តើ​អាវុធ​អាមេរិក​អាច​ចូល​ទីផ្សារ​វៀតណាម​រួច​ដែរឬទេ​?

558

​ទស្សនកិច្ច​១២​ថ្ងៃ​ក្នុង​តំបន់​អាស៊ី​របស់លោក​ដូ​ណា​ល់ ត្រាំ​បានមក​ដល់ទី​បញ្ចប់ ហើយ​ទោះបីជា​បញ្ហា​កូរ៉េខាងជើង​សំខាន់​យ៉ាងណាក្តី ក៏ប៉ុន្តែ​គោលដៅ​សំខាន់​នៃ​ការធ្វើដំណើរ​របស់​ត្រាំ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​គឺ​ដើម្បី​ផ្លាស់ប្តូរ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែលមាន​ស្រាប់​របស់​អាមេរិក​។ នេះ​ជាការ​ធ្វើដំណើរ​យូរ​បំផុត​ផងដែរ​ដោយ​ប្រធានាធិបតី​អាមេរិក​ក្នុង​រយៈពេល ២៥ ឆ្នាំ​មកនេះ​មក​ទ្វីបអាស៊ី​។ វេ​ប​សាយ​ព័ត៌មាន Sputnik Vietnam បាន​និយាយ​ជាមួយ​ក្រុមអ្នកវិភាគ​ន​យោ​បាយ​ជាច្រើនរូប ដើម្បី​បំភ្លឺ​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​នៅ​ប្រទេស​វៀតណាម​។​

​យោងតាម​វេ​ប​សាយ Sputnik Vietnam ក្នុងចំណោម​ប្រទេស​ចំនួន ៥ ដែល​ត្រាំ​បាន​ទៅ គឺមាន ៤ ប្រទេស​ទៅហើយ​ដែលមាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ជាមួយ​វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម ៣២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦​។​

​ដើម្បី​កាត់បន្ថយ​ឱនភាព​នេះ សហរដ្ឋអាមេរិក​មាន​ផែនការ​លក់ទំនិញ​ច្រើន​ឡើងដល់​វៀតណាម ហើយ​អាវុធ​គឺជា​ផលិតផល​ថ្លៃ​ជាងគេ​បំផុត​។​

​ដូច្នេះ​វា​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ ដែល​ត្រាំ​បានស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន ភុ​ក ទិញ​មី​ស៊ី​ល​និង​ប្រព័ន្ធ​អាវុធ​ផ្សេងទៀត ដោយ​សង្កត់ធ្ងន់ថា អាមេរិក​ជា​ប្រទេស​ផលិត​មី​ស៊ី​ល​ច្រើនជាងគេ​លើ​ពិភពលោក​។​

​ក្នុង​ឆ្នាំ ២០១៦ អតីត​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​លុបចោល​ការដាក់ទណ្ឌកម្ម​លើ​ការផ្គត់ផ្គង់​អាវុធ​សាហាវៗ​ដល់​វៀតណាម​។ ជាងនេះទៅទៀត ការបញ្ជាក់​ដែល​អាច​កើតឡើង​មួយ​អំពី​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​មិន​ធ្លាប់មាន​ពីមុនមក​របស់​នាវា​ផ្ទុក​យន្តហោះ​លើកដំបូង​របស់​អាមេរិក​មកកាន់​កំពង់ផែ ឆកសមុទ្រ​ខាំ​រ៉ា​ញ់ ដែល​គ្រោង​ធ្វើ​ក្នុង​ឆ្នាំ ២០១៨​។​

