តើ​អ្វី​ជា​ដំណោះស្រាយ​ចំពោះ​អតុល្យភាព​សកលភាវូបនីយកម្ម​?

1034
ចែករម្លែក

​លោក​វ៉ាង ឈី​សាន អនុ​ប្រធានាធិបតី​ចិន​បាន​ថ្លែង​សុន្ទរកថា​នៅឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅក្នុង​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​កាលពី​ថ្ងៃទី ២៣ មករា​។ ការ​ថ្លែង​សុន្ទរកថា​របស់លោក​បាន​ឆ្លើយតប​យ៉ាងច្បាស់​លាស់​ទៅនឹង​កង្វល់​របស់​ពិភពលោក​ស្តីពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន ភាព​តានតឹង​ពាណិជ្ជកម្ម​កំពុង​បន្ត​រវាង​ចិន​និង​អាមេរិក និន្នាការ​កើនឡើង​កាន់​តែ​ខ្លាំង​ងាក​ទៅរក​ប្រជា​និយម​ប្រឆាំងនឹង​សកលភាវូបនីយកម្ម និង​ទស្សនវិស័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​ដោយ​ថ្លែង​អំពី​និន្នាការ​ប្រឆាំងនឹង​សកលភាវូបនីយកម្ម​បច្ចុប្បន្ន​នៅ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប លោក​វ៉ាង​មិនបាន​និយាយ​ចំៗ​អំពី​និន្នាការ​គាំពារ​និយម ប្រជា​និយម និង ជាតិនិយម​នោះទេ​។ តែ​ផ្ទុយទៅវិញ គាត់​បាន​ផ្តល់នូវ​ការវាយតម្លៃ​យ៉ាងច្បាស់​លាស់​អំពី​ហេតុផល​នៃ​អតុល្យភាព​សកលភាវូបនីយកម្ម​។​

​មាន​អតុល្យភាព​ជាច្រើន​នៅក្នុង​ការបែងចែក​ប្រាក់ចំណូល ដោយ​កម្មករនិយោជិត​ប្រពៃណី​ជាច្រើន​និង​សូម្បីតែ​មនុស្ស​វណ្ណៈ​កណ្តាល​ត្រូវបាន​បោះបង់ចោល​។ អតុល្យភាព​ការងារ​ជាមួយនឹង​បច្ចេកវិជ្ជា​ថ្មីៗ បាន​លុបបំបាត់​ការងារ​ជា​ប្រពៃណី​និង​ការងារ​ជាច្រើន​ទៀត​។​

​លោក​វ៉ាង​បាន​លើកឡើងថា​ដំណោះស្រាយ​គឺ​ស្ថិតនៅក្នុង​ការរីកចម្រើន​និង​ការអភិវឌ្ឍ​បន្ថែមទៀត​និង​ចែក​ផលចំណេញ​ឱ្យបាន​ត្រឹមត្រូវ ពោលគឺ​តុល្យភាព​រវាង​ប្រសិទ្ធភាព​និង​សមភាព ឬ គោលនយោបាយ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ជាតិ​នីមួយៗ​។ លោក​ក៏​ប្រកាន់​ទស្សនៈ​ថា សកលភាវូបនីយកម្ម​នឹងមិន​ផ្លាស់ប្តូរ​នោះទេ គន្លឹះ​សំខាន់​គឺ​គោលនយោបាយ​សង្គម​រប​ស់​រដ្ឋាភិបាល​។​

​សកលភាវូបនីយកម្ម​នាពេល​បច្ចុប្បន្ន ឬ​សកលភាវូបនីយកម្ម ៤,០ ត្រូវបាន​តំណាង​ដោយ​ភាពជឿនលឿន​យ៉ាង​ឆាប់រហ័ស​ក្នុង​បច្ចេកវិជ្ជា​ថ្មី ដែល​គូសបញ្ជាក់​ដោយ​ប្រព័ន្ធ AI អ៊ី​ន​ធឺ​ណេ​ត​ឧស្សាហកម្ម សម្ភារៈ​ថ្មីៗ និង ថាមពល​ថ្មីៗ ដែល​ពង្រីក​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកលលោក​កាន់តែ​ទូលំទូលាយ​និង​កាន់តែ​ស៊ីជម្រៅ​។ វា​គឺជា​ច្បាប់​សេដ្ឋកិច្ច​ត្រឹមត្រូវ​ដែល​ត្រូវបាន​ជំរុញ​ដោយ​បច្ចេកវិជ្ជា​និង​កម្លាំង​ផលិតភាព​។ គ្មាន​នរណាម្នាក់​អាច​ផ្លាស់ប្តូរ​វា​បានទេ​។​

​និន្នាការ​ប្រជា​និយម​និង​ជាតិនិយម​នៅ​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​គឺមាន​ហេតុផល​ផ្សេងគ្នា​។ និ​ន្ន​ការ​ទាំងនោះ​មិនមែន​ចាំបាច់​ទាល់តែ​បង្កឡើង​ដោយ​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​នោះទេ​។​

