តើ​វៀតណាម​អាច​បញ្ចៀស​បានទេ​ក្នុងការ​ជ្រើសរើស​រវាង​អាមេរិក និង រុស្ស៊ី​?

325

​កាលពី​សប្តាហ៍​មុន​វៀតណាម​បានឃើញ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​២​រូប​មកពី​ដៃគូ​សំខាន់​២​របស់ខ្លួន គឺ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក​សឺ​ហ្គី សយ​ហ្គូ និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស​។ ក្រុម​អ្នកសង្កេតការណ៍​យូរអង្វែង​នៃ​គោលនយោបាយ​ការបរទេស​វៀតណាម​បាន​ស៊ាំ​រួចទៅហើយ​ចំពោះ​ការថ្លឹងថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​វៀតណាម​។ ឧ​ទា​ហរ​ណ៏​ជាក់ស្តែង​នាពេល​ថ្មីៗ​នេះ​គឺ​ទស្សនកិច្ច​របស់លោក ដូ​ណា​ល់ ត្រាំ និង​លោក ស៊ី ជីន​ពីង ក្នុង​កិច្ចប្រជុំ​កំពូល APEC នៅ​ទីក្រុង​ដា​ណា​ង​កាលពី​ចុងឆ្នាំ ២០១៧ ឬ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី ង្វៀន សួន​ភុ​ក ទៅ​ទីក្រុង​មូ​ស្គូ កាលពី​ខែឧសភា​ឆ្នាំ ២០១៦ ខណៈដែល​វៀតណាម​កំពុង​ត្រៀម​ទទួល​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​ទស្សនកិច្ច​របស់លោក​សយ​ហ្គូ និង ម៉ា​តទី​ស ឆ្លុះបញ្ចាំង​ពីគ្នា​ទៅវិញទៅមក​ទាំង​អត្ថន័យ​និង​ខ្លឹមសារ​។ ភាគី​ទាំង​២​មិន​ត្រឹមតែ​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម លោក ង៉ូ សួន​លិច ប៉ុណ្ណោះ​ទេ ថែមទាំង​ជួ​បស​ន្ទា​ន​ជាមួយ​ប្រធានាធិបតី លោក​ត្រឹ​ន តា​យ​ក្វាង​និង​អគ្គលេខា​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​លោក​ង្វៀន ភូ​ត្រុ​ង ផងដែរ ដែល​ប្រាប់​យើង​ថា​ដំណើរ​ទស្សនកិច្ច​នេះ​មិន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​ការពារជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​បញ្ជាក់​ឡើងវិញ​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​យូរអង្វែង​។ ភាពជា​ដៃគូ​ការពារជាតិ​របស់​វៀត​ណា​ម​ជាមួយ​ប្រទេស​មហាអំណាច​ទាំង​២​នេះ​បច្ចុប្បន្ន​ផ្អែកលើ​មូលដ្ឋាន​ផែនការ​សហប្រតិបត្តិកា​រ​រយៈពេល ៣ ឆ្នាំ ដែល​ផែនការ​ជាមួយ​អាមេរិក​ត្រូវបាន​ព្រមព្រៀងគ្នា​កាលពី​ខែតុលា និង​ផែនការ​ជាមួយ​រុស្ស៊ី​បានសម្រេច​បាន​អំឡុងពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​សយ​ហ្គូ​។ ដំណើរ​ទស្សនកិច្ច​ទាំង​២​នេះ​បាន​នាំមក​នូវ​ដំណឹង​ល្អ​ដល់​វៀតណាម​ពី​ដៃគូ​ទាំង​២ ក្នុងនោះ លោក​ម៉ា​ត់ទី​សបាន​អះអាង​បញ្ជាក់​ពី​បំណង​ធ្វើ​ទស្សនកិច្ច​ពី​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​នៅ​ខែមីនា​ខាងមុខ និង រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក​សយ​ហ្គូ និយាយថា រុស្ស៊ី​កំពុង​ចរចា​កិច្ចព្រមព្រៀង​លើ​ខែល​ការពារ​អាកាស S-400 ជាមួយ “​បណ្តា​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​”​។​

​របៀប​នៃ​ការរក្សា​តុល្យភាព​យុទ្ធសាស្ត្រ​នេះ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​គោលនយោបាយ​ការបរទេស​វៀតណាម​ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៩០​។ នេះ​ប្រហែលជា​មធ្យោបាយ​តែមួយគត់​ដែល​វៀតណាម​អាច​រក្សា​ស្វ័យ​ភាពជា​យុទ្ធសាស្ត្រ​និង​មិន​ក្លាយទៅជា​រដ្ឋ​ដែល​ទោរទន់​ទៅរក​មហាអំណាច​ណាមួយ​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​តំបន់​។ ទោះយ៉ាងណា ខណៈ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំងនោះ​កាន់តែ​កើនឡើង​នោះ ល្បែង​រក្សា​តុល្យភាព​នឹងមាន​ភាពស្មុគស្មាញ​រឹតតែ​ខ្លាំង​។ ឧទាហរណ៍​ជាក់ស្តែង គឺ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​បាន​រិះគន់​ការលក់​យន្តហោះ​ចម្បាំង​ធុន Su-30 របស់​រុស្ស៊ី​ឱ្យទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​សម្អាងថា យន្តហោះ​ទាំងនោះ​អាច​ត្រូវបាន​ប្រើ​នៅក្នុង​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ជនជាតិភាគតិច​មូស្លីម​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។ ខណៈដែល​មិនមាន​ហេតុផល​ត្រូវ​ជឿថា​យន្ដហោះ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​បែបណា​មួយ​នោះ ហើយ​នៅពេល​មី​យ៉ាន់​ម៉ា​ត្រូវបាន​សន្ម​ត់​ថា​មាន​សេរីភាព​ក្នុង​ការទិញ​សព្វាវុធ​ពី​នរណា​ក៏បាន ឱ្យតែ​ខ្លួន​យល់ថា​សមស្រប​នោះ នេះ​គឺជា​ករណី​ភាព​តានតឹង​គួរឱ្យ​ព្រួយបារម្ភ​រវាង​អាមេរិក​-​រុស្ស៊ី នៅក្នុង​ប្រទេស​ខ្លះទៀត​និង​នៅក្នុង​តំបន់ ដែល​អាច​នឹង​ហៀរ​ចូលដល់​ក្នុង​នយោបាយ​អាស៊ីអាគ្នេយ៍​។​

​ឥទ្ធិពល​នៃ​ការរីក​រាលដាល​ភាព​តានតឹង​នេះ​តំណាងឱ្យ​គ្រោះថ្នាក់​ដល់​គោលនយោបាយ​អាស៊ីអាគ្នេយ៍​របស់​រុស្ស៊ី​និង​ស្វ័យភាព​ក្នុង​តំបន់​របស់​វៀតណាម​។ ចំពោះ​រុស្ស៊ី ការនាំចេញ​គ្រឿង​សព្វាវុធ​និង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​វៀតណាម​មិន​ត្រឹមតែ​មានតម្លៃ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជា​មធ្យោបាយ​ដ៏​សំខាន់​ដើម្បី​បង្ហាញ​ពី​វត្តមាន​ដ៏​មាន​អត្ថន័យ​នៅក្នុង​តំបន់ ដែលជា​ធាតុ​សំខាន់​នៃ​គោលនយោបាយ​អាស៊ី​របស់​រុស្ស៊ី​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក សយ​ហ្គូ ទៅកាន់​ប្រទេស មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម​ក៏ដូចជា​ការចូលរួមរ​បស់​លោក​នៅក្នុង​កិច្ចប្រជុំ ADMM + នៅ​ទីក្រុង​ម៉ានីល​កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ​គឺជា​សញ្ញា​ដ៏​រឹងមាំ​បង្ហាញថា​រុស្ស៊ី​មានបំណង​បន្ត​ធ្វើជា​អ្នកដើរតួ​ដ៏​សំខាន់​មួយ​នៅលើ​ទីផ្សារ​អាស៊ីអាគ្នេយ៍​សម្រាប់​ជំនួយ​ស​ព្វា​អាវុធ​និង​យោធា​ក្នុងការ​ជួយសង្គ្រោះ​មហន្តរាយ ការកសាង​សមត្ថភាព​ដែនសមុទ្រ និង​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​។​

​ចំពោះ​វៀតណាម រុស្ស៊ី​ជា​ដៃគូ​ពាណិជ្ជ​កម្មស​ព្វា​អាវុធ​ដ៏​យូរអង្វែង​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​ទប់ទល់​ប្រទេស​ចិន​នៅ​សមុទ្រ​ខាងកើត (​សមុទ្រ​ចិន​ខាងត្បូង​) តាមរយៈ​នាវាមុជទឹក​ប្រភេទ Kilo និង Gepard ។ លក្ខណៈ​សំខាន់​របស់​រុស្ស៊ី​ក្នុងនាម​ជា​អ្នកលក់​អាវុធ​គឺថា ពួកគេ​មិន​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ​នយោបាយ​ណាមួយ​ឬ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ក្នុងស្រុក​របស់​វៀតណាម​នោះឡើយ​។ នេះ​ក៏​ជាការ​ព្រមព្រៀង​ស្រណុកចិត្ត​ផងដែរ​សម្រាប់​ប្រទេស​ចិន ដោយសារតែ​និន្នាការ​វិជ្ជមាន​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​ដើរតួនាទី​ជា “​ការធានា​” ថា ប្រទេស​រុស្ស៊ី​មិន​ទៅ​ហួស​ឆ្ងាយ​លើសពី​នេះឡើយ​។​

​ប្រសិនបើ​ទំនាក់ទំនង​របស់​វៀត​ណា​ម​ជាមួយ​រុស្ស៊ី​ជួប​ភាពល្អក់​កករ​ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ហាណូយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក នោះ​វា​នឹង​ផ្លាស់ប្តូរ​ទស្សនវិស័យ​ជា​យុទ្ធសាស្ត្រ​ទាំងស្រុង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ក្រុម​អ្នកបង្កើត​គោលនយោបាយ​អាមេរិក​បាន​យល់ច្បាស់​អំពី​ទំនាក់ទំនង​ការពារជាតិ​ដ៏​ពិសេស​របស់​វៀតណាម​ជាមួយ​រុស្ស៊ី​។​

