​សម្រាប់​ដំណាក់កាល​ចុងក្រោយ​នៃ “​ប្រតិបត្តិការ​ដើម្បី​សេរីភាព​”​។ មហា​បាតុកម្ម​និង​ការ​ងើប​បះបោរ​យោធា​នេះ នឹង​ជា “​ការចាប់ផ្តើម​នៃ​ទីបញ្ចប់​” របស់​របប​មួយ ដែល​លោក​ក្វា​យ​ដូ និង​ប្រទេស​ជាង ៥០ រួមទាំង​សហរដ្ឋអាមេរិក ចាត់ទុកថា មិន​ស្របច្បាប់​។​

​នៅក្នុង​វីដេអូ​នោះ មនុស្ស​ដែល​ឈរ​អម​ជាមួយ​លោក​ក្វា​យ​ដូ​និង​កងទ័ព​បះបោរ​នោះ គឺជា​ជន​សំខាន់​ម្នាក់​ឈ្មោះ លី​អូ​ផូ​ល​ដូ ឡូ​ប៉េ​ស (Leopoldo López) ដែលជា​អ្នកទោសនយោបាយ​ដ៏​ល្បីល្បាញ​បំផុត​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

  • ការ​ងើប​បះបោរ​នៅ​ទីក្រុង​កា​រ៉ា​កាស​

​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ ដែល​បាន​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ ២០១៣ សេដ្ឋកិច្ច​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ធ្លាក់ចុះ​ហើយ​បន្ទាប់មក​បាន​ដួលរលំ​តែម្តង​។ ចំណីអាហារ ថ្នាំពេទ្យ និង​អគ្គិសនី គឺមាន​ការខ្វះខាត​ខ្លាំង​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​បដិសេធ​ចុះចាញ់ ដោយ​អះអាងថា បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស​និង​ការបះបោរ​របស់​រាស្ត្រ គឺជា​ផែនការ​របស់​អាមេរិក​ប្រឆាំងនឹង​រូបលោក​។​

​លោក​ឡូ​ប៉េ​ស ដែលជា​អតីត​ចៅហ្វាយក្រុង​និង​ជា​បេក្ខជន​ប្រធានាធិបតី គឺជា​តួអង្គ​នាំមុខគេ​នៅក្នុង​ចលនា​តវ៉ា​ដ៏​ខ្លាំងក្លា​ប្រឆាំងនឹង​លោក​ម៉ា​ឌូ​រ៉ូ ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៤​។​

​បន្ទាប់ពី​ការដើរ​ក្បួន​ប្រឆាំងនឹង​លោក​ម៉ា​ឌូ​រ៉ូ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​កា​រ៉ា​កាស​បាន​ក្លាយជា​អំពើហិង្សា អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ “​ដុតបំផ្លាញ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​”​។ ខណៈពេលដែល​លោក​ឡូ​ប៉េ​ស​ដើរ​ឆ្លងកាត់​ពួក​អ្នកគាំទ្រ​ទាំង​ទឹកភ្នែក​ដើម្បី​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​នៅ​ថ្ងៃទី ១៨ ខែឧសភា​ឆ្នាំ ២០១៤ គាត់​បាន​ក្លាយជា​មុខមាត់​នៃ​ការតស៊ូ​របស់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​សេរីភាព​និង​ប្រជាធិបតេយ្យ​។​

​ក្រុម​អ្នកគាំទ្រ​ចាត់ទុក​គាត់​ជា​ទុក្ករបុគ្គល​ដែល​ប្រឈមមុខ​នឹង​របប​ផ្តាច់ការ​ជាជាង​រត់ចោលស្រុក​ដូចដែល​អ្នកប្រឆាំង​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើន​នាក់​ទៀត​ដែល​ធ្លាប់តែ​រត់ចោលស្រុក​។ គាត់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១៤ ឆ្នាំ​។​

