តើ​អាមេរិក​កំពុង​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​?

819
ចែករម្លែក

​កាលពីដើម​សប្តាហ៍​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាសថា ខ្លួន​កំពុង​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ទៅ​មជ្ឈិមបូព៌ា​ជាមួយ​ទស្សនៈ​នៃ​ការកំណត់​គោលដៅ​ទៅលើ​អ៊ីរ៉ង់ ដោយ​អះអាងថា​ប្រទេស​នេះ​កំពុង​គំរាម​កងកម្លាំង​អាមេរិក​នៅក្នុង​តំបន់​។​

​ថ្លែង​អំពី​ការដាក់​ពង្រាយ​នេះ លោក​ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​ថ្លែងថា “​យើង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ណាមួយ មិន​ថា​ពី​សំណាក់​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​ឬ​កងកម្លាំង​អ៊ីរ៉ង់​ធម្មតា​នោះទេ​” ដោយ​សន្យា “​សងសឹក​វិញ​ដោយ​ប្រើ​កម្លាំង​វាយបក​ឥត​ស្រាកស្រាន្ត​”​។​

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ

​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​នៅតែ​គ្មាន​ព័ត៌មាន​លម្អិត​ជា​សាធារណៈ​ណាមួយ​ត្រូវបាន​ផ្តល់ឱ្យ​អំពី​អ្វី​ដែលជា​ការគំរាមកំហែង​នោះទេ ហើយ​អ៊ីរ៉ង់​ក៏​មិនបាន​ចូលរួម​ក្នុង​វោហា​សាស្ត្រ​ប្រឆាំងនឹង​វ៉ាស៊ីនតោន​វិញ​នោះដែរ​។ ការដាក់​ពង្រាយ​នេះ​កើតឡើង​ចំពេល​អាមេរិក​កំពុង​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​ទៅលើ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន ដោយ​បញ្ចប់​ការលើកលែង​ការ​នាំចូល​ប្រេង​ចំពោះ​ប្រទេស​មួយចំនួន​។​

​ជាមួយនឹង​ការកើនឡើង​ភាព​តានតឹង​បែបនេះ ពួក​អ្នកធ្វើ​អត្ថាធិប្បាយ​និង​អ្នកសង្កេតការណ៍​កំពុង​ឆ្ងល់​ថា​តើ​សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​ប្រឈមមុខគ្នា​ផ្នែក​យោធា​ជាមួយ​អ៊ីរ៉ង់​ដែរ​ឬ​យ៉ាងណា​។ គេ​ពិបាក​នឹង​និយាយ​ណាស់ ប៉ុន្តែ​ជាការ​ពិត​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពេលនេះ​កំពុង​បង្កើន​និង​រៀបចំ​យុទ្ធនាការ​ប្រឆាំងនឹងរ​ដ្ឋា​ភិ​បាល​ក្រុង​តេ​ហេ​រ៉ង់​នៅក្នុង​ស្ទីល​ស្រដៀង​គ្នា​នឹង​អ្វីដែល​ខ្លួន​បានធ្វើ​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាលពី​ឆ្នាំ ២០១៧​។​

​ទោះយ៉ាងណា គោលដៅ​សំខាន់បំផុត​គឺ​មិនមែនជា​បញ្ហា​នុយក្លេអ៊ែរ​នោះទេ ប៉ុន្តែ​អាចជា​ការបញ្ចប់​ការ​ប្រជែង​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​មកលើ​សណ្តាប់ធ្នាប់​តំបន់ ដែល​ដឹកនាំ​ដោយ​អាមេរិក និង​មើល​ការខុសត្រូវ​ដោយ​កូន​ចឹ​ង​អាមេរិក​នៅក្នុង​តំបន់​គឺ អា​រ៉ា​ប៊ី​សា​អូឌីត​និង​អ៊ីស្រាអែល​។​

​នៅក្នុង​ការខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទប់ទល់​នឹង​អ៊ីរ៉ង់ ការ​ពន្លើស​អំពី​ការកើនឡើង​នៃ​ការគំរាមកំហែង ការបកស្រាយ​បោក​បញ្ឆោត​អំពី​ការ​ស៊ើបការណ៍​សម្ងាត់ និង ការបង្ហាញ​សាច់ដុំ​យោធា គឺជា​ធាតុ​ផ្សំ​នៃ​សៀវភៅ​សម្រាប់​អាមេរិក​លេង​ជាមួយ​អ៊ីរ៉ង់​។ ទោះយ៉ាងណា ការផ្លាស់ប្តូរ​របប​ប្រហែល​នៅតែ​ស្ថិតនៅលើ​តុ​ដដែល​ទេ ប្រសិនបើ​វ៉ាស៊ីនតោន​មិន​ទទួលបាន​អ្វី​ដូចដែល​ខ្លួន​ចង់បាន​។​

