តើ​ឧបករណ៍​អ្វីខ្លះ ដែល​ត្រាំ​អាច​យកមកប្រើ​ដើម្បី​យក​ក្រុមហ៊ុន​អាម៉េរិក​ចេញពី​ទឹកដី​ចិន​?

1183
ចែករម្លែក
ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ

​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ចិន​បានប្រកាស​ពន្ធ​សងសឹក​លើ​ទំនិញ​របស់​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាម៉េរិក “​ចាប់ផ្តើម​ស្វែងរក​ជម្រើស​ផ្សេង​” ក្រៅពី​ប្រទេស​ចិន រួមទាំង​ការនាំយក​ក្រុមហ៊ុន​របស់​អាមេរិក​ម​ក​ស្រុក​វិញ និង បង្កើត​ផលិតផល​របស់ខ្លួន​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។​

​ការប្រថុយប្រថាន​រប​ស់​អាម៉េរិក​គឺ​គ្រោះថ្នាក់​ពេក​ហើយ​។ យោងតាម​ការប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Rhodium Group ក្រុមហ៊ុន​អាម៉េរិក​បាន​វិនិយោគ​ទឹកប្រាក់​សរុប​ចំនួន ២៥៦ ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ចិន​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩០ និង ២០១៧ បើ​ប្រៀបធៀប​ទៅនឹង​ក្រុមហ៊ុន​ចិន​វិនិយោគ​នៅ​សហរដ្ឋ​អាម៉េរិក​គឺមាន​ទំហំ​ទឹកប្រាក់​ត្រឹម​ចំនួន ១៤០ ពាន់​លាន​ដុល្លារ​។​

​ក្រុមហ៊ុន​អាម៉េរិក​មួយចំនួន​បាន​រើ​ទីតាំង​រោងចក្រ​ចេញពី​ប្រទេស​ចិន​កាលពី​ជាង​មួយឆ្នាំ​មុន សូម្បី​មុនពេល​សង្គ្រាម​ពាណិជ្ជកម្ម​ពន្ធគយ​បានចាប់ផ្តើម​ទៅទៀត​។ ប៉ុន្តែ​ការបញ្ឈប់​ប្រតិបត្តិការ​និង​ការ​រើ​រោងចក្រ​ចេញពី​ប្រទេស​ចិន​ទាំងស្រុង គឺ​ត្រូវការ​ពេលវេលា​យូរ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន​ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​សេវាកម្ម​និង​ផ្នែក​លក់រាយ​ច្បាស់​ជា​ជំទាស់​នឹង​សម្ពាធ​ដើម្បី​ចាក​ចេញពី​ទីផ្សារ​ដែល​មិន​ត្រឹម​តែមាន​ទំហំធំធេង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​កំពុង​រីកចម្រើន​ខ្លាំង​នេះ​ទៀតផង​។​

​ខុសពី​ចិន សហរដ្ឋ​អាម៉េរិក​ពុំមាន​សេដ្ឋកិច្ច​ផែនការ​នោះទេ​។ ដូច្នេះ​តើ​ប្រធានាធិបតី​អាម៉េរិក​អាច​ចាត់វិធានការ​ផ្លូវច្បាប់​អ្វីខ្លះ​ដើម្បី​បង្ខំ​ក្រុមហ៊ុន​អាម៉េរិក​ឱ្យធ្វើតាម​ការបញ្ជា​របស់​គាត់​?

