តើ ផ​ម​ផេ​វ ត្រូវ​ជាមួយ​ត្រាំ​ទេ​អំពី​គោលនយោបាយ​ការបរទេស​?

3129
ចែករម្លែក
  • 9
    Shares

​តាម​ទម្លាប់ រដ្ឋមន្ត្រីការបរទេស​ជា​មុខតំណែង​ឋិតថេរ​ជាងគេ​មួយ​នៅក្នុង​រដ្ឋាភិបាល​អាមេរិក ដូច្នេះ​វា​ត្រូវតែ​គ្រប់គ្រង​ដោយ​មនុស្ស​ម្នាក់​​ដែលមាន​គំនិត​ដូច​និង​ទុកចិត្ត​ដោយ​ប្រធានាធិបតី​។​

​តែ​ក្នុងករណី​លោក​រិ​ក ធី​ល​លឺ​សុន ជា​ករណី​លើកលែង​។​លោក​និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​មាន​ទំនាក់​​ទំនង​ផ្ទាល់ខ្លួន​មិនល្អ ហើយ​វា​ស្តែងឡើង​តាមរយៈ​ការពណ៌នា​របស់​ធី​ល​លឺ​សុន​ថា​លោក​ប្រធានាធិបតី​ជា​«​មនុស្ស​ល្ងីល្ងើ​»​និង​ខ្វែងគំនិត​​គ្នា​លើ​បញ្ហា​គោលនយោបាយ​ធំៗ​។​

​ក្នុង​សម្តី​ទៅកាន់​អ្នកយកព័័ត៌មាន​អំពី​ការដក​លោក​ធី​ល​លឺ​សុន​ចេញ និង​មុន​និយាយ​ដោយផ្ទាល់​ទៅកាន់​អតីត​នាយក​ក្រុមហ៊ុន​ប្រេង​ExxonMobil​អំពី​ការសំរេច​របស់លោក លោក​ត្រាំ​បានបង្ហាញ​អោយឃើញថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺជា​ផ្នែក​មួយ​នៃ​ការ​​មិន​ចុះសម្រុង​គ្នា​។​

​ចំណែក​បុរស​ដែល​ត្រាំ​តែងតាំង​ជំនួស ធី​ល​លឺ​សុន គឺជា​នាយក​CIA លោក​ម៉ៃ ផ​ម​ផេ​វ ដែលជា​អតីត​សមាជិក​សភានិយម​ង្គ្រា​ម​មកពី​​គណបក្ស​សាធារណរដ្ឋ​។​មាន​អាយុ​៥៤​ឆ្នាំ លោក​មាន​គោលនយោបាយ​ការបរទេស​ពិស្តារ​និង​បទពិសោធន៍​នៅ​ក្រុង​វ៉ាស៊ីនតោន ហើយក៏​​ត្រូវគេ​ដឹងថា​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​ប្រធានាធិបតី ហេតុនេះហើយ​បានជា​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​មីនា​ថា​«​បុរស​ទាំងពីរ​(​ផ​ម​ផេ​វ​និង​រូបគាត់​)​ស្ទើរតែ​ជិះទូក​ជាមួយគ្នា​»​។​

​ការតែងតាំង​ថ្មី​នេះ បើ​ទទួលបាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា វា​អាចមាន​ភាពស្មុគស្មាញ​ខ្លាំង​សំរាប់​គោលនយោបាយ​ការបរទេស​អាមេរិក​​ព្រោះ​អី ខណៈដែល​លោក​ធី​ល​លឺ​សុន​ត្រូវបាន​ចាត់ទុកថា​ជា​កម្លាំង​កណ្តាល​មួយ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស ជី​ម ម៉ា​ត​ធី​ស លោក​ផ​ម​ផេ​វ ត្រូវគេ​មើលឃើញថា​បុគ្គល​ប្រកាន់​តឹង​ម្នាក់​ដែល​ត្រូវ​ប្រធានាធិបតី​យក​ត្រចៀក​ស្តាប់​និង​គោរព​ទៀតផង​។​

-​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

​ផ​ម​ផេ​វ បាន​អំពាវនាវ​អោយ​លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ លោក​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​ពេញ​មួយ​អាជីព​របស់​​លោក ដោយ​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ជា​មូលហេតុ​ដំបូង​មួយ​នៃ​អស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​។​ក្រោយ​ត្រូវ​លោក​ត្រាំ​តែងតាំង​ភ្លាម សារ​ក្នុង​គណនី​​ទ្វី​ត​ធឺ​របស់ខ្លួន​លោក​ផ​ម​ផេ​វ​បានសរសេរថា​«​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ទាញ​បញ្ច្រាស​កិច្ចព្រមព្រៀង​ដ៏​អន្តរាយ​ន​ជាមួយ​រដ្ឋ​គាំទ្រ​ភេរវ​និយម​ធំ​​បំផុត​ក្នុង​លោក​»​។​