​មុខមាត់​របស់​ឡូ​ប៉េ​សត្រូវ​បាន​បោះពុម្ព​នៅលើ​អាវយឺត ខិត្តប័ណ្ណ និង​ទង់ជាតិ ដែល​បាន​បង្ហូត​នៅ​ទូទាំងប្រទេស​។ វេ​ប​សាយ​មួយ​ឈ្មោះថា FreeLeopoldo.com បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​គណបក្សប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក​លី​អូ​ផូ​ល​ដូ ឡូ​ប៉េ​ស​ជាបន្ទាន់ ដែល​គាត់​ត្រូវបាន​ចាប់​ដាក់គុក​ដោយ​ខុសច្បាប់​ដើម្បី​ប៉ុនប៉ង​បំបិទមាត់​និង​ការបញ្ចេញមតិ​ដោយ​សេរី​។ ចលនា​ទាមទារ​ឱ្យ​ដោះលែង​លោក​ឡូ​ប៉េ​សបាន​រីក​រាលដាល​ជុំវិញ​ពិភពលោក​។

​បន្ទាប់ពី​រយៈពេល​៣​ឆ្នាំ រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​នៅ​ឆ្នាំ​២០១៧​បានទទួល​ស្គាល់​នូវ​សម្ពាធ​នយោបាយ​ដ៏​ខ្លាំងក្លា​និង​បាន​ដោះលែង​លោក​ឡូ​វ៉េ​ស​ពី​គុក​មក​នៅត្រឹម​ជាប់ឃុំ​ក្នុងផ្ទះ​នៅ​សង្កាត់​ឡូ​ស​ផា​ឡូ​ស​ហ្គ្រេ​ន​ដេ​ស​។ តាំងពី​ពេលនោះ​មក លោក​ឡូ​ប៉េ​សបាន​ក្លាយជា​បុគ្គល​ប្រឆាំង​ដ៏​ខ្លាំងក្លា​បំផុត​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​រយៈពេល​បី​ខែ​កន្លងមកនេះ លោក​ហ្វ័​ន ក្វា​យ​ដូ បានធ្វើឱ្យ​រស់​ឡើងវិញ​នូវ​ចលនា​តស៊ូ​នេះ​ដោយ​បើក​ការវាយលុក​ពេញទំហឹង​លើ​លោក​ម៉ា​ឌូ​រ៉ូ​។ ហើយ​លោក​ឡូ​ប៉េ​ស ដែល​ទំនងជា​ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​ក្នុងផ្ទះ​ដោយ​ពួក​ទាហាន​ដែល​កំពុង​យាម​ផ្ទះ​របស់គាត់ និង​ដែល​កំពុង​ធ្វើ​សកម្មភាព​តាម​បញ្ជា​របស់លោក​ក្វា​យ​ដូ បាន​ចូលរួម​ក្នុង​ការតស៊ូ​នេះដែរ​។​

​ការដែល​បាន​មើលឃើញ​លោក​ឡូ​ប៉េ​ស​ឈរ​នៅ​ជាមួយ​លោក​ក្វា​យ​ដូ​នៅក្នុង​វីដេអូ​នេះ​ក្នុងនាម​ជា​បុរស​មាន​សេរីភាព​ស្រែក​អំពាវនាវ​ដោយ​បើកចំហ​ឱ្យមាន​ការបះបោរ គឺជា​សញ្ញា​ដ៏​ខ្លាំងក្លា​មួយ​សម្រាប់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​មាន​ការតវ៉ា​បង្ហូរឈាម​ជាច្រើន​ឆ្នាំ​និង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​ជាច្រើនលើក​។​