​លោក​ត្រាំ​ពិត​ជាមាន​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយចំនួន ដែល​មិនចាំបាច់​ត្រូវការ​ការយល់ព្រម​ពី​សភា​អាម៉េរិក ៖

១. ដំឡើង​ពន្ធ​បន្ថែម

​លោក​ត្រាំ​អាចធ្វើ​ច្រើន​ទៀត​នូវ​អ្វីដែល​គាត់​កំពុង​ធ្វើ នោះ​គឺ ដំឡើង​ពន្ធ​ឱ្យ​ខ្ពស់​ដើម្បី​រឹតត្បិត​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ទាំងនោះ​ដើម្បីឱ្យ​ពួកគេ​លែងមាន​ផលចំណេញ និង​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ចិន​។​

​កាលពី​ថ្ងៃ​សុក្រ​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​៥​ភាគរយ​ទៀត​លើ​ពន្ធដា​ក់រួច ២៥ ភាគរយ​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ​រួមទាំង​វត្ថុធាតុដើម​គ្រឿង​ម៉ាស៊ីន​និង​ផលិតផល​សម្រេច ជាមួយ​អត្រាពន្ធ​ថ្មី ៣០ ភាគរយ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែតុលា​។​

​លោក​ត្រាំ​បាន​និយាយថា ពន្ធ​ដែល​បានគ្រោង​ទុក ១០ ភាគរយ​លើ​ទំនិញប្រើប្រាស់​បន្ថែម​ដែល​ផលិត​ដោយ​ចិន​តម្លៃ​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ នឹងត្រូវ​ដំឡើង​ដល់ ១៥ ភាគរយ ជាមួយ​វិធានការ​ទាំងនោះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ និង ១៥ ខែធ្នូ​។​

​ក្រៅពី​ធ្វើឱ្យ​វា​ថ្លៃ​ជាង​មុន​ក្នុង​ការទិញ​គ្រឿងបន្លាស់​ពី​អ្នកផ្គត់ផ្គង់​ចិន ការដំឡើង​ពន្ធ​នេះ​គឺ​ពិន័យ​ដល់​ក្រុមហ៊ុន​អាម៉េរិក​ទាំងអស់ ដែល​ផលិត​ទំនិញ​តាមរយៈ​ក្រុមហ៊ុន​រួម​ទុន​នៅក្នុង​ប្រទេស​ចិន​។​

២. “​គ្រាអាសន្ន​ជាតិ​”

​លោក​ត្រាំ​អាច​ចាត់ទុក​ចិន​ដូច​អ៊ីរ៉ង់​និង​បញ្ជា​ដាក់ទណ្ឌកម្ម​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ការប្រកាស​គ្រាអាសន្ន​ជាតិ​ក្រោម​ច្បាប់​ឆ្នាំ ១៩៧៧ ដែលមាន​ឈ្មោះថា ច្បាប់​អំណាច​សេដ្ឋកិច្ច​គ្រាអាសន្ន​អន្តរជាតិ ហៅ​កាត់​ថា IEEPA​។​

​ពួក​អតីតមន្ត្រី​សហព័ន្ធ​និង​ក្រុម​អ្នកជំនាញ​ច្បាប់​បាន​និយាយថា នៅពេលណា​ដែល​គ្រាអាសន្ន​ត្រូវបាន​ប្រកាស ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិអំណាច​ដល់​លោក​ត្រាំ​ដើម្បី​រារាំង​សកម្មភាព​របស់​ក្រុមហ៊ុន បុគ្គល ឬ​សូម្បី​វិស័យសេដ្ឋកិច្ច​ទាំងមូល​។​

​លោក​ធី​ម មេ​យើ នាយក​កម្មវិធីសិក្សា​ផ្នែក​ច្បាប់​អន្ដរជាតិ​នៅ​សាលា​ច្បាប់ Vanderbilt នៅ​ទីក្រុង​ណាស់​វី​ល និយាយថា ឧទាហរណ៍​ជាក់ស្តែង ដោយ​លើកឡើងថា​ចិន​លួច​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​អាម៉េរិក​ស្មើនឹង​ការប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ លោក​ត្រាំ​អាច​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាម៉េរិក​ទាំងអស់​បញ្ចៀស​ប្រតិបត្តិការ​មួយចំនួន​ដូចជា​ការទិញ​ផលិតផល​បច្ចេកវិជ្ជារ​បស់​ចិន​ជាដើម​។

​លោក​ត្រាំ​បាន​ប្រើ​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​នេះ​កាលពីដើមឆ្នាំ​២០១៩​នៅពេល​គាត់​និយាយថា​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​គឺជា​គ្រាអាសន្ន​ជាតិ ហើយ​បាន​គំរាម​ដំឡើង​ពន្ធ​លើ​ការនាំ​ចូល​របស់​ម៉ិ​ក​ស៊ិ​ក​ទាំងអស់​។​

​ប្រធានាធិបតី​នាពេល​កន្លងមក​ធ្លាប់បាន​យកមកប្រើ​នូវ​ច្បាប់ IEEPA ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល​បរទេស​ដូចជា​នៅពេល​អតីត​ប្រធានាធិបតី​ជី​មមី ខា​ធឺ ក្នុង​ឆ្នាំ ១៩៧៩ បាន​រារាំង​ទ្រព្យសម្បត្តិ​កាន់កាប់​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​មិនឱ្យ​ឆ្លងកាត់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អាម៉េរិក​។​

​លោក​មេ​យើ​បាន​និយាយថា “​ក្របខ័ណ្ឌ​ច្បាប់ IEEPA មាន​លក្ខណៈ​ទូលំទូលាយ​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​អ្វីមួយ​តាម​ទំនើងចិត្ត​”​។​

​លោក ភី​ត​ធឺ ហា​រែ​ល អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ដែល​ទទួលខុសត្រូវ​ចំពោះ​ការដាក់ទណ្ឌកម្ម​ដែល​ឥឡូវ​ធ្វើការ​នៅ​មណ្ឌល​សន្តិសុខ​អាម៉េរិក​ថ្មី បាន​និយាយថា ការប្រើប្រាស់​ច្បាប់​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដោយ​អ​ចេតនា​ដល់​សេដ្ឋកិច្ច​អាម៉េរិក​។ ក្រុមមន្ត្រី​អាម៉េរិក​ចាំបាច់​ត្រូវ​ថ្លឹងថ្លែង​ផលប៉ះពាល់​នៃ​ការ​សងសឹក​ដែល​ទំនង​ធ្វើឡើង​ដោយ​ចិន​និង​ថា​តើ​ក្រុមហ៊ុន​អាម៉េរិក​នឹងរង​ផលប៉ះពាល់​យ៉ាងដូចម្តេច​។​

​លោក​ម៉ាក វូ សាស្ត្រាចារ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាលា​ច្បាប់​ហា​វើដ បាន​និយាយថា ការយក​ច្បាប់ IEEPA មក​ប្រើ ក៏​អាច​បង្កបញ្ហា​ប្រឈម​ផ្នែក​ច្បាប់​នៅក្នុង​តុលាការ​អាម៉េរិក​ផងដែរ​។​

៣. រារាំង​លទ្ធកម្ម​សហព័ន្ធ​

​លោក​ប៊ី​ល រី​ន ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​និយាយថា ជម្រើស​មួយ​ផ្សេងទៀត​ដែល​មិន​តម្រូវឱ្យមាន​ការយល់ព្រម​ពីស​ភា គឺ ហាមឃាត់​ក្រុមហ៊ុន​អាម៉េរិក​កុំឱ្យ​ប្រកួតប្រជែង​គ្នា​ដេញថ្លៃ​សម្រាប់​កិច្ចសន្យា​សហព័ន្ធ ប្រសិនបើ​ពួកគេ​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន​។​

​វិធានការ​បែបនេះ​អាច​ត្រូវបាន​ផ្តោត​ជាពិសេស​ទៅលើ​វិស័យ​មួយចំនួន​ជាក់លាក់​ប៉ុណ្ណោះ ដោយហេតុថា​ការចេញ​បញ្ជា​ទាំង​កម្រោល​អាច​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា ក្រុមហ៊ុន Boeing ដែលជា​អ្នក​ផលិត​អាវុធ​សំខាន់​សម្រាប់​មន្ទីរ​បញ្ច​កោណ​ផង​និង​ជា​អ្នក​នាំចេញ​កំពូល​របស់​សហរដ្ឋ​អាម៉េរិក​ផង​។​

​ក្រុមហ៊ុន Boeing បាន​បើក​រោងចក្រ​ផលិត​លើកដំបូង​របស់ខ្លួន​ស​ម្រា​ប់​យន្តហោះ​ប្រភេទ ៧៣៧ នៅក្នុង​ប្រទេស​ចិន​កាលពី​ខែធ្នូ ដែលជា​ការវិនិយោគ​យុទ្ធសាស្ត្រ​ក្នុង​គោលបំណង​បង្កើត​ការលក់​ឈានមុខ​គេ​លើ​គូប្រជែង​មកពី​អឺរ៉ុប គឺ Airbus​។​

​ក្រុមហ៊ុន Boeing និង Airbus បាន​ពង្រីក​ទីតាំង​ឈរជើង​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​ខណៈ​ពួកគេ​កំពុង​ស្វែងរក​ការបញ្ជាទិញ​នៅក្នុង​ទីផ្សារ​អាកាសចរណ៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ចិន ដែល​គេ​រំពឹងថា​នឹង​វ៉ា​សហរដ្ឋ​អាម៉េរិក​ក្នុងនាម​ជាទី​ផ្សារ​អាកាសចរណ៍​ធំ​បំផុត​នៅលើ​ពិភពលោក​នៅ​ទសវត្សរ៍​បន្ទាប់​។​

៤. ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សត្រូវ​ឆ្នាំ ១៩១៧

​វិធានការ​គួរឱ្យកត់សម្គាល់​ជាងនេះទៅទៀត​នោះ​គឺ​ការ​យកមកប្រើ​ឡើងវិញ​នូវ​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សត្រូវ ដែល​ត្រូវ​បានអនុម័ត​ដោយ​សភា​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​១​។​

​ច្បាប់​នេះ​អនុញ្ញាតឱ្យ​ប្រធានាធិបតី​អាម៉េរិក​ធ្វើ​និយតកម្ម​និង​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ណា ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ធ្វើសង្គ្រាម​ជាមួយ​។ លោក​វូ​បាន​និយាយទៀតថា លោក​ត្រាំ​ទំនងជា​មិន​យក​ច្បាប់​នេះ​មក​ប្រើ​ទេ ពីព្រោះ​វា​នឹង​បង្កើន​ភាព​តានតឹង​យ៉ាង​ខ្លាំងក្លា​ជាមួយ​ចិន​។​

​លោក​វូ​បាន​និយាយថា “​វា​អាចជា​ជំហាន​គួរឱ្យកត់សម្គាល់​ខ្លាំង​ក្នុងការ​ប្រកាស​ចិន​ជា​មហាអំណាច​សត្រូវ ដែល​អាមេរិក​កំពុង​ធ្វើសង្គ្រាម​ជាមួយ ដោយហេតុថា​ប្រធានាធិបតី​ត្រាំ​នៅពេល​ខ្លះ​បាន​សរសើរ​មិត្តភាព​និង​គោរព​ប្រធានាធិបតី​ស៊ី ជីន​ពីង​។ នោះ​អាច​ស្មើនឹង​សេចក្តីប្រកាស​ហួសហេតុ​ពេក ខណៈ​ច្បាប់ IEEPA អនុញ្ញាតឱ្យ​រដ្ឋបាល​ត្រាំ​ធ្វើ​សកម្ម​ភាពស្រដៀងគ្នា​បាន ដោយ​មិនចាំបាច់​ឱ្យ​ខាតបង់​ផ្នែក​ការទូត​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព ៖ រ៉​យ​ទ័​រ​