​តើ​ត្រូវ​គ្នា​ជាមួយ​ត្រាំ​ទេ​? បាទ ត្រូវ​ហើយ​។ ខណៈដែល​លោក​ធី​ល​លឺ​សុន​និង​ម៉ា​តទី​ស​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​កំពុងមាន​​លោក​ត្រាំ​បាន​ថ្កោលទោស​វា​ម្តង​ហើយ​ម្ង​ត​ទៀត​។​

-​ឧបទ្វីប​កូរ៉េ​

​ផ​ម​ផេ​វ បាន​និយាយថា ជំរើស​យោធា​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គួរ​ត្រូវ​ពិចារណា និង​ថា រដ្ឋការ​អាមេរិក​ត្រូវតែ​ផ្តាច់​មេដឹកនាំ​កូរ៉េ​​ខាងជើង គីម ជុង​អ៊ុន ពី​សព្វាវុធ​របស់​ប្រទេស​នេះ​។​កាសែត​ញូវយ៉ក​ថែម​ស៍ បាន​ស្រង់​សម្តី​លោក​ផ​ម​ផេ​វ ដែល​បាន​និយាយ​កាលពី​ខែ​​កក្កដា​ឆ្នាំមុន​ថា​«​បំបែក​សមត្ថភាព​និង​នរណាម្នាក់​ដែលមាន​បំណង និង​បំបែក​វា​ជា​ពីរ​ចំណែក​»​។​

​ក្នុងនាម​ជានា​យក​CIA​លោក​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅសល់​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត​អាចមាន​សមត្ថភាព​វាយប្រហារ​​អាមេរិក​ជាមួយនឹង​សព្វាវុធ​នុយក្លេអ៊ែរ​និង​បាន​និយាយថា លោក​កំពុងធ្វើការ​ដើម្បី​ធានាថា​ប្រធានាធិបតី​មានលទ្ធភាព​គ្រប់គ្រាន់​។​

​តើ​ស៊ីគ្នា​នឹង​គំនិត​ត្រាំ​ដែរឬទេ​? មែន​ផង​និង​អត់​ផង​។​ត្រាំ​កាលពី​សប្តាហ៍​មុន​បាន​យល់ព្រម​ជួប​ទល់មុខ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ ជា​កិច្ចចរចា​មួយ​ដែល​ត្រូវ​នឹង​គំនិត​របស់​ធី​ល​លឺ​សុន​។​តែ​តាំង​ពីមុនៗ លោក​ប្រធានាធិបតី​តែង​និយាយថា​ជំរើស​យោធា​ស្ថិតនៅលើ​តុ​​និង​បាន​ប្រើ​ភាសា​ខ្លាំងៗ គឺ​ដូចគ្នា​នឹង​សម្តី​ពី​អតីតកាល​របស់​ផ​ម​ផេ​វ​។​

-​បញ្ហា​រុស្ស៊ី​

​ផ​ម​ផេ​វ បាន​រិះគន់​រដ្ឋការ​លោក​អូ​បា​ម៉ា​ថា​មិន​ម៉ឺងម៉ាត់​គ្រប់គ្រាន់​អំពី​បញ្ហា​រុស្ស៊ី ហើយ​ក្នុងអំឡុងពេល​ស្បថ​ចូលកាន់​តំណែង​ប្រធាន​CIA​លោក​បាន​និយាយថា រុស្ស៊ី កាន់តែ​ធ្វើ​ខ្លួនឯង​គឃ្លើន​ឡើង ដោយ​ចូល​ឈ្លានពាន​និង​កាន់កាប់​អ៊ុយ​ក្រែ​ន គំរាម​អឺរ៉ុប​និង​មិន​បានធ្វើ​អ្វី​​ដើម្បី​កំចាត់​និង​បំផ្លាញ​ក្រុម ISIS​ឡើយ​។​លោក​ថែមទាំង​អះ​អា​ថា គ្មានអ្វី​ត្រូវ​មន្ទិល​ទេ ដែលថា​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រ​ធានា​​ធិបតី​ឆ្នាំ​២០១៦​និង​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កុំអោយ​ព្យាយាម​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ឆ្នាំ​២០១៨​នេះ​។​

​តើ​ស៊ីគ្នា​ជាមួយ​ទស្សនៈ​របស់​ត្រាំ​ទេ​? ទេ ត្រាំ​ចៀសវាង​ការរិះគន់​ដោយផ្ទាល់​លើ​រុស្ស៊ី​។​ផ​ម​ផេ​វ ជា​អ្នក​រិះគន់​រុស្ស៊ី​ជា​យូរ​មកហើយ តែ​ទោះជា​​យ៉ាងណា​លោក​និយាយ​សម្រាល​អំពី​ផលប៉ះពាល់​អំពី​អន្តរាគមន៍​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​នោះ​។​

