តើ​ស្នាម​សាក់​អាចធ្វើ​ឲ្យ​ប្រឈម​នឹង​ភាព​ក្តៅ​ក្នុង​ខ្លួន​ដែរ​ទេ​?

308

​ការសិក្សា​ដ៏​តូច​មួយ​របស់​អាមេរិក ដែលមាន​បុរស​ចូលរួម​ចំនួន ១០​នាក់ បាន​រកឃើញថា ស្បែក​ដែល​សាក់​រួច​គឺ​មិនសូវ​ផលិត​ញើស​នោះទេ ដែលជា​អាច​នាំ​ឲ​យ​មាន​ភាព​ក្តៅ​ខ្លាំង​ជ្រុល​ដល់​ស្បែ​កបាន​។​

​ថ្នាំ Pilocarpine ត្រូវបាន​អ្នកស្រាវជ្រាវ​ប្រើ​ដើម្បី​ភ្ញោ​ច​ដល់​ការចេញ​ញើស​លើ​ស្បែក​ដែលមាន​ស្នាម​សាក់ និង​ស្បែក​ដែល​គ្មាន​សាក់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្បែក​ដែលមាន​ស្នាម​សាក់​គឺ​មិនសូវ​ចេញ​ញើស​ទេ ហើយ​កម្រិត​នៃ​សូ​ដ្យូ​ម​ក្នុង​ញើស​ក៏មាន​ច្រើន​ដែរ (​មានន័យថា​ញើស​របស់​ពួកគេ​ជា​ញើស​ដែល​ខាប់​)​។​

​ញើស​ដើរតួនាទី​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​ក្នុងការ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​ខ្លួន ឬ​ហៅថា Thermostat ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​រាងកាយ និង​ស្បែក​ត្រជាក់​នៅពេល​មាន​អាកាសធាតុ​ក្តៅ​។ ដូច្នេះ​កាលណា​មនុស្ស​ដែលមាន​ស្នាម​សាក់​លើ​ស្បែក​ច្រើន ហើយ​នៅក្នុង​កន្លែង​ដែល​ក្តៅ​ទៀត នោះ​វា​នឹងធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​នឿយហត់​ដោយសារតែ​ក្តៅ​ខ្លាំងពេក​បាន​។ ប៉ុន្តែ​រឿងនេះ​មិនទាន់បាន​ស្រាវជ្រាវ​មូលហេតុ​នៅឡើយ​ទេ​។​

​ជាទូទៅ ក្រៅពី​ការ​សាក់ បើសិនជា​អ្នក​សម្គាល់​ឃើញថា នរណាម្នាក់​មាន​សញ្ញា​នៃ​ភាព​នឿយហត់​ដោយសារតែ​ក្តៅ​ដូចជា អស់កម្លាំង មាន​អារម្មណ៍​ចង់​ខ្យល់គរ ឈឺក្បាល មិន​ស្រួលខ្លួន ឬ​ស្រេកទឹក​ខ្លាំង អ្នក​គួរតែ​ឲ្យ​គេ​គេង​ចុះ​នៅ​កន្លែង​ដែល​ត្រជាក់ និង​ដោះ​សម្លៀកបំពាក់​ដែល​មិន​សំខាន់​ចេញ​ឲ្យ​អស់​ដើម្បី​ជួយ​ឲ្យ​ស្បែក​ត្រជាក់ ព្រមទាំង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​៕​ដោយ​:www.health.com.kh /​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន