តើ​អ្វី​ទៅ​បង្កឱ្យមាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​?

497

រលក​បាតុកម្ម​បានកើត​ឡើង​នៅ​ទូទាំងប្រទេស​អ៊ីរ៉ង់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​លើកឡើងថា ចលាចល​នេះ​ត្រូវបាន​គាំទ្រ​និង​រៀបចំ​ដោយ​សហរដ្ឋអាមេរិក​។ ពួក​អភិរក្សនិយម​អ៊ីរ៉ង់​មួយចំនួន​បាន​អះអាងថា រដ្ឋាភិបាល​របស់លោក​ហាសាន់ រូ​ហា​នី គួរតែ​ត្រូវ​បន្ទោស​ចំពោះ​ការមិន​ពេញចិត្ត​របស់​ប្រជាជន​។ អ្នក​ខ្លះទៀត​បានលើកឡើង​ថា ការ​ប្រឆាំងនឹង​គោលនយោបាយ​ការបរទេស​អ៊ីរ៉ង់​បាន​ជួយ​ដុត​បញ្ឆេះ​ការធ្វើ​បាតុកម្ម​នេះ​។​

​ទីក្រុង​ម៉ា​សាដ (Mashhad) ជា​កន្លែង​ដែល​ការតវ៉ា​លើកដំបូង​គេ​បាន​ផ្ទុះឡើង គឺ​ជំរំ​របស់​ពួក​អ្នក​អភិរក្សនិយម​អ៊ីរ៉ង់​។ បព្វជិត​អភិរក្សនិយម លោក​អ៊ីប្រាហ៊ីម រ៉ៃ​ស៊ី (Ebrahim Raisi) ដែលជា​គូប្រជែង​របស់លោក​រូ​ហា​នី ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំមុន គឺមាន​ដើមកំណើត​ចេញពី​ទីក្រុង​នេះ​។ គេ​ក៏​គួរកត់សម្គាល់​ដែរ​ថា ការតវ៉ា​នេះ​បានចាប់ផ្តើម​មួយថ្ងៃ បន្ទាប់ពី​រដ្ឋាភិបាលកណ្តាល​បានប្រកាសថា ស្ត្រី​អ៊ីរ៉ង់​នឹងមិន​ត្រូវបាន​ចាប់ខ្លួន​ទេ ជុំវិញ “​ការ​គ្រង​ស្បៃ​មិន​ត្រឹមត្រូវ​” ដែល​ត្រូវបាន​ចាត់ទុក​ដោយ​ពួក​អ្នក​អភិរក្សនិយម​ថា​ជាការ​ប្រឈម​ដ៏​សំខាន់​មួយ​ចំពោះ “​ច្បាប់​អ៊ីស្លាម​” នៅក្នុង​សង្គម​អ៊ីរ៉ង់​។​

​ការតវ៉ា​នេះ​អាច​ដោយសារតែ​កត្តា​ជាច្រើន​។ ទីមួយ ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​ខកចិត្ត​ដោយសារតែ​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​និង​បញ្ហា​សង្គម ចាប់តាំងពី​លោក​រូ​ហា​នី​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ ២០១៤​។​

​គេ​តែង​សន្ម​ត់​ជា​ញឹកញយ​ថា ស្តង់ដារ​ជីវភាព​ទាប​និង​ការ​អស់សង្ឃឹម នឹង​នាំឱ្យមាន​ការប្រមូលផ្តុំ​ខាង​នយោបាយ​។ តែ​ទោះយ៉ាងណា ការតវ៉ា​កម្រ​កើតឡើង​ដោយសារតែ​កម្រិត​នៃ​ភាពក្រីក្រ​ណាស់​។​

​មនុស្ស​ជាច្រើន​បាន​ចូលរួម​ការតវ៉ា​ដើម្បី​បង្ហាញ​ការខកចិត្ត​ចំពោះ​ប្រាក់ខែ​មិនទាន់​បើក ភាព​អត់​ការងារ​ធ្វើ​ខ្ពស់ ការ​រីកធំឡើង​នៃ​វិសមភាព​សង្គម និង​ប្រាក់​បញ្ញើ​ដែល​បាត់បង់ ចំពេល​គ្រឹះស្ថាន​ឥណទាន​និង​ហិរញ្ញវត្ថុ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ជាច្រើន​បាន​ក្ស័យធន​។ បាតុករ​មួយចំនួន​បាន​ស្រែកថា “​ស្លាប់ទៅ​រូ​ហា​នី​” ហើយ​ប្រជាជន​ជាច្រើន​បាន​សម្តែង​ការខកចិត្ត​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​។​

