តើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា​គួរ​ឲ្យ​គេ​បារម្ភ​ឬទេ​?

605
ចែករម្លែក

​មកទល់នឹង​ថ្ងៃនេះ អ្វីដែល​គេ​ហៅថា​ថ្ងៃ​ប​ដិ​វត្ដ​ន៍​ថ្មី​របស់ សម រង្ស៊ី ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​ហាក់ដូច ជា​នៅ​ស្ងាត់ចឺន​។ មាន​ទស្សនៈ​ពីរបាន​ចោទសួរ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ដូចខាងក្រោម​៖
​ ​
​ទស្សនៈ​ទីមួយ​. ខាង​មជ្ឈដ្ឋាន​អ្នកគាំទ្រ​ក្រុមប្រឆាំង​ដែល​សម រង្ស៊ី ជា​មេខ្លោង​ទាំង​ក្នុងស្រុក​ក៏​ដូច អ្នក​ដែល​រស់នៅ​ក្រៅ​ស្រុក​នាំគ្នា​ស្រែក​បន្ទរ​ថា ថ្ងៃទី​៩​វិច្ឆិកា​នេះ​នឹងមាន​ផ្ទុះ​ការបះបោរ​យ៉ាង​គគ្រឹក គគ្រេង អម សម រង្ស៊ី ចូលមក​ភ្នំពេញ ដើម្បី​ចាប់​លោក ហ៊ុន សែន​។ រីឯ​ទស្សនៈ​ទី​ពីរ​. ពិសេស ចំពោះ អ្នក​នៅក្នុង​ស្រុក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​គាំទ្រ​លោក ហ៊ុន សែន បាន​ស្រែក​បន្លឺ​អឺងកង​ជា​រៀងរាល់ថ្ងៃ​ត្រៀមខ្លួន​ទូទាំងប្រទេស​ដើម្បី​ចាប់ខ្លួន សម រង្ស៊ី​ទោះជា​ចូល មក​តាម​ច្រក​ណាក៏ដោយ​ដើម្បី​ឲ្យ​ទទួលទោស​។​
​ ​
​យោងតាម​បរិបទ​ដែល​យើង​បាន​លើក​ខាងលើ ក្រុម​អ្នក​ទស្សនៈ​ទី​បី គេ​នាំគ្នា​ចោទ​សួរថា ហេតុអ្វី កម្ពុជា​ក៏​កម្ម​អ្វី​ម្ល៉េះ​? សង្គ្រាម​មិនចេះចប់ កម្ទេច​ជាតិ​សាសន៍​ឯង បង្កើតបាន​របប​ប្រល័យពូជសាសន៍ គឺ​ក្រុមខ្មែរក្រហម​ឥត​សាសនា​។​
​ ​
​ចូលដល់​បរិបទ​ថ្មី គឺ​ក្ដី​មេ​ត្ដា អាណិតអាសូរ​ខ្មែរ ពី​សំណាក់​ពិភពលោក​បាន​ញាំ​ង​ឲ្យ​មាន​កិច្ច​ព្រម ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​ចាប់បដិសន្ធិ​ថ្ងៃទី​២៣​តុលា​ឆ្នាំ​១៩៩៣​គឺជា​ការ​សន្ម​ត់របស់​ភាគី ខ្មែរ​អ្នក​ច្បាំង​ទាំង​បួន​ក្រុម​សម្រេច​ចិ​ត្ដ​រួបរួមគ្នា​បញ្ចប់​នូវ​ការ​បង្ហូរឈាម​គ្នា​។ បញ្ចប់​របប​ប្រល័យ ពូជសាសន៍ ឲ្យ​ខ្មែរ​ចេះ​ស្រ​ទ្បា​ញ់​គ្នា​។

