តែងតាំង​ប្រធានកិត្តិយស ប្រធាន​សាខា និង​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្តសៀមរាប

515
ចែករម្លែក

ដោយ:​បាយ័ន​/សៀមរាប ៖ ពិធី​តែងតាំង​ប្រធានកិត្តិយស ប្រធាន​សាខា និង​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ត្រូ​វា​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា នៅ​សណ្ឋាគារ សោមា​ទេវី អង្គរ រី​សត និង​ស្ប៉ា​។​

បើ​យោងតាម​លក្ខន្តិកៈ និង​វិធាន​នៃ​នីតិក្រម​របស់​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ផ្នែក​ទី ៦ វិធា​នទី ៣៣ ស្តីពី​សន្និបាត​សាខា និង​យោង​មាត្រា ២៤ កថាខណ្ឌ​ទី ៣ នៃ​លក្ខន្តិកៈ​កាកបាទក្រហមកម្ពុជា សាខា​កាកបាទ ក្រហម​កម្ពុជា ខេត្តសៀមរាប បាន​ប្រារព្ធ​សន្និបាត​សាខា​កាកបាទ ក្រហម​កម្ពុជា ខេត្តសៀមរាប អាណត្តិ​ទី​៥ (២០១៩-២០២៥)​។​

គោលបំណង​សំខាន់​នៃ​សន្និបាត​នេះ គឺ​ដើម្បី​ស្តាប់ និង​កែសម្រួល និង​អនុម័ត​របាយការណ៍​ស​កម្ម​ភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ ក្នុង​អាណត្តិ​ទី​៤ និង​ផែនការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥), បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៥ និង ប្រកាសសេចក្ដី​សម្រេច​តែងតាំង ប្រធាន អនុប្រធាន​កិត្តិយស​សាខា​។

ក្នុងឱកាស​នោះ សន្និបាត​សាខា បាន​បោះឆ្នោត​ជ្រើសរើស​សមាស ភាព​គណៈកម្មាធិការ​សាខា អាណត្តិ​ទី​៥ ដែលមាន​សមាសភាព ១៥​រូប ដោយយោង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​១​នៃ​គណៈកម្មាធិការ​សាខា អាណត្តិ​ទី​៥ សម្រេច​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ ជ្រើសរើស លោក​ឧកញ៉ា សៀង ណាំ ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តសៀមរាប​, លោក ទៀ សីហា ជា​ប្រធាន​, លោក គុជ លី​ណា អនុប្រធាន​, លោកជំទាវ ទាង អេង អនុប្រធាន​, លោកជំទាវ សុខ ណា​រ៉ូ អនុប្រធាន​, លោក ណ​ម ពិសិដ្ឋ ហេរញ្ញិក និង​លោក លី ប៊ុន​ណា ជា​លេខាធិការ​គណៈកម្មាធិការ​សាខា​។​

ក្នុងឱកាស​ដ៏​វិសេសវិសាល​នោះ លោក ទៀ សីហា អភិបាលខេត្ត ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម អាណត្តិ​ទី​៥ ដែល​ទើប​ទទួល​ការបោះឆ្នោត​ជ្រើសតាំង និង​ក្នុងនាម​តំណាង​គណៈ​ក​ម្មា ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អាណត្តិ​ទី​៥ បានធ្វើការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​គឺ :
-​កាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧ នៃ​ចលនា​អន្តរជាតិ​កាកបាទ ក្រហម អឌ្ឍចន្ទ​ក្រហម មាន​៖ -​ភាព​មនុស្សធម៌ -​ភាពមិនលំអៀង -​អព្យាក្រឹតភាព -​ឯករាជភាព -​សេវាកម្ម​ស្ម័គ្រចិត្ត -​ឯកភាព និង​សកល​ភាព​។​
-​យកចិត្តទុកដាក់​ប្រតិបត្តិ​តាម​គោលការណ៍​ណែនាំ របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​បំពេញភារកិច្ច​មនុស្សធម៌​បាន​ជោគជ័យ​។​

  • រក្សា​សាមគ្គីភាព​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា និង​ទទួលយក​ការប្រឹក្សា​ជាមួយ​គណៈ​កិត្តិយស​សាខា និង​ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
  • ដឹកនាំ​តម្រង់ទិស ក្រុម​ប្រតិបត្តិ​សាខា​ឱ្យ​អនុវត្ត​បានល្អ​នូវ​ភារកិច្ច ស្របតាម​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ដែល​ក្នុងនោះ​មាន​វិស័យ​ស្នូល​៤​រួមមាន​៖ -​ការគ្រប់គ្រង​គ្រោះមហន្តរាយ -​សុខភាព និង​ការថែទាំ​សុខភាព​សហគមន៍ -​លើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​របស់​ចលនា -​អភិវឌ្ឍ​ស្ថាប័ន និង​អភិវឌ្ឍ​ធនធាន បង្កើន​គំនិត​ក្នុងការ​កៀរគរ​រក​មូលនិធិ​ពី​សប្បុរសជន​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បម្រើការ​មនុស្សធម៌​រប​ស់​សាខា និង​យកចិត្តទុកដាក់​ណែនាំ​អនុសាខា ឱ្យបំពេញ​ភារកិច្ច​មនុស្ស​ធម៌​ឱ្យ​បានល្អ ស្របតាម​វិស័យ​ស្នូល​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា​។
    -​យកចិត្តទុកដាក់​បន្ត​ការងារ​ពង្រីក​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​នៅ​មូលដ្ឋាន និង​ពង្រឹង​សកម្មភាព​អប់រំ​សុខភាព​សហគមន៍​។​
    -​យកចិត្តទុកដាក់​ពង្រីក និង​ពង្រឹង​សកម្មភាព​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​គ្រឹះស្ថានសិក្សា ជា​គំរូ​ក្នុង​ការងារ​មនុស្សធម៌ ក្នុង​គ្រឹះស្ថានសិក្សា និង​សង្គម​៕​B/