​ប៉ុន្តែ​ឥឡូវនេះ​យើង​កំពុងស្ថិត​ក្នុងស្ថានភាព​ខុសគ្នា​ពីមុន ផ្អែកលើ​កត្តា ៣ ចំណុច​។​

​ទី​១ រដ្ឋបាល​អាមេរិក​ដែល​កំពុងកាន់​អំណាច​ស​ព្វ​ថ្ងៃ​មិនដែល​គោរព​តាម​របៀបរបប​ដឹកនាំ​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​អាមេរិក​ទូទៅ​ទេ​។ តើ​យើង​អាច​មើលឃើញ​រឿង​ក្តៅក្រហាយ​ច្រើន​ទៀត​ទេ​នៅក្នុង​រង្វង់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​អាមេរិក​មកលើ​ទំនាក់ទំនង​របស់​វៀត​ណា​ម​ជាមួយ​រុស្ស៊ី​?

​ទី​២ ការបង្កើតឡើងវិញ​នូវ​ទម្រង់​ទំនាក់ទំនង​មុខ​៤ (​អាមេរិក​-​ឥណ្ឌា​-​ជប៉ុន​-​អូស្ត្រាលី​) បានបង្ហាញ​ពី​ចេតនា​ដើម្បី​កសាង​នូវ​ការឆ្លើយតប​យ៉ាងខ្លាំង​ក្លា​និង​ដ៏​សកម្ម​ចំពោះ​ការ​សំញែង​អំណាច​របស់​ចិន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ យុទ្ធសាស្ត្រ​ការពារជាតិ​ចុងក្រោយ​បំផុត​និង​ការកំណត់​យក​វៀតណាម​ពី​សំណាក់​លោក​ម៉ា​តទី​ស ជា “​ដៃគូ​ដែលមាន​គំនិត​ដូចគ្នា​” បង្ហាញថា វៀតណាម​រួមជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយចំនួនទៀត នឹង​ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យ​ចូលរួម​ក្នុង​ទំនាក់ទំនង​មុខ​៤​នេះដែរ​។​

​ទី​៣ ទំនាក់ទំនង​អវិជ្ជមាន​រវាង​អាមេរិក​និង​រុស្ស៊ី​នៅតែ​បន្ត​កើនឡើង ហើយ​២០១៨​ទំនង​មិនមែនជា​ឆ្នាំ​ងាយស្រួល​បំផុត​នោះឡើយ​សម្រាប់​វៀតណាម​។ របៀប​ដែល​រឿងរ៉ាវ​របស់​រុស្ស៊ី​ត្រូវបាន​លើក​ឡើងមក​និយាយ​ព្រោងព្រាត​នៅក្នុង​សហរដ្ឋអាមេរិក​អាច​មានន័យថា រដ្ឋបាល​បន្ទាប់ពី​លោក​ត្រាំ​អាចជា​រដ្ឋបាល​ប្រឆាំង​រុស្ស៊ី​ខ្លាំង​បំផុត សម្រាប់​ច្រើន​ទសវត្សរ៍​ខាងមុខ​ទៀត​។ បើ​រួមបញ្ចូល​គ្នា​រវាង​ចំណងទាក់ទង​រវាង​អាមេរិក​-​វៀតណាម និង​ការប្រកួតប្រជែង​ឥទ្ធិពល​រវាង​អាមេរិក​និង​ចិន អាច​នឹង​ធ្វើឱ្យ​ក្រុម​អ្នកបង្កើត​គោលនយោបាយ​អាមេរិក​មិន​ស្រណុកចិត្ត​ជាមួយ​ទំនាក់​ទំនងជា​ប្រពៃណី​រវាង​រុស្ស៊ី​និង​វៀតណាម​ទេ​។​

​ក្តីសង្ឃឹម​តែមួយគត់​គឺថា សូម​ឱ្យមាន​ការគិតគូ​រ​ពិចារណា​បានច្បាស់លាស់​នៅក្នុង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មូ​ស្គូ និង វ៉ាស៊ីនតោន ហើយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ពន្យល់​ពី​គោលនយោបាយ​របស់ខ្លួន​ដល់​មហាអំណាច​ទាំង ៣ បាន​យល់​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​យុវជន​វៀតណាម ដែល​ស្រង់​សម្តី​អ្នកវិភាគ​រុស្ស៊ី លោក Anton Tsvetov អ្នកវិភាគ​កិច្ចការ​អាស៊ីអាគ្នេយ៍​មក​ពី​ទីក្រុង​មូ​ស្គូ

រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម លោក ង៉ូ សួន​លិច (​ឆ្វេង​) និង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក សឺ​ហ្គី សយ​ហ្គូ មក​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី ២៣ មករា ២០១៨