​ប្រឈម​នឹង​បរិបទ​ថ្មី​នេះ​កម្ពុជា​ក៏បាន​ឆ្លងកាត់​នូវ​ព្រឹ​ត្ដិ​ការណ៍​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​ដំណាក់កាល​ទៀត ពិសេស​ខាង​នយោបាយ ក្នុងនោះ​មាន ទីមួយ​. ការបោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ និង​ព្រឹ​ត្ដិ ការណ៍​ផ្ទុះអាវុធ​ថ្ងៃទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧​រវាង​ក្រុម​ដែល​បាន​អង្គុយ​ចរចា​គ្នា​នៅ​ទីក្រុង​ប៉ារីស តែម្ដង​។ លើក​ទី​ពីរ ការ​ប្រទូស្តប្រទាំង​គ្នា ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ​១៩៩៨​ដែល​នៅតែ​មិន ត្រូវ​គ្នា​រវាង​ក្រុម​អតីត​រដ្ឋ​កម្ពុជា​នឹង​ក្រុម​ភាគី​បី​ទៀត តែ​ក៏មាន​ការព្រមព្រៀង​គ្នាប​ង្កើ​ត​រដ្ឋាភិបាល ចម្រុះ​ថ្មី​មួយ​។

រីឯ​ដំណាក់កាល​ថ្មី​ទី​បី គឺ​ព្រឹ​ត្ដិ​ការណ៍​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣​ដោយ​ក្រុម សេរី​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​សកល​ទៀត តែ​ក៏​នៅតែមាន​ការចរចា​ចេញរួច​ទៀត​។ តែ​ឆ្នាំ​២០០៨ ក៏​ឈានដល់​បរិបទ​ថ្មី​មួយទៀត គឺ​ក្រុម​អ្នកតស៊ូ​សេរី​មកពី​ជាយដែន​រលាយ​សូន្យ ហើយ​មានការ​ងើបឡើង​នៃ​ក្រុម​សេរី​ថ្មី​មួយ ដែលមាន​សម រង្ស៊ី និង កឹម សុខា ជា​មេខ្លោង​បាន ប្រមូល​ផ្សំ​ធាតុ​គ្នា​រីកដុះដាល​កាន់តែ​រឹងមាំ​ទៅៗ​។​បន្ទាប់មក​បាន​ឈានដល់​ព្រឹ​ត្ដិ​ការណ៍​ដ៏​ធំ​ចុងក្រោយ គឺ​ពួក​សេរី​ថ្មី​មួយ​នេះ​បានរួម​កម្លាំង​គ្នា​ប្រមូល​សំឡេងឆ្នោត​យកបាន​៥៥​អាសនៈ​យ៉ាង​ធូរ​។ រីឯ​ក្រុម​អ្នកតស៊ូ​ជាយដែន​ដែលជា​កម្លាំង​ស្នូល​ក្នុងការ​រុញ​ចលនា​សន្និសីទ​ទីក្រុង​ប៉ារីស​បាន​រលាយ​ដូច​អំបិល​ចាក់​ចូល​ទន្លេចតុមុខ ជ្រាបចូល​ក្នុង​ទឹក​យ៉ាង​សូន្យឈឹង ។​

​បន្ទាប់មក​កម្ពុជា​ក៏​ឈាន​ចូលដល់​បរិបទ​ថ្មី គឺ​ព្រឹ​ត្ដិ​ការណ៍ «​ប​ដិ​វត្ដ​ពណ៌​» ។ ក្រុម​អ្នកគាំទ្រ​ជំនោរ បក្ស​សេរី​ថ្មី​រាប់ម៉ឺន​នាក់​ងើប​ទ្បើង​ជ្រួលជ្រើម​ធ្វើបាតុកម្ម​ពេញទី​ក្រុងភ្នំពេញ ទាមទារ​ដោយ​សង្ខើញ «​ហ៊ុន សែន អើយ​ចុះ​ចេញទៅៗ​» ។ តែ​ដល់​នាទីចុងក្រោយ ក្រុម​សេរី​ថ្មី​នេះ បាននាំគ្នា​ទៅ​ស្បថ​នៅ អង្គរវត្ដ​។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​អាសនៈ​៦៨​បាននាំគ្នា​ស្បថ​នៅ​ព្រះ​បរម រាជវាំង​។ បន្ទាប់មក​ក៏មាន​ការចរចា​គ្នា​បានត្រឹមតែ កឹម សុខា បានទទួល​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​។