​ការ​រអ៊ូរទាំ​នៅឯ​ការប្រមូលផ្តុំ​តវ៉ា​នោះ​ក៏មាន​ការរិះគន់​ផងដែរ​ទៅលើ​ការចូលរួម​របស់​យោធា​អ៊ីរ៉ង់​នៅក្រៅ​ប្រទេស ពោលគឺ​ការប្រើ​មូលនិធិ​របស់​អ៊ីរ៉ង់​នៅក្រៅ​ប្រទេស និង​ការយល់ឃើញថា រដ្ឋាភិបាល​មិន​ទទួលខុសត្រូវ​ចំពោះ​ប្រជាជន​របស់ខ្លួន​។​

* ពេលវេលា​ដ៏​សំខាន់​មួយ​

​ចាប់តាំងពី​ឆ្នាំ ២០១១ មក នៅពេលដែល “​បដិវត្តន៍​ផ្កាម្លិះ​” បាន​ផ្ទុះឡើង​នៅ​មជ្ឈិមបូព៌ា ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ កា​សឹម សូលី​ម៉ា​នី (Qasem Soleimani) បានទទួល​ជ័យជម្នះ​ខាង​យោធា​ជា​បន្តបន្ទាប់​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​។​

​ទោះយ៉ាងណា យុទ្ធនាការ​យោធា​នេះ​បានធ្វើឱ្យ​ខាតបង់​ធនធានសេដ្ឋកិច្ច​របស់​ប្រទេស​យ៉ាងច្រើន​។ បាតុករ​មួយចំនួន​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​និង​ទីក្រុង​ផ្សេងៗ​ទៀត​បាន​ស្រែក​ពាក្យស្លោក ដូចជា “​ដកទ័ព​ចេញពី​ស៊ី​រី ហើយ​គិត​អំពី​ពួកយើង​”, “​កុំទៅ​លី​បង់​និង​ហ្គា​ហ្សា​…​មក​អ៊ីរ៉ង់​វិញ​មក​”​។ ពាក្យស្លោក​ទាំងនេះ​បានធ្វើឱ្យ​រឹត​កើនឡើង​កំហឹង​និង​ការប្រឆាំង​ចំពោះ​ការចូលរួម​របស់​អ៊ីរ៉ង់​នៅ​បរទេស​។​

​នៅពេល​លោក​រូ​ហា​នី​ក្លាយជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៤ ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​សង្ឃឹមថា លោក​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​លើកកម្ពស់​យុត្តិធម៌​សង្គម​តាមរយៈ​ការផ្សះផ្សា​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដូចជា​កំណែទម្រង់សេដ្ឋកិច្ច​និង​នយោបាយ​។ ទោះយ៉ាងណា បញ្ហា​សេដ្ឋកិច្ច​នៅតែ​បន្ត ហើយ​កំណែទម្រង់​នយោបាយ​មាន​ភាពយឺតយ៉ាវ​។​

​ការកាត់បន្ថយ​អតិផរណា​យ៉ាងច្រើន និង​ការវិល​ត្រឡប់មកវិញ​នៃ​កំណើនសេដ្ឋកិច្ច​ក្រោម​ការដឹកនាំ​របស់លោក​រូ​ហា​នី មិនបាន​ជួយ​បង្កើតឱ្យមាន​ការងារ​ខ្ពស់​ទេ​។ បញ្ហា​នេះ​កើតឡើង​នៅក្នុង​បរិយាកាស​មួយ ដែល​ការរំពឹងទុក​អំពី​អនាគត​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ការពិត ដែលថា ភាគលាភ​ដែល​បាន​សន្យា​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ពង្រឹង​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ៊ីរ៉ង់​នោះ មិនទាន់​ធ្លាក់​ដល់ដៃ​ប្រជាជន​សាមញ្ញ​អ៊ីរ៉ង់​ទេ​។​

​ក្រុមអ្នកតវ៉ា​ជាច្រើន​បាន​ចាត់ទុកថា​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​កើតឡើង​ដោយសារតែ​ប្រព័ន្ធ​នយោបាយ​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​លោក អា​យ៉ា​តូ​ឡាស់ សី​យ៉េត អាំ​លី ខា​មេ​នី (Ayatollah Seyyed Ali Khamenei) និង​រដ្ឋាភិបាល​អ៊ីរ៉ង់ និង​លោក​រ៉ួ​ហា​នី ព្រមទាំង​សកម្មភាព​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅក្រៅ​ប្រទេស​។​

​វា​គឺជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ពួក​មេដឹកនាំ​អ៊ីរ៉ង់​ដើម្បី​ពិចារណា​លើ​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​ចិន CGTN

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​ផ្ទុះឡើង​បួន​ប្រាំ​ថ្ងៃ​ហើយ ដោយ​នាំឱ្យ​មនុស្ស​ស្លាប់​កើនឡើង ២១ នាក់