​អ្នកវិភាគ​នយោបាយ និង ជា​ប្រធាន​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រទេស​ចុង​បូព៌ា​នៃ​សាកលវិទ្យាល័យ​រដ្ឋ​សេន​ភី​ត​ធឺ​ស្បឺ​ក លោក វ្ល៉ា​ឌី​មៀរ កូ​ឡូតូ​វ បាន​ប្រាប់​វេ​ប​សាយ Sputnik Vietnam ថា “​ក្តីសង្ឃឹម​ដែលថា​សហរដ្ឋអាមេរិក​នឹង​ជួយ​វៀតណាម​ការពារ​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ស្រពិចស្រពិល​ខ្លាំង​។ អំឡុង​ទស្សនកិច្ច​របស់គាត់​ទៅ​កាន់​ប្រទេស​ចិន ដូ​ណា​ល់​ត្រាំ​បាន​ព្យាយាម​អស់ពី​លទ្ធភាព​របស់គាត់​ដើម្បី​ផ្គាប់ចិត្ត​លោក​ស៊ី ជីន​ពីង ពីព្រោះ​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ស្ថានភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​”​។​

​លោក វ្ល៉ា​ឌី​មៀរ កូ​ឡូតូ​វ ក៏បាន​និយាយ​ផងដែរ​ថា គេ​គួរកត់សម្គាល់​ពី​របៀប​ដែល​សហរដ្ឋអាមេរិក​ប្រព្រឹត្ត​ដាក់​ដៃគូ​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ជាពិសេស​ហ្វីលីពីន​។​

​លោក កូ​ឡូតូ​វ និយាយថា “​បច្ចុប្បន្ន​រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវជន​យ៉ាង​ស្វិតស្វាញ​ហើយ​នៅពេលដែល​ខ្លួន​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​ផ្តល់ជំនួយ​យោធា ជំនួយ​នោះ​បែរជា​ត្រូវបាន​បដិសេធ​។ ជំនួយ​យោធា​មែនទែន​គឺ​បានមកពី​ប្រទេស​រុស្ស៊ី​ឯណោះ​វិញ​ទេ​។ ព្រឹត្តិការណ៍​ថ្មីៗ​នេះ​បាន​បង្ហាញថា​ក្នុងករណី​ជាច្រើន សកម្មភាព​ភេរ​វករ​អន្តរជាតិ​ត្រូវបាន​បំពាក់អាវុធ​របស់​ប្រទេស​ខាងលិច​ទាំងអស់​។ សហរដ្ឋអាមេរិក​បាន​ប្រើ​ពួក​ភេរវ​ករ​ទាំងនេះ​ជា​កម្លាំង​ខ្ចីដៃ​ដើម្បី​ដោះស្រាយ​កិច្ចការ​ដ៏​ឈ្លាសវៃ នៅ​គ្រប់​តំបន់​ទាំង​អស់នៃ​ពិភពលោក​ដែលមាន​ភាព​តានតឹង​ខ្លាំង​”​។​

​យោងតាម​អ្នកវិភាគ​រូបនេះ កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ អាស៊ីអាគ្នេយ៍​គឺជា​កន្លែង​ស្ងប់ស្ងាត់​មួយ​ដែល​បង្កើត​លក្ខខណ្ឌ​ល្អ​សម្រាប់​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់ខ្លួន​។ ឥឡូវនេះ រដ្ឋាភិបាល​ជាច្រើន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវជន ចាប់ពី​ហ្វីលីពីន​រហូតដល់​មី​យ៉ាន់​ម៉ា​។​

​អ្នកវិភាគ​រូបនេះ​បន្ថែមទៀតថា “​អស្ថិរភាព​ដ៏​យូរ​បានចាប់ផ្តើម​នៅក្នុង​តំបន់​នេះហើយ​សហរដ្ឋអាមេរិក​ពេញ​ចិត្តនឹង​ពង្រីក​ព្រំដែន​នៃ​អស្ថិរភាព​នេះ​។ នេះ​ពិតណាស់​នឹង​បង្កើន​ការលក់​អាវុធ​។ គេ​គួរ​កត់សម្គាល់ថា ពួកគេ​បាន​លក់​អាវុធ​ទៅ​កូរ៉េខាងត្បូង តៃវ៉ាន់ និង​ជប៉ុន​រួចហើយ​។ ប៉ុន្តែ​អស្ថិរភាព​នៅក្នុង​តំបន់​មិនបាន​ថយចុះ​ទេ​”​។​