​នៅក្នុង​អនុ​ប្រព័ន្ធ​មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក​ធ្វើ​សកម្ម​ភាពជា​មេដឹកនាំ​ពី​ខាងក្រៅ ដោយ​ដាក់ចេញ​នូវ​សណ្តាប់ធ្នាប់​នយោបាយ​យោធា​និង​សេដ្ឋកិច្ច ដែល​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ដើរតួ​ជា​សសរស្តម្ភ​នៃ​ការអនុវត្ត​ជាក់ស្តែង ជាពិសេស អ៊ីស្រាអែល​និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ផ្ទុយទៅវិញ ប្រទេស​អ៊ីរ៉ង់ ដែលមាន​កេរ្តិ៍ដំណែល​ប្រឆាំងនឹង​អាមេរិក ដែល​បង្កឡើង​ចេញពី​បដិវត្តន៍​ឆ្នាំ ១៩៧៩ គឺជា​មហាអំណាច​មួយ​ដែរ​នៅក្នុង​តំបន់ ដែល​ប្រឆាំង​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​។ អ៊ីរ៉ង់​ខិតខំ​ប្រើ​ធនធាន​និង​មនោគមវិជ្ជា​របស់ខ្លួន​ដើម្បី​បង្កើត​សណ្តាប់ធ្នាប់​សេរីនិយម​មួយ ដែល​ប្រជែង​ជាមួយ​អ៊ីស្រាអែល​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​អំណាច​ក្នុង​តំបន់​។​

​នៅក្នុង​ការធ្វើ​ដូច្នេះ អ៊ីរ៉ង់​បាន​បង្កប់ខ្លួន​ដោយផ្ទាល់​នៅក្នុង​ជម្លោះ​មួយចំនួន​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​រួមទាំង​ជម្លោះ​នៅ​ស៊ី​រី​និង​នៅ​យេ​ម៉ែន​។ ដោយសារតែ​បញ្ហា​នេះ​បានអូសបន្លាយ​ពេល​ជាច្រើន​ឆ្នាំ សំណួរ​អំពី​នុយក្លេអ៊ែរ​បានកើត​ឡើងជា​បន្តបន្ទាប់​។​

​ទោះបីជា​អ៊ីរ៉ង់​ជា​គូប្រជែង​នៅក្នុង​តំបន់ ក៏ប៉ុន្តែ​រដ្ឋបាល​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​បាន​ស្វះស្វែង​ចរចា​លើ​លក្ខខណ្ឌ​ដ៏​យុ​តិ្ត​ធម៌​ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ដើម្បី​រក្សាទុក​នូវ​បទដ្ឋាន​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ ជា​អ្វីមួយ​ដែល​ប្រព័ន្ធ​អន្តរជាតិ​ទាំងមូល​មាន​ឆន្ទៈ​នឹង​ឯកភាព​ជាមួយ​។​

​ទោះយ៉ាងណា គណបក្ស​សាធារណរដ្ឋ និង​រដ្ឋបាល​ត្រាំ​មាន​អារម្មណ៍​ខុសពី​នេះ​។ ដោយ​ត្រូវបាន​ឡប់​ប៊ីយ៉ា​ង​ខ្លាំងក្លា​ពី​សំណាក់​សម្ព័ន្ធមិត្ត​មាន​ឥទ្ធិពល​ក្នុង​តំបន់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​តេ​ហេ​រ៉ង់ ពួកគេ​បាន​បញ្ចុះបញ្ចូល​ដោយ​ជោគជ័យ​ឱ្យ​រដ្ឋបាល​ត្រាំ​បញ្ចប់​ជាមុន​នូវ​ផែនការ​សកម្មភាព​រួម​គ្នា​គ្រប់​ជ្រុងជ្រោយ (JCPOA) និង​ចាត់វិធានការ​តឹងរឹង​ជាង​មុន​ប្រឆាំងនឹង​អ៊ីរ៉ង់​។​

​ក្នុង​ការធ្វើ​ដូច្នេះ វ៉ាស៊ីនតោន​បាន​កែលម្អ​គោលដៅ​ក្នុង​តំបន់​របស់ខ្លួន ដោយ​ខិតខំ​ដើម្បី​បញ្ចប់​មហិច្ឆតា​របស់​អ៊ីរ៉ង់​ដើម្បី​ប្រកួតប្រជែង​នឹង​សណ្តាប់ធ្នាប់​ដែល​ដឹកនាំ​ដោយ​អាមេរិក​នៅក្នុង​តំបន់​។ បញ្ហា​នុយក្លេអ៊ែរ​មិនមែនជា​ហេតុផល​ពិតប្រាកដ​ទេ តែ​គ្រាន់តែ​ជាការ​រារាំង​ដល់​គោលដៅ​យុទ្ធសាស្ត្រ​ទាំងនោះ​។​

