តើ​វត្ថុធាតុដើម​អ្វីខ្លះ​ដែល​ជប៉ុន​ដាក់ចូល​បញ្ជី​រឹតត្បិត​ការនាំចេញ​ទៅកាន់​កូរ៉េខាងត្បូង​?

268
ចែករម្លែក

​ជប៉ុន​បាន​និយាយថា​ខ្លួន​នឹង​រឹតបន្តឹង​បទ​បទ​ប្បញ្ញត្តិ​ជាច្រើន​ស្តីពី​ការនាំចេញ​សារធាតុ​គីមី​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​បង្ក​ការព្រួយបារម្ភ​នៅក្នុង​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈី​ប អេក្រង់ និង​ស្មា​ត​ហ្វូ​ន ដែលជា​អ្នក​រួមចំណែក​ធំធេង​ចំពោះ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​។​

​ច្បាប់​ដែល​រឹតត្បិត​នេះ​គឺ​ដាក់​ដែន​កំណត់​ទៅលើ​ការនាំចេញ​វត្ថុធាតុដើម​និង​សារ​ធាតុគីមី​ជាច្រើន រួមមាន​សារធាតុ​ផ្ល​រីត​ប៉ូ​លីមីត ជ័រ​ស្វិត​រឹងមាំ និង ផ្ល​រីត​អ៊ីដ្រូសែន ឬ ឧស្ម័ន​សំណើម​។​

​ការផលិត​សារធាតុ​ផ្ល​រីត​ប៉ូ​លីមីត​គឺ​ពឹង​ទៅលើ​ក្រុមហ៊ុន​ជប៉ុន​មួយ​។ សារធាតុ​នេះ​ត្រូវបាន​ប្រើ​ដើម្បី​ផលិត​អេក្រង់​ដែល​បញ្ចេញ​ពន្លឺ​សរីរាង្គ​អាច​បត់បែន​បាន ដែលមាន​សារៈសំខាន់​ក្នុង​ការផលិត​អេក្រង់​បត់បែន​បាន ទូរទស្សន៍ និង​ស្មា​ត​ហ្វូ​ន​។​

​ជ័រ​ស្វិត​គឺ​ត្រូវបាន​ប្រើ​ដើម្បី​ផលិត​បន្ទះ​សៀគ្វី​អេឡិចត្រូនិក ហើយ​ផ្ល​រីត​អ៊ីដ្រូសែន​ត្រូវបាន​ប្រើ​ដើម្បី​បញ្ជូន​សៀគ្វី​អគ្គិសនី​ទៅកាន់​បន្ទះ​ឈី​ប​។ សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​គឺ​ពឹង​ផ្អែកលើ​ការផលិត​បន្ទះ​ឈី​ប​និង​អេក្រង់ ដូច្នេះ​វត្ថុធាតុដើម​ទាំងនេះ​គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​រក្សា​ខ្សែសង្វាក់​ផលិតកម្ម​។​

​កូរ៉េខាងត្បូង​បាន​នាំចូល​សារធាតុ​ផ្ល​រីត​ប៉ូ​លីមីត ៩៤ ភាគរយ ជ័រ​ស្វិត ៩២ ភាគរយ និង ផ្ល​រីត​អ៊ីដ្រូសែន ៤៤ ភាគរយ​ពី​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩​។

​ជប៉ុន​មាន​ចំណែក​ទីផ្សារ​សកលលោក​ធំ​ខ្លាំងណាស់​សម្រាប់​សារធាតុ​គីមី​ទាំងបី​ប្រភេទ​នេះ ជាពិសេស​ជ័រ​ស្វិត និង ផ្ល​រីត​អ៊ីដ្រូសែន ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​ដល់​ទៅ ៩០ ភាគរយ​សម្រាប់​សារធាតុ​គីមី​ទាំងពីរ​នេះ​។ នេះ​មានន័យថា​វា​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​កូរ៉េខាងត្បូង​ក្នុងការ​ផលិត​សារធាតុ​ទាំងនេះ​ដោយ​ខ្លួនឯង ឬ ស្វែងរក​អ្នកផ្គត់ផ្គង់​ផ្សេងទៀត​ក្នុង​រយៈពេល​ខ្លី​។

​វា​ជាការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​កូរ៉េខាងត្បូង​ដូចជា Samsung និង SK​។ ក្រុមហ៊ុន Samsung Electronics បាន​ជួប​ការលំបាក​រួចទៅហើយ មុនពេល​មាន​ចំណាត់ការ​របស់​ជប៉ុន​ទៅទៀត ដោយបាន​ប្រកាសថា ប្រាក់ចំណេញ​ប្រតិបត្តិ​ការរួម​របស់ខ្លួន​សម្រាប់​ត្រីមាស​ចុងក្រោយ​នេះ​បាន​ធ្លាក់ចុះ ៥៦ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ត្រីមាស​មុននេះ​មួយទៀត​គឺ​ធ្លាក់ចុះ​ចំនួន ៦០ ភាគរយ​ឯណោះ​។

​ការប្រកាស​រឹតត្បិត​របស់​ជប៉ុន​លើ​ការនាំចេញ​សារធាតុ​គីមី​ទាំងបី​នេះ​ទៅកាន់​កូរ៉េខាងត្បូង​នឹង​រឹត​បន្ថែម​ផលប៉ះពាល់​ខ្លាំង​ថែមទៀត​។ Samsung តាម​ដឹង​គឺ​នៅសល់​រយៈពេល​មួយខែ​ទៀត​ប៉ុណ្ណោះ​ដើម្បី​នាំចូល​ឧស្ម័ន​ផ្ល​រីត​អ៊ីដ្រូសែន​។ របាយការណ៍មួយចំនួន​សរសេរថា ក្រុមហ៊ុន​នេះ​អាច​នឹង​សន្សំសំចៃ​វត្ថុធាតុដើម​ដោយ​ការបន្ថយ​ផលិតកម្ម ២០ ទៅ ៣០ ភាគរយ​៕ ដោយ៖ កញ្ញាដាលីស

Samsung តាម​ដឹង​គឺ​នៅសល់​រយៈពេល​មួយខែ​ទៀត​ប៉ុណ្ណោះ​ដើម្បី​នាំចូល​ឧស្ម័ន​ផ្ល​រីត​អ៊ីដ្រូសែន