តៃវ៉ាន់​តាមរក​អ្នកទេសចរ​វៀតណាម​១៥២​នាក់​ដែល​កំពុង​បាត់​ខ្លួន​

791
ចែករម្លែក

​ការស្វែងរក​មួយ​កំពុង​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​ធ្នូ​សំរាប់​ជនជាតិ​វៀតណាម​១៥២​នាក់ ដែល​បាន​ទៅដល់​កោះ​តៃវ៉ាន់​តាម​ទិដ្ឋាការ​ទេសចរណ៍ ខណៈ​សារព័ត៌មាន​​ក្នុងស្រុក​បាន​និយាយថា​ពួកគេ​អាច​ព្យាយាម​ចូលមក​កោះ​នេះ​ដើម្បី​សម្ងំ​ធ្វើការ​ខុសច្បាប់​។​

​អ្នកទេសចរ​ត្រូវ​បានផ្តល់​ទិដ្ឋាការ​ជូន​នៅក្រោម​គំនិត​ផ្តួចផ្តើម​មួយ​កាលពី​៣​ឆ្នាំមុន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​មកកាន់​កោះ​តៃវ៉ាន់​។​

​យោងតាម​ទីភ្នាក់ងារ​អន្តោប្រវេសន៍​តៃវ៉ាន់ ជនជាតិ​វៀតណាម​សរុប​១៥៣​នាក់​បាន​ទៅដល់​ទីក្រុង​កាវ​ស្យុ​ង​កាលពី​ចុង​សប្តាហ៍ និង​មានតែ​ម្នាក់​គត់​ដែល​គេ​អាច​រកឃើញ​។​​ទីភ្នាក់ងារ​នេះ​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ធ្វើការ​ជាមួយ​ប៉ូលិស​ក្នុង​ការតាមរក​អ្នកទេសចរ​ដែល​បាត់​ខ្លួន​។​

​បើ​ចាប់បាន​ថា លួចលាក់​ខ្លួន​ដើម្បី​ធ្វើការ​ដោយ​ខុសច្បាប់ ពួកគេ​នឹង​ប្រឈម​ការបណ្តេញចេញ​និង​ហាម​ចូល​តៃវ៉ាន់​៣​ទៅ​៥​ឆ្នាំ​។​

​កាលពីមុន អ្នក​ទេសចរណ៍​ប្រមាណ​១៥០​នាក់​ក៏​បាត់​ខ្លួន​ផងដែរ តែ​គេ​មិនដឹងថា​បាន​រកឃើញ​ប៉ុន្មាន​នាក់​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួងការបរទេស​វៀ​ត​ណា​ម​បាន​ស្នើសុំ​អាជ្ញាធរ​តៃវ៉ាន់​បញ្ជាក់​ករណីនេះ​អោយ​ច្បាស់​និង​ស្នើសុំ​កិច្ចសហការ​។​

​ក្រសួងការបរទេស​តៃវ៉ាន់​ក៏បាន​និយាយថា ទិដ្ឋាការ​សំរាប់អ្នកទេសចរ​ដែល​បាត់​ខ្លួន​ត្រូវបាន​ដកចេញ​និង​អ្នកទេសចរ​វៀតណាម​១៨២​នាក់​ទៀត​ដែល​ប្រុង​មក​តៃវ៉ាន់​ក៏ត្រូវ​​បាន​លុបចោល​ទិដ្ឋាការ​ផងដែរ​។​

​គោលនយោបាយ​ឆ្ពោះទៅ​ខាងត្បូង​របស់​តៃវ៉ាន់ ផ្តោតលើ​អ្នកទេសចរ​មកពី​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ រួមទាំង​អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់ ក្នុង​បំណង​ជំរុញ​ទេស​​ចរណ៍ ខណៈ​ទេសចរណ៍​មកពី​ចិនដីគោក​បាន​ធ្លាក់ចុះ​គំហុក​ដោយសារតែ​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​កាន់តែ​យាប់​យ៉ឺ​ន​ឡើង​៕ដោយ៖វាសនា

​​ផ្សារ​ពេលយប់​នៃ​តំបន់​កាវ​ស្យុ​ង​នៃ​ក៉​តៃវ៉ាន់​។​អ្នកទេសចរ​វៀតណាម​ជាង​មួយរយ​នាក់​បាត់​ខ្លួប​ន្ទា​ប់​ពី​មក​ដក់​កាវ​ស្យុ​ង​កាលពី​ចុង​សប្តាហ៍​