​ដោយសារ​ហេតុផល​នេះ សហរដ្ឋអាមេរិក​បាន​ជ្រើសរើស​យុទ្ធនាការ “​គាបសង្កត់​ជា​អតិបរមា​” ដែល​កំពុង​រីក​ឡើងកាន់​តែ​ខ្លាំង ៖ ទី​១ គឺ​តាមរយៈ​ការដាក់ទណ្ឌកម្ម​ឯកតោភាគី ដែល​អាមេរិក​មានបំណង​រឹតបន្តឹង​បន្តិច​ម្តងៗ​, ទី​២ គឺ​តាមរយៈ​ការនិយាយ​បំផ្លើស​នាំឱ្យ​យល់ច្រឡំ​និង​ឆាប់​សម្រេច​គោលដៅ​ថា​អ៊ីរ៉ង់​គឺជា “​រដ្ឋ​នាំចេញ​ភេរវកម្ម​” ហើយ​បន្ទាប់មក​ទី​៣​ដោយ​ផ្អែកលើ​រឿងនេះ វោហា​សាស្ត្រ​បង្ក​ការយល់ច្រឡំ​ថា តេ​ហេ​រ៉ង់​គឺជា​ការគំរាមកំហែង​ផ្នែក​យោធា​ដោយផ្ទាល់​ចំពោះ​សហរដ្ឋអាមេរិក​។​

​ហេតុផល​ទាំងនេះ​គឺជា​សន្លឹក​បៀរ​ដូចគ្នា​ដែល​បានមកពី​សៀវភៅ Playbook របស់​វ៉ាស៊ីនតោន​ដែល​បង្កើតឡើង​គ្រាន់តែ​ដើម្បី​ជំរុញឱ្យមាន​ការទាមទា​រ​ពី​ប្រជាជន​សម្រាប់​គោលនយោបាយ​ការបរទេស​ដាច់ខាត​មួយ​តែប៉ុណ្ណោះ​។ ការដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​គឺជា​ការកើនឡើង​ភាព​តានតឹង​ចុងក្រោយ​បំផុត​។​

​តើ​ទង្វើ​បែបនេះ​នឹង​នាំឱ្យមាន​សង្គ្រាម​? ជាទូទៅ សហរដ្ឋអាមេរិក​ចង់​បំភិតបំភ័យ​អ៊ីរ៉ង់​ដោយ​ធ្វើ​សម្បទាន​ដ៏​ធំ​សម្បើម​និង​បង្ខំ​ពួកគេ​ឱ្យ​ទទួលយក​លក្ខខណ្ឌ​សណ្តាប់ធ្នាប់​តំបន់​របស់​អាមេរិក​។ ជាការ​កត់សម្គាល់ ការដាក់​ពង្រាយ​នាវា​នេះ​គឺ​គ្រាន់តែ​ជាការ​សំញែង មិនមែនជា​ការប្តេជ្ញា​ដើម្បី​វាយប្រហារ​នោះទេ​។ លោក​ម៉ៃ ផ​ម​ផេ​វ បាន​ច្រានចោល​ការវាយប្រហារ​រួចទៅហើយ ដោយ​ពោល​អះអាងថា គោលបំណង​គឺ​ចង់ឱ្យ​អ៊ីរ៉ង់​ប្រព្រឹត្ត​ដូច “​ប្រទេស​ធម្មតា​” ។​

​ទោះយ៉ាងណា នេះ​មិន​មានន័យថា ចំណាត់ការ​យោធា​មិនមាន​នៅលើ​តុ​សម្រាប់​រយៈពេល​វែង​នោះទេ​។ បុគ្គល​ជាច្រើន​នៅក្នុង​រដ្ឋបាល​ត្រាំ​បាន​គាំទ្រ​វា​។ ដោយសារ​អ៊ីរ៉ង់​ជា​រដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើបាប និង​គ្មាន​សមត្ថភាព​នុយក្លេអ៊ែរ លទ្ធភាព​វាយប្រហារ​ក៏​កាន់តែ​ទាប​ផងដែរ​។​

​ដោយហេតុថា​អាកប្បកិរិយា​ទូទៅ​នៃ​រដ្ឋបាល​ត្រាំ​និង​ការស្រេកឃ្លាន​របស់ខ្លួន​ក្នុងការ​ធ្វើឱ្យ​រដ្ឋ​នានា​ទទួលយក​លក្ខខណ្ឌ​ផ្អែក​តែមួយ​ភាគី​ម្ខាង​ជា​ឯកតោភាគី យើង​យ៉ាងហោចណាស់​គួរ​សង្ឃឹមថា​វ៉ាស៊ីនតោន​នឹង​បន្ត​បង្កើន​អ្វីៗ​គ្រប់យ៉ាង ប្រសិនបើ​អាមេរិក​មិន​ទទួលបាន​អ្វីដែល​ខ្លួន​ចង់បាន​។ ហេតុដូច្នេះ ខណៈដែល​សង្គ្រាម​មិនទាន់​ខិតជិត​មកដល់ ពាក្យ​ថា​វាយប្រហារ​គឺ​គ្រាន់តែ​ជា​លទ្ធភាព​អាច​នឹង​កើតឡើង​តែប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN