តៃវ៉ាន់​ថា​ប៉េកាំង​ប្រើការ​បំភិតបំភ័យ​ដោយ​ពាក្យសម្តី​ថោកទាប និង​កម្លាំងយោធា មក​បន្លាច​តៃវ៉ាន់ ខណៈ​ចិន​ចាប់ផ្តើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ

951
ចែករម្លែក

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មេសា​នេះ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រើ “​ការបំភិតបំភ័យ​ដោយ​ពាក្យសម្តី​ថោកទាប និង​ការ​សម្លុត​កំហែង​ខាង​យោធា​” ដើម្បី​គំរាម​កោះ​តៃវ៉ាន់ ខណៈដែល​យោធា​ចិន​បានចាប់ផ្តើម​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប ចំពេល​កំពុងមាន​ភាព​តានតឹង​កាន់តែខ្លាំង​។​

​សមយុទ្ធ​នេះ​កំពុង​ធ្វើឡើង​នៅ​ទីក្រុង​ក្វាន់​ចូ​វ ភាគ​អាគ្នេយ៍​ចិន នៅ​ចន្លោះ​កម្រង​កោះ​ចំនួន​២ ដែល​ស្ថិតនៅ​ជិត​ឆ្នេរសមុទ្រ​ចិន ប៉ុន្តែ​តៃវ៉ាន់​បាន​គ្រប់គ្រង​ចាប់តាំងពី​ឆ្នាំ ១៩៤៩ នៅពេលដែល​កងទ័ព​ជាតិនិយម​ដែល​ចាញ់​សង្គ្រាម បាន​ភៀសខ្លួន​ទៅ​កោះ​តៃវ៉ាន់​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមស៊ីវិល​ចិន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​និយាយថា ការធ្វើ​សមយុទ្ធ​នេះ​គឺជា​ការឆ្លើយតប​ដោយផ្ទាល់​ទៅនឹង “​ការបង្ក​ហេតុ​” ដោយ​ពួក​មេដឹកនាំ​តៃវ៉ាន់ ដែល​ពាក់ព័ន្ធ​នឹង​អ្វីដែល​ចិន​ព្រួយបារម្ភ​ថា​ជា​សកម្មភាព​ជំរុញ​ឯករាជ្យ​ភាពជា​ផ្លូវការ​របស់​កោះ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់ លោក​ចិន ជុង​ជី និយាយថា “​ពួក​កុម្មុយនីស្ត​ចិន​បាន​ប្រើប្រាស់​ការបំភិតបំភ័យ​ដោយ​ពាក្យសម្តី​ថោកទាប​និង​ការ​សម្លុត​កំហែង​ខាង​យោធា​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​របស់​សាធារណរដ្ឋ​ចិន ក្នុង​ក្តីសង្ឃឹម​ជះឥទ្ធិពល​មកលើ​ស្មារតី​របស់​យើង ឬ​បង្កើត​ភាពមិន​ស្រណុកចិត្ត​ដល់​សង្គម​យើង​”​។​

​ដោយ​ពណ៌នា​ថា “​មិន​សម​ហេតុផល​” នូវ​ការអត្ថាធិប្បាយ​មួយចំនួន​របស់​ចិន ដែលថា​សមយុទ្ធ​លើក​នេះ​ធំ​ជាង​ធម្មតា លោក ចិន និយាយថា វា​គ្រាន់តែ​ជាការ​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ខ្លី​ក្បែរ​ឆ្នេរ​ចិន​ប៉ុណ្ណោះ មិនមែន​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ស្អី​នោះទេ​។​

​លោក​ចិន​និយាយថា “​ហេតុដូច្នេះ​ហើយ​ទើប​យើង​និយាយថា​វា​ជាការ​បំភិតបំភ័យ​ដោយ​ពាក្យសម្តី​ថោកទាប​និង​ការ​សម្លុត​កំហែង​ដោយ​កម្លាំង​ទ័ព​… ដោយ​ប្រើ​មតិសាធារណៈ​ដើម្បី​និយាយ​បំផ្លើស​ក្លែង​ការពិត​…​និង​ប្រើល្បិច​សមយុទ្ធ​ដើម្បី​បំភ័យ​រឿង​ប្រើ​កម្លាំងយោធា​មក​បង្រួបបង្រួម​តៃវ៉ាន់​”​។​

​លោក​ចិន​និយាយថា ក្រសួងការពារជាតិ​តៃវ៉ាន់​កំពុង​ឃ្លាំមើល​ស្ថានភាព ហើយ​ខ្លួន​ពុំមាន​ផែនការ​បង្កើន​ការប្រុងប្រយ័ត្ន ឬ​ដាក់​រដ្ឋ​ឱ្យ​ប្រុង​ជើងការ​នោះឡើយ​។​

​កាលពី​ថ្ងៃ​អង្គារ តៃវ៉ាន់​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ ម៉ាត់​ស៊ូ និង គីន​មិន ដែលជា​កោះ ២ របស់ តៃវ៉ាន់ ស្ថិតនៅ​ជិត​ប្រទេស​ចិន​៕ ដោយ៖ កញ្ញាដាលីស

នាវាចម្បាំង និង យន្តហោះ​ចម្បាំង​ចិន ធ្វើ​សមយុទ្ធ នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃទី ១២ មេសា