តើ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​រាលដាល​ដល់​យោធា​?

4112
ចែករម្លែក
  • 43
    Shares

កាលពីថ្ងៃ៣០កញ្ញាកន្លងទៅ នាវាពិឃាតអាមេរិកUSS Decaturបានបើកទៅជិតប្រជុំកោះណាន់សារបស់​ចិន​(ស្រ្ពាតលី)ដោយគ្មានការអនុញ្ញាតពីចិន។នេះជាទង្វើចុងក្រោយនៃការបញ្ចេញសាច់ដុំយោធារបស់អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង ក្រោមលេស”សេរីភាពនាវាចរណ៍និងអាកាសចរណ៍”។

នាវាពិឃាតអាមេរិកUSS Decaturបានបើកទៅជិតប្រជុំកោះស្រ្ពាតលី ដែលចិនអះអាងជារបស់ខ្លួនជាហេតុនាំ​អោយចិនបញ្ជូននាវាទៅព្រមានអោយនាវានោះចាកចេញ

ប្រតិបត្តិការនេះបានកើតឡើងចំពេលរដ្ឋាភិបាលក្រុងប៉េកាំងនិងវ៉ាស៊ីនតោនប្រឈមមុខដាក់គ្នានៅក្នុងសង្រ្គាមពាណិជ្ជកម្មមួយដែលភាគីទាំងពីរគិតតែវាយពន្ធលើទំនិញផងគ្នា។វាក៏បានកើតឡើងចំពេលភាពតានតឹងរវាងយោធានៃប្រទេសទាំងពីរកើនឡើង។

ចិនទើបបដិសេធសំណើមួយសម្រាប់នាវាអាមេរិកមួយចូលចតនៅកំពង់ផែហុងកុងនិងនៅខែនេះ ចិនក៏បានផ្អាកកម្មវិធីផ្លាស់ប្តូរមន្រ្តីយោធាខ្លះនៅក្នុងការប្រឆាំងនឹងការសំរេចចិត្តរបស់អាមេរិកដើម្បីដាក់ទណ្ឌកម្មលើនាយកដ្ឋានយោធាមួយរបស់ចិន ដោយសារតែចិនទិញគ្រឿងបរិក្ខាយោធារុស្ស៊ី។

កក្តាទាំងនេះរួមគ្នានាំអោយមានការសង្ស័យថា ការប្រឈមមុខគ្នារវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោន កំពុងរីករាលដាលហួសពីពាណិជ្ជកម្ម ឆ្លងចូលយោធានិងអាចហួសពីការអាចគ្រប់គ្រងបាន។

ការសង្ស័យនេះកាន់តែកើនទ្វេដោយសារតែប្រតិបត្តិការសេរីភាពនាវាចរណ៍ចុងក្រោយរបស់អាមេរិក។មិនដូចប្រតិបត្តិការមុនៗនៅក្នុងសមុទ្រចិនខាងត្បូងទេ ភាគីអាមេរិក បានវាយប្រហាររិះគន់ចម្លើយតបរបស់កងទ័ពប្រជាជនចិន ថា”គឃ្លើន” និងនៅក្នុង”លក្ខណៈមិនមានសុវត្ថិភាពនិងមិនមានវិជ្ជាជីវៈ”។

អ្នកនាំពាក្យកងនាវាប៉ាស៊ីហ្វិករបស់អាមេរិកលោក ឆាលី ប្រោន បាននិយាយកាលពីថ្ងៃចន្ទទី០១តុលាថា” នាវាចិនចូលមកជិតនាវាអាមេរិកតែចម្ងាយ៤៩ម៉ែត្រ និងនាវាDecaturបានបត់ក្បាលគេចដើម្បីកុំអោយបុកទង្គិច”។

ចំណែកភាគីចិនបានទទូចអោយអាមេរិកបញ្ឈប់ការបង្ករឿងជាបន្ទាន់ដែលវាគំរាមដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ចិនហើយបំផ្លាញទំនាក់ទំនងរវាងប្រទេសនិងយោធានៃមហាអំណាចទាំងពីរ។

ទោះជាវាជារឿងធម្មតាដែលថា ចំណាត់ការរបស់អាមេរិកចុងក្រោយនេះនៅសមុទ្រចិនខាងត្បូងអាចពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើតមាន ក៏វាហាក់លឿនពេកក្នុងការសន្និដ្ឋានអំពីលទ្ធភាពប៉ះទង្គិចដោយយោធាកាន់តែអាក្រក់និងហួសពីការអាចគ្រប់គ្រងបាន។និយាយដូច្នេះ ព្រោះវាមិនមែនជាលើកដំបូងទេដែលអាមេរិកធ្វើប្រតិបត្តិការបែបនេះនៅក្នុងសមុទ្រចិនខាងត្បូង ហើយក៏មិនមានតែនៅសមុទ្រចិនខាងត្បូងដែរដែលអាមេរិកធ្វើប្រតិបត្តិការប្រឆាំងចិន។

យោងតាមឯកសារនៅក្នុងគេហទំព័រក្រសួងការបរទេសអាមេរិក អាមេរិកបានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍នេះជាយូរមកហើយនៅសមុទ្រលឿង សមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ១៩៨៦ដើម្បីប្រឆាំងការអះអាងដែនទឹកផ្សេងរបស់ចិន។មិនត្រឹមតែសំដៅលើចិនទេ អាមេរិកក៏ប្រើប្រតិបត្តិការនេះសំរាប់ជាឧបករណ៍ប្រជែងនឹងការអះអាងជាកម្មសិទ្ធិហួសហេតុពីសំណាក់សម្ពន្ធមិត្តរបស់ខ្លួន។

សម្លឹងទៅមើលប្រវត្តិទំនាក់ទំនងចិន-អាមេរិក ការឡើងចុះកើតមានជាញឹកញាប់អាស្រ័យលើវិបត្តិនិងប្រក្រតីកម្ម។សម្លឹងទៅមុខ មានហេតុផលមួយដើម្បីជឿថា ការចរចានិងសហការគ្នារវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីរទើបជាច្រកចេញពីវិបត្តិបច្ចុប្បន្ន។ទំនាក់ទំនងយោធាកាន់តែអាក្រក់ឡើងហួសពីការអាចគ្រប់គ្រងបានរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរនឹងនាំដល់គ្មានអ្វីក្រៅតែពីបំផ្លាញសន្តិភាពនិងសន្តិសុខរបស់ប្រជាជននៃប្រទេសទាំងពីរនិងជុំវិញពិភពលោក៕

ប្រែសម្រួលពីCGTN ដោយ:វាសនា