តើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាក់ឆ្អឹង​ត្រគៀក​ដោយសា​រមូល​ហេតុអ្វី​?

1232
ចែករម្លែក

ដោយៈឫទ្ធិ​ស័ក្តិ​/​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ​ឲ្យ​ដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជូនទៅ​ព្យាបាល​ព្រះរាជសុខភាព​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ គឺ​ដោយសារ​ព្រះអង្គ​បាក់ឆ្អឹង​ត្រគៀក​កាលពីពេល​ថ្មីៗ នេះ​។ ហើយ​រហូតមក​ដល់ពេលនេះ ស្ថានភាព​សម្តេចក្រុមព្រះ នៅ​មិនទាន់បាន​ធូរស្បើយ​នៅឡើយ​ទេ​។​

បើតាម​ប្រភព​ច្បាស់​ការណ៍​ពី​ដំណាក់​វាល​ស្បូវ​បាន​បង្ហើប​ឲ្យ​ដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាក់ឆ្អឹង​ត្រគៀក គឺ​មិនមែន​ដោយសារ​ស្ថានភាព​ព្រះរាជសុខភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ​។ តើ​មូល​ហេតុអ្វី​បានជា​ព្រះអង្គ​បាក់ឆ្អឹង​ត្រគៀក​?​។ ហើយ​ជាពិសេស​អ្នក​មើលថែ​ការពារ​សុវត្ថិភាព​ព្រះអង្គ​បានដាក់​ពាក្យ​លាឈប់ ដោយ​សារ​តែ​មិនត្រូវ​ជាមួយ​ក្រុមគ្រួសារ​ព្រះអង្គ (​ប្រភព​សុំ​មិន​អត្ថាធិប្បាយ​ឲ្យ​បាន​ច្បាស់​ទេ ពីព្រោះ​មាន​អាថ​កំបាំង​មួយចំនួន​)​។​

ប្រភព​បាន​បន្តថា ខណៈពេលដែល​សម្តេចក្រុមព្រះ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ទ្រព្យ​ព្រះរាជ​ទ្រព្យសម្បត្តិ​មួយចំនួន​របស់​ព្រះអង្គ​ត្រូវបាន​ក្រុមគ្រួសារ​បែងចែក​មួយចំនួន​ហើយ​។​

ទាក់ទង​ករណី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាក់ឆ្អឹង​ត្រគៀក គឺ​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​បាន​ចោទ​សួរថា តើ​សម្តេចក្រុមព្រះ​បាក់ឆ្អឹង​ត្រគៀក​ដោយសារ​មូលហេតុ​អ្វី​? មកពី​ព្រះអង្គ​ដួល ឬ​ដោយសារ​ជំងឺ​ចាស់​រើ​ឡើងវិញ​?

លោក​ណុប សុធា​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​។

សូម​រម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។​

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ននេះ ត្រូវបាន​ម្ចាស់​ក្ស​ត្រី​យ៍ អេង ម៉ា​រី មើលថែ​ទាំង​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ចាប់តាំងពី​ព្រះអង្គ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​៕B/

#