​លោក ឡេ វ៉ាន់ កុង អ្នកឯកទេស​ខាង​យោធា​និង​ជា​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ប្រាប់ Sputnik Vietnam ថា អាវុធ​យោធា​របស់​អាមេរិក​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​កងទ័ព​វៀតណាម​នឹង​បន្ត​ប្រើប្រាស់​អាវុធ​ចាស់ៗ​សម័យ​សូ​វៀត​។​

​លោ​កឡេ​និយាយថា “​នៅក្នុង​ការអនុវត្ត​សកម្មភាព​យោធា​ជាក់ស្តែង យើង​ជឿជាក់ថា​អាវុធ​របស់​អាមេរិក​មាន​លក្ខណៈ​អន់​ជាង​អាវុធ​សូ​វៀត ក្រៅពី​តម្លៃ​ថ្លៃ​ហើយ​នោះ​”​។​

​លោក​ឡេ​បាន​បន្ថែមទៀតថា​កងទ័ព​វៀតណាម​ភាគច្រើន​ត្រូវបាន​បំពាក់​ដោយ​អាវុធ​សូ​វៀត​និង​រុស្ស៊ី​ហើយ​កងទ័ព​វៀតណាម​ដឹង​ច្បាស់​ពី​អាវុធ​ទាំងអស់នោះ ខណៈ​វៀតណាម​មាន​អ្វីៗ​គ្រប់យ៉ាង​ចាំបាច់​សម្រាប់​ជួសជុល​និង​ថែទាំ​អាវុធ​ទាំងនោះ​។​

​ទោះយ៉ាងណា យោងតាម​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បានឱ្យដឹងថា នាពេល​បច្ចុប្បន្ន កងទ័ព​វៀតណាម​កំពុង​ធ្វើ​ទំនើបកម្ម​ខ្លួនឯង ហើយ​អាច​នឹង​ទិញ​អាវុធ​ទំនើប​តិចតួច​បំផុត​ពី​អាមេរិក “​ប៉ុន្តែ​គ្មាន​ចម្ងល់​អ្វី​អំពី​ការផ្គត់ផ្គង់​ដ៏​ច្រើន​នោះឡើយ​។ វៀតណាម​នឹង​នៅតែ​ស្មោះស្ម័គ្រ​នឹង​អាវុធ​រុស្ស៊ី​”​។​

​លោក វ៉ូ មិញ យ៉ាង អ្នកវិភាគ​នយោបាយ និង​ប្រវត្តិសាស្ត្រ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វេ​ប​សាយ Sputnik Vietnam ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា​អាវុធ​អាមេរិក​មានតម្លៃ​ថ្លៃ​ពេក​សម្រាប់​វៀតណាម ហើយ​ប្រទេស​នេះ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់​របស់ខ្លួន​គឺ​ចិន រុស្ស៊ី អាមេរិក ឥណ្ឌា និង​ប្រទេស​ដទៃទៀត​នៅ​អាស៊ី​បូព៌ា ។​

​លោក​យ៉ាង និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ទៅកាន់​កំពង់ផែ​ខាំ​រ៉ា​ញ់​នៅ​ឆ្នាំក្រោយ​គឺជា​ការបង្ហាញ​ពី​ចរិត​នៃ​ទំនាក់ទំនង​ពហុភាគី​របស់​យោធា​វៀតណាម​។ លោក​និយាយថា “​យ៉ាងណាមិញ កំពង់ផែ ដែលមាន​ទីតាំង​ស្ថិតនៅ​ឆកសមុទ្រ​ងាយស្រួល​បំផុត​មួយ​ក្នុង​ពិភពលោក​នេះ ស្វាគមន៍​រាល់​នាវា​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​រួមទាំង​រុស្ស៊ី​និង​ចិន​”៕ ដោយ៖ កញ្ញាដាលីស

កងទ័ព​វៀតណាម