  • ពូជពង្ស​នយោបាយ​របស់លោក លី​អូ​ផូ​ល​ដូ ឡូ​ប៉េ​ស​

​លោក​ឡូ​ប៉េ​ស​គឺជា​ចៅលួត​របស់​អតីត​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក គ្រី​ស្តូ​បូល មេន​ដូ​ហ្សា (Cristóbal Mendoza) និង​ជាប់​សាច់ឈាម​ជាមួយ​ឧ​ត្ត​ម​សេនីយ៍ សាយ​ម៉ុ​ន បូ​លី​វ៉ា (Simón Bolívar) ដែល​ធ្លាប់បាន​វាយ​រំដោះប្រទេស​អាមេរិក​ខាងត្បូង​ចំនួន ៥ ពី​ការគ្រប់គ្រង​របស់​អេ​ស្ប៉ា​ញ​នៅ​ដើម​សតវត្ស​ទី ១៩​។​

​លោក​ឡូ​ប៉េ​សបាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច​និង​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ​ខេន​យ៉ុ​ន​នៅ​សហរដ្ឋអាមេរិក​លើ​អាហារូបករណ៍​ហែល​ទឹក​។ នៅ​ឆ្នាំ ១៩៩៦ គាត់​បានទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ហា​វើដ​។​

​គាត់​បានចាប់ផ្តើម​អាជីព​នយោបាយ​របស់គាត់​នៅ​ឆ្នាំ ២០០០ ជាមួយ​ការ​កាន់តំណែង​ចៅហ្វាយក្រុង​ឆា​ខាវ​ចំនួន​២​អាណត្តិ​ដែលមាន​រយៈពេល​បួន​ឆ្នាំ​ក្នុង​មួយ​អាណត្តិ​។ នៅ​ឆ្នាំ ២០០៨ ដែលជា​ចុងបញ្ចប់​នៃ​អាណត្តិ​ទី ២ របស់គាត់ គាត់​ទទួលបាន​សំឡេងគាំទ្រ​ពី​អ្នកបោះឆ្នោត​ចំនួន ៩២ ភាគរយ​ក្នុង​ការស្ទង់មតិ​។​

​គ្រានោះ​ហើយ​ជា​ពេលដែល​ប្រធានាធិបតី​យូ​ហ្គោ ឆា​វេស ដែលជា​មេដឹកនាំ​សង្គមនិយម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​ជា​គ្រូ​បា​អាចារ្យ​របស់លោក​ម៉ា​ឌូ​រ៉ូ បាន​ចោទប្រកាន់​លោក​ឡូ​ប៉េ​ស​ពីបទ​ពុករលួយ និង​ហាម​គាត់​មិនឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​។ លោក​ឡូ​វ៉េ​ស​គឺជា​អ្នកនយោបាយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដ៏​ល្បីល្បាញ​មួយរូប​ដែល​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាច្រើន​ដែល​គេ​ធ្វើឡើង​ដើម្បី​បញ្ឈប់​គាត់​កុំ​ឱ្យមក​ប្រជែង​អំណាច​ជាមួយ​លោក​ឆា​វេស​។​

​ក្នុង​ឆ្នាំ ២០១១ តុលាការ​សិទ្ធិមនុស្ស​អន្តរ​អាមេរិក​បានសម្រេច​ថា លោក​ឡូ​ប៉េ​សត្រូវ​តែ​ទទួល​ការអនុញ្ញាតឱ្យ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី តែ​បទបញ្ជា​នេះ​ត្រូវបាន​ទាត់ចោល​ដោយ​តុលាការ​កំពូល​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​លោក​ឡូ​ប៉េ​ស ដែល​បានគ្រោង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ទល់នឹង​លោក​ឆា​វេស ដោយ​តំណាងឱ្យ​គណបក្ស Voluntad Popular ដែល​រូបលោក​ផ្ទាល់ លោក​ក្វា​យ​ដូ និង​ឥស្សរជន​គណបក្សប្រឆាំង​ដទៃទៀត​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ បាន​ដក​បេក្ខភាព​របស់លោក​ចេញពី​ការបោះឆ្នោត​។ ជំនួស​មកវិញ លោក​បាន​គាំទ្រ​បេក្ខជន​ប្រឆាំង​ម្នាក់ទៀត​គឺ​លោក ហិន​រី​កេ កា​ព្រី​ឡេស រ៉ា​ដុន​ស្គី (Henrique Capriles Radonski)​។​