ខុស​កាលពី​ពួក​សេរី​មុន ដែល​គេ​ទាមទារ​រហូតដល់​តួនាទី​ប្រធានរដ្ឋសភា​តួនាទី​ក្នុង រដ្ឋាភិបាល មាន​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខា​ធិ​ខា និង​អនុ​រដ្ឋលេខា​គ្រប់​ក្រសួង​។​កាន់តែ​ទ្បឺ​កឺ ជាងនេះទៅទៀត ពួក​សេរី​ថ្មី​ទាំងនេះ​បានចាប់ផ្ដើម​ចាង មានតែ​បាតដៃ​ទទេ ហ៊ាន​ក្អេងក្អាង​ពាស ពេញ​មូលដ្ឋាន​ទូទាំងប្រទេស បំបះបំបោរ​ប្រជាជន​ឲ្យ​ចេះ​បែងចែក​ខ្មែរ​គ្នាឯង​ឲ្យ​មាន​បេះដូង​កំហឹង គុំ​គួ​ន ដែល​ឈានដល់​ដំណាក់កាល​ចុងក្រោយ នា​ឆ្នាំ​២០១៧ សម័យ​បោះឆ្នោត​ឃុំ​-​សង្កាត់​ក្នុងនោះ មានការ​បង្កចលាចល​បង្ក​សកម្មភាព​ខុសច្បាប់​នានា​រាប់មិនអស់​ទើប​ឈានដល់​ការរំលាយ​គណបក្សប្រឆាំង​ទំនើប​ថ្មី​មួយ​នេះ​ជា​ស្ថាពរ​!

​ឈរលើ​បរិបទ​នេះ ក្រុមអ្នកវិភាគ គេ​មើលឃើញ​ច្បាស់​នូវ​មាយា​ទ​ពួកក្រុម​សេរី​ទាំង​ក្រុម​ចាស់​ទាំង ក្រុម​ថ្មី ធ្វើ​ពី​ឈ្នះឆ្នោត​៦៩​អាសនៈ ឈានដល់​រលាយ​សូន្យសុង ហើយ​តាំង​ស្រែក​ប្រកូក​ប្រកាស ពី​ក្រៅប្រទេស​ឲ្យ​រត់ទៅរក​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ហើយ​ឲ្យ​នាំគ្នា​ប្រមូល​កម្លាំង​មក​ចាប់​លោក ហ៊ុន សែន ទាំង​កម្រោល ដោយ​ភ្លេច​គិតថា​ពួកខ្លួន​បាតដៃ​ទទេ​!​។ គួរ​ឲ្យ​ខ្មាស់​អន្ដរជាតិ​! ។ គួរ​ឲ្យ​ខ្មាស់ ប្រទេស​ដែល​ជួយ​ពួកខ្លួន (​ពួក​សេរី​មុន​) ឲ្យ​បាន​ចូល​ស្រុក​វិញ​នា​ឆ្នាំ​១៩៩៣​។​

​ជា​សរុប ថ្ងៃទី​៩ វិច្ឆិកា​ខាងមុខ​គឺជា​ថ្ងៃ​ខ្មោចលង​។ ជា​ថ្ងៃ «​រាត្រី​ឆ្កែ​លូ​» យ៉ាង​ដូច្នេះ​ឯង​៕ ដោយៈ រ​ត្ន័ សណ្ដាប់ អ្នកជំនាញ​អារ្យធម៌​ខ្មែរ​