តើ​វត្តមាន​កងទ័ព​បរទេស​រាប់ពាន់នាក់​កំពុង​ស្ថិតនៅ​ស៊ី​រី​អាច​ចាកចេញ​ទេ​?

221

​សង្គ្រាមស៊ីវិល​ដ៏​យូរអង្វែង របស់​ស៊ី​រី​អាច​នឹង​បញ្ចប់​បន្តិច​ម្តងៗ ប៉ុន្តែ​ប្រទេស​នេះ​មាន​អាវុធ​និង​កង ជីវពល​ក្នុង​តំបន់​និង​កងកម្លាំង​បរទេស រាប់ពាន់នាក់​ដែល​ខ្លះ​ក្នុងចំណោម​នោះ ប្រហែលជា​មិន​ចាកចេញ​ទេ ។​
​ ​
​ដោយមាន​ជំនួយ​សំខាន់ៗ​ពី សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​និង​រុស្ស៊ី លោក​ប្រធានាធិបតី បា​សា អាល់ អាសាដ បាន​ដណ្តើម ការគ្រប់គ្រង​ឡើងវិញ​លើ​តំបន់​ធំៗ នៃ ប្រទេស​ស៊ី​រី​ជាមុន ដែល​ហាក់ដូចជា​បាន​បញ្ឈប់​បាន​នូវ​លទ្ធភាព នៃ​ការ​ផ្តួល រំលំ​ខាង​យោធា​យ៉ាងហោចណាស់ ក៏​ចាប់ពី​ឥឡូវ​នេះដែរ ។ ប៉ុន្តែ​ការគ្រប់គ្រង​របស់លោក​ពឹងផ្អែក យ៉ាងខ្លាំង​លើ ការបន្ត​ផ្តល់ជំនួយ​ពី​កងជីវពល​ដែល គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​រីក​រាលដាល​នៅ​ទូទាំង ប្រទេស​ដែល​រងគ្រោះ ដោយ​សង្គ្រាម​មួយ​នេះ ។​
​ ​
​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ អ៊ិ​ស្លាម​ដែល​បាន​រីក​សាយភាយ​ភ្លាមៗ បន្ទាប់ពី​ជម្លោះ​ស៊ី​រី​បានចាប់ផ្តើម​នៅ ក្នុង​ឆ្នាំ ២០១១ បានផ្តល់​ឱកាស​ដ៏​ងាយ ស្រួល​សម្រាប់​កងទ័ព​បរទេស​ក្នុងការ ដាក់ពង្រាយ​នៅក្នុង​ប្រទេស​ស៊ី​រី ក្រោម លេស​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ជ្រុល និយម ។ ដោយហេតុថា​ឥឡូវនេះ​ពួក​អាយ​ស៊ី​សលែង​កាន់កាប់ ទឹកដី​ទីក្រុង សំខាន់ៗ​នៅក្នុង​ប្រទេស​ស៊ី​រី​ទៀតហើយ នោះ​កងកម្លាំង​បរទេស​អាច​នឹង​កាត់ បន្ថយ ប៉ុន្តែ​មហាអំណាច​បរទេស​ដែល មាន​មហិច្ឆតា និង​មាន​ចំណាប់អារម្មណ៍ យូរអង្វែង ហើយ​ព្យាយាម រក្សា​វត្តមាន នៅក្នុង​ប្រទេស​នេះ​សម្រាប់​ឆ្នាំ​ខាងមុខៗ ទៀត ។ ការណ៍​នេះ​នឹងធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ បន្ថែមទៀត​សម្រាប់​ដំណោះ ស្រាយ​សន្តិភាព ។
​ ​
​ប្រទេស​មួយចំនួន​បានបង្ហាញ រួចហើយ​ថា ពួកគេ​មាន​គម្រោង​បន្ត ស្នាក់នៅ​សម្រាប់​ពេលអនាគត ។​
​ ​
កងទ័ព​អាមេរិក​
​វត្តមាន​របស់​កងទ័ព​អាមេរិក នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ដំបូង​ត្រូវ បានដាក់​ពង្រាយ​ដើម្បី​ជួយ​បង្ហាត់​និង គាំទ្រ​កងកម្លាំង​ក្នុង​តំបន់​អម្បូរ​ឃឺ​ដ ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​អ៊ិ​ស្លាម ។​
​ ​
​ចំនួន​កងទ័ព​អាមេរិក​បាន​កើន ឡើង​បន្តិច​ម្តងៗ​។ ថ្វីបើ​ការដាក់កំហិត​ជា ផ្លូវការ​លើ​កងទ័ព​អាមេរិក​ឱ្យ​មានតែ ត្រឹម​៥០៣​នាក់ ចាប់តាំងពី​មុនពេល លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន ចាក​ចេញពី​តំណែង​ក៏ដោយ ក៏​ចំនួន​ពិត ប្រាកដ​ឥឡូវនេះ​ត្រូវគេ​ជឿថា មាន​ច្រើន ជាង​១.៥០០​នាក់​រួមទាំង​កងកម្លាំង ពិសេស កងកាំភ្លើងធំ​ម៉ា​រី​ន ក្រុម​អ្នក​ត្រួត ពិនិត្យ​ដែនអាកាស និង​ក្រុម​ផ្សេងទៀត ជាច្រើន​។ ពួក​ទាហាន​ទាំងនេះ បាន​ឈរ ជើង​នៅ​មូលដ្ឋាន​ជាង​១០​កន្លែង​នៅ ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ។​
​ ​
​ការបញ្ចប់​ទាំងស្រុង​នូវ​ការ ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​អាយ​ស៊ី​ស បាន ដកហូត​នូវ​យុត្តិកម្ម​ផ្លូវច្បាប់​សម្រាប់ វត្តមាន នៃ​កងទ័ព​អាមេរិក​នៅក្នុង ប្រទេស​ស៊ី​រី ប៉ុន្តែ​ក្រុមមន្ត្រី​អាមេរិក​ឥឡូវ នេះ បាន​លើកឡើងថា​ពួកគេ​មាន គម្រោង​រក្សា​វត្តមាន​ក​ង​ទ័ព​អាមេរិក នៅ​ភាគ​ខាងជើង​រហូតដល់​ការដោះស្រាយ​បញ្ចប់សង្គ្រាម​បាន ចប់សព្វគ្រប់ សិន ។ បញ្ហា​នោះបាន​លើក​ពី​ការ ព្រួយបារម្ភ​អំពី​គម្រោង​បន្ត​នៅ​ជា​អចិន្ត្រៃយ៍​ដែល​អាចធ្វើ ឱ្យ​អាមេរិក​មាន ជម្លោះ​ជាមួយ​ប្រទេស​ស៊ី​រី​និង​សម្ព័ន្ធមិត្ត របស់លោក​អាសាដ គឺ​អ៊ីរ៉ង់ ។​
​ ​
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស បាន​និយាយ​កាលពី ដើមខែ​នេះ​ដោយ​សំដៅ​ទៅលើ​កិច្ច ចរចា​នយោបាយ​ដែល​គាំទ្រ​ដោយ អ​.​ស​.​ប​ថា “​យើង​នឹង​មិនទាន់​ចាកចេញ ទៅណា​ទេ មុនពេល​ដំណើរ ការចរចា នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​ជោគជ័យ​” ។​
​ ​
​ពួក​មន្ត្រី​ឃឺ​ដ​បានស្នើ​សុំឱ្យ អាមេរិក​បន្ត​នៅ​ទៀត​ដោយ​ភ័យខ្លាច ថា​ការដកថយ​យ៉ាង​ឆាប់រហ័ស​នឹង ជួយ​សម្រួល​ដល់​កងក​ម្លាំ​ង​របស់លោក អាសាដ​ក្នុង​ការវាយលុក​ទៅលើ​ទឹកដី​ដែល​កាន់កាប់​ដោយ​អម្បូរ ឃឺ​ដ​នៅ​ភាគ​ខាងជើង ។​
​ ​
​កាលពី​ដើមខែ​នេះ​រដ្ឋាភិបាល ស៊ី​រី​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក ឱ្យ​ដក​កងកម្លាំង​របស់ខ្លួន​ដោយហេតុ ថា​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម ត្រូវបាន​បញ្ចប់​ទៅហើយ​។ សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស ស៊ី​រី​បាន និយាយថា វត្តមាន​កងទ័ព​អាមេរិក​នឹង មិន​បង្ខំ​ឱ្យមាន​ដំណោះស្រាយ​នយោបាយ​ចំពោះ ជម្លោះ​នេះ​ទេ ។​
​ ​
​ទ័ព​រុស្ស៊ី​
​រុស្ស៊ី​មិនដែល​និយាយថា តើ កងទ័ព​យន្តហោះ​ចម្បាំង និង​អាវុធ របស់ខ្លួន​មាន​ប៉ុន្មាន​ទេ​នៅក្នុង​ប្រទេស ស៊ី​រី ។ តួលេខ​នៃ​ការបោះឆ្នោត​ពី​ក្រៅ ប្រទេស​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៦ បាន បង្ហាញថា ចំនួន​ទាហាន​រុស្ស៊ី នៅ​ស៊ី​រី​នៅ ពេលនោះ​មាន​ប្រហែល​៤.៣០០​នាក់​។ វត្តមាន​កងទ័ព​រុស្ស៊ី​ទំនងជា​បាន​កើន ឡើង ខណៈដែល រដ្ឋាភិបាល​ក្រុង​មូ​ស្គូ នៅ​ឆ្នាំនេះ​បានដាក់​ពង្រាយ​កង​អាវុធហត្ថ​របស់ខ្លួន ដើម្បី​ល្បាត​តំបន់​ដែល​គេ ហៅថា “​តំបន់​គ្មាន​យោធា​” នៅក្នុង ប្រទេស​ស៊ី​រី​។​
​ ​