​លោក​ឆា​វេស​បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១២ បន្ទាប់មក​បាន​ស្លាប់​នៅ​ពីរ​បី​ខែ​ក្រោយពី​ចូលកាន់​តំណែង​ប្រធានាធិបតី​។ លោក​ម៉ា​ឌូ​រ៉ូ ដែលជា​អនុ​ប្រធានាធិបតី បាន​ចូលកាន់​តំណែង​បន្ត​ក្នុង​ឆ្នាំ ២០១៣​។​

​លោក​ឡូ​ប៉េ​សត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​នៅ​មួយឆ្នាំ​ក្រោយមក​។ ខណៈពេលដែល​គាត់​ត្រូវបាន​ជាប់គុក ភរិយា​របស់លោក​ឡូ​ប៉េ​សគឺ​លោកស្រី លី​លៀន ទីន​តូ​រី (Lilian Tintori) បាន​ក្លាយជា​បន្លា​នៅក្នុង​ក្រុម​បក្ខពួក​របស់លោក​ម៉ា​ឌូ​រ៉ូ​។ លោកស្រី​បានធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ជួប​ជាមួយ​ប្រមុខរដ្ឋ​នានា​និង​ប្រកាស​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ លោកស្រី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​នៅ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន ជួប​ជាមួយ​សម្តេច​ប៉ាប និង​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៥ បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក លោក​ចូ បាយ​ដិ​ន​។​

​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១២ លោកស្រី​ទីន​តូ​រី​បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​និង​អនុ​ប្រធានាធិបតី លោក​ម៉ៃ ផេ​ន ដែល​អ្នក​ទាំង​ពីរបាន​ថ្កោលទោស​លោក​ម៉ា​ឌូ​រ៉ូ​និង​បាន​សម្តែង​ការគាំទ្រ​ជា​សាធារណៈ​ដល់​ប្តី​របស់​លោកស្រី​។​

​បន្ទាប់ពី​ក្លាយជា “​ភ្ញៀវ​” របស់​រដ្ឋាភិបាល​ស៊ី​លី​នៅឯ​ស្ថានទូត​ស៊ី​លី​នៅ​ទីក្រុង​កា​រ៉ា​ស់ លោកស្រី​ទី​តូ​រី លោក​ឡូ​ប៉េ​ស​និង​កូន​ម្នាក់​របស់​ពួកគេ ឥឡូវនេះ​កំពុងស្នាក់នៅ​ឯ​ផ្ទះ​របស់​ឯកអគ្គរដ្ឋទូត​អេ​ស្ប៉ា​ញ​ប្រចាំ​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​និយាយថា​ពួកគេ​មិនបាន​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទេ​ប៉ុន្តែ​លោក​ឡូ​ប៉េ​ស​មិនអាច​ត្រូវបាន​គេ​ចាប់ខ្លួន​បានទេ​ព្រោះ​កំពុងស្នាក់នៅ​ក្នុងផ្ទះ​រប​ស់លោក​ទូត​អេ​ស្ប៉ា​ញ​។​

​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​របស់លោក​ក្វា​យ​ដូ​ក្នុងការ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​គឺ​មិន​ប្រាកដប្រជា​ទេ​។ ប៉ុន្តែ​នៅពេលណា​ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ស្ដារឡើងវិញ​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា នោះ​លោក​ឡូ​ប៉េ​ស​ច្បាស់​ជា​នឹង​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ជាក់​ជាមិនខាន​៕ ដោយ៖ កញ្ញាដាលីស

លោក​ឡូ​ប៉េ​ស ត្រូវ​បានឃើញ​ដើរហើរ​ដោយ​សេរី និង​ប្រកូក​ប្រកាស​ឱ្យ​ប្រជាជន​និង​ទាហាន​ងើប​បះបោរ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