តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ បង្ហាញ​ពី​សមាសភាព ទៅ​ចូលរួម​ប្រកួត ជើងឯក​ពិភពលោក​

138
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ (International Taekwondo Federation) កម្ពុជា បានបង្ហាញ​ពី​សមាសភាព​កីឡាករ កីឡាការិនី របស់ខ្លួន ចំនួន ១៦ រូប កាលពី​ល្ងាច​ថ្ងៃទី​៩ សីហា ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត ជើងឯក​ពិភពលោក លើក​ទី​១៤ នៅ​ទីក្រុង​ប្លូ​វ​ឌី​វ (Plovdiv) ប្រទេស​ប៊ុលហ្គារី ។​

​ក្នុង​សន្និសីទកាសែត នា​រសៀល​ថ្ងៃទី​៩ សីហា លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន ១៦ រូប ទៅ​ចូលរួម​ប្រកួត ដែល​ក្នុងនោះ មាន​កីឡាករ​ជម្រើសជាតិ ៧ រូប និង​កីឡាការិនី​ជម្រើសជាតិ ១ រូប​។ ក្រៅពីនោះ មាន​កីឡាករ​ថ្នាល ចំនួន ៧ រូប និង កីឡាការិនី​ថ្នាល ចំនួន ១ រូប​ដែរ ។ ការប្រកួត នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ សីហា ។

​ប្រមុខ​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ រូបនេះ បានបង្ហាញ​ពី​ការ​ជឿជាក់ថា កម្ពុជា នឹង​ដណ្ដើមបាន ចំណាត់ថ្នាក់​ល្អ ទោះបី​ការប្រកួត​នេះ យ៉ាងហោចណាស់ ក៏មាន​ប្រទេស​ជាង ៧០ ក្នុង​ពិភពលោក ចូលរួម​ក៏ដោយ ។

សមាសភាព​ដែល​ត្រូវ​ចូលរួម​ប្រកួត​

​​ទោះបី​លោក មាន​ជំនឿ​ចិត្ត លើ​វិញ្ញាសា​ប្រយុទ្ធ ត្រឹមតែ ៧០ ភាគរយ ក៏ពិតមែន តែ​សម្រាប់​វិញ្ញាសា​មេគុន ការសំដែង​បច្ចេកទេស​ពិសេស លោក​មាន​ជំនឿ​ចិត្ត​ខ្លាំងណាស់ ។ លោក​និយាយ​ដោយ​កំប្លែង តែ​បង្កប់​ដោយ​ការពិត​ថា យើង​ទៅ​វ៉ៃ​គេ មិនមែន​ទៅ​ឲ្យ គេ​វ៉ៃ​នោះឡើយ ។​

​លោក​បាន​លើក​ហេតុផល​ថា កាលពី​ប្រកួត​ជើងឯក​ពិភពលោក នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង ក្នុងចំណោម​ប្រទេស​ជាង ៧០ ដែល​ចូលរួម កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ គឺ​លើ​ប្រទេស​ជាង ៦០ ទៀត ។​

​សូមបញ្ជាក់ថា តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ គឺជា​ក្បាច់គុន​របស់​ប្រទេស​កូរ៉េខាងជើង ដែលមាន​អាយុកាល ជាង ៥០ ឆ្នាំ​មកហើយ​។ ពេលនេះ ប្រកួត​ក្រៅប្រទេស​កូរ៉េខាងជើង ដែលជា​ម្ចាស់​ក្បាច់គុន កម្ពុជា នឹង​ធ្វើបាន​កាន់តែ​ល្អ ។​

​ជាមួយនឹង​ការបង្ហាញ ពី​សមាសភាព​កីឡាករ កីឡាការិនី ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​នោះ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ កម្ពុជា ក៏បាន​គល់​សញ្ញាប័ត្រ បញ្ជាក់​ពី​ដាន់ (​កម្រិត​ខ្សែក្រវាត់​) ថ្នាក់​ពិភពលោក ដល់​កីឡាករ កីឡាការិនី​របស់ខ្លួន ចំនួន ៣៣ រូប ដែល​ក្នុងនោះ មាន​មួយរូប បានទទួល​កម្រិត ៥ដាន់ ក្រៅពីនោះ មាន​កម្រិត ៤ដាន់ ៣ដាន់ ២ដាន់ និង ១ដាន់​ទៀ​ផង ។​

​លោក Re Chol Nam ដែលជា​គ្រូធំ​ជនជាតិ​កូរ៉េខាងជើង​នោះ បាន​អះអាងថា លោក​បាន​ត្រៀមខ្លួន​ល្អ​ណាស់ ដោយ​ឲ្យ​ពួកគេ បង្កើន​ពេលវេលាហ្វឹកហាត់ ដោយ​ហាត់​ទាំង​បច្ចេកទេស និង​កម្លាំង ៕v