​ប្រភព​បើកចំហ​មួយ រួមទាំង វីដេអូ​បានមកពី​មូលដ្ឋាន​ទ័ពអាកាស Hemeimeem ដែលជា​មជ្ឈមណ្ឌល សំខាន់​សម្រាប់​យោធា​រុស្ស៊ី​នៅក្នុង ប្រទេស​ស៊ី​រី​ចាប់តាំងពី​យុទ្ធនាការ របស់ខ្លួន បានចាប់ផ្តើម​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ បាន​បង្ហាញថា ប្រទេស​រុស្ស៊ី មាន​យន្តហោះ​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ រាប់ពាន់​គ្រឿង​នៅ​ទីនោះ​។​
​ ​
​រុស្ស៊ី​ក៏បាន​ដាក់ពង្រាយ​កងក​ម្លាំ​ង​ពិសេស​ដើម្បី​ធ្វើការ​ស៊ើបការណ៍ សម្ងាត់​និង​សម្របសម្រួល​ការ​វាយ ប្រហារ​តាម​អាកាស​ដែរ ។ មន្ត្រី​យោធា ជាន់ខ្ពស់​រុស្ស៊ី​ក៏បាន​ជួយ​បណ្តុះបណ្តាល និង​ដឹកនាំ​កងទ័ព រដ្ឋាភិបាល​ស៊ី​រី​ផង ដែរ​។ នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កង​អាវុធហត្ថ​រុស្ស៊ី​បាន​មាន​វត្តមាន​កាន់តែខ្លាំង​ឡើង នៅក្នុង​ប្រទេស​ស៊ី​រី ។​
​ ​
​នាយអគ្គសេនាធិការ​ចម្រុះ រុស្ស៊ី​លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ាល់​ឡឺ​រី ជើ​រ៉ាស៊ី​ម៉ូ​វ បាន​និយាយ​កាលពី​សប្តាហ៍ មុន​ថា ប្រទេស​រុស្ស៊ី​នឹង​កាត់បន្ថយ វត្តមាន​កងទ័ព​រប​ស់​ខ្លួន​នៅក្នុង​ប្រទេស ស៊ី​រី ខណៈ​យុទ្ធនាការ​នេះ​ជិត​ឈាន ដល់ទី​បញ្ចប់ ។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ លោក​បាន​បង្ហាញថា រុស្ស៊ី​នឹង​រក្សា វត្តមាន​នៅឯ​មូលដ្ឋាន​អាកាស Hemeimeem និង​កន្លែង​ផ្គត់ផ្គង់​កងទ័ព ជើង​ទឹក​នៅ Tartus ។ លោក​វ៉ាល់​ឡឺ​រី បាន​បន្ថែមទៀតថា មជ្ឈមណ្ឌល​សម្រុះ សម្រួល​យោធា​ជា​ក្រុមមន្ត្រី​ដែល​បាន ជួយ​ចរចា​និង​ថែរក្សា​បទ​ឈប់​បាញ់​នៅ ក្នុងប្រទេស​ស៊ី​រី និង​សម្រប សម្រួលការ ផ្តល់ជំនួយ​មនុស្សធម៌ ក៏​នឹង​រក្សា​វត្តមាន ដដែល​ដែរ ។​
​ ​
​ប្រទេស​ស៊ី​រី​បាន​អនុញ្ញាតឱ្យ រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋាន​អាកាស Hemeimeem ដោយ​គ្មាន​ពេល​កំណត់ និង​គ្មាន​ការចំណាយ​នោះឡើយ ។ ក្រុង មូ​ស្គូ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ស៊ី​រី ដើម្បី​ប្រើ​មូល ដ្ឋា​ន Tartus រយៈពេល ៤៩ ឆ្នាំ​ដែល អាច​ពន្យារ​បាន​ទៀត ប្រសិនបើ​ភាគី​ទាំង ពីរ​យល់ព្រម ។​
​ ​
​ទ័ព​រុស្ស៊ី​គ្រោង​នឹងធ្វើ​ទំនើប កម្ម​មូលដ្ឋាន​ទ័ពអាកាស​នេះ ដើម្បី អនុញ្ញាតឱ្យ​ខ្លួន​ទទួល​ទុក​យន្តហោះ ចម្បាំង​បន្ថែមទៀត​។ រុស្ស៊ី​ក៏មាន​បំណង ពង្រីក​មូលដ្ឋាន Tartus ដើម្បីឱ្យ​វា ក្លាយជា​មូលដ្ឋាន​កងទ័ព​ជើង ទឹក​ដែលមាន សមត្ថភាព​ពេញលេញ​ក្នុង​ការទទួល នាវាចម្បាំង​គ្រប់​ប្រភេទ​រួមទាំង​នាវា​ធំ​ប៉ុន​ខ្នាត​នាវា​ផ្ទុក ទំនិញ ។​
​ ​
​កងទ័ព​អ៊ីរ៉ង់​ជាង ១.០០០ នាក់ និង កងទ័ព​តួ​ក​គី ជាង ២.៥០០ នាក់​ក៏ កំពុងមាន​វត្តមាន​នៅ​ស៊ី​រី​ដែរ ៕ ប្រែ​សម្រួល​៖ កញ្ញា​ដា​លី​ស​