តៃវ៉ាន់​រិះគន់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ខ្លួន​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​

925
ចែករម្លែក

​តៃវ៉ាន់​នៅ​ថ្ងៃ​អង្គារ​ទី​៨​ខែ​ឧសភា​បាន​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​(WHO)​ថា​បាន​ទទួលរង​នូវ​សម្ពាធ​នយោបាយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ទាប់​ពី​កោះ​​តៃវ៉ាន់​នេះ មិន​បាន​ទទួល​ការអញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ដ៏​ធំ​មួយ​។​

​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដែល​រង់ចាំ​ការបង្រួបបង្រួម​និង​បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​បន្ថយ​វត្តមាន​របស់​កោះ​នេះ​នៅលើ​ឆាក​អន្តរជាតិ ចាប់តាំងពី​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​Tsai Ing-wen ដែល​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​នោះ​បាន​ឡើង​កាន់​អំណាច​កាលពី​ខែ​ឧសភា​​ឆ្នាំ​២០១៦​មក ។​

​កាលពី​ឆ្នាំមុន គឺជា​លើក​ទី​មួយ​ក្នុង​រយៈពេល​៨​ឆ្នាំ​ដែល​តៃវ៉ាន់​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​សន្និបាត​សុខភាព​ពិភពលោក (WHA) គឺ​កិច្ចប្រជុំ​ដ៏​សំខាន់​របស់​អង្គការ​​សុខភាព​ពិភពលោក​។​

​សន្និបាត​សុខភាព​ពិភពលោក (WHA)​នៅ​ឆ្នាំ​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ​ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី ២៦​ខែ​ឧសភា​ហើយ​កាលបរិច្ឆេទ​ចុះឈ្មោះ​តាម​ប្រព័ន្ធ​​អន​ឡាញ​បានបញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ដោយ រដ្ឋាភិបាល​ក្រុង​តៃប៉ិ​តៃវ៉ាន់​មិន​ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​នោះ​ទេ​។​

​ក្រុមប្រឹក្សា​កិច្ចការ​ដី​គោក​(MAC)​របស់​តៃវ៉ាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​ជឿ​ថា​អង្គការ​សុខភាព​ពិភពលោក​គឺជា​អង្គការ​មិន​ប្រកាន់​ន​យោ​​បាយ ដែល​ប្រកាន់យក​នូវ​បទដ្ឋាន​សុខភាព​ជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្សជាតិ ហើយ​មិន​គួរ​បម្រើ​តែ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះទេ​” ។​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ” ខ្លួន​មាន​ការសោកស្តាយ​ដែល​មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​សន្និបាត​សុខភាព​ពិភពលោក​WHA ” ។​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សុខភាព​គឺ​ជា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​និង​ជា​តម្លៃ​ជា​សកល ដោយ​មិន​គិត​ពី​ភាព​ខុសប្លែកគ្នា​​នៃ​ពូជសាសន៍ សាសនា ជំនឿ​នយោបាយ ស្ថានភាព​សេដ្ឋកិច្ច​ឬ​សង្គម “​។​

​ក្រសួងការបរទេស​នេះ​បាន​បន្ថែមទៀតថា​នៅក្រោម​ធម្មនុញ្ញ​អង្គការ​សុខភាព​ពិភពលោក តៃវ៉ាន់​គួរតែ​ត្រូវបាន​អនុញ្ញាត​ឱ្យ​មានកា​រ​ចូលរួម “​ស្មើភាព​គ្នា​”​នៅក្នុង​ព្រឹត្តិ​​ការណ៍​ទាំងអស់​របស់​អង្គការ​សុខភាព​ពិភពលោក​៕

​លោកស្រី​Tsai Ing-wen ដែល​មិន​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​បាន​ឡើង​កាន់​អំណាច​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៦