​នៅក្នុង​សហរដ្ឋអាមេរិក​មាន​ហេតុផល​ពីរ​យ៉ាង​ដោយផ្ទាល់ គឺ​ការបាត់បង់​ការងារ​នៅក្នុង​តំបន់ឧស្សាហកម្ម និង ការរីក​ធំ​យ៉ាង​ឆាប់រហ័ស​នៃ​គម្លាត​ប្រាក់ចំណូល​។ ការបាត់បង់​ការងារ​ក្នុង​សហរដ្ឋអាមេរិក​គឺមាន​តែមួយ​ផ្នែក​តូច​ប៉ុណ្ណោះ​នៅក្នុង​កម្លាំង​ពលកម្ម​ទាំងមូល​។ ការងារ​ថ្មី​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ សេវាកម្ម​អាជីវកម្ម និង​វិស័យ​បច្ចេកវិជ្ជា គឺមាន​ចំនួន​ច្រើន​លើសលប់​ឆ្ងាយ​ជាង​ការបាត់បង់​ការងារ​នៅ​តំបន់ឧស្សាហកម្ម​ទាំងនោះ​ទៅទៀត​។​

​បញ្ហា​គឺ​គោលនយោបាយ​និង​ការគាំទ្រ​ផ្នែក​អប់រំ​ឡើងវិញ​និង​ការបង្កើត​ការងារ​ឡើងវិញ​មិន​គ្រប់គ្រាន់​របស់​រដ្ឋាភិបាល​។ ការកើនឡើង​គម្លាត​ប្រាក់ចំណូល​នៅ​សហរដ្ឋអាមេរិក​ក៏​ជា​លទ្ធផល​នៃ​គោលនយោបាយ​សង្គម​រប​ស់​រដ្ឋាភិបាល​មិន​គ្រប់គ្រាន់​ផងដែរ​។​

​យោងតាម​ស្ថិតិ​ផ្លូវការ​របស់​ក្រសួង​ការងារ​អាមេរិក​បានឱ្យ​ដឹងថា​ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ក្នុង​សហរដ្ឋអាមេរិក​បាន​កើនឡើង ២៣,៨ ភាគរយ​ក្នុងអំឡុង​ឆ្នាំ ២០០០-២០១៦​។ ទោះយ៉ាងណា ជាង ៨៥ ភាគរយ​នៃ​ចំណូល​ទាំង​នោះបាន​ធ្លាក់​ក្នុង​ដៃ​គ្រួសារ​តែ​១​ភាគរយ (​ពួក​អ្នកមាន​)​។​

​និយាយ​ម្យ៉ាងទៀត ផល​ចំណូល​កើនឡើង​ទាំងនោះ​មិន​ត្រូវបាន​បែងចែក​ឱ្យ​សមស្រប​ទេ ដោយ​គ្មាន​តុល្យភាព​នៃ​ប្រសិទ្ធភាព​និង​សមភាព​។​

​មេគុណ GINI ដែលជា​រង្វាស់​ជាក់លាក់​នៃ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​នៅក្នុង​ប្រទេសមួយ គឺមាន​ចំនួន​ប្រហែល ៤២ នៅ​សហរដ្ឋអាមេរិក (​តួលេខ​កាន់តែ​ខ្ពស់ វិសមភាព​កាន់តែ​ខ្ពស់​) ។ កត្តា​នេះ​មិនចាំបាច់​ទាល់តែ​កើតឡើង​ដោយសារតែ​សកលភាវូបនីយកម្ម​ទេ​។​

​ប្រទេស​បុ​ត​ស្វា​ណា ណា​មី​ប៊ី និង​អាហ្វ្រិក​ខាងត្បូង មាន​មេគុណ GINI លើសពី ៦០ ប៉ុន្តែ​សេដ្ឋកិច្ច​ពួកគេ​គឺ​ពុំ​សូវ​មាន​លក្ខណៈ​សកលភាវូបនីយកម្ម​ដូច​នៅ​អាមេរិក​ទេ​។ ផ្ទុយទៅវិញ ប្រទេស​អាល្លឺម៉ង់ ដា​ណឺ​ម៉ាក និង​ហូ​ឡង់ ដែលមាន​កម្រិត​សកលភាវូបនីយកម្ម​ខ្ពស់​នោះ គឺមាន​មេគុណ GINI កម្រិត​ទាប​ត្រឹម ៣០ ទៅ ៣២ ប៉ុណ្ណោះ​។ រដ្ឋាភិបាល​អឺរ៉ុប​ទាំងនោះ​មាន​គោលនយោបាយ​សង្គម​ល្អប្រសើរ​រួមទាំង​សន្តិសុខ​ការងារ ប្រព័ន្ធ​ពន្ធ​ប្រាក់ចំណូល ការអប់រំ​ស្មើគ្នា​ភាព​គ្នា សេវា​វេជ្ជសាស្ត្រ និង​អត្ថប្រយោជន៍​សង្គម​ផ្សេងៗ​ទៀត​។​

​ចលនា​អាវកាក់​ពណ៌​លឿង​នៅ​បារាំង​និង​រលក​ប្រជា​និយម​នៅ​អ៊ីតាលី​ក៏​អាច​ត្រូវបាន​កំណត់​ជា​ផ្នែក​មួយ​បង្កឡើង​ដោយសារ​របប​ដឹកនាំ​និង​គោលនយោបាយ​សហភាព​អឺរ៉ុប​ផងដែរ​។​