-​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​

​ផ​ម​ផេ​វ រិះគន់ ការងារ​របស់​រដ្ឋកា​រលោក​អូ​បា​ម៉ា​អំពី​ការប្រែប្រួល​អាកាសធាតុ និង​បាន​ប្រឆាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​អាកាស​​ធាតុ​។​ហេតុនេះហើយ​បានជា​បណ្តា​ក្រុមគាំទ្រ​កិច្ចព្រមព្រៀង​នេះ​កាលពី​ថ្ងៃ​អង្គារ​បាន​វាយប្រហារ​រិះគន់​ការតែងតាំង​លោក​ដោយហេតុ​​ថា​លោក​ជា​អ្នកទទួល​លុយ​ដ៏៏​សំខាន់​មកពី​បងប្អូន​មហាសេដ្ឋី​Koch ដែល​ឡប​ប៊ី​បញ្ចុះបញ្ចូល​អោយមាន​កិច្ចខិតខំ​ប្រឆាំងនឹង​ការចេញ​​បទបញ្ញត្តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។​

​តើ​ត្រូវ​គ្នា​ជាមួយ​ត្រាំ​ទេ​លើ​បញ្ហា​នេះ​? បាទ ត្រូវ ។​ត្រាំ​បាន​និយាយថា​អាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស្តីពី​អាកាសធាតុ​​ជា​ចំណាត់ការ​មួយ​ដែល​លោក​ធី​ល​លឺ​សុន ប្រឆាំង​។​

-​គោលនយោបាយ​ពាណិជ្ជកម្ម​

​បណ្តា​ទីផ្សារ​ហ៊ុន​អាមេរិក​បាន​ធ្លាក់​ថ្លៃ​កាលពី​ថ្ងៃ​អង្គារ ដោយ​ខ្លាចក្រែង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ដែល​បង្កឡើង​ដោយ​ការផ្លាស់ប្តូរ​​រដ្ឋមន្ត្រីការបរទេស​។​ពួក​អ្នកវិភាគ​មើលឃើញ​លោក ធី​ល​លឺ​សុន​ជា​អ្នក​ជ្រោង​ទង់​ទីផ្សារសេរី ហើយ​ខ្លាច​លោក​ផ​ម​ផេ​វ ប្រកាន់​ជំហរ​តឹង​​រឹង​ឡើងលើ​បញ្ហា​ពាណិជ្ជកម្ម​។​

​តើ​ត្រូវ​គ្នា​ជាមួយ​ត្រាំ​ទេ​? បាទ ។​ផ​ម​ផេ​វ បាន​គាំទ្រ​មធ្យោបាយ​ដោះស្រាយ​«​អាមេរិក​ជា​អាទិភាព​»​របស់​ត្រាំ​។​ធី​ល​លឺ​សុន ជាមួយ​ហ្ការី ខូ​ន​ ដែល​បាន​លាឈប់​ពី​ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ចជាតិ​កាលពី​សប្តាហ៍​មុន បាន​ព្យាយាម​ទប់​វិធានការ​របស់​ត្រាំ​លើ​ពន្ធ​ពាណិជ្ជកម្ម​។​

-​ក្រុង​ជេ​រុយ​សា​ឡឹម​

​ផ​ម​ផេ​វ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​ចំពោះ​អ៊ីស្រាអែល ។​រដ្ឋមន្ត្រី​ចារកម្ម​អ៊ីស្រាអែល​បាន​សរសេរ​បង្ហោះ​ថា​«​អរគុណ​លោក​​ចំពោះ​ការគាំទ្រ​អ៊ីស្រាអែល​»​។​របាយការណ៍​មួយ​ក្នុង​សារព័ត៌មាន Times of Israel​បាន​និយាយថា​«​រដ្ឋមន្ត្រីការបរទេស​ថ្មី​មានលទ្ធភាព​​ផ្លាស់ប្តូរ​មុខមាត់​កិច្ច​ការទូត​អាមេរិក​នៅ​មជ្ឈិមបូព៌ា​»​។​

​តើ​ត្រូវ​គ្នា​នឹង​គំនិត​របស់​ត្រាំ​ទេ​? ប្រហែល​ដែរ​។​តែ​ផ​ម​ផេ​វ​មិនបាន​និយាយ​ជា​សាធារណៈ​អំពី​ការសំរេចចិត្ត​របស់​អា​មេ​រិ​ក​ក្នុងការ​ទទួលស្គាល់​​ក្រុង​ជេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែ​ល ដែល​លោក​ធី​ល​លឺ​សុន​បាន​ជំទាស់​៕

​ប្រែ​សម្រួល​ដោយ​៖​វាសនា​,​ប្រភព​៖cgtn