​ពិ​ដាន​ឱនភាព​ថវិកា ៣​ភាគរយ (​ឱនភាព​ថវិកា​របស់​រដ្ឋាភិបាលកណ្តាល​មិនគួរ​លើសពី ៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ទេ​) បាន​ប៉ះពាល់​កំណើនសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ទាំង​នៅក្នុង​ប្រទេស​បារាំង​និង​អ៊ីតាលី​។​

​ពិ​ដាន​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​សន្ធិសញ្ញា​ទីក្រុង​ម៉ាស​ស្ទ្រី​ច (Maastricht) ដើម្បី​រក្សា​ស្ថិរភាព​សារពើពន្ធ​របស់​សហភាព​អឺរ៉ុប​។ ទោះយ៉ាងណា វា​មិនបាន​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​ជា​មូលដ្ឋាន​នៃ​កំណើនសេដ្ឋកិច្ច​និង​ការងារ​ទេ​។ បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក ទាំង​បារាំង​និង​អ៊ីតាលី​បាន​បង្កើន​ការចំណាយ​សារពើពន្ធ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ពួកគេ ជាហេតុ​នាំឱ្យ​ហួសកំណត់​ពិ​ដាន ៣ ភាគរយ​។ សហភាព​អឺរ៉ុប​ក៏មាន​វិន័យ​គួរឱ្យ​អស់សំណើច​ផងដែរ ពោលគឺ​រដ្ឋាភិបាល​ណា​ដែលមាន​ឱនភាព​លើសពី ៣ ភាគរយ ត្រូវ​បង់ពិន័យ ០,៥ ភាគរយ​នៃ GDP ឱ្យទៅ​គណៈកម្មការ​អឺរ៉ុប ដូច្នេះ​រឹត​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ពួកគេ​កាន់តែ​យ៉ាប់​។​

​ពួក​រិ​យា​ធិបតេយ្យ​របស់​សហភាព​អឺរ៉ុប​មិន​ខ្វល់​ពី​ការលូតលាស់​សេដ្ឋកិច្ច មិន​ខ្វល់​ពី​ការបង្កើត​ការងារ និង មិន​ខ្វល់​ពី​ការបង្កើត​ចំណូល​កាន់តែ​ធំ​ឡើយ​។ ដូច្នេះ​រដ្ឋាភិបាល​បារាំង​និង​អ៊ីតាលី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បែងចែក​ចំណូល​ដែលមាន​ស្រាប់​នោះឡើយ​។ ពួកគេ​មិនអាច​មានលទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឬ​ពង្រីក​អត្ថប្រយោជន៍​សង្គម​បន្ថែម​ដល់​ប្រជាជន​ក្រីក្រ​បានទេ​។ ជាថ្មី​ម្តងទៀត​មូល​ហ​តុ​ឫសគល់​គឺ​មិនមែនជា​សកលភាវូបនីយកម្ម​ខ្លួនឯង​ទេ ប៉ុន្តែ​ជា​គោលនយោបាយ​សង្គម​មិន​ត្រឹមត្រូវ​របស់​សហភាព​អឺរ៉ុប​។​

​គោលជំហរ​របស់​វ៉ាង​អំពី​សកលភាវូបនីយកម្ម​គឺ​ស្របទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០ ដែល​អំពាវនាវ​ឱ្យមាន​កំណើន​សម្រាប់​ទាំងអស់គ្នា លុបបំបាត់​ភាពក្រីក្រ​ទាំងស្រុង និង​ឱ្យ​មនុស្ស​គ្រប់រូប​មាន​ការងារ​សមរម្យ​។​

​ការវិភាគ​ខាងលើនេះ​ក៏​បង្ហាញ​ផងដែរ​ថា គោលនយោបាយ​គាំពារ​និយម​និង​ឯកតោភាគី​និយម​ដោយ​រដ្ឋបាល​ត្រាំ​មិនមែនជា​ដំណោះស្រាយ​ត្រឹមត្រូវ​ចំពោះ​អតុល្យភាព​ក្នុង​ដំណើរការ​នៃ​សកលភាវូបនីយកម្ម​ទេ ពីព្រោះ​រដ្ឋបាល​ត្រាំ​មិនបាន​ដោះស្រាយ​បញ្ហា​គម្លាត​ប្រាក់ចំណូល​និង​ដោះស្រាយ​គោលនយោបាយ​សង្គម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ស្រុក​ទេ ដូច្នេះ​មានតែ​យក​ពាណិជ្ជកម្ម​សកលលោក​ម​ក​ធ្វើជា​លេស​ដោះសារ​។​

​ដូច្នេះ​គោលនយោបាយ​របស់​ត្រាំ​នឹង​មិនមាន​និរន្តរភាព​ហើយក៏​មិនមាន​សមត្ថភាព​ក្នុងការ​ផ្លាស់ប្តូរ​និន្នាការ​ធំ​នៃ​សកលភាវូបនីយកម្ម​